ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេនយ៉ា​បន្ត​អនុវត្ត​គម្រោង​ចែក​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តាម​សាលារៀន​ពី​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក


សិស្សានុសិស្ស​នៅ​ក្នុង​សាលាបឋមសិក្សា Stara នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី​ទទួល​ទាន​អាហារ​ដែល​ចែក​ដោយ​អង្គការ​ស្បៀង​អាហារ​ពិភពលោក កាលពី​ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០០៩។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា រដ្ឋាភិបាល​កេនយ៉ា​នឹង​ទទួល​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​សាលារៀន​ ដែល​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​នេះ​នៅ​កេនយ៉ា​កាល​ពី​៤០​ឆ្នាំ​មុន។ ​

អស់រយៈពេល​៤​ទសវត្សរ៍​មក​ហើយ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ផ្តល់​អាហារ​ពេល​ថ្ងៃ​ត្រង់​ដល់​សិស្សានុសិស្ស​ចំនួន​១លាន​៦​សែន​នាក់​នៅ​ក្នុង​តំបន់​នានា​នៃ​ប្រទេស កេនយ៉ា។ សម្រាប់​សិស្សានុសិស្ស​ភាគច្រើន អាហារ​ពេល​ថ្ងៃ​ត្រង់​ដែល​ពួកគេ​ទទួល​បាន​នៅ​សាលារៀន គឺ​ជា​អាហារ​មួយ​ពេល​គត់​ដែល​ចម្អិន​ក្តៅៗ​សម្រាប់​ពួកគេ។ ​

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​សាលារៀន​សម្រាប់​កុមារ​ដែល​ខ្វះខាត​អាហារូបត្ថម្ភ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ឲ្យ​ពួកគេ​នូវ​អាហារ​ដែល​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​លូតលាស់​និង​មាន​សុខភាព​ល្អ។ កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អាហារ​ទាំង​នេះ​ក៏​ដើរ​តួនាទី​ជា​រង្វាន់​លើក​ទឹកចិត្ត​សម្រាប់​ឪពុកម្តាយ​ដែល​បញ្ជូន​កូនៗ​របស់​ពួកគេ​ទៅ​សាលារៀន​ផង​ដែរ។ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​នេះ​បាន​គូស​បញ្ជាក់​ថា កុមារ​ដែល​បាន​រៀនសូត្រ មាន​ឱកាស​ល្អ​ជាង​ក្នុង​ការ​ធំ​ឡើង​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ប្រយោជន៍​នៅ​ក្នុង​សង្គម។

អ្នក​នាំពាក្យ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ លោក Herve Verhoosel ថ្លែង​ថា ការ​ចែក​អាហារ​ដល់​សិស្សានុសិស្ស​នៅតាម​សាលារៀន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋាភិបាល​កេនយ៉ា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថ្លែង​ប្រាប់ VOA ថា ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ចាប់​ផ្តើម​ដក​ខ្លួន​បន្តិចម្តងៗ​ពី​កម្មវិធី​ចែក​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តាម​សាលារៀន​នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

លោក Verhoosel និយាយ​ថា៖ «ក្រោយ​មក​រដ្ឋាភិបាល​ចាប់​ផ្តើម​បោះ​ជំហាន​បន្តិច​ម្តងៗ​ដើម្បី​ដើរ​តួនាទី​កាន់​តែ​សំខាន់​ក្នុង​កម្មវិធី​ចែកអាហារ​ពេល​ថ្ងៃ​ត្រង់​នេះ។ នេះ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ធានា​ថា រដ្ឋាភិបាល​មាន​សមត្ថភាព​អាច​ធ្វើ​វា​បាន។ យើង​ត្រូវ​ប្រាកដ​ថា រដ្ឋាភិបាល​មាន​សមត្ថភាព​អាច​គ្រប់គ្រង​លើ​កម្មវិធី​របៀប​នេះ​ដោយ​ខ្លួន​ឯង​បាន។ ហើយ​រដ្ឋាភិបាល​កេនយ៉ា​អាច​ធ្វើ​វា​បាន។ រដ្ឋាភិបាល​កេនយ៉ា​ត្រូវ​ចំណាយ​ប្រាក់​២៤​លាន​ដុល្លារ​សម្រាប់​កុមារ​ចំនួន​១​លាន​៦​សែន​នាក់​នៅ​ក្នុង​សាលារៀន​ចំនួន​៤ពាន់។ នេះ​គឺ​ជា​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​មួយ​សម្រាប់​កេនយ៉ា»។

លោក Verhoosel ថ្លែង​ទៀត​ថា ការ​រៀបចំ​កម្មវិធី​ដ៏​ធំ​របៀប​នេះ​និង​ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​ឧបត្ថម្ភ​ដល់​កម្មវិធី​នេះ​មាន​ការ​លំបាក​ណាស់ ហើយ​អាច​ស្មុគស្មាញ​ខ្លាំង។ ​

លោក​និយាយ​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កេនយ៉ា​ក្នុង​ការ​បន្ត​អនុវត្ត​កម្មវិធី​ដ៏​សំខាន់​មួយ​នេះ។ លោក​មាន​ប្រសាសន៍​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​សង្ឃឹម​ថា ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ដទៃទៀត​ក៏​ដូចជា​ប្រទេស​ផ្សេងៗ​នៅ​ទូទាំង​ពិភពលោក​នឹង​អាច​អនុវត្ត​កម្មវិធី​ចែក​អាហារ​ពេល​ថ្ងៃត្រង់​នៅ​តាម​សាលារៀន​ដូច​ប្រទេស​កេនយ៉ា​ដែរ​នៅ​ពេល​អនាគត។

កាល​ពី​ឆ្នាំ​មុន កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​បាន​អនុវត្ត​និង​គាំទ្រ​ដល់​កម្មវិធី​ចែក​អាហារ​នៅ​តាម​សាលារៀន​ក្នុង​ប្រទេស​ចំនួន​៧១។ កម្មវិធី​ស្បៀងអាហារ​ពិភពលោក ក៏​បាន​ផ្តល់​អាហារដល់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ដោយ​ផ្ទាល់​ចំនួន​១៨​លាន​៣​សែន​នាក់​ក្នុង​ប្រទេស​ចំនួន​៦០​ផង​ដែរ៕ ​

ប្រែសម្រួល​ដោយ ហុង ចិន្តា

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG