ក្រុមខ្មាន់កាំភ្លើង Al-Shabab បានវាយសង្រ្គប់ចូលផ្សារទំនើប Westgate កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣។
ក្រុមទាហានកេនយ៉ាបានវាយតបតដោយប្រើកាំភ្លើងជាមួយក្រុមខ្មាន់កាំភ្លើងនៅក្នុងការហ៊ុមព័ទ្ធដែលមានរយៈពេលបីថ្ងៃ នៅខណៈពេលដែលអ្នករស់រានមានជីវិតបានលាក់ខ្លួននៅក្នុងផ្នែកផ្សេងៗនៅក្នុងអគារ។
នាង Teresia Syombua កំពុងស្ថិតនៅក្នុងផ្សារទំនើបនោះនៅថ្ងៃវាយប្រហារនោះ ហើយនាងបានបើកហាងរបស់នាងឡើងវិញកាលពីឆ្នាំមុន។ នាងនៅតែចាំយ៉ាងច្បាស់នូវហេតុការណ៍វាយប្រហារនោះ។
នាងនិយាយថា មានហាងមួយដែលមានក្មេងស្រីជាច្រើនច្រឡំឈរមើលមុខភេរវជនម្នាក់។ នាងបានឃើញក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីទាំងនោះត្រូវគេបាញ់ស្លាប់នៅនឹងមុខ។ នាងបន្ថែមថា ពួកគេសម្លាប់មនុស្សគ្រប់គ្នា ដោយមិនខ្វល់ថាអ្នកជាអ្នកណានោះទេ មិនថាអ្នកជាជនជាតិស្បែកស ឬក្រុមជនជាតិដើមភាគតិចនោះទេ។ ពួកគេដឹងតែបាញ់សម្លាប់ទាំងអស់តែម្តង។
នាង Kanini និយាយថា ការបំភ្លេចការវាយប្រហារនោះជារឿងដែលពិបាកធ្វើណាស់។ ដូចជនជាតិកេនយ៉ាជាច្រើនទៀតដែរ នាងកំពុងព្យាយាមប្រឈមមុខដោះស្រាយអ្វីដែលបានកើតឡើង។
នាងនិយាយថា នាងជាញឹកញយមានការភិតភ័យពេលឮសំឡេង ដែលឮដូចសំឡេងបាញ់កាំភ្លើង ហើយសំឡេងបែបនេះ តែងតែធ្វើឲ្យនាងនឹកដល់ព្រឹត្តិការណ៍នៅផ្សារទំនើប Westgate នោះ។ សំឡេងម៉ូតូពេលខ្លះក៏បន្លាចនាងដែរ ប៉ុន្តែនាងនិយាយថា ព្រះការពារពួកយើង ហើយគ្មានកន្លែងណាដែលមិនមានសេចក្ដីស្លាប់នោះទេ។
ការសាកសួរនៅរដ្ឋសភាធ្វើឡើងបន្ទាប់ពីការវាយប្រហារនោះ បានបង្ហាញថា រដ្ឋាភិបាលបានទទួលការព្រមានមួយថា ផ្សារទំនើបនោះគឺជាគោលដៅនៃការវាយប្រហារ ដែលការព្រមាននោះធ្វើឡើងមួយឆ្នាំមុនពេលដែលវាត្រូវបានវាយប្រហារ។ ការស៊ើបអង្កេតនេះក៏បានទម្លាក់កំហុសផងដែរទៅលើកងកម្លាំងសន្តិសុខកេនយ៉ាដែលធ្វើការឆ្លើយតបយឺតយ៉ាវ។
ចាប់តាំងពីមានការហ៊ុមព័ទ្ធនៅផ្សារទំនើប Westgate មក ក្រុមខ្មាន់កាំភ្លើង al-Shabab បានអះអាងពីការវាយប្រហារជាបណ្ដាញនៅក្នុងប្រទេសកេនយ៉ា ដែលការវាយប្រហារមួយមានចំនួនមនុស្សស្លាប់ច្រើនបំផុតគឺធ្វើឡើងកាលពីខែមេសាកន្លងទៅនេះ នៅសាកលវិទ្យាល័យ Garissa ដែលមានមនុស្ស១៤៨នាក់ត្រូវបានសម្លាប់។
ពិធីបើកឲ្យប្រើបាស់ផ្សារទំនើបនោះឡើងវិញត្រូវបានប្រារព្ធឡើងមួយសប្ដាហ៍នៅមុនពេលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងណៃរ៉ូប៊ី។
លោក Charles Nyangira សន្តិសុខផ្សារWestgate និយាយថា ចាប់តាំងពីផ្សារទំនើបនេះបើកឡើងវិញមក សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុង និងនៅជុំវិញផ្សារ។
លោកនិយាយថា ឥឡូវនេះនៅផ្សារ Westgate ពួកគេព្យាយាមយល់ចិត្តមនុស្សដោយប្រើប្រាស់អាកប្បកិរិយារបស់គេដើម្បីដឹងថា ពួកគេជាឧក្រិដ្ឋជនឬក៏អត់។ លោកបានឲ្យដឹងថា៖ «ឥឡូវនេះមានក្រុមសន្តិសុខគ្រប់ទីកន្លែង។ នៅពេលដែលអ្នកចូលមកក្នុងផ្សារទំនើបនេះភ្លាម អ្នកនឹងឃើញសន្តិសុខគ្រប់កន្លែង ហើយអ្នកមានអារម្មណ៍ស្រួលក្នុងចិត្ត»។
នាង Kanini និយាយថា នាងយល់ស្របចំពោះការលើកឡើងរបស់សន្តិសុខផ្សារមួយនេះ។
នាងនិយាយថា នាងគិតថាមនុស្សម្នាទាំងអស់ថែមទាំងភ័យខ្លាចមិនហ៊ានដើរចូលផ្សារទំនើប Westgate នេះទេ ដោយសារតែមានសន្តិសុខតឹងតែងពេក។ នៅឯច្រកចូល រាល់ទ្រព្យសម្បត្តិរបស់អ្នកនឹងត្រូវពិនិត្យយ៉ាងហ្មត់ចត់។ នាងនិយាយថា ពលរដ្ឋកេនយ៉ាមិនទាន់ស៊ាំនឹងរបៀបរបបបែបនេះទេ ដូច្នេះសន្តិសុខប្រភេទនេះអាចធ្វើឲ្យពលរដ្ឋជាច្រើនភ័យខ្លាច។ «ប៉ុន្តែយ៉ាងហោចណាស់ វាបានផ្តល់សុវត្ថិភាពដែរ»។
ផ្សារទំនើប Westgate កំពុងតែដំណើរការនាពេលបច្ចុប្បន្ននេះ ហើយវាជានិមិត្តរូបនៃស្មារតីមិនចុះញ៉មរបស់ពលរដ្ឋកេនយ៉ាដូចនាង Kanini និងអ្នករួចជីវិតពីការវាយប្រហារនៅផ្សារទំនើប Westgate ជាច្រើនអ្នកផ្សេងទៀត៕
ប្រែសម្រួលដោយ ឡេង ឡែន