ក្រុមមេធាវីការពារក្តីឲ្យលោកខៀវ សំផន និងលោកនួន ជាបានអះអាងថា ការធ្វើពហិការមិនចូលរួមក្នុងសវនាការវគ្គទី២នេះគឺដោយសារពួកខ្លួនត្រូវការពេលវេលាច្រើនថែមទៀតដើម្បីត្រៀមខ្លួនឲ្យបានប្រសើរជាងនេះក្នុងការតតាំងក្តីនៅក្នុងសវនាការ។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ទី១៨ខែតុលានេះ លោកគង់ សំអុន សហមេធាវីការពារក្តីឲ្យលោកខៀវ សំផនបានលើកឡើងថា ក្រុមរបស់លោកមិនអាចការពារកូនក្តីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពបានទេ នៅពេលដែលសាលាក្តីខ្មែរក្រហមបើកសវនាការសំណុំរឿង០០២វគ្គទី២នេះ ក្នុងខណៈពេលដែលក្រុមមេធាវីរបស់លោកកំពុងរៀបចំបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមនៅវគ្គទី១នោះ។
«បើយើងបណ្តោយឲ្យសវនាការនេះធ្វើទៅបានក្នុងពេលដែលយើងកំពុងរៀបចំបណ្តឹងសាទុក្ខ អញ្ចឹងវាធ្វើឲ្យការងាររបស់យើងទាំងពីរនេះ ចុះខ្សោយ បានន័យថា គ្មានគុណភាពទេ ទាំងសវនាការក៏គ្មានគុណភាព ទាំងការរៀបចំបណ្តឹងសាទុក្ខក៏គ្មានគុណភាព។ ដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់លោកខៀវ សំផន ដែលជាជនជាប់ចោទក្នុងនីតិវិធីនេះ។ ប៉ះពាល់យ៉ាងម៉េច? គឺមានន័យថា គាត់មិនបានទទួលការការពារដែលមានប្រសិទ្ធភាពទេ»។
ដូចគ្នាដែរ លោកសុន អរុណ សហមេធាវីការពារក្តីឲ្យលោកនួន ជាបានថ្លែងថា ក្រុមរបស់លោកក៏កំពុងមមារញឹករៀបចំបណ្តឹងសាទុក្ខទៅតុលាការកំពូល ដូច្នេះក្រុមមេធាវីរបស់លោកក៏គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការការពារកូនក្តីរបស់លោកឲ្យមានប្រសិទ្ធភាពនៅក្នុងសវនាការវគ្គទី២នេះដែរ។
«ពេលវេលាចង្អៀតមែនទែន ហើយប្រាក់ខែ ប្រាក់ថ្ងៃ និងប្រាក់ម៉ោងដែលECCC បានប្រគល់ឲ្យ មិនសក្តិសមនឹងការងារដែលខ្លួនឯងបានធ្វើទេ ព្រោះការងារហ្នឹងវាច្រើនមែនទែន។ ដូចមេធាវីការពារក្តីគឺលោកគង់ សំអុន បានលើកឡើងមិញអញ្ចឹង ការងារហ្នឹង វាមហាសាល»។
កាលពីខែសីហាកន្លងទៅនេះ លោកនួន ជា អតីតបងធំទី២នៃរបបខ្មែរក្រហម និងលោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបនោះ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ការកាត់ទោសនៅក្នុងសំណុំរឿងក្តី០០២ វគ្គទី១នោះផ្តោតទៅលើការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងការទទួលខុសត្រូវរបស់ជនជាប់ចោទទាំងនេះ ក្នុងការស្លាប់ប្រជាជនជិត២លាននាក់នៅក្នុងរបបដែលពួកគេគ្រប់គ្រងចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩។
ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទទាំងពីរបានប្រកាសប្តឹងសាទុក្ខ ជំទាស់នឹងការកាត់ទោសនេះ ហើយបានស្នើអង្គជំនុំជម្រះសាលាដំបូងពន្យារពេលការចាប់ផ្តើមសំណុំរឿង០០២ វគ្គទី២ ដែលផ្តោតទៅលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មមួយចំនួនទៀត។
ប៉ុន្តែ អង្គជំនុំជម្រះសាលាដំបូងបានច្រានចោលសំណើរបស់ក្រុមមេធាវីនោះ ហើយបានចាប់ផ្តើមដំណើរការជំនុំជម្រះក្តីសំណុំរឿង០០២វគ្គទី២កាលពីថ្ងៃសុក្រទី១៧ខែតុលានេះ។
លោកសុន អរុណ សហមេធាវីការពារក្តីឲ្យលោកនួន ជា មានប្រសាសន៍ថា ក្រៅពីបណ្តឹងសាទុក្ខ ក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទទាំងពីរ ក៏ត្រូវរង់ចាំការសម្រេចលើបណ្តឹងដិតចិត្ត ឬបណ្តឹងដេញចៅក្រមចំនួន៤រូបក្នុងចំណោមចៅក្រម៥រូបនៃអង្គជំនុំជម្រះសាលាដំបូងចេញពីក្រុមប្រឹក្សាជំនុំជម្រះសិន មុននឹងពួកខ្លួនចូលរួមនៅក្នុងសវនាការវគ្គទី២នេះ។
«បើមិនទាន់មានលទ្ធផលនៃការប្តឹងដិតចិត្តទេ តុលាការមិនអាចយកក្តីមួយទៀតមកកាត់ដើម្បីបន្ថែមពេលវេលាឲ្យយើងដកខ្លួនអត់រួចអញ្ចឹងទេ។ អានេះជារឿងមួយដែលមានការគាបសង្កត់ខ្លាំងមែនទែនពីតុលាការមកលើមេធាវីការពារ»។
លោកគង់ សំអុន សហមេធាវីការពារក្តីឲ្យលោកខៀវ សំផន បានថ្លែងថា បើការទាមទាររបស់ក្រុមមេធាវីការពារក្តីរបស់លោកមិនត្រូវបានឆ្លើយតបទេ នោះក្រុមរបស់លោកនឹងមិនចូលរួមនៅក្នុងសវនាការវគ្គទី២ដើម្បីអ្វីមួយដែលលោកហៅថា គ្រាន់តែជាការបង្គ្រប់កិច្ចនោះឡើយ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យម្នាក់របស់សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា កង្វះពេលវេលាសម្រាប់ការត្រៀមខ្លួនក្នុងសវនាការនេះកើតឡើងចំពោះគ្រប់ភាគីពាក់ព័ន្ធ ដោយរួមទាំងព្រះរាជអាជ្ញា និងភាគីដើមបណ្តឹងរដ្ឋប្បវេណីផងដែរ មិនមែនចំពោះតែភាគីមេធាវីការពារក្តីឲ្យជនជាប់ចោទនោះទេ។
ដូច្នេះលោកថ្លែងថា ការធ្វើពហិការរបស់ក្រុមការពារក្តីឲ្យលោក នួន ជា និង លោកខៀវ សំផននេះគឺគ្រាន់តែជាយុទ្ធសាស្ត្រមួយរបស់មេធាវីការពារក្តីតែប៉ុណ្ណោះ។
«យុទ្ធសាស្ត្រនៃការប្រើប្រាស់របស់ក្រុមមេធាវីគឺគាត់មានយុទ្ធសាស្ត្ររៀងៗខ្លួនដើម្បីការពារក្តី។ ប៉ុន្តែ អ្វីដែលអង្គជំនុំជម្រះសាលាដំបូងលោកធ្វើគឺដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍យុត្តិធម៌គឺការឆ្លើយតបទៅនឹងការចង់បានរបស់ជនរងគ្រោះគឺការធ្វើការជំនុំជម្រះក្តីឲ្យបានឆាប់រហ័ស ក៏ដូចជាឆ្លើយតបទៅនឹងការចង់បានរបស់ជនជាប់ចោទផងដែរ ហើយអ្វីៗគឺប្រព្រឹត្តទៅតាមនីតិវិធីច្បាប់»។
លោកជុំ ម៉ី អតីតអ្នករស់រានមានជីវិតម្នាក់ពីគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានមានប្រសាសន៍ថា លោកចង់ឃើញសាលាក្តីខ្មែរក្រហមធ្វើយ៉ាងណាយកជនជាប់ចោទទាំងពីរមកក្នុងសវនាការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី២នេះឲ្យបាន។
«យើងធ្វើយ៉ាងម៉េចឲ្យគាត់បានចូលទៅក្នុងវគ្គ១និងវគ្គ២ហ្នឹងឲ្យបានចប់សព្វគ្រប់ ឲ្យបានសាលក្រមចេញជាស្ថាពរទៅ។ អាហ្នឹងបានយុត្តិធម៌»។
តែទោះជាយ៉ាងនេះក្តី អ្នកឃ្លាំមើលដំណើរការសាលាក្តី លោកឡុង បញ្ញាវុធនៃកម្មវិធីគម្រោងយុត្តិធម៌នៅកម្ពុជា បានថ្លែងថា តុលាការគួរតែរកវិធីសាស្ត្រយ៉ាងណាដើម្បីធានាឲ្យមានយុត្តិធម៌ដល់ទាំងជនរងគ្រោះផង ទាំងជនជាប់ចោទផង។
«យើងត្រូវពិនិត្យមកវិញថា តើសិទ្ធិនៅក្នុងការធ្វើពហិការគឺជាលក្ខខណ្ឌដែលជាសិទ្ធិទទួលការជំនុំជម្រះដោយយុត្តិធម៌ដែរឬអត់? យើងត្រូវពិចារណាចំណុចហ្នឹង។ វាជាចំណុចសំខាន់ ពីព្រោះតាមគោលការណ៍ច្បាប់ ការទទួលបានការជំនុំជម្រះដោយយុត្តិធម៌គឺមិនមានបទបញ្ញត្តិណាមួយដែលនិយាយថា មេធាវីអាចធ្វើពហិការមិនចូលរួមក្នុងសវនាការទេ»។
យ៉ាងណាក៏ដោយ លោកនេត្រ ភក្ត្រានៃសាលាក្តីខ្មែរក្រហមបានឲ្យដឹងថា បញ្ហាដែលលើកឡើងដោយក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទទាំងពីរនេះ នឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរៀបចំសវនាការនៅថ្ងៃទី២១ខែតុលានេះ៕