ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា៖ ស.រ.អា.​និង​កេនយ៉ា​រួមគ្នា​ប្រឆាំង​ក្រុម​ភេរវកម្ម​ Al-Shabab


ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (រូប​ឆ្វេង) និង​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ នៅ​ក្រោយ​កិច្ច​ប្រជុំ​របស់​ពួក​លោក នៅ​ឯ​ State House ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា ​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កេនយ៉ា​ត្រូវ​រួបរួម​គ្នា​ប្រឆាំង​ការ​គំរាម​កំហែង​របស់​ភេរវជន។

ថ្លែង​នៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​ប្រធានាធិបតី Uhuru Kenyatta ​នៃ​ប្រទេស​កេនយ៉ា ​លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា មាន​ការ​សម្រប​សម្រួល​ប្រឆាំង​ភេរវកម្ម​ប្រកប​ដោយ​ប្រសិទ្ធិភាព​រវាង​សហរដ្ឋ​អាមេរិក​ និងកេនយ៉ា ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ Al-Shabab សូម៉ាលី។

លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​កេន​យ៉ា​ចំពោះ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​រាប់​សែន​នាក់​ដែល​គ្មាន​ទី​កន្លែង​រស់​នៅ​ដោយ​សារ​ជម្លោះ​ក្នុង​ប្រទេស​សូម៉ាលី។

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការងារ​ជាមួយ​កេនយ៉ា​ដើម្បី​ប្រឈម​ការ​គំរាម​កំហែង​ដល់​ភាព​រុងរឿង ​ហើយ​លោក​ប្រធានាធិបតី​បាន​សរសើរ​ប្រជា​ពលរដ្ឋ​កេនយ៉ា​ចំពោះ​ការ​តាំង​ចិត្តកំចាត់​អំពើ​ពុក​រលួយ។ លោក​ប្រធានា​ធិបតី ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ទាំង​ក្រុម​មន្រ្តី​ថ្នាក់​ខ្ពស់ ​និង​ថ្នាក់​ទាប​ចាំ​បាច់​បញ្ឈប់​ការ​ទទួល​សំណូក​ដែល​លោក​ប្រធានា​ធិបតី ​បាន​មាន​ប្រសាសន៍​ថា ​បាន​បង្អាក់​ពលរដ្ឋ​មិន​ឲ្យ​ចាប់​ផ្តើម​ពាណិជ្ជកម្ម​ថ្មី។

លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​បាន​ពិភាក្សា​ពី​ការ​បរបាញ់​សត្វ​ដំរី ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​រដ្ឋបាល​របស់​លោក​នឹង​ស្នើ​ច្បាប់​ថ្មី​ដើម្បី​ហាម​ឃាត់​ការ​លក់​ភ្លុក​ដំរី​នៅ​គ្រប់​រដ្ឋ​ទាំងអស់​ក្នុង​សហរដ្ឋ​អាមេរិក។

នៅពេល​ដែលគេ​សួរ​លោក​ប្រធានាធិបតី​អូបាម៉ា​អំពី​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នាក្នុង​ប្រទេស​កេនយ៉ា ​លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា ​លោក​ជឿ​ជាក់​ថា ​រដ្ឋ​មិន​គួរ​រើសអើង​ប្រឆាំង​ពលរដ្ឋ​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ៕

XS
SM
MD
LG