ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ទាមទារ​​តុលាការ​ចាក់​វីដេអូ​ជាង​១ម៉ោង ដែល​ខុស​​ពី​វីដេអូ​​រដ្ឋាភិបាល


រូបឯកសារ៖ មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ស្វាគមន៍អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោកក្នុងក្រុងភ្នំពេញ​ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ស្វាគមន៍អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោកក្នុងក្រុងភ្នំពេញ​ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រោយ​​បញ្ចាំង​វីដេអូ​ដែលមានរយៈពេលពីរទៅបីនាទីនេះ លោក កឹម សុខា បាន​ថ្លែង​ថា៖ «ខ្ញុំ​បដិសេធ​វីដេអូនេះ មិន​អាច​ធ្វើ​ជា​ភស្តុតាង​អង្គ​ហេតុចោទ​ប្រកាន់​ខ្ញុំ​ទេ»។ 

លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង នៅ​ព្រឹក​ថ្ងៃ​ពុធនេះ បាន​ប្រាប់​ទៅអង្គ​ជំនុំ​ជម្រះ​ថា វីដេអូ​ដែល​តុលាការ​យក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​លោក​ថា ​«​ក្បត់​ជាតិ» ជា​វីដេអូ​កាត់​ត ហើយ​លោក​បាន​ប្រគល់​វីដេអូ​ពេញ​ជាង​មួយ​ម៉ោង ដោយ​ស្នើ​ឲ្យ​មាន​ការ​បញ្ចាំង​ក្នុង​បន្ទប់​សវនាការ​។

ក្នុង​បន្ទប់ស​វនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តុលាការ​បាន​បង្ហាញ​វីដេអូ​ដំបូង​បង្អស់​រយៈពេល​២​នាទី ​ដែល​លោក ​កឹម សុខា ​បាន​ថ្លែង​កាល​ពី​ឆ្នាំ​២០១៣​ថា​ អាមេរិក​បាន​គាំទ្រ​លោក កឹម សុខា និង​បាន​ផ្តល់​គំនិត​ដល់​រូប​លោក​សម្រាប់​ការ​បង្កើត​អង្គការ​សង្គម​ស៊ីវិល និង​ការងារ​នយោបាយ។​ វីដេអូ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ឆ្នាំ​២០១៧ ​ដោយ​ចោទ​ថា​ ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​ប៉ុន​ប៉ុង​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក្រោយបញ្ចាំង​វីដេអូ​នេះ លោក កឹម សុខា បាន​ថ្លែង​ថា៖ «ខ្ញុំ​បដិសេធ​វីដេអូនេះ មិន​អាច​ធ្វើ​ជា​ភស្តុតាង​អង្គ​ហេតុចោទ​ប្រកាន់​ខ្ញុំ​ទេ»។

លោក​បន្ថែម​ថា៖ «មិន​មែន​ជា​វីដេអូ​របស់​ខ្ញុំ​ទេ តែ​ជា​សំឡេង និង​រូបខ្ញុំ ហើយ​មិន​ពេញ​លេញ ហើយ​មាន​ការ​កាត់​ត ជា​កង់ៗ។ សូម​ឲ្យ​តុលាការ​ធ្វើ​កោសល្យវិច័យ​ជា​មុន​សិន ប្រភព​ពីណា នរណា​កាត់​ត។ ខ្លឹមសារ​ពិត​ដែល​ខ្ញុំ​បាន​និយាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បំណង​គឺថ្លែង​អំណរគុណ និង​ជម្រាប​ពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា និង​គោល​ចំហរ​របស់​ខ្ញុំ។ មិន​មាន​ផែនការ​ណាមួយ ដែល​ខ្ញុំ​ចង់​ធ្វើ​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ»។

លោក កឹម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​ចាក់​បញ្ចាំង​វីដេអូ​ជាង​មួយ​ម៉ោង ដែល​លោក​បាន​ដាក់​ក្នុង​អង្គចងចាំ ហើយ​ដក​ចេញ​ពី​ហោប៉ៅ​របស់​លោក ហុច​ឲ្យ​មន្រ្តី​តុលាការ។

ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ ចៅក្រម​ កូយ សៅ បាន​សួរ​លោក កឹម សុខា ថា​ហេតុ​អ្វី​បាន​ជា​ចង់​ឲ្យ​ចាក់​វីដេអូ​ជាង​មួយ​ម៉ោង​នេះ។ លោក កឹម សុខា បាន​ថ្លែង​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ថា៖ «វីដេអូ វា​សំខាន់​ណាស់ បើ​មិន​ចាក់​ទេ សវនាការ​នេះ មិន​អាច​រក​យុត្តិធម៌​បាន​ទេ»។

ក្រោយ​ពី​មាន​ការ​ទាមទារ​នោះ តុលាការ​មិន​ទាន់​មាន​ការ​សម្រេច​យ៉ាងណា​ទេ។

មេធាវី​តំណាង​រដ្ឋាភិបាល គឺ លោក គី តិច ដែល​ធ្លាប់​ការពារ​ក្តី​ឲ្យ​ក្រសួង​មហាផ្ទៃ​រំលាយ​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ឆ្នាំ​២០១៧ បាន​លើក​ឡើង​អំពី​មូលហេតុ​មិន​ទាន់​ឲ្យ​តុលាការ​ចាក់​បញ្ចាំង​វីដេអូ ភ្លាមៗ ដោយ​បារម្ភ​ថា​វីដេអូ​នោះ​អាច​នឹង​ធ្វើ​ឲ្យ​កំព្យូទ័រ​របស់​តុលាការផ្ទុះ ឬ​បាត់​បង់​ឯកសារ​ និង​លើក​ឡើង​ថា ក្រុម​មេធាវី​របស់​លោក កឹម សុខា មិន​បាន​ដាក់​វីដេអូ​នោះ​ជា​ភស្តុតាង​តាំង​ពី​ដំបូង។

តុលាការ​បាន​បញ្ជា​ឲ្យ​ក្រុម​មេធាវី​របស់​លោក កឹម សុខា ដាក់​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ​ពាក់ព័ន្ធ​នឹង​វីដេអូ​ជាង​មួយ​ម៉ោង​នេះ ហើយ​បញ្ជូន​ទៅ​តុលាការ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​២០ ខែមករា មុន​នឹង​តុលាការ​សម្រេច​ថា​នឹង​បញ្ចាំង​នៅ​ពេលណា។

មេធាវី​របស់​លោក កឹម សុខា គឺ​លោកស្រី ម៉េង សុធារី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា៖ «ដោយ​សារ តែ​ចាក់​ហ្នឹង​ហើយ​មាន​ឃើញ​ការ​កាត់​សំឡេង​គាត់ យក​មក​ផ្គុំ​គ្នា អញ្ចឹង​ហើយ​បាន​ជា​គាត់​ស្នើ​សុំ​ឲ្យ​ចាក់​វីដេអូ​ដែល​គាត់​ផ្តល់​ជូន​ពេញ​ទាំង​មូល​តែ​ម្តង។ វីដេអូ​ដែល​យើង​បាន​ពី​តុលាការ​មក​មាន​ច្រើន​ជាង​មួយ។ វីដេអូ​ដែល​លោក​ប្រធាន [លោក កឹម សុខា] គាត់​ដាក់​ទៅ​មួយ​គឺ​មួយ​ម៉ោង​ជាង​។ ចា [តុលាការ]​ទទួល​យក​ហើយ ប៉ុន្តែ​អត់​ទាន់​បាន​ចាក់​នៅ​ក្នុង​ថ្ងៃ​នេះ​ទេ ចាក់​នៅ​សប្តាហ៍​ក្រោយ»។

មេធាវី​របស់​រដ្ឋាភិបាល ដែល​មាន​លោក គី តិច ជា​ប្រធាន បាន​ថ្លែង​ថាមាន​ប្រទេស​ចំនួន​៩​ ពាក់​ព័ន្ធ នឹង​សំណុំ​រឿង​លោក កឹម សុខា ក្នុង​នោះ​រួមមានឥណ្ឌូនេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា សហភាព​អឺរ៉ុប តៃវ៉ាន់ និង​ឥណ្ឌា។ លោក​ក៏​បាន​ស្នើ​កុំ​ឲ្យនិយាយ​ឈ្មោះ​ប្រទេស​ណាមួយ​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ ដោយ​លោក​បាន​លើក​ឡើង​ថា កុំ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​កម្ពុជា និងប្រទេស​នោះ។ លោក​បាន​ស្នើ​ឲ្យ​ប្រើប្រាស់​អក្សរ​តំណាង ដោយ​ក្នុង​នោះ​សហរដ្ឋអាមេរិក ត្រូវ​នឹង «រដ្ឋ​ ង»។

ក្រោយ​បញ្ចប់​សវនាការ​នៅ​ពេល​ព្រឹក លោក គី តិច បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ ថា៖ «សំណើ​នោះ​សូម​បញ្ជាក់​ជូន​ថា ដោយសារ​នៅ​ក្នុង​សំណុំ​រឿង​នេះ វា​មាន​ពាក់ព័ន្ធ​នឹង​បរទេស ពាក់ព័ន្ធ​នឹង​ប្រទេស មាន​ប្រទេស​ប្រហែល​ជា៩ ហើយ​ក៏​ពាក់ព័ន្ធ​ជាមួយនឹង​អង្គការ​មួយ​ចំនួន​ទៀត ហើយ​ក៏​ពាក់ព័ន្ធ​ជាមួយនឹង​បុគ្គល​បរទេស​មួយ​ចំនួន​ទៀត ដែល​នៅ​ក្នុង​សំណុំ​រឿង​នេះ»។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា ​«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ក្នុង​ពេល​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មេធាវី​របស់​រដ្ឋាភិបាល​បាន​ប្រើប្រាស់​វីដេអូ​ឃ្លីប​របស់​លោក កឹម សុខា ជា​ភស្តុតាង​មួយ​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ ធំ​មួយ​នេះ។ មេធាវី​របស់​រដ្ឋាភិបាល​ក៏​បានលើក​ឡើង​ថា សហ​រដ្ឋ​អាមេរិក​បាន​ជួយ​ជ្រោម​ជ្រែង​គណបក្ស​សង្រ្គោះ​ជាតិ​ជា​សម្ងាត់​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា នឹង​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦ ខែមករា។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អង្គារ​ថា សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា អាច​ប្រើ​រយៈ​ពេល​ទៅ​ដល់​៣​ខែ៕

XS
SM
MD
LG