ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សង្កេត​ការណ៍៖​បរិយាកាស​តានតឹង​មុនការ​បោះឆ្នោត​កើត​ចេញ​ពី​ក្តី​បារម្ភ​របស់​គណបក្ស​កាន់​

  • សុខ ខេមរា

បាតុករ​​​លើកបដា​ទាមទារ​ឲ្យ​លោក​កឹម សុខា សុំទោស​ ទាក់ទង​នឹង​​សេចក្តី​អត្ថាធិប្បាយ​រឿង​គុក​ទួលស្លែង​ ដែល​លោក​កឹម សុខា​ អះអាងថា មាន​ការ​កាត់ត​ខុស​ខ្លឹម​សារ​​ដែលលោក​បាននិយាយ។​​
ក្រុម​អ្នក​សង្កេត​ការណ៍​ខ្លះ​និយាយ​ថា ​ការ​បារម្ភ​ខ្លាចចាញ់​ឆ្នោត​របស់​គណ​បក្ស​កាន់​អំណាចនិង​ការ​ប្រជែង​យក​ឈ្នះ​របស់​គណបក្ស​ជំទាស់​បង្ករ​ឲ្យ​មាន​បរិយាកាស​តាន​តឹងមុន​ការ​បោះឆ្នោត។​ លោកសុខ ខេមរា​នៃ ​វីអូអេ​ ពីរដ្ឋធានី​វ៉ាស៊ីន​តោនរាយ​ការណ៍​ថា​ មាន​ការ​សង្កេត​ឃើញ​ថា ​ការ​ប្រើ​ប្រាស់​រឿង​ផ្ទាល់​ខ្លួន​ដើម្បី​បំបាក់​ប្រជាប្រិយ​ភាព​ទៅ​វិញ​ទៅ​មកកំពុង​កើន​ឡើង​ខ្លាំង​ជាង​ការ​បោះ​ឆ្នោត​មុនៗ។

ក្រុម​អ្នក​តាមដាន​ដំណើរការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ​ការ​ប្រើ ប្រាស់​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដើម្បី​ឃោសនា​ទាក់ទាញ​អ្នក​បោះឆ្នោត​ទោះជា​ចាញ់ ​ឬ​ឈ្នះ​ ប្រជា​ពលរដ្ឋ​មាន​ការ​គោរព​ជាជាង​ការ​វាយ​ប្រហារ​គ្នា​ដោយ​រឿង​បុគ្គល​ ដែលនាំ​មាន​ភាព​វឹកវរ​ផ្នែក​នយោបាយ។​

មេ​ដឹកនាំ​ជំទាស់​ត្រូវ​គេ​ដឹង​ថា​ បាន​វាយ​ប្រហារ​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច​ អំពី​អតីត​កាល​ទាក់ទង​នឹង​របប​ខ្មែរក្រហម ​ហើយ​មេ​ដឹកនាំ​គណ​បក្ស​គ្រប់គ្រង​ ប្រទេស​ដែល​ដឹកនាំ​ប្រទេស​៣០​ឆ្នាំ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ដ៏​សម្បូរ​បែប​របស់​លោក​វាយ​ប្រហារ​បញ្ឆិត​បញ្ឈៀង​ផង​នឹង​ដោយ​ផ្ទាល់ផង​ ទៅ​លើ​លោក​កឹម សុខា​ ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ អំពីរឿង​អាស្រូវ​ឯក​ព័ន្ធភាព​ផ្ទាល់ខ្លួន​របស់​លោក​។ ​

លោក​សម រង្ស៉ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រង​ការ​វាយ​ប្រហារ​ពីរឿង​ព្រំដែន​ ហើយ​ពេល​នេះ​បង្ខំ​ចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​ក្តីក្តាំ​នៅ​តុលាការ​អំពី​រឿង​ព្រំដែន​ដែល​គេ​ចាត់​ទុក​ថា ​ជារឿង​នយោបាយ​នោះ។​ មេដឹកនាំ​គណបក្ស​ជំទាស់​ទាំងពីរ​ដែល​បាន​បញ្ចូលគ្នា​ជា​គណបក្ស​តែមួយ​នេះ ​ត្រូវគេ​គិត​ថា ​ជា​ដៃគូរ​ប្រកួត​ប្រជែង​ដ៏​សក្តិ​សម​របស់លោកហ៊ុន​ សែន​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។​

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ថា ​ការ​ប្រើ​ប្រាស់​ រឿង​បុគ្គល​នាំឲ្យ​អ្នក​បោះឆ្នោត​បាត់បង់​ការ​ចាប់​អារម្មណ៍​និង​ជា​ការ​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​ចាញ់​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស។​

លោក​និយាយ​ថា៖​ «បើសិន​ជា​គណបក្ស​កាន់អំណាច​កាន់តែ​ភ័យខ្លាច​ចាញ់​សន្លឹក​ឆ្នោត​ឬ​មួយ​ក៏​ភ័យ​ខ្លាចធ្លាក់​នូវ​សម្លេង​និង​ធ្លាក់​កៅអី​ច្រើន​ អាហ្នឹង​គឺ​ប្រហែល​ជា​មាន​ភាពតាន​តឹង​ហើយ។​ គួរឲ្យ​ស្តាយ​ ប្រសិន​បើគាត់​កែ​ទម្រង់​ ​អាហ្នឹង​វា​ល្អ​ក្នុង​ការ​ឈ្នះ​ឆ្នោត​ហើយ ​វា​ថ្លៃ​ថ្នូរ​និង​ល្អ​សម្រាប់​ប្រទេស​ជាតិ។​ តែ​បើ​គាត់​មិន​កែ​ ហើយ​រើស​យក​ការ​វាយ​ប្រហារ​ ​នោះ​នឹងធ្វើ​ឲ្យ​មាន​បរិយាកាស​តានតឹង​និង​វា​ធ្វើឲ្យ​មាន​បញ្ហា​ផ្នែក​ប្រជា​ធិប​តេយ្យ»។

លោក​បន្ថែម​ថា​ ការ​វាយ​ប្រហារ​រឿង​ផ្ទាល់​ខ្លួន​ រួមនឹង​ការ​បណ្តេញ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​២៩​នាក់​ដែល​គេ​ចាត់​ទុក​ថា​ ខុស​ច្បាប់​នោះ​ មិន​បង្ហាញ​ពី​ភាព​ចាស់​ទុំខាង​នយោបាយ​ទេ ​ហើយ​ក៏​អាច​បង្ករ​ឲ្យ​មាន​ការ​ភ័យខ្លាច​ផង​ដែរ។​ លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ ក្រុម​អ្នក​នយោបាយ ​ជាពិសេស​សមាជិក​សភា​ អាច​ត្រូវ​គេ​ចាប់ខ្លួន​បាន​ដោយ​ងាយ ​ហើយ​ប្រជា​ពលរដ្ឋ​គ្មាន​ចំណូល​ចិត្ត​ក្នុង​ការ​បោះឆ្នោត​ទេ។ ​នេះ​ជាក្តី​បារម្ភ។​

លោក​គល់ បញ្ញា​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត​មួយ​ឈ្មោះថា ខុមហ្រែលអះអាង​ថា ​ពលរដ្ឋ​ម្ចាស់ឆ្នោត​រំពឹង​ថា ​ខ្លួន​នឹង​ទទួល​បាន​គោល​នយោបាយ​ពី​គណបក្ស​នយោបាយ​ ពេល​ឃោសនា​បោះឆ្នោត ​ជាជាង​ការ​វាយ​ប្រហារ​លើ​រឿង​បុគ្គល។​ លោក​គល់ បញ្ញា​បាន​បន្ថែម​ថា​ បញ្ហា​និង​យុទ្ធសាស្ត្រ​របស់​គណបក្ស​នីមួយៗ ​អំពី​រឿង​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ធូធារ​ មាន​ប្រាក់​ចំណូល​ច្រើន​ បំបាត់​អំពើ​ពុក​រលួយ​ កសាង​និង​អភិវឌ្ឍ​ប្រទេស​ជាដើម​នោះ​ ជា​ការ​ដែល​ជំរុញ​ទឹកចិត្ត​អ្នក​បោះឆ្នោត​ចូលរួម​និង​ចង់​ដឹង។​

លោក​និយាយ​ថា៖ ​«ប្រសិន​បើ​ជជែក​គ្នា​ និង​វាយ​ប្រហារគ្នា​ពីរឿង​បុគ្គល​ទៅ​វិញ​ទៅ​មក​ទេ​ វា​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​មើល​ឃើញ​រឿង​នយោបាយ​ហ្នឹង​ ដូចជា​រឿង​ក្រខ្វក់។ ​ភាគី​ម្ខាងៗ ​ហ្នឹង​វា​ក្រខ្វក់​ វា​អវិជ្ជមាន​ អត់​មាន​ភាព​ចាស់ទុំ​ គ្មាន​ភាព​ថ្លៃ​ថ្នូរ​ គ្មាន​សីលធម៌​ អី​ហ្នឹង។​ ដូច្នេះ​វា​អាច​មិនសូវ​លើក​ទឹកចិត្ត​អ្នក​បោះឆ្នោត​ទេ»។​

លោក​បាន​ថ្លែង​ថា​ ក្នុង​ការ​បោះឆ្នោត​កន្លងមក​ គេសង្កេត​ឃើញ​មាន​ស្លាប់​និង​របួស ​តែ​ការ​បោះឆ្នោត​លើកនេះ​ឃើញ​មាន​សម្ពាធ​លើ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​តាម​រយៈ​ការ​ប្រើ​ប្រាស់​តុលាការ​ និង​ការ​គម្រាម​ប្តឹង​មេ​គណ​បក្ស​ប្រឆាំង​មិន​ឲ្យ​មាន​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ទៅ​វិញ។ ​តែ​លោក​ទទួល​ស្គាល់​ថា​ មាន​ការ​ធូរស្រាល​បន្តិច​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ឲ្យ​បញ្ឈប់​បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា។​ បន្ថែម​ពី​លើនេះមាន​ការ​រំខាន​សកម្មភាព​នយោបាយ​គណបក្ស​ជំទាស់​ ការ​ទម្លាក់ស្លាក ​ការ​សម្លុត​ និង​គំរាម​កំហែង​ដែរ។​

លោកអ៊ូ វីរៈ​សង្កេត​ឃើញ​ថា ​មុន​ពេល​បោះឆ្នោត ​មាន​ការ​ឃោសនា​បោះឆ្នោត​យ៉ាង​ខ្លាំងពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ តាមប្រព័ន្ធ​ឃោសនា​គ្រប់​បណ្តាញ​នៅ​ពេល​គណបក្ស​ជំទាស់​ទាំងពីរ​បាន​បញ្ចូលគ្នា​តែមួយ​ ហើយ​លោក​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​កាលពី​ការ​បោះ​ឆ្នោត​មុនៗ។​ ​

ក្រុម​អ្នក​ច្បាប់​និង​អ្នក​សង្កេត​ការណ៍​ដ៏ទៃ​ទៀត​បាន​អះអាង​ថា​ បញ្ហា​ចម្បង​នាំឲ្យ​កើត​មាន​ភាព​តានតឹង​ខ្លាំង​នេះ​គឺ​ដោយសារ​គណបក្ស​សង្គ្រោះជាតិ​ ពេលនេះ​មិន​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​បំបែក​បាន​ ហើយ​ជា​ហានិភ័យ​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

ក្រុម​មន្ត្រី​ទាំងនោះ​បាន​បញ្ជាក់​ស្រដៀង​គ្នា​ដែរ​ថា​ ការ​បោះ​ឆ្នោតលើក​នេះ​មាន​ភាព​តឹងតែង​និង​ប្រទាញ​ប្រទង់​គ្នា​ជាង​ការ​បោះឆ្នោត​មុនៗ។​ ក្រុម​មន្ត្រី​ដដែល​បាន​អះអាង​ថា ​ដោយសារ​ពេល​នេះ ​ជាដំណាក់​កាល​អន្តរកាល ​ហើយ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​មិន​ទាន់​ដាក់​កំហិត​ពីការ​ឃោសនា ​និង​វិធានការ​ផ្សេងៗ ​ហេតុ​នេះ​គណបក្ស​នីមួយៗ​ឆ្លៀត​ឱកាស​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ប្រជែង​យក​ជ័យ​ជម្នះ។

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន ​សែន​ធ្លាប់​អះអាង​ថា​ គណបក្ស​របស់​លោក​នឹង​មាន​ជ័យ​ជម្នះ ​ហើយ​មិន​ខ្លាច​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​ជំទាស់ទេ​ ទោះជា​ក្រុម​ ជំទាស់​បាន​បញ្ចូល​ក៏​ដោយ។​ លោក​ថា​ លោក​មាន​វិធី​ដើម្បី​ផ្តួល​ពួកគេ​ ដូចពេល​បោះឆ្នោត​មុនៗ។​ បន្ថែមពី​លើនេះ ​ថ្លែងក្នុង​ពិធី​សម្ពោធ​អគារ​កីឡាដ្ឋាន​អូឡាំពិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ហ៊ុន សែន​បាន​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​ ដោយ​បកស្រាយ​ថា ​លោក​និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​នៅ​ពីក្រោយ​ការ​រៀបចំ​ឲ្យ​មាន​ការបាតុកម្ម​និង​ការ​ប្តឹង​ផ្តល់​ដោយ​លោក​ជុំ ម៉ី​ អ្នក​រស់រាន​មានជីវិត​ពីគុគ​ទួលស្លែង​ ហើយ​និង​រឿង​ឯកព័ន្ធ​ភាព​របស់​លោក​កឹម សុខា​ ដែល​ស្ត្រីម្នាក់​បាន​តាម​រក​រឿងជាច្រើន​កន្លែង​ក្នុង​ពេល​ដែល​លោក​កឹម សុខា ​បើក​វេទិការសាធារណៈជាមួយ​អ្នកស្រុក​នោះ​ទេ។​ លោក​ហ៊ុន សែន​ព្រមាន​ថា ​ក្រោយ​ពេល​បោះ​ឆ្នោត ​លោកស្នើ​ឲ្យ​គណបក្ស​របស់​លោក​ចាត់​វិធាន​ការណ៍​ច្បាប់​អំពីការ​ចោទ​ប្រកាន់​គណបក្ស​របស់​លោក​នេះ។​

លោក​និយាយ​ថា៖​ «ក្រៅពី​ថា​ នាង​ហ្នឹង​មិនមែន​ហើយ​ វា​បែរ​ទៅ​ជា​ដាក់​កំហុស​ឲ្យ​គណបក្ស​ប្រជាជន។ ​វាធ្ងន់​អាត្រង់ហ្នឹង​ បាន​ជាខ្ញុំ​ត្រូវ​ឆ្លើយ។​ ម៉េច​ក៏​ស្មោក​គ្រោក​ អ្នកណា​ស្មោក​គ្រោគ​ ឥឡូវ​នេះ? ​ខ្លួន​ឯង​ទៅយក​ពហ្មចារី​គេ​សោះ​ ហើយ​ចោល​គេ»។​

គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ឆ្នាំ​២០០៨​ បាន​ឈ្នះ​ឆ្នោត​ដាច់​គេ​ ដោយ​ទទួល​ បាន​អាសនៈ​ចំនួន​៩០​ក្នុង​រដ្ឋសភា​ដែល​មានអាសនៈ​១២៣។​ គណបក្ស​នេះ​អាច​ បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯង​ ដោយ​មាន​ចំនួន​អាសនៈ​លើស​ពី​តម្រូវការ​ ហើយ​គណបក្ស​នេះ​មិន​ចាំបាច់​ត្រូវ​ការ​លំឡេងគណបក្ស​ជំទាស់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ទេ។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់កាប់​ស្ថាប័នធំៗ​របស់​ប្រទេស​តែ​ម្នាក់​ឯង​ រហូតទាល់​រដ្ឋាភិបាល​ថ្មី​កើត​ឡើង ​ក្រោយការ​បោះឆ្នោត​នោះ។​

លោក​យ៉ង់ គឹមអេង​ នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ បាន​អះអាង​ថា ​គណបក្ស​នយោបាយ​មួយៗ​បាន​បង្កើត​គោល​នយោបាយ​របស់​ខ្លួន​បានច្បាស់​ជាងមុន ​និង​ងាយ​យល់​ជាង​មុនៗ។​ គណបក្ស​ទាំង​នោះ​គួរ​តែ​យក​កម្ម​វិធី​នយោបាយ​នេះ​ទៅ​ឃោសនា​ដើម្បី​បញ្ជៀស​ភាព​អាប់​អ៊ួ​និង​អំពើ​ហិង្សាដែលអាច​កើតមាន​ឡើង​ ដោយ​សារការ​ឃោសនា​ពីរឿង​បុគ្គល​នោះ។​

លោក​និយាយ​ថា៖ «បើ​រដ្ឋាភិបាល​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ថែ​រក្សា​ស្ថាន​ភាព​ឬ​ក៏​បរិយាកាសនយោបាយនេះ​ឲ្យ​បាន​ល្អ​ប្រសើរ​គឺ​ប្រជា​ពលរដ្ឋ​នឹង​មក​បោះឆ្នោត​កាន់​តែ​ច្រើន​ថែម​ទៀត។​ ពេលនោះ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ហ្នឹង​ក៏​មាន​ការ​សប្បាយ​ចិត្ត​ដែរ ​កាលណា​អ្នក​បោះឆ្នោត​មក​ច្រើន​អញ្ចឹង​ទៅ។​ នេះ​ជា​កត្តា​មួយ​សំខាន់​ បាទ។​ ហើយ​ប្រសិន​បើ​បរិយាកាស​ហ្នឹង​ វា​អាប់អ៊ួ ​ប្រជា​ពលរដ្ឋ​ ទី១​អត់ហ៊ាន​ទៅ​បោះឆ្នោត​ ទី២​ទៀត​អត់មាន​ក្តីសង្ឃឹម​សម្រាប់​ការ​បោះឆ្នោត​មួយ​ទៅការ​បោះឆ្នោត​មួយ​ទៀត»។​

ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​ទទួល​ស្គាល់​ថា​ អ្នក​នយោបាយ​មាន​ការ​រៀបចំ​របៀប​ឃោសនា​ បង្កើត​ជា​បញ្ហា​ឡើង​រៀងៗ​ខ្លួន​។ ​រឿង​ខ្លះ​ពិត​ រឿង​ខ្លះ​មិន​ពិត ​ដែល​ ពលរដ្ឋ​អ្នក​បោះឆ្នោត​ត្រូវពិចារណា​និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​ច្រើន។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​នៅថ្ងៃ​ទី​២៨​ កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ។ ប្រជា​ពលរដ្ឋ​មាន​ប្រមាណ​៩​លាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​ជ្រើស​រើស​គណបក្ស​ចំនួន​ប្រាំបី​ដែល​ប្រកួត​ប្រជែង​យក​មុខ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ដឹកនាំ​រដ្ឋាភិបាល៕​
XS
SM
MD
LG