កាលពីដើមខែកក្កដា លោកស្រី Raychelle Omamo រដ្ឋមន្រ្តីក្រសួងការងារកេនយ៉ាបានប្រកាសពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់អ្នកបម្រើការតាមផ្ទះ។ ការដំឡើង ១២ភាគរយនឹងធ្វើឲ្យប្រាក់ខែដែលមានចំនួន៩៧ដុល្លារក្នុងមួយខែកើនដល់ជិត១១០ដុល្លារ។ ខណៈពេលដែលនិយោជកមួយចំនួនមានការស្ទាក់ស្ទើរក្នុងការទទួលយកសារាចរថ្មីនេះ ស្ត្រីដែលនឹងទទួលបានអត្ថប្រយោជន៍យល់ឃើញថា វាជាពន្លឺនៃក្តីសង្ឃឹមមួយ។
អ្នកស្រី Beatrice Atieno ដែលស្ថិតក្នុងវ័យ៥០ឆ្នាំ បានចាប់ផ្តើមធ្វើការជាអ្នកបម្រើការក្នុងផ្ទះក្នុងឆ្នាំ១៩៩៣។ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលគាត់បានធ្វើការងារនេះ។
អ្នកស្រីបាននិយាយថា នេះជាជីវិតរបស់គាត់។ ម្ដាយដែលមានកូនបីនាក់រូបនេះបានត់សម្គាល់ថា មនុស្សដូចជារូបគាត់នៅក្នុងប្រទេសកេនយ៉ាមិនទទួលបានការគោរពដែលសមនឹងទទួលបាននោះទេ។ ដូច្នេះហើយប្រតិកម្មអវិជ្ជមានរបស់នយោជកទៅលើច្បាប់ថ្មីនេះគឺ មិនធ្វើអោយគាត់ភ្ញាក់ផ្អើលនោះទេ។
«វាមិនមែនជាការល្អនោះទេ ប្រសិនបើមនុស្សរស់នៅក្នុងផ្ទះជាមួយគ្នា ប៉ុន្តែស្អប់គ្នាទៅវិញទៅមក ព្រោះវាមិនសមហេតុផលនោះទេ ដែលមនុស្សម្នាក់ធ្វើការឲ្យអ្នក ប៉ុន្តែអ្នកបែរជាស្អប់មនុស្សម្នាក់នោះទៅវិញ។ តើអ្នករំពឹងថា គេនឹងធ្វើការងារអោយអ្នកល្អដែរឬទេ? ម្យ៉ាងទៀត នេះជាមនុស្សដែលអ្នកទុកអោយនៅផ្ទះ និងមើលថែកូនរបស់អ្នក។ អ្នកគួរតែអោយតម្លៃទៅមនុស្សម្នាក់នោះ ដូច្នេះគេនឹងធ្វើការយ៉ាងល្អសម្រាប់អ្នក»។
បន្ថែមពីលើការដំឡើងប្រាក់ខែ បទបញ្ញត្តិថ្មីនេះក៏អនុញ្ញាតឲ្យអ្នកបម្រើការតាមផ្ទះមានសិទ្ធិទទួលបានថ្ងៃឈប់សំរាកប្រចាំសប្ដាហ៍ និងសំណងបន្ថែមម៉ោង។ សេចក្តីប្រកាសនេះបានបង្កឲ្យមានការខឹងសម្បារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអ្នកអត្ថាធិប្បាយបានលើកហេតុផលថា ការដំឡើងប្រាក់ខែនេះគឺ ខ្ពស់ពេក។ ប៉ុន្តែមុនពេលបង្កើតច្បាប់នេះ មានការការពារតិចតួចសម្រាប់អ្នកបម្រើការតាមផ្ទះដូចជាអ្នកស្រី Beatrice Atieno។
«នៅពេលដែលអ្នកធ្វើការអោយនរណាម្នាក់ ហើយអ្នកត្រូវបានបដិសេធសិទ្ធិទទួលបានប្រាក់ខែ វាមិនមែនជារឿងល្អនោះទេ។ វាជារឿងអាក្រក់។ នៅពេលខ្លះ ពេលដែលអ្នកសួររកប្រាក់ខែរបស់អ្នក ពួកគេបានវាយដំអ្នក។ ដូច្នេះ អ្នកក៏ទៅរកប៉ូលិស ទៅប្តឹងតុលាការ ហើយពួកគេដឹងច្បាស់ណាស់ថានេះជា សិទ្ធិរបស់អ្នក»។
កញ្ញា Josephine Nimile មិនធ្លាប់ធ្វើការនេះពីមុនមកទេ។ នាងមានអាយុ១៨ឆ្នាំ។ នាងបានព្យួរការសិក្សារបស់នាង ព្រោះតែនាងគ្មានប្រាក់បង់ថ្លៃសាលា។ នាងមានអារម្មណ៍ថា រដ្ឋាភិបាលបានធ្វើអ្វីម្យ៉ាងដែលល្អ តាមរយៈការបង្កើនប្រាក់ឈ្នួលអប្បបរមាសម្រាប់អ្នកបម្រើការក្នុងផ្ទះ និងមានអារម្មណ៍ថា ការងារបែបនេះនឹងមានអនាគតប្រសើរមួយនៅក្នុងប្រទេសកេនយ៉ា។
«របៀបដែលរដ្ឋាភិបាលបានបង្កើនប្រាក់បៀវត្សរ៍នេះគឺជា រឿងមួយដ៏ល្អ ពីព្រោះការងារនេះគឺដូចទៅនឹងការងារផ្សេងៗទៀត ហើយគួរតែត្រូវបានការគោរព។ ប្រសិនបើចៅហ្វាយរបស់អ្នកធ្វើល្អចំពោះអ្នក ជាការពិតណាស់ អ្នកនឹងថែរក្សាផ្ទះរបស់គាត់ និងក្មេងៗអោយអស់ពីចិត្ត។
យោងទៅតាមអ្នកស្រី Atieno អ្នកបម្រើនៅតាមផ្ទះ និងអ្នកថែទាំក្មេងមួយចំនួននៅក្នុងប្រទេសកេនយ៉ារកប្រាក់បានតិចតួចណាស់ ប្រហែល ១៥ដុល្លារក្នុងមួយខែ។ ភាគច្រើននៃពួកគេមិនបានយល់ដឹងពីការទាមទារសិទ្ធិរបស់ពួកគេនោះទេ។ ពួកគេមិនមានការអប់រំ ហើយពួកគេបានជួបបញ្ហាជាច្រើននៅក្នុងផ្ទះដែលគេធ្វើការ។
Nancy Navalia ជាអ្នកបម្រើការតាមផ្ទះមួយរូបទៀតនៅក្នុងទីក្រុងណៃរ៉ូប៊ីបាននិយាយថា ច្បាប់នេះផ្តល់ភាពល្អប្រសើរសម្រាប់ទាំងនិយោជក និងនិយោជិកដូចគ្នា។
ច្បាប់ដែលបានកំណត់ប្រាក់ខែអប្បបរមាសម្រាប់អ្នកបម្រើការតាមផ្ទះនៅក្នុងប្រទេសកេនយ៉ាត្រូវបានអនុម័តជាលើកដំបូងនៅក្នុងឆ្នាំ ២០១១ ដើម្បីឲ្យស្របទៅនឹងសំណើររបស់អង្គការពលកម្មអន្តរជាតិ (ILO) ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារសម្រាប់អ្នកដែលមានការងារធ្វើនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ប្រទេសកេនយ៉ាបានកំពុងព្យាយាមអនុវត្តឲ្យបានពេញលេញនូវច្បាប់នេះនៅគ្រប់ផ្ទះទាំងអស់។ បើនិយោជកណាត្រូវបានរកឃើញថា មានការរំលោភលើច្បាប់ថ្មីនេះ និយោជកនោះនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារបីខែ ឬការផាកពិន័យដែលមានទឹកប្រាក់ស្មើនឹង៥០០ដុល្លារ៕
ប្រែសម្រួលដោយ ប៉ោ ហេងឡាលីន