ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​​ជន​ជាប់​ចោទ​ដើរ​ចេញ​​ពី​​​​សវនាការ​ដំបូង​នៃ​​សំណុំ​រឿង​ខ្មែរ​ក្រហម​​០០២​វគ្គ​ទី​២


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​មេធាវី​ការពារ​ក្តី​មេដឹកនាំ​ខ្មែរក្រហម​ដើរចេញ​ពីសវនាការ

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បាន​ចាប់​ផ្តើម​បើក​សវនាការ​សំណុំរឿង​០០២​វគ្គទី​២​នៅ​ថ្ងៃ​នេះ​ ដោយ​មាន​ការ​ប្តឹង​តវ៉ា​ពី​ជន​រង​គ្រោះ​ដែល​ទាមទារ​សំណង​ផ្ទាល់​ខ្លួន​ក្នុង​ម្នាក់ៗ​ចំនួន​១៣.៥០០​ដុល្លារ​អាមេរិក។

ក្រុម​មេធាវី​ការពារ​ក្តី​របស់​ជនជាប់​ចោទ​ នួន ជា និង​ខៀវ សំផន បាន​ធ្វើ​ពហិការមិន​ចូលរួម​សវនាការ​ក្នុង​ការ​កាត់​ក្តី​សំណុំរឿង​០០២​វគ្គ​ទី​២​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ដែល​ធ្វើ​ឲ្យ​សវនាការ​បើក​ឆាក​នៅ​ថ្ងៃ​ទី​១​នេះ​បញ្ចប់​មុន​ពេល​កំណត់។

​ការ​ធ្វើ​ពហិការ​របស់​ក្រុមមេធាវី​ការពារ​ជន​ជាប់ចោទ​កើត​មាន​ក្រោយ​ពី​ជន​ជាប់ចោទ​ នួន ជា អតីត​ប្រធាន​សភា​ខ្មែរក្រហម​បាន​ប្រកាស​ប្រឆាំង​នឹង​សាលក្រមប្រឆាំង​រូប​ខ្លួន​កាល​ពី​ពីរ​ខែ​មុន​និង​ទាមទារ​បណ្តេញ​ក្រុម​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​ចេញ​ពី​ការ​ធ្វើ​សវនាការ​លើ​រូប​ខ្លួន។ ​ដោយ​ឡែក ​ខៀវ សំផន​ និង​មេធាវី​របស់​ខ្លួន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​កាត់ទោស​នៅ​វគ្គ​ទី​២​នេះ​ដោយ​សំអាង​ថា​ដើម្បី​យក​ពេល​វេលា​ទៅ​រៀបចំ​ត្រៀមខ្លួន​ចូល​រួម​សវនាការ​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង។

ជន​ជាប់​ចោទ​ នួន ជា ក្នុង​វ័យ​៨៨​ឆ្នាំ​ដែល​មើល​ទៅ​បាក់​ធ្មេញ​អស់​នៅ​សល់​តែ​មួយ​ពីរ​តែ​ប៉ុណ្ណោះ និយាយ​ដោយ​ពាក់​វ៉ែនតា​ម៉្ញូប​ពណ៌​ស ដោយ​សុំ​បណ្តេញ​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​កម្ពុជា​ចំនួន​៣​រូប​និង​ចៅក្រម​បារាំង​មួយ​រូប​ចេញ​ពី​ការ​ជំនុំ​ជម្រះ​លើ​ករណី​របស់​ខ្លួន ​ហើយ​បាន​ប្រកាស​ស្នើ​ឲ្យ​មេធាវី​របស់​ខ្លួន​ធ្វើ​ពហិការ​ចំពោះ​ការ​ជំនុំ​ជម្រះ​ទោស​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​ដោយ​រង់ចាំ​ការ​សម្រេច​លើ​បណ្តឹង​ដិត​ចិត្ត​សុំ​បណ្តេញ​ចៅក្រម​ជំនុំជម្រះ​នេះ​ចេញ។

«ខ្ញុំ​សូម​ណែនាំ​និង​ស្នើ​សុំ​មេធាវី​របស់​ខ្ញុំ​ចេញ​ពី​បន្ទប់​សវនាការបន្ទាប់​ពី​លោក​ខៀវ សំផន ប្រកាស​ពី​ជំហរ​របស់​គាត់ហើយ​និង​ធ្វើ​ពហិការការ​ចូល​រួម​រាល់​សវនាការ​នា​ពេល​ខាង​មុខ​នៃ​សវនាការ​លើក​ទី​២​នេះ​រហូត​ដល់​បណ្តឹង​ដិត​ចិត្ត​ត្រូវ​បាន​សម្រេច។​ សូម​អរគុណ។»
ចៅក្រម​ទាំង​នោះ​រួម​មានលោក​ចៅក្រម ​និល ណុន ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ លោក​ចៅក្រម​សញ្ជាតិ​បារាំង Jean-Marc Lavergne លោក​ចៅក្រម​ យ៉ា សុខន និង​លោក​ចៅក្រម​ យូរ ឧត្តរា។​ ចៅ​ក្រម​ទាំង​បួន​គឺ​ជា​ចៅក្រម​ក្នុង​ចំណោម​ចៅ​ក្រម​សរុប​ចំនួន​ប្រាំ​រូប​ដែល​កំពុង​បើក​សវនាការ​សំណុំ​រឿង​០០២​វគ្គទី​២​នៅ​ថ្ងៃ​នេះ។

ដោយ​ឡែក​ជនជាប់ចោទ​ខៀវ សំផន ពាក់​អាវ​រងា​ពណ៌​ផ្ទៃ​មេឃ​ខ្ចី ឈរ​និយាយ​អាន​សេចក្តី​ថ្លែង​ការណ៍​ក្នុង​រង្វង់​ក្រចក​សេះ។

ជន​ជាប់ចោទ​អាយុ​៨៣​ឆ្នាំ​រូប​នេះបាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សវនាការ​លើក​នេះ​រហូត​ដល់​ពេល​មាន​ការ​សម្រេច​លើ​បណ្តឹង​សារទុក្ខ​របស់​ខ្លួនប្រឆាំង​នឹង​សាលក្រម​កាល​ពីខែ​សីហា។

ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​អង្គ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ទាមទារ​សំណង​ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃសុក្រ​ទ​១០ ខែ​តុលា ឆ្នាំ​២០១៤។
ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​អង្គ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ទាមទារ​សំណង​ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃសុក្រ​ទ​១០ ខែ​តុលា ឆ្នាំ​២០១៤។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ផ្តន្ទា​ទោស​ នួន ជា​ និង​ខៀវ សំផន កាល​ពី​ខែ​សីហា​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។

«ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ថា​ ដើម្បី​ខ្ញុំ​អាច​ចំណាយ​ពេល​ធ្វើ​ការ​តទៅ​ទៀត​ក្នុង​កិច្ច​ការពារ​ក្តី​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ខ្ញុំ​ ​ខ្ញុំ​មិន​មាន​បំណង​មក​ចូល​រួម​សវនាការ​ទេ។ ​បើ​តុលាការ​បង្ខំ​ឲ្យ​ខ្ញុំ​ចូល​រួម​សវនាការ ​ខ្ញុំ​មិន​អាច​ប្រឆាំង​បាន​ទេ។​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​មាន​ការ​កត់ត្រា​ក្នុង​កំណត់ហេតុ​ឲ្យ​ច្បាស់​លាស់​រាល់​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​មាន​មុខ​មក​ទីនេះ​ គឺ​ដោយ​មាន​ការ​បង្ខិត​បង្ខំ។ ហើយ​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​ខ្ញុំ។»
ដោយ​ឡែក​សហមេធាវី​កម្ពុជា​របស់​ ខៀវ សំផន លោក​ គង់ សំអុន បាន​ប្រកាស​ចាក​ចេញ​ពី​បន្ទប់​កាត់​ក្តី​ភ្លាមៗ​ដែរ។

«ជា​ចុងក្រោយ​សូម​ជម្រាប​លា​អង្គ​ជំនុំជម្រះ​ចាប់​ពី​ពេល​នេះ​ទៅ។ ​ហើយ​យើង​ខ្ញុំ​សូម​ចាកចេញ​ពី​បន្ទប់​នេះ​ដើម្បី​ទៅ​រៀប​ចំ​បណ្តឹង​សារទុក្ខ។ ​សូម​អរគុណ។»

​ភ្លាមៗ​នោះ​ដែរ​លោក​ចៅក្រម ​និល ណុន ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ក៏​បាន​ប្រកាស​បិទ​សវនាការ​មុន​ម៉ោង​កំណត់។

«ដោយ​មេធាវី​ពហិការ ​គឺ​មេធាវី​ការពារ​ក្តី នួន ជា និង​មេធាវី​ការពារ​ក្តី​ខៀវ សំផន ​បាន​ចាក​ចេញ​ពី​បន្ទប់​ជំនុំ​ជម្រះ​មុន​ពេល​សហព្រះ​រាជអាជ្ញា​ធ្វើ​សេចក្តី​សន្និដ្ឋាន​តប។»
ទោះ​ជា​បែប​នេះ​ក្តី ​សហព្រះរាជអជ្ញា​អន្តរជាតិ​លោក​នីកូឡាស គុមជាន (Nicholas Koumjian) ​ពន្យល់​នៅ​ក្នុ​ងសវនាការ​ថា «ក្រុម​ចៅក្រម​មាន​សមត្ថកិច្ច​កំណត់​និង​បង្គាប់» ឲ្យ​មេធាវី​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​បាន។

​លោក​ចៅក្រម​និល ណុន ឲ្យ​ដឹង​ថា​ការ​សម្រេច​លើ​ពហិការ​របស់​ក្រុម​មេធាវី​ការពារក្តី​នេះ​នឹង​មាន​នៅ​ពេល​ក្រោយ។ ​ដោយឡែក​សវនការ​វគ្គ​ទី​២​នៃ​សំណុំរឿង​០០២គ្រោង​នឹងបន្ត​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ទៀត។

​សហ​ព្រះរាជ​អាជ្ញា​ជាតិ​និង​អន្តរជាតិ​បាន​បង្ហាញ​ពី​វិសាលភាព​នៃ​ការ​កាត់​ក្តី​សំណុំរឿង​០០២​វគ្គ​ទី​២ដូច​ជា​ការផ្តោត​លើ​ឧក្រិដ្ឋកម្ម​នៅ​ការដ្ឋាន​ការងារ​ដូច​ជា​ការដ្ឋាន​ទំនប់​១​មករា ការដ្ឋាន​ទំនប់​ត្រពាំង​ថ្ម ​ខេត្ត​បន្ទាយមានជ័យ​និង​ការដ្ឋាន​ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង ឧក្រិដ្ឋកម្ម​លើ​ជនជាតិ​ចាម​ ជនជាតិ​វៀតណាម​និង​អតីត​រាជការ​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​លន់ ណុល ឧក្រិដ្ឋកម្ម​នៅ​តាម​មន្ទីរ​សន្តិសុខ​និង​ការ​បោស​សំអាត​ផ្ទៃ​ក្នុង​ដូច​ជា​មន្ទីរ​សន្តិសុខ​អូរ​កន្សែង​ មន្ទីរ​ សន្តិសុខ​ភ្នំ​ក្រោល និង​មន្ទីរ​សន្តិសុខ​ស២១ ឬ​គុក​ទួលស្លែង ​បទ​ល្មើស​ដែល​ទាក់​ទង​នឹង​ការ​ចេញ​បញ្ជា​ឲ្យ​រៀបការ​ដោយ​បង្ខំ លក្ខណៈ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ និង​តួនាទីរ​បស់​ជនជាប់​ចោទ​ទាំង​ពីរ​គឺ​នួន ជា និង​ខៀវ សំផន។

សូម​បញ្ជាក់​ថា​ ក្នុង​ខណៈ​ពេល​ដែល​តុលាការ​កំពុង​បើក​សវនាការ​កាត់ទោស​ នួន ជា និង​ខៀវ សំផន ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រមាណ​ជា​១០០​នាក់​បាន​ព្យាយាម​ដាក់​ញ្ញត្តិ​ជូន​តុលាការ​ដើម្បី​ទាមទារ​សំណង​ជា​បុគ្គល​ក្នុង​ម្នាក់ៗ​ចំនួន​១៣.៥០០​ដុល្លារ​អាមេរិក។

ដើម​បណ្តឹង​រដ្ឋប្បវេណី​គឺ​ជា​ភាគី​ជន​រង​គ្រោះ​ដែល​បានដាក់​ពាក្យ​បណ្តឹង​និង​បាន​ចូលរួម​ក្នុង​សវនាការ។ ​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ ការ​ផ្តល់​សំណង​មាន​តែ​ពីរ​ប្រភេទ​តែ​ប៉ុណ្ណោះ​ គឺ​សំណង​ជា​សមូហភាព​និង​សំណង​ជា​និមិត្តរូប គឺ​មិន​មាន​ការ​ផ្តល់​សំណង​ដល់​ជន​រង​គ្រោះ​ម្នាក់ៗ​នោះទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG