ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​រៀបចំ​វេទិការ​ឱ្យ​អ្នក​នយោបាយ​ស្តាប់​សំណូម​ពរ​អ្នក​បោះឆ្នោត


លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​​កម្ពុជា ថ្លែង​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​អូអេ​ខ្មែរ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ​ថ្ងៃ​ច័ន្ទ​ទី​២២​ខែ​សីហា​ឆ្នាំ​២០១១។
លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​​កម្ពុជា ថ្លែង​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​អូអេ​ខ្មែរ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ​ថ្ងៃ​ច័ន្ទ​ទី​២២​ខែ​សីហា​ឆ្នាំ​២០១១។
អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​១៤​បាន​រៀបចំ​វេទិការ​មួយ​ស្តីពី​ទស្សនៈ​របស់​គណបក្ស​នយោបាយ​ អំពី​បញ្ហា​សេដ្ឋកិច្ច​ ដីធ្លី​ និង​បរិស្ថាន​ដោយ​បាន​កោះ​អញ្ជើញ​គណបក្ស​ធំៗ​មួយ​ចំនួន​ចូល​រួម​ ដែល​រួម​មាន​គណបក្ស​សង្គ្រោះជាតិ​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុន ស៊ីនប៉ិច​ ក៏​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អវត្តមាន​មិន​បាន​ចូល​រួម​ទេ​នៅពេល​ដែល​កម្មវិធី​បាន​ចាប់​ផ្តើម។

អ្នកចូល​រួមភាគច្រើន​មកពី​គ្រប់​បណ្តា​ខេត្ត​ ក្រុង​និង​អ្នក​រងគ្រោះ​ដោយ​សារ​ការ​កាប់​បំផ្លាញ​បរិស្ថាន​និង​ទំនាស់​ដីធ្លី​បាន​ចោទ​សួរ ​វាគ្មិន​មកពី​គណបក្ស​ សង្គ្រោះជាតិ​និង​ គណបក្ស​ ហ៊្វុន ស៊ីន​ប៉ិច​អំពី​បញ្ហា​ទំនាស់​ដីធ្លី​និង​ការកាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ​និង​បញ្ហា​អប់រំ​ថា​តើ​នៅពេល​គណបក្ស​នេះ​ឈ្នះឆ្នោត​នឹង​មាន​គោល​នយោបាយ​បែបណា?​

លោក​គឺ វណ្ណារ៉ា​ អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​នៅពេល​គណបក្ស​សង្គ្រោះជាតិ​ឈ្នះឆ្នោត​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋា​ភិបាល​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ទាំង​ក្នុង​ស្រុក​និង​បរទេស​ជាង​២លាន​និង​៨សែន​ហិកតា​រយៈពេល​៩៩ឆ្នាំ​យើង​នឹង​សើរើ​ពិនិត្យ​ឡើង​វិញ។​
លោកនិយាយថា៖ «ពីព្រោះ​យើង​យល់ថា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឱ្យ​ក្រុម​ហ៊ុនហ្នឹង​គឺដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នឹង​កើតមាន​តទៅទៀត​ហើយ​ស្ថិរភាព​ទឹកដី​របស់​ខ្មែរ​យើង​កំពុង​មាន​ការព្រួយ​បារម្ភ​ពីព្រោះ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ប្រគល់​ទៅ​ឱ្យ​បរទេស​ហើយ​គេ​គ្រប់គ្រង​៩៩​ឆ្នាំ​ នេះ​ជា​ការណ៍​មួយ​ដែល​យើង​ព្រួយ​បារម្ភ»។​

លោក​ទេព​ នន្នរី​ តំណាង​មកពី​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​វិញ​បាន​លើក​ឡើងថា​យើង​មាន​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ដីធ្លី​ច្បាស់​លាស់​តែ​អ្នក​កាន់​អំណាច​ អ្នក​អនុវត្ត​មិន​បាន​អនុវត្ត​ឱ្យ​បាន​ស្នើភាព​គ្នា។​
លោក​បាន​និយាយ​ថា​បញ្ហា​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​គឺនៅត្រង់​ការ​មិនអនុវត្ត​ច្បាប់។ លោកនិយាយថា៖ «មិនមែន​តែ​ច្បាប់​ដីធ្លី​ទេ​ច្បាប់​អ្វីក៏​ដូច​ជាច្បាប់​អ្វី​ដែរ​នេះ​ហើយ​ជាគ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា។​ ខ្ញុំ​មិន​លើក​អ្វីទេ​ ស្រុក​គេជិតខាង​អ្នក​ធំធ្វើ​ខុស​ អ្នក​តូច​ឃាត់​គ្មាន​យក​អំណាច​មកគ្រប​បាន​ទេ។ អ្នកតូច​ប្រាប់​ថាច្បាប់​គឺ​ចប់»។​

លោក​ហឿន សុភាព​ តំណាង​ឱ្យ​សហគមន៍​ព្រៃឡង់​មកពី​ខេត្ត​កំពង់ធំ​បាន​និយាយ​ថា​បើ​ការអនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​នោះ​គឺ​ប្រជា​ពលរដ្ឋ​នៅទូទាំង​ប្រទេស​និង​មាន​ភាព​សប្បាយ​រីករាយ។

ចំណែក​អ្នកស្រី​ សុង ស្រីលាភ​អ្នក​រងគ្រោះ​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​តំបន់​បឹងកក់​បាន​និយាយ​ថា​អ្នកបឹងកក់​បាន​រងគ្រោះ​ដោយសារ​ការអភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ ដូចជា​រូបភាព​ប្រើប្រាស់​អំពើ​ហិង្សា​និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មកគាបសង្កត់​និង​ចាប់​សកម្មជន​ដីធ្លី​ដែល​ជា​ស្រ្តីៗ​ដាក់​ពន្ធនាគារ។​
អ្នកស្រីឲ្យដឹងថា៖​ «ស្រ្តី​នៅ​តំបន់​បឹងកក់​បាន​រងគ្រោះ​ជា​បន្ត​បន្ទាប់។ មាន​ស្ត្រី​ដល់​ទៅ២​នាក់​បាន​រលូត​កូន​ដោយ​សារ​តែ​អាជ្ញាធរ​របស់​ខ្លួន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​[ហើយ] ​ការពារ​តែក្រុម​ហ៊ុន[និង]​ប្រើប្រាស់​អំពើ​ហិង្សា​លើ​គាត់»។​

លោក​ គុល បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​មួយ​ឈ្មោះ​Comfrelបាន​បញ្ជាក់​ថា៖ «វាមាន​សារៈសំខាន់​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ហ្នឹង​មាន​សំឡេង​ប្រាប់​ទៅ​គណបក្ស​នយោបាយ​ដែល​គ្រោង​ប្រកួត​ប្រជែង​ជាពិសេស​គណបក្ស​ដែល​សំខាន់ៗ​ដើម្បី​ឱ្យ​គាត់​ដឹង​ថា​ប្រជា​ពលរដ្ឋ​លោក​មាន​ការព្រួយ​បារម្ភ​អំពី​បញ្ហា​សំខាន់ៗ​អស់​ហ្នឹង​ហើយ​ដែល​ឱ្យ​ជា​អនុសាសន៍​ជាក់​ស្តែង​ឬ​ក៏ជា​គំនិត​ជាក់​ស្តែង​ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​យក​ទៅដាក់​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន​ឃោសនាបោះ​ឆ្នោត​ខាង​មុខ​នេះ»។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ខាង​មុខ​នេះ​ដើម្បី​ជ្រើសរើស​សមាជិក​សភា​ចំនួន​១២៣​នាក់។​មាន​ប្រជាពលរដ្ឋ​ជាង​៩​លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច​ជាស្រេច៕
XS
SM
MD
LG