ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​កេនយ៉ា​បើក​ហាង​លក់​ទំនិញ​ឈ្មោះ​ Westgate​ ជា​ថ្មី


ក្មេង​ប្រុស​ម្នាក់​លេង​នៅ​ក្នុង​រទេះ​ដាក់​ឥវ៉ាន់​ក្នុង​ផ្សារ​ទំនើប​ ខណៈ​ដែល​អ្នក​ដើរ​ទិញ​ឥវ៉ាន់​ដទៃ​ទៀត​ចូល​មក​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ Westgate Shopping Mall ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។

អគារ​ទំនើប​មាន​ហាង​លក់​ទំនិញ​ឈ្មោះ​ Westgate ​បាន​បើក​ជា​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​កក្កដា​ ជិត​ពីរ​ឆ្នាំ​ក្រោយ​ពី​ក្រុម​ជន​ប្រដាប់​អាវុធ អាល់សាបាប់ (al-Shabab)​ បាន​វាយ​ប្រហារ​មជ្ឈមណ្ឌល​នេះ​ដែល​បាន​នាំ​ឱ្យ​មាន​ការ​ឡោម​ព័ទ្ធ​បី​ថ្ងៃ។​

នៅ​ក្រោយ​ការ​ជួសជុល​ជា​ច្រើន​ខែ​មក​ ចំនួន​ពាក់​កណ្តាល​នៃ​អ្នក​ជួល​ហាង​លក់​ទំនិញ​ក្នុង​អគារ​នោះ​កាល​ពី​ពេល​ដំបូង​ បាន​ប្រុងប្រៀប​នឹង​ធ្វើ​ជំនួញ​ជា​ថ្មី​ទៀត។ អ្នកទិញ​ទំនិញ​បាន​ទៅ​កាន់​អគារ ​Westgate ​ដែល​ជា​ផ្សារ​ទំនើប​កម្រិត​ខ្ពស់​ដោយសារ​ភាព​ឆើតឆាយ​របស់​ផ្សារ​ទំនើប​នេះ​ និង​ទំនិញ​ដែល​គេ​អាច​ទិញ​បាន​ដោយ​ស្រួល​នៅ​ទីនោះ។​

កាល​ពី​ថ្ងៃទី​២១ ខែ​កញ្ញា ​ឆ្នាំ​២០១៣​ ក្រុម​ជន​ប្រដាប់​អាវុធ ​អាល់សាបាប់ ​(al-Shabab)​ បាន​វាយ​ប្រហារ​ក្នុង​អគារ​មាន​ហាង​លក់​ទំនិញ​ច្រើន​នេះ​ដោយ​ធ្វើ​ឱ្យ​កង​កម្លាំង​សន្តិសុខ​ស្រឡាំងកាំង បណ្តាល​ឱ្យ​មនុស្ស​៦៧​ស្លាប់​ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់រយ​នាក់​ទៀត​ត្រូវ​របួស។​

ចាប់តាំង​ពី​ការវាយ​លុក​នៅ​ Westgate ​មក ពួក​អាល់សាបាប់ ​(al-Shabab)​ បាន​បើក​ធ្វើ​ការ​វាយ​ប្រហារ​ឯទៀតៗ​នៅ​ទូទាំង​ប្រទេសកេនយ៉ា។​ នៅ​ថ្ងៃនោះ ​អ្នក​ទិញ​ទំនិញ​ និង​អ្នក​ជំនួញ​ហាក់​ដូ​ច​ជា​បំភ្លេច​ចោល​អតីត​កាល​ដ៏​ខ្មៅ​ងងឹត​នេះ​ហើយ។​ មនុស្ស​វ័យ​ក្មេង​ និង​មនុស្ស​ចាស់ៗ​បាន​ទៅ​មើល​ដោយ​ផ្ទាល់​នូវ​ការ​រស់​ឡើង​វិញ​នៃ​មជ្ឈមណ្ឌល​នេះ។​ មាន​ការ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​ ហើយ​គ្មាន​អ្វី​បន្សល់​ទុក​ជា​ការ​ប្រថុយ​ប្រថានទេ។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ លោក​ Evans Kidero​ អភិបាល​ក្រុង​ណៃរ៉ូប៊ី​ (Nairobi)​ មាន​ការ​រំភើប​ចិត្ត​ខ្លាំង​អំពី​អនាគត។​

«យើង​មក​វិញ​ហើយ។ ​ខ្ញុំ​ដឹង​ថា​ នឹង​មាន​ការ​ថប់​ក្នុង​ចិត្ត​ ក៏​ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ប្រទេស​មួយ​ យើង​មាន​សុវត្ថិភាព​ជាង​ពេល​មុន»។​

លោក ​Fred Ogundo ​បាន​រួច​ជីវិត​ពី​ការ​វាយ​ប្រហារនៅ​ Westgate។​ លោក​បាន​រត់​គេច​ខ្លួន​រួច​ពី​អគារ​មាន​ហាង​លក់​ទំនិញ​នេះ​ នៅ​ពេល​ដែល​សហ​សេវិក​លោក​បី​នាក់​បាន​ស្លាប់។​

ជាមួយ​ការ​បើក​អគារ​នេះ​ជា​ថ្មី​ឡើង​វិញ ​ លោក​ Ogundo ​ឃើញ​មាន​ឱកាស​ច្រើន​ជាង​មុន។​

«សូម​រំឭក​ថា​ កន្លែង​នេះ​ជា​កន្លែង​ដែល​យើង​ធ្លាប់​ធ្វើ​ការ​ ហើយ​នៅ​ពេល​វា​បាន​បិទ​ទ្វារ​ វា​ដូច​ជា​មិន​មាន​ម្ហូប​អាហារ​នៅ​លើ​តុយើង​អញ្ចឹង​ដែរ។ ​ដូច្នេះ​ ការ​បើក​ហាង​ឡើងវិញ​នេះ​នាំ​ឲ្យ​យើង​សប្បាយ​រីករាយ​ណាស់»។​

ប្រទេស​កេនយ៉ា​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង​នៅ​ពេល​ខួប​ពីរ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​នោះ​ជិត​មក​ដល់។​

ក្រសួង​ការបរទេស​ស.រ.អា.​ក៏​បាន​ចេញ​ផ្សាយ​ការ​ណែនាំ​ខាង​ការ​ធ្វើ​ដំណើរ​មួយ​ដែល​បាន​ព្រមាន​អំពី​ការ​គំរាម​កំហែង​ខ្លាំង​មួយ​នៅ​ក្នុង​ក្រុងណៃរ៉ូប៊ី ​នៅ​មុន​សន្និសីទ​កំពូល​នៃ​ភាព​ជា​សហគ្រិន​ដែល​គេ​រំពឹង​ថា​ លោក​ប្រធា​នាធិបតី​ បារ៉ាក់​អូបាម៉ា​ នឹង​អញ្ជើញ​ទៅ​ចូល​រួមនៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ខែ​នេះ៕

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG