ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​ពិភាក្សា​ពីវិបត្តិ​បន្ទាប់​ពី​អង់គ្លេស​សម្រេច​ចាកចេញ


មេដឹកនាំ​សហភាពអឺរ៉ុប​ជួប​ប្រជុំ​ពិភាក្សា​ពីវិបត្តិ​បន្ទាប់​ពី​អង់គ្លេស​សម្រេច​ចាកចេញ។
មេដឹកនាំ​សហភាពអឺរ៉ុប​ជួប​ប្រជុំ​ពិភាក្សា​ពីវិបត្តិ​បន្ទាប់​ពី​អង់គ្លេស​សម្រេច​ចាកចេញ។

មេដឹកនាំ​មក​ពីប្រទេស​ស្ថាបនិក​សហភាពអឺរ៉ុប​ចំនួន​៦​បាន​មក​ជួបប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​នៅព្រឹក​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ដែល​មិន​បាន​ព្រាងទុក​ជាមុន​ស្តី​ពី​អនាគត​នៃ​សហភាពអឺរ៉ុប ​បន្ទាប់​ពី​ប្រទេស​អង់គ្លេស​បាន​បោះឆ្នោត​សម្រេច​ចាកចេញ​។​

លោក​ Frank-Walter Steinmeier ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ខណៈ​ពេល​ដែល​លោក​ដើរ​ចូល​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា​ លោក​គិត​ថា ​វាជាការ​ចាំបាច់​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ ហើយ​លោក​បាន​អំពាវនាវ​ឲ្យមេដឹកនាំ​សហភាព​អឺរ៉ុប​ដទៃ​ទៀត​នៅ​រក្សា​ជំហរ​រឹងមាំ​ដើម្បី ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់​មួយ​ដែល​នឹង​ត្រូវ​មកដល់។​

លោក​បាន​បញ្ជាក់ថា «ខ្ញុំ​មាន​ជំនឿ​ថា​ ប្រទេស​ទាំងនេះ​ក៏​អាចបញ្ជូន​សារ​ថា ​យើង​នឹង​មិន​បណ្តោយ​ឲ្យ​អ្នក​ណា​ម្នាក់​យក​អឺរ៉ុប​ពី​យើង​បាន​ទេ។ យើង​មិនត្រូវ​រូតរះ​ធ្វើ​សកម្ម​ភាព​ប្រញិបប្រញ៉ាប់​ដោយ​ធ្វើ​ហាក់​ដូច​ជា​យើង​មាន​ចម្លើយ​គ្រប់​គ្រាន់​នោះទេ។ ប៉ុន្តែ​យើង​ក៏​មិនត្រូវ​ធ្លាក់​ទៅក្នុង​វិបត្តិ​ ឬ​អសកម្ម​ បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​អង់គ្លេស​នោះឡើយ‍»។​ មាន​តំណាង​មក​ពី​ប្រទេស​បារាំង ហូឡង់ អ៊ីតាលី​ ប៊ែលហ្ស៊ិក និង​លុចសំបួ បាន​មក​ជួបជុំ​គ្នា​នៅ​អគារ​ក្រសួងការបរទេស​ដែល​ស្ថិតនៅ​ជាយទីក្រុង​ប៊ែរឡាំង។

លោក​ Steinmeier ​បាន​សង្កត់​ធ្ងន់​ថា​ កិច្ច​ប្រជុំ​នេះ​នឹង​មិន​ផ្តោត​តែ​លើ​បញ្ហា​មួយ​មុខ​ទេ​ គឺ​ផ្តោត​លើ​បញ្ហា​ជាច្រើន​ទៀត​ក្នុងនោះមាន​ដូច​ជា​វិបត្តិ​ជនភៀសខ្លួន ភាព​អត់​ការងារ​ធ្វើ និង​សន្តិសុខ​នៅក្នុង​សហភាព​អឺរ៉ុប​ជាដើម៕

XS
SM
MD
LG