ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​កឹម សុខា៖ ​គ.ជ.ប.​មិនមាន​លទ្ធភាព​ធានា​ការ​បោះឆ្នោត​យុត្តិធម៌

  • គង់ សុឋានរិទ្ធ

លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​បាតុកម្ម​មួយ​​​ក្នុង​ក្រុង​ភ្នំពេញ​​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​គ.ជ.ប.​។ (Heng Reaksmey/VOA Khmer)
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ជំទាស់​ធំជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ​បាន​បរិហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​មិនទាន់មាន​លទ្ធភាព​ធានា​ដល់​ភាព​ត្រឹមត្រូវ​ក្នុង​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ។​

លោក​កឹម សុខា ​ប្រធានស្តីទី​គណបក្ស​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃនេះ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ​មាន​ភាព​មិនប្រក្រតី​ជាច្រើន​ដែល​កំពុង​កើត​ឡើង​ក្នុង​អំឡុង​ពេល​ឆ្ពោះ​ទៅរក​ការ​បោះឆ្នោត​នេះ។​

បញ្ហា​ទាំងនោះ​រួមមាន​ការ​រៀបចំ​មន្ត្រី​បោះឆ្នោត​ថ្នាក់​ខេត្ត​ និង​ជាតិ​ ដែល​មិនមាន​សមត្ថ ភាព ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គ្មាន​គុណភាព​ដោយសារ​មានឈ្មោះ​ស្ទួន ​និង​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន​ជាង​មួយ​លាន​នាក់ ​ការបោះពុម្ព​សន្លឹកឆ្នោត​លើស​ច្រើន​ជ្រុល​រហូត ដល់ជាង​ពីរ​លាន​សន្លឹក ខណៈ​ដែល​អ្នក​បោះឆ្នោត​សរុប​មាន​ចំនួន​ត្រឹមតែ​ជាង​៩,៦​លាន​នាក់​តែ​ប៉ុណ្ណោះ។​

លោក​កឹម សុខា​រៀបរាប់​បន្ថែម​ថា ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​មិន​មាន​សមធម៌​ ហើយ​គ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច​ទាំង​ស្រុង។​

លោក​រៀប​រាប់​ថា​ រោង​ពុម្ព​ដែល​បោះ​សន្លឹកឆ្នោត​ស្និទ្ធ​ជាមួយ​មន្ត្រី​គណបក្ស​កាន់អំណាច​ដែល​គួរ​ឲ្យ​មាន​ការ​សង្ស័យ។ ​បន្ថែម​ពី​នោះ​ទៀត​ លោក​កឹម សុខា​លើកឡើង​ថា ​មាន​ការ​រំខាន​ការធ្វើ​វេទិកា​នានា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤៥​ករណី​និង​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ចំនួន​៩៦​ករណី​យ៉ាងហោចណាស់​នៅ​ក្នុង​ខេត្ត​ចំនួន​ដប់។​

លោក​កឹម សុខា​មាន​ប្រសាសន៍​ថា ​បញ្ហា​ទាំងនេះ​បង្ហាញ​ពី​គុណភាព​របស់​គ.ជ.ប.។​

លោក​និយាយ​ថា៖ ​«ដូច្នេះ​កត្តា​ទាំងអស់​ខាង​លើនេះ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ដ្រ​និតិ​កាល​ទី៥ ​នា​ពេល​ខាង​មុខ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ទាន់​បាន​ធានា​រៀបចំ​យន្តការ​ការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌​បាន​ឡើយ»។​

លោក​កឹម សុខា​គូស​បញ្ជាក់​ថា ​ប្រសិន​បើ​បញ្ហា​ដូចខាង​លើ​នៅតែ​អូស​បន្លាយ​នោះ ​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨​ ខែកក្កដា​ខាង​មុខ​នេះ។​

ការ​លើក​ឡើង​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​មួយ​សប្តាហ៍​ប៉ុណ្ណោះ ​មុន​នឹង​ការ​ឃោសនា​បោះឆ្នោត​ចាប់​ផ្តើម។​

លោក​ទេព នីថា ​អគ្គលេខាធិការ​គ.ជ.ប.​ឆ្លើយតប​ទៅ​វិញ​ថា ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​នេះ​ជា​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវបាន​អនុវត្តន៍​ចាប់​តាំងពី​ឆ្នាំ១៩៩៣​មក​ម្ល៉េះ។ ​
រីឯ​ការ​ទម្លាក់​ស្លាក​គណបក្ស​នយោបាយ​មិនមែនជា​រឿង​ថ្មី​នោះ​ទេ ​ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​មាន​ការ​ថយចុះ​ជាច្រើន។​

លោក​និយាយ​ថា៖​ «អញ្ចឹង​គឺ​សភាព​ការណ៍​នេះ​មិន​ធ្ងន់ធ្ងរ​ដែល​ហួស​ពី​ការ​គ្រប់គ្រង​ទេ ​ហើយ​មិន​អាច​វាយ​តម្លៃ​លឿន​ពេក​ថា​ សភាព​ការណ៍​នេះ​មិនល្អ​ទេ។ ​ទី​ពីរ​គឺ​ខ្ញុំ​អាច​និយាយ​ថា​ ដំណើរការ​បាន​ល្អ​ប្រសើរ​ជាង ​បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​មុន»។​

ទោះជា​យ៉ាងនេះ​ក្តី​ លោក​បណ្ឌិត​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យា​ក្រិត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​នៅ​កម្ពុជា​លើក​ឡើង​ថា ​ភាពមិន​ប្រក្រតី​ជា​រឿង​សំខាន់​ក្នុង​អំឡុង​ពេល​នេះ​គឺ​ការ​រំខាន​ការ​ជួប​ប្រជុំ​របស់​គណ​បក្ស​ជំទាស់​ និង​ការ​ទម្លាក់​ស្លាក​គណបក្ស​គណបក្ស​នេះ។​

លោក​បណ្ឌិត​ហង្ស ពុទ្ធា​មាន​ប្រសាសន៍​បន្ថែម​ថា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ទាំង​នេះ​ ​នៅពេល​ដែល​ការ​ឃោសនា​បោះឆ្នោត​មក​ដល់៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG