ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកកឹម សុខា៖ ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស​ណា​មក​ឈ្លាន​ពាន​កម្ពុជា


រូបឯកសារ៖ លោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​លោកស្រី​ Carmen Moreno នៅគេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​លោកស្រី​ Carmen Moreno នៅគេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

ក្នុង​ពេល​ដែល​លោក កឹម សុខា កំពុង​ចូលរួមសវនាការ​ជំនុំ​ជម្រះ​លើ​រូប​លោក លោក​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​របស់​លោក ដោយ​បាន​បដិសេធ​សារជាថ្មី​ថា លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

នៅ​លើ​ហ្វេសប៊ុក​របស់​លោក កឹម សុខា មានការ​បង្ហោះ​សារ​ថា៖ «ខ្ញុំ​បដិសេធ​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។ ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស​ណា​មក​ប្រទូស​រ៉ាយ ឬឈ្លាន​ពាន​ព្រះរាជាណាចក្រកម្ពុជា​ឡើយ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំង ឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ឡើយ។ សកម្មភាព​ទាំង​អស់​របស់​ខ្ញុំ គឺ​ផ្តោត​លើ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និងសន្តិវិធី ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា»។

លោក កឹម សុខា បាន​បន្ថែម​ថា៖ «គ្រប់​សកម្មភាព​នយោបាយ​របស់​ខ្ញុំ គឺ​ផ្តោត​លើ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ»។

លោក កឹម សុខា បញ្ជាក់​ថា លោក​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​រូប​លោក។

កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា ​កឹម មនោវិទ្យា បាន​បញ្ជាក់​បន្ថែម​លើ​សារ​របស់​ឪពុកកញ្ញា​ថា ការ​កាត់​ក្តី​លើ​លោក កឹម សុខា «គឺ​ជា​រូបភាព​អាក្រក់​មួយ​សម្រាប់​កម្ពុជា មិន​គួរ​កើត​ឡើង​ទេ»។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា ​«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋអាមេរិកបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

សវនាការ​លើ​លោក កឹម សុខា បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​លោក​បាន​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​របស់​លោក។ សវនាការនេះ​ត្រូវ​បាន​យាមកាម​ដោយ​កម្លាំង​សន្តិសុខ​ចម្រុះ​និង​មាន​ការ​តាម​ដាន​ពី​មន្រ្តី​អង្គ​ទូត អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាតិ​ ​អន្តរជាតិ។

មន្រ្តី​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មួយ​ចំនួន កំពុង​តាម​ដាន​សវនាការ​ជំនុំ​ជម្រះ​នេះ​ក្នុង​បន្ទប់​សវនាការ​ផ្ទាល់​តែ​ម្តង។

សវនាការ​ដំបូង​នេះមាន​រយៈ​ពេល​២​ថ្ងៃគឺ​នៅ​ថ្ងៃ​ទី​១៥ និង​ទី​១៦ ខែមករា។ នេះ​បើ​តាម​មេធាវី​របស់​លោក កឹម សុខា។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​VOA​កាល​ពី​ថ្ងៃ​អង្គារ​ថា សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា អាច​ប្រើរយៈ​ពេល​ទៅ​ដល់​៣​ខែ៕

XS
SM
MD
LG