សម្រាប់ ៤ រដូវកន្លងមកនេះ គេឃើញមានភ្លៀងធ្លាក់តិចតួចប៉ុណ្ណោះនៅក្នុងស្រុក Machakos ប្រទេសកេនយ៉ា ហើយកសិករបានសម្លឹងមើលទាំងអស់សង្ឃឹមនៅពេលដែលកសិផលរបស់ពួកគេក្រៀមស្វិតស្រពោនអស់។ ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យពួកគេស្ទើរតែធ្លាក់ទៅក្នុងភាពក្រីក្រ នៅពេលដែលពួកគេត្រូវទិញស្បៀងអាហារនៅតាមទីផ្សារ ដោយសារតែមិនអាចពឹងលើទិន្នផលកសិកម្មរបស់ពួកគេបាន។ អ្នកស្រី Beatrice Ndavi គឺជាកសិករម្នាក់ក្នុងចំណោមនោះ។
អ្នកស្រី Ndavi និយាយដូច្នេះថា៖ «កសិករស្រុក Machakos ប្រឈមនឹងគ្រោះរាំងស្ងួត ដោយសារតែនៅពេលដែលមានគ្រោះរាំងស្ងួត យើងគ្មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់ពួកយើងនោះទេ»។
គម្រោងជួយដល់កសិករទាំងនេះបានធ្វើឡើងនៅឆ្នាំ ២០១៧ គឺមុននឹងគ្រោះរាំងស្ងួតមួយទៀតចូលមកដល់។ គម្រោងជួយនេះធ្វើឡើងក្នុងទម្រង់ជាកម្មវិធីកម្ចីដែលហៅថា «គម្រោងឥណទានដែលអាចប្រែប្រួលតាមហានិភ័យ»។ គម្រោងនេះគឺជាគំនិតផ្ដួចផ្ដើមរបស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយស្បៀងអាហារអន្តរជាតិ IFPRI។ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់លោក Linzhou You គឺជាអ្នកដឹកនាំគម្រោងនេះ។
លោកបញ្ជាក់ដូច្នេះថា៖ «នៅពេលដែលគ្មានភ្លៀង គឺគ្មានទិន្នផលទេ ដូច្នេះកសិករមិនចាំបាច់សងបំណុលឡើយ។ ប៉ុន្តែ នៅពេលដែលមានភ្លៀង ហើយកសិករប្រមូលផលបានល្អ នោះកសិករត្រូវតែសងបំណុលនេះ រួមទាំងការធានារ៉ាប់រងទៀតផង។
នេះគឺជាគំនិតថ្មីខុសពីការអនុវត្តកន្លងមក ដែលការអនុវត្តកាលពីមុនៗគឺថា ធនាគារពាណិជ្ជកម្មមិនព្រមផ្ដល់កម្ចីដល់កសិករតូចតាច។ នេះបើតាមការបញ្ជាក់របស់លោក Esther Muiruri ប្រធានធនាគារសមធម៌ (Equity Bank) នៃប្រទេសកេនយ៉ា។
លោកនិយាយថា៖ «សម្រាប់ដីមួយអា យើងផ្ដល់កម្ចីប្រហែល ៩៧ ដុល្លារអាមេរិក ដូច្នេះកសិករអាចទិញជី គ្រាប់ពូជ និងជីគីមីដទៃទៀតដែលពួកគេត្រូវការដើម្បីដាំដុះដំណាំរបស់ពួកគេបាន»។
កសិករទទួលបានកម្ចីនេះ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលផ្នែកកសិកម្ម និងផ្នែកហិរញ្ញវត្ថុ។ អ្នកស្រី Ndavi ទទួលបានកម្ចីដំបូងកាលពីមុន និងជាកសិករម្នាក់ក្នុងចំណោមកសិករ ២៦៥ នាក់ ដែលទទួលបានកម្ចីជាលើកទីពីរកាលពីពេលថ្មីៗនេះ។
អ្នកស្រី Ndavi លើកឡើងដូច្នេះថា៖ «មុនពេលធនាគារផ្ដល់កម្ចីដល់យើង ទិន្នផលដំណាំគឺទាបខ្លាំងណាស់ គឺយើងប្រើតែជីអាចម៍សត្វតែប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលដែលយើងចាប់ផ្ដើមប្រើជីគីមីទាំងនេះមក យើងឃើញថា ទិន្នផលមានការកើនឡើង»។
គម្រោងនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ប៉ុន្តែគេឃើញមានគម្រោងផ្សេងទៀតស្រដៀងនឹងគម្រោងនេះដែរសម្រាប់ជួយតំបន់រាំងស្ងួតដទៃទៀតនៅតាមបណ្ដាប្រទេសនានានៅទ្វីបអាហ្វ្រិក៕
ប្រែសម្រួលដោយ ភី សុភាដា