ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកគាំទ្រ​បក្ស​កាន់​អំណាច​រំខាន​ការជួប​ប្រជុំ​របស់​បក្ស​ប្រឆាំង

  • ហេង រស្មី

លោកកឹម សុខា​ថ្លែង​​ប្រាប់​អ្នក​សារព័ត៌​មាន​​ ពេល​​គណបក្ស​​ប្រឆាំង​​រៀបចំ​​បាតុកម្ម​​នៅ​ភ្នំពេញ​ឲ្យ​គ.ជ.ប.​​ធ្វើការ​​បោះឆ្នោត​​យុត្តិធម៌។​
ការជួបជុំ​សំណេះ​សំណាល​របស់​គណបក្ស​ប្រឆាំង​បាន​រងនូវ​ការរំខាន​ពីក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​នៅ​ខេត្ត​កណ្តាល​នា​ថ្ងៃ​អង្គារ៍​នេះ​ហើយ​ពួកគេ​បាន​រាំងខ្ទប់​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិន​ឱ្យ​ចាក​ចេញ​ពី​កន្លែង​ប្រជុំ​មុន​នឹង​ត្រូវ​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជម្លៀស​លោក​ចេញ។​

លោក​ ចាន់ ចេង​ សមាជិក​សភា​តំណាង​រាស្ត្រ​របស់​គណបក្ស​សម រង្ស៊ី ​បាន​និយាយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សិទ្ធិមនុស្ស​និង​គណបក្ស​សម​រង្ស៊ី​បាន​រៀបចំ​វេទិការ​ សម្តែង​មតិ​មួយ​ដើម្បីជួប​ជុំ​រវាង​លោក​កឹម សុខា​និង​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​លើកដែក​និង​ស្រុក​ល្វាអែម​ខេត្ត​កណ្តាល។​

លោក​បាននិយាយ​ថា​វេទិការ​ទាំង​ពីរនេះ​ត្រូវ​បាន​រំខាន​ដោយ​អ្នក​គាំទ្រ​គណបក្ស​គ្រប់គ្រង​អំណាច​ដោយ​ពួកគេ​ជាច្រើន​បាន​ជិះ​រថយន្ត​ដឹក​ឧគ្ឃោសនស័ព្ទ​មកចាក់​រំខាន​មិន​ឱ្យអ្នក​ចូល​រួម​ពិធី​ស្តាប់​ប្រសាសន៍​របស់​លោក​កឹម​ សុខា​បាន។​

លោក​បាន​និយាយ​ថា​ក្រោយពេល​បញ្ចប់​វេទិការ​យ៉ាង​តិចមាន​រថយន្ត​ចំនួន​១២​គ្រឿង​បាន​មក​រារាំង​រថយន្ត​របស់​លោក​កឹម សុខា​មិន​ឱ្យចេញ​ពី​វេទិការ​ក៏ប៉ុន្តែ​ទោះជា​យ៉ាង​ណាក៏ដោយ​ការរំខាន​ទាំង​ពីរ​លើក​នេះ​មិន​មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​ទេ។​

លោក​ចាន់ ចេង​បន្ថែម​ថា៖ «ហែរ​មកដល់​វេទិការ​គណបក្ស​សង្គ្រោះជាតិ​ហ្នឹង​ឈប់​ រួច​ចាក់​មេក្រូ​ហើយស្រែក។​យើង​បាន​ប្រាប់​ទៅ​អ្នក​ចូលរួម​នៅ​ក្នុង​កម្មវិធី​ហ្នឹង​ឱ្យស្ងប់​ស្ងៀម​អត់ឱ្យមាន​អំពើ​ហិង្សា​ទេ»។​

លោក​ចាន់ ចេង​បាននិយាយ​ទៀតថា​លោក​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែរ​អំពី​សកម្ម​ភាព​រំខាន​របស់​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​តែ​ពួកគេ​មិន​បាន​អន្តរាគម​ទេ​ដោយ​បណ្តោយ​ឱ្យសកម្មភាព​នេះ​ធ្វើឡើង​ដោយ​គ្មាន​ការ​រារាំង។​

លោក​ អ៊ុង ស៊ីលាក់​ ប្រធាន​ប៉ុស្តិ​ប៉ូលិស​ឃុំដីឥដ្ឋ​មិន​បាន​អត្ថាធិប្បាយ​ទេ​ដោយ​លោក​និយាយ​ថា​កំពុង​ជាប់​រវល់។​

លោកបាន​និយាយថា៖ «បាទ​ខ្ញុំជាប់​រវល់។ ​និយាយ​ជាមួយ​បង​ឯង​អត់​កើតទេ»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពី​ខេត្ត​ពោធិ៍សាត់​នៅថ្ងៃ​អង្គារ​នេះ​បាន​និយាយ​ថា​លោក​បាន​ដឹង​ពី​សកម្មភាព​ទាំងនេះ​ដែរ​តែលោក​មិន​បានចេញ​អន្តរាគមន៍​ណាមួយ​ប្រាកដ​ប្រជាទេ។លោក​ហ៊ុន សែន​ គ្រាន់​តែបាន​និយាយ​ថា​ឱ្យ​មាន​ការ​អត់ធ្មត់​តែប៉ុណ្ណោះ។

លោកថ្លែងថា៖ «យើង​ក៏អត់ធ្មត់​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ប្រើ​ត្រឹម​តែ​ញ៉ោម​ខន្តីបាន​ហើយ​។ប៉ុន្តែ​សូម​អំណាវ​នាវ​ទៅ​បក្ស​ប្រឆាំង​និង​បក្ស​ដទៃទៀត​ឃោសនា​តែ​ពីទំនិញ​របស់​ខ្លួន​បាន​ហើយ​កុំវាយ​ប្រហារ​គេ»។​

លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​រារាំង​នេះ​ជា​ចេតនា​របស់​រដ្ឋាភិបាល​ទៅ​លើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ដោយ​សារ​តែ​ខ្លាច​ចាញ់​ឆ្នោត។​

លោកនិយាយថា៖ «គណបក្ស​ប្រជាជន​ រដ្ឋាភិបាល​គាត់​ចាប់ផ្តើម​ធ្វើអំពើនេះ​ថោក​ទាប​ណាស់ ​ដែល​សង្គម​ប្រជាធិបតេយ្យ​គេអត់​ធ្វើ​ទេ​។ប្រកួត​ប្រជែង​ឈ្នះចាញ់​អ្វី​ឱ្យធ្វើត្រឹម​ត្រូវ​មក​ ហើយ​កុំថា​ប្រជាពលរដ្ឋ​ មិនមែន​ប្រជាពលរដ្ឋទេ​សុទ្ធតែ​មេដឹកនាំ​នៅ​តាម​មូលដ្ឋាន​ទាំង​អស់​ដែលនាំ​ក្បួន​ឡាន​អស់ហ្នឹង»។​

ការ​រារាំង​សកម្មភាព​ជួប​ប្រជុំ​រវាង​អ្នក​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រឆាំង​បាន​កើត​មាន​ឡើង​មុន​ពេល​ការឃោសនា​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​ដែល​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃទី​២៧​ខែ​មិថុនា​នេះ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៦​ខែ​កក្កដា។​

លោក​ទេព នីថា​ អគ្គលេខា​ធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា​សកម្ម​ភាព​រំខាន​នេះ​មិន​មែនជា​សមត្ថកិច្ច​របស់​គ.ជ.ប​ទេ៕
XS
SM
MD
LG