ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា បង្ហាញ​ខ្លួន​នៅ​តុលាការ ខណៈ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ


សវនាការជំនុំជម្រះលើលោក កឹម សុខា ចាប់ផ្តើមនៅព្រឹកថ្ងៃទី១៥ ខែមករា នេះ ដោយមានការរឹតបន្តឹងសន្តិសុខ។ (ស៊ុន ណារិន/VOA Khmer)

សវនាការ​លើ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​លោក​បាន​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​របស់​លោក។

លោក កឹម សុខា បាន​មក​ដល់​តុលាការនៅ​ម៉ោង៧ និង​៣៥នាទីជាមួយ​ក្រុម​មេធាវី​របស់​លោក។ លោក​មិន​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នោះ​ទេ។

សវនាការ​លើ​លោក ​កឹម​ សុខា ​នៅ​ព្រឹក​នេះ ​ត្រូវ​បាន​យាមកាម​ដោយ​កម្លាំង​សន្តិសុខ​ចម្រុះ​និង​មាន​ការ​តាម​ដាន​ពី​មន្រ្តី​អង្គ​ទូត អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាតិ​ ​អន្តរជាតិ។ សមត្ថកិច្ចដាក់​ម៉ាស៊ីន​ស្កែន​គ្រឿង​ផ្ទុះ នៅ​ច្រក​ដើរ​ចូល​ទៅ​ខាង​ក្នុង​តុលាការ​ផង​ដែរ។

អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ខាង​មុខ ក្បែរខ្លោង​ទ្វារ និង​របង​តុលាការ​នោះ​ទេ។ អ្នក​សារព័ត៌មាន​តិច​តួច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ។

មន្រ្តី​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មួយ​ចំនួនកំពុង​តាម​ដាន​សវនាការ​ជំនុំ​ជម្រះ​នេះ​ក្នុង​បន្ទប់​សវនាការ​ផ្ទាល់​តែ​ម្តង។

សវនាការ​ដំបូង​នេះមាន​រយៈ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥ និង​ទី​១៦ ខែមករា។ នេះ​បើ​តាម​មេធាវី​របស់​លោក កឹម សុខា។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់ ​VOA​ កាល​ពី​ថ្ងៃ​អង្គារ​ថា សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា អាច​ប្រើរយៈ​ពេល​ទៅ​ដល់​៣​ខែ។

លោក តាំង ស៊ុនឡាយ មាន​ប្រសាសន៍​ថា៖ «ដោយសារ​រឿង​ធំ​ ប្រហែល​ជា​យើង​គ្រោង​បី​ខែ។ យើង​គ្រោង​បី​ខែ​បាន​ចប់»។ លោក​បន្ថែម​ថា តុលាការ​គ្រោង​យកថ្ងៃ​ពុធ និង​ព្រហស្បតិ៍រៀង​រាល់​សប្តាហ៍ ដើម្បី​ដំណើរ​ការ​សវនាការ​នេះ។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា​ «ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋអាមេរិកបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

តុលាការ​បាន​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​លោក​ កឹម សុខា​ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ក្រោយ​លោក​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ និង​នៅ​ផ្ទះ​មួយ​រយៈ។ ​ ​លោក​ កឹម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យធ្វើ​នយោបាយ ​និង​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​នោះ​ទេ​ ដោយលោកមាន​សិទ្ធិ​ត្រឹម​ដើរ​ហើរ​ក្នុង​ប្រទេស ​និង​ជួប​ជាមួយ​អ្នក​ការទូត ​កន្លង​មក​តែ​ប៉ុណ្ណោះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG