មេធាវីរបស់រដ្ឋាភិបាលគឺលោក គី តិច បានថ្លែងភ្លាមៗប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រៅតុលាការនៅថ្ងៃពុធនេះថា លោកមានភស្តុតាងច្រើនដើម្បីដាក់បន្ទុកលើលោក កឹម សុខា ក្នុងពេលដែលលោក កឹម សុខា បង្ហោះសារតាមហ្វេសប៊ុក បដិសេធការជាប់ពាក់ព័ន្ធនឹងបទសន្ទិដ្ឋិភាពឬរួមគំនិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបញ្ជាក់ថា៖ «ជាធម្មតាទេ ជនជាប់ចោទគ្រប់រូបតែងតែបដិសេធ អះអាងថាខ្លួនគ្មានកំហុស ប៉ុន្តែខាងយើងខ្ញុំក៏ដូចជាតំណាងអយ្យការមានភស្តុតាងច្រើនសន្ធឹកសន្ធាប់ដើម្បីបញ្ជាក់ជូនក្រុមប្រឹក្សាជំនុំជម្រះឲ្យបានដឹងថាកំហុសនិងអំពើប្រព្រឹត្តរបស់ កឹម សុខាត្រូវទទួលខុសត្រូវនៅក្នុងផ្លូវច្បាប់កម្រិតណា»។
ការថ្លែងនេះ ធ្វើឡើង ក្រោយពីមេធាវីការពារក្ដីឱ្យលោក កឹម សុខា លើកឡើងថាភស្តុតាងដាក់បន្ទុកលើកូនក្ដីរបស់ខ្លួន គឺមានតែវីដេអូកាត់តមួយប៉ុណ្ណោះ។
លោក គី តិច បានបន្ថែមថា៖ «ព្រឹកមិញខ្ញុំសូមបញ្ជាក់ថា គ្រាន់តែភស្តុតាងដើម្បីបញ្ជាក់អំពីបញ្ហាហ្នឹង មានពីរវ៉ាលីធំៗ និងមានកាតាបឬប្រហែលជាម្នាក់ពីរ គឺថាបើនិយាយអំពីភស្តុតាងនេះគឺថាដឹកគូថឡានតែម្តង។ ភស្តុតាងនេះគឺថាយើងនឹងតតាំង បង្ហាញជូនក្រុមប្រឹក្សាជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញនេះ ដើម្បីឲ្យការសម្រេចផ្ដល់យុត្តិធម៌ដល់គូភាគី»។
លោកមិនបានបញ្ជាក់ថាតើភស្តុតាងទាំងនោះជាអ្វីខ្លះទេ ដោយអះអាងថា នេះជាការសម្ងាត់របស់មេធាវី។ ប៉ុន្តែនៅក្នុងសវនាការព្រឹកថ្ងៃពុធនេះ មានការចាប់ផ្ដើមបង្ហាញភស្តុតាងដំបូងដែលជាវីដេអូជាង២នាទី ដែលលោក កឹម សុខាបដិសេធថាមិនមែនជាវីដេអូរបស់លោក ដោយសារតែជាវីដេអូ«កាត់ត»។
លោក កឹម សុខា បានស្នើសុំឲ្យបង្ហាញភស្តុតាងដែលជាវីដេអូរយៈពេលជាង១ម៉ោងរបស់លោក ដែលត្រូវពិនិត្យសម្រេចនិងត្រួតពិនិត្យមើលនៅសប្ដាហ៍ក្រោយ។ ក្រៅពីនោះ មានការបង្ហាញសាក្សីចំនួន១២នាក់ដែលមានវត្តមានផងដែរ ក្នុងចំណោមសាក្សីជិត៣០នាក់ដែលតុលាការបានកោះហៅ។
សាក្សីខ្លះ បានបញ្ជាក់ថាពួកគេមិនពាក់ព័ន្ធនឹងរឿងក្តីនេះ ហើយបដិសេធមិនចូលរួមផងដែរ។
បន្ថែមពីលើនេះទៀត លោកមេធាវី គី តិច បានបញ្ជាក់ពីការពាក់ព័ន្ធនឹងអង្គការនិងប្រទេសចំនួន៩ ដែលលោក បានស្នើសុំឲ្យតុលាការតាំងជាអក្សរដោយមិនប្រើឈ្មោះប្រទេសទាំងនោះ ក្នុងគោលបំណងរក្សាទំនាក់ទំនងល្អជាមួយបរទេស។
ប្រទេសទាំង៩នោះរួមមានឥណ្ឌូនេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។
ដំណាលគ្នាពេលកំពុងចូលរួមសវនាការជំនុំជម្រះក្ដីនេះ ហ្វេសប៊ុករបស់លោក កឹម សុខា មានការបង្ហោះសារថា៖ «ខ្ញុំបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបខ្ញុំពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជាឡើយ»។
លោកអះអាងថារាល់សកម្មភាពរបស់លោកមិនបាននាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ តែផ្ដោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា«ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិក បានបដិសេធការចោទប្រកាន់នេះ។
ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា រួមទាំងលោក ចាន់ ចេន នៅតែទទូចថាសំណុំរឿងលោក កឹម សុខា ជារឿងនយោបាយ ដែលគួរត្រូវដោះស្រាយតាមរយៈនយោបាយផងដែរ។
តែមេធាវីរដ្ឋាភិបាលលើកហេតុផលថានេះជារឿងព្រហ្មទណ្ឌដែលតុលាការកំពុងដំណើរការនីតិវិធី។
សវនាការថ្ងៃទី១លើសំណុំរឿងលោក កឹម សុខា ដើម្បីសម្រេចថាលោកមានទោសឬអត់នោះ គឺកើតឡើងក្រោយរយៈពេលជាង២ឆ្នាំនៃការឃុំខ្លួនលោក។ សវនាការនេះត្រូវគេរំពឹងថានឹងមានការចូលរួមពីអ្នកឃ្លាំមើលជាច្រើនរួមទាំងអ្នកការទូតបរទេសនានាដូចជាមន្ត្រីទូតអាមេរិក និងអង្គការសង្គមស៊ីវិលផងដែរក្នុងបន្ទប់សវនាការដែលមន្ត្រីតុលាការអះអាងថាអាចដាក់មនុស្សបានតែ៣០នាក់នោះ ក្នុងពេលអាជ្ញាធររៀបចំការពារសន្តិសុខតឹងរ៉ឹងសម្រាប់ការជំនុំជម្រះក្ដីនេះ។
សវនាការដំបូងដែលលោក កូយ សៅ ជាប្រធានអង្គជំនុំជម្រះនេះ មានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៥ និងទី១៦ខែមករា។ មន្ត្រីតុលាការអះអាងថា សវនាការនេះ គ្រោងធ្វើឡើងពីរថ្ងៃក្នុង១សប្តាហ៍ និងអាចបន្តរហូតដល់៣ខែទៅមុខទៀត៕