រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានធ្វើទស្សនកិច្ចនៅក្រុងព្រុចសែល និងក្រុងឡុងដ៏ នៅថ្ងៃច័ន្ទនេះ។ នេះគឺជាទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកដំបូងគេទៅកាន់រាជធានីនៃចក្រភពអង់គ្លេស ចាប់តាំងពីការបោះឆ្នោតប្រជាមតិរបស់អង់គ្លេសកាលពីសប្តាហ៍មុន ដើម្បីដកខ្លួនចេញពីសមាកជិកភាពនៃសហភាពអឺរ៉ុប។
ការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុបនោះ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
មន្ត្រីអាមេរិក និយាយថា លោក ឃែរី ដែលបានបន្ថែមគោលដៅទស្សនកិច្ចនៅរាជធានីទាំងពីរក្នុងនាទីចុងក្រោយ នៅពេលដែលលោក គ្រោងធ្វើទស្សនកិច្ចតែនៅទីក្រុងរ៉ូមនោះ នឹងសម្ដែងការគាំទ្ររបស់អាមេរិក ចំពោះប្រទេសអង់គ្លេស ហើយនឹងគូសបញ្ជាក់ពីសារៈសំខាន់របស់សមាជិកដទៃទៀតដែលស្ថិតនៅក្នុងប្លុកអឺរ៉ុប។
លោក ឃែរី បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក សោកស្តាយចំពោះការបោះឆ្នោតដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុបដែលគេហៅកាត់ថា Brexit នេះ។
ប៉ុន្តែ លោក ឃែរី បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងបន្តទំនាក់ទំនងដ៏ជិតស្និទ្ធនឹងគ្នាជាមួយប្លុកដែលនឹងមានសមាជិកតែ ២៧ប្រទេសនៅពេលឆាប់ៗខាងមុខនេះ។
ការថ្លែងរបស់លោក ឃែរី នៅរាជធានីព្រុចសែល កើតឡើងខណៈភាពច្របូកច្របល់ដែលក្រុមអ្នកការទូតកំពូលៗ រួមទាំងមេដឹកនាំនៃប្រទេសធំៗនៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ បារាំងនិងអ៊ីតាលីជាដើម បានជួបប្រជុំគ្នាដើម្បីពិភាក្សាពីវិធានការដែលត្រូវធ្វើបន្តទៀត ក្រោយពីប្រទេសអង់គ្លេស ដកខ្លួនចេញពីសហភាពអឺរ៉ុបហើយនោះ៕