លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា. បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេសនឹងគ្មានផលប៉ះពាល់មិនល្អលើជំនាញខាងយោធានិងខាងនយោបាយរបស់អង្គការសន្ធិសញ្ញាតំបន់មហាសមុទ្រអាត្លង់ទិចខាងជើងដែលហៅកាត់ថាអង្គការអូតង់ទេ។
លោក Kerry បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅក្រោយជំនួបមួយជាមួយលោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការអូតង់នៅឯទីស្នាក់ការធំនៃអង្គការនេះក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថា៖ «យើងសង្ឃឹមទុកជាមុនថា អង្គការអូតង់មួយដែលខ្លាំងជាងមុនមានដំណើរការទៅមុខទៀត»។
ប្រទេសជាតិ ២៨ ជាសមាជិកនៃអង្គការអូតង់នឹងចូលរួមក្នុងសន្និសីទកំពូលមួយក្នុងក្រុងវ៉ាសូវី ប្រទេសប៉ូឡូញនៅថ្ងៃទី៨និងទី៩ ខែកក្កដាខាងមុខនេះ។ លោក Kerry បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសង្ឃឹមខ្លាំងថា អង្គការអូតង់ខ្លាំងមួយអាចបំពេញលទ្ធផលសំខាន់ៗដែលនឹងគ្មានការប្រែប្រួលអ្វីឡើយ បើទោះជាមានការបោះឆ្នោតរបស់ប្រទេសអង់គ្លេសដើម្បីចាកចេញពីសហភាពអឺរ៉ុបក៏ដោយ»។
ប្រទេសអង់គ្លេសបានធ្វើឱ្យពិភពលោកស្រឡាំងកាំងកាលពីថ្ងៃព្រហស្បតិ៍មុននៅពេលប្រជារាស្ត្រអង់គ្លេសបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបដែលបាននាំឱ្យមានការលក់ភាគហ៊ុនច្រើននៅទូទាំងផ្សារហិរញ្ញវត្ថុសាកលលោក។
លោក Stoltenberg បានមានប្រសាសន៍ថា ការបោះឆ្នោតនេះបានធ្វើឱ្យអង្គការអូតង់ក្លាយទៅជាអ្នកមានមុខនាទីសំខាន់ជាងមុនក្នុងកិច្ចការនយោបាយអន្តរជាតិនិងកិច្ចការយោធា។ លោកបាននិយាយថា៖ «ខ្ញុំយល់ឃើញថាអង្គការអូតង់មានសារៈសំខាន់ជាងមុនមិនមែនគ្រាន់តែជាកាពីតែនម្នាក់សម្រាប់កិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងផ្នែកខាងជើងនៃទ្វីបអាមេរិកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏សម្រាប់សហការខាងការពារប្រទេសនិងខាងសន្តិសុខរវាងពួកសម្ព័ន្ធមិត្តអូតង់ក្នុងទ្វីបអឺរ៉ុបផងដែរ»។
លោក Kerry កំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងប្រ៊ុចសែល និងទីក្រុងឡុងដ៍ ដែលបានត្រូវរៀបចំឱ្យមានឡើងដើម្បីធានាជាថ្មីអំពីសមាជិកភាពរបស់សម្ព័ន្ធមិត្តរបស់ស.រ.អា. ដែលខ្វាយខ្វល់អំពីការបោះឆ្នោតដោយប្រទេសអង់គ្លេស ដែលក្នុងនោះមានប្រទេស២២ជាសមាជិកសហភាពអឺរ៉ុប និងប្រទេសអង់គ្លេសផងដែរ៕