អ្នកវិភាគនយោបាយដ៏ល្បីល្បាញគឺ លោក កែម ឡី បានបន្សល់ទុកនូវគោលគំនិតជាច្រើន សម្រាប់ការអភិវឌ្ឍប្រទេស មុនពេលលោកត្រូវបានគេបាញ់សម្លាប់យ៉ាងឃោរឃៅនៅក្នុងស្ថានីយ៍លក់ប្រេងឥន្ធនៈកាល់តិច (Caltex) កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។ នេះបើតាមការបញ្ជាក់ពីមេដឹកនាំគណបក្សប្រឆាំង និងក្រុមអ្នកគាំទ្រអ្នកវិភាគរូបនេះ។
មេបក្សប្រឆំាង និងក្រុមអ្នកគាំទ្រលោក កែម ឡីយល់ថា លោកជាបញ្ញវ័ន្តសំខាន់មូយរូប របស់កម្ពុជា។
លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃទី៩ ខែកក្កដា នៅកន្លែងបញ្ចុះសពលោក កែម ឡី ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ថា គំនិតរបស់លោកកែម ឡី មួយចំនួនបានក្លាយជាគោលនយោបាយរបស់គណបក្សប្រឆាំង ក្នុងនោះមានគំនិតទាក់ទិន ការអភិវឌ្ឍភូមិឃុំ។
លោក កឹម សុខា មានប្រសាសន៍ថា៖
«គាត់បានផ្តាំប្រាប់ខ្ញុំផ្ទាល់ថា គាត់មានគំនិត ចង់ឲ្យភូមិឃុំ រស់រវើក គឺមានការរីកចម្រើនរស់រវើក ហើយគោលនយោបាយ អាទិភាពចំណុចទីប្រាំរបស់គណបក្សសង្គ្រោះជាតិ ការផ្តល់ថវិកាជាតិទៅថ្នាក់មូលដ្ឋានហ្នឹងហើយជា ជាគំនិតរបស់លោក កែម ឡី»។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជា អតីតលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបាទនរោត្តម សីហនុ បានមានព្រះបន្ទូលថា លោក កែម ឡី មានវីរៈភាព ក្លាហាន ដូចឧកញ៉ា សឺន គុយ ដែលបានពលៈជីវិតការពារវប្បធម៌នៅទឹកដីកម្ពុជាក្រោម។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៖
«ចំពោះលោក បណ្ឌិត កែម ឡី ដូចគ្នា យើងបាត់បង់ធនធានមនុស្សម្នាក់ ក៏ប៉ុន្តែកើតជាវីរៈបុរស ដែលមានកេរ្តិ៍មរតកសំខាន់បំផុត ចំពោះប្រទេសជាតិ ហើយនិងសង្គមយើង»។
ការបាញ់សម្លាប់លោកកែម ឡី កើតមានឡើង ក្រោយពីអ្នកវិភាគរូបនេះបានផ្តល់ការអធិប្បាយដល់បណ្តាញព័ត៌មានអំពីការកាន់កាប់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសិ្ថតក្នុងអំណាចជាងបីទសវត្សរ៍ ចាប់តាំងពីក្រោយការដួលរលំរបបខ្មែរក្រហម។
របាយការណ៍របស់អង្គការ Global Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានទម្លាយឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី បើគិតជាទឹកប្រាក់គឺមានប្រមាណជាង២០០លានដុល្លារអាមេរិក។
មិនប៉ុន្មានម៉ោងក្រោយការបាញ់សម្លាប់លោក កែម ឡី យ៉ាងរន្ធត់នៅទីក្រុងភ្នំពេញ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុរសម្នាក់ដែលអះអាងថា ខ្លួនឈ្មោះជួប សម្លាប់ តែក្រោយមកត្រូវបានអាជ្ញាធរកម្ពុជាបញ្ជាក់ថា ជននោះឈ្មោះអឿត អាង។
តុលាការកម្ពុជាបានកាត់ទោសបុរសឈ្មោះជួប សម្លាប់ ឬ អឿត អាងនេះឱ្យជាប់ពន្ធនាគារមួយជីវិត ក្រោយពីបុរសនោះសារភាពថា ខ្លួនបានបាញ់សម្លាប់លោកកែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយអះអាងថា លោក កែម ឡី មិនព្រមសងប្រាក់ជំពាក់ចំនួន ៣.០០០ដុល្លារ។ ប៉ុន្តែក្រុមគ្រួសារលោក កែម ឡី និងសូម្បីតែក្រុមគ្រួសាររបស់បុរសនោះមិនជឿថា ជាការណ៍ពិតនោះទេ។
នៅឯរោងពិធីបុណ្យរំឭកខួបដល់ការស្លាប់លោក កែម ឡី អស់រយៈពេលមួយឆ្នាំ លោក នី សុខា មន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលទើបត្រូវបានតុលាការក្រុងភ្នំពេញដោះលែងឲ្យនៅក្រៅឃុំក្នុងសំណុំរឿងសូកប៉ាន់សាក្សី ប្រាប់ VOA ថា ការបាញ់សម្លាប់លោក កែម ឡី ជាការពញ្ញាក់ស្មារតីដល់អ្នករិះគន់ផ្សេងទៀត ឲ្យមានការប្រុងប្រយ័ត្នក្នុងការនិយាយរបស់ខ្លួន។លោក ថា ទោះជាយ៉ាងណាក្តី ក្នុងសង្គមប្រជាធិបតេយ្យ ការនិយាយរិះគន់មិនអាចត្រូវបានរារាំងដោយអាជ្ញាធរនោះទេ។
«ខ្ញុំថា ពីនេះទៅ អ្វីៗវាគ្រាន់តែយើងថា ការប្រើប្រាស់វោហារសព្ទ ឲ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែមិនមានន័យថា ឈប់រិះគន់ទេ មិនមានន័យថា បាត់អ្នករិះគន់ទេ នៅតែមានបន្តបាទ ពីព្រោះថា នៅក្នុងសង្គមមួយ ការរិះគន់ដើម្បីស្ថាបនា វាត្រូវតែមាន ព្រោះក្នុងសង្គមប្រជាធិបតេយ្យ គេត្រូវតែបន្តឲ្យមានការរិះគន់ ប៉ុន្តែក្នុងលក្ខណៈស្ថាបនា»។
លោក នី សុខា បានបញ្ជាក់បន្តទៀតថា ការស្លាប់លោក កែម ឡី គឺជាការបាត់បង់វីរៈបុរសអ្នកសេ្នហាជាតិខ្មែរមួយរូបដែលគួរតែចងចាំទុកជារៀងរហូត។
ម្តាយបង្កើតលោក កែម ឡី គឺអ្នកស្រី ភោគ សេ ថ្លែងថា នឹងមានការធ្វើពិធីរំឭកដល់ការស្លាប់លោក កែម ឡី ដើម្បីជាការចងចាំទុក ជំនួសនូវការសោកស្តាយនៃការបាត់បង់កូនប្រុសរបស់អ្នកស្រី។
«ច៎ាធ្វើបុណ្យរាល់ឆ្នាំ ទាំងខួបបីឆ្នាំ ខួបពីរឆ្នាំ អីធ្វើទាំងអស់»។
សម្រាប់ពលរដ្ឋម្នាក់មកពីខេត្តកំពង់ស្ពឺ លោក ហ៊ុន វុទ្ធីនិយាយថា ការបាញ់សម្លាប់លោកកែម ឡីមិនមែនជារឿងគំនុំគុំគួននោះឡើយ តែជាចេតនាកំចាត់អ្នកប្រាជ្ញចោល ហើយរក្សាទុកជនល្ងង់ខ្លៅ។ លោកថា លោក កែម ឡី នៅតែស្ថិតក្នុងដួងចិត្តលោកជានិច្ច ដោយសារតែអ្នកវិភាគរូបនេះ បានលាតត្រដាងរឿងរ៉ាវអាក្រក់ៗជាច្រើនដែលបានកើតឡើងក្នុងសង្គមខ្មែរ។
«រឿងដែលគាត់និយាយមក គឺវាត្រឹមត្រូវទាំងអស់នៅក្នុងសង្គម អញ្ចឹងហើយ អ្នកដែលប្រព្រឹត្តអំពើមិនល្អនៅក្នុងសង្គមគឺគេស្អប់គាត់»។
អ្នកស្រី ងិន ញ៉ែម វ័យ ៧២ឆ្នាំ មកពីក្រុងភ្នំពេញ និយាយថា កាកកូរកកាយរឿងមិនល្អក្នុងសង្គមរបស់លោក កែម ឡី មិនទាន់បានបញ្ចប់នៅឡើយ តែបែរជាមានអ្នកមកបញ្ចប់ជីវិតរបស់លោកមុនទៅវិញ។ អ្នកស្រី មានការសោកស្តាយចំពោះការស្លាប់បញ្ញវ័ន្តរូបនេះ។
«យើងមើលទៅ ថាគាត់ហ្នឹងចេះ កកូរកកាយ ក្នុងរឿងដែលយើងមិនបានដឹង ដល់ក្រោយឡើងគាត់កកូរកកាយរឿងដែលយើង បានដឹងហើយហ្នឹង វាសោកស្តាយថាវាមិនបាន ចប់ចុងចប់ដើម មានអ្នកសាហាវប្រល័យគាត់ ដោយអត់ដឹងខ្លួនអញ្ចឹង។ ហើយម្ល៉ោះហើយប្រជារាស្ត្រហ្នឹង វាសោកស្តាយ សោកស្តាយថា អ្នកចេះដឹងមួយទាំងមូលហើយ បាត់បង់ជីវិតទៅ ដូចថា វាណាអាណិតប្រពន្ធកូននោះគ្នា ដឹកដៃកូនរត់តាមព្រៃ ភៀសខ្លួនទៅ ខ្លាចគេធ្វើបាប គ្នានៅមិនកើត»។
អ្នកស្រី ប៊ូ រចនា ដែលជាភរិយាលោក កែម ឡី និងជាម្តាយកូនប្រុសប្រាំនាក់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ភ្លាមៗ ក្រោយពីពិធីបញ្ចុះសពអ្នកវិភាគនយោបាយរូបនេះ នៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីខែកក្កដាឆ្នាំ២០១៦ ដោយបារម្ភពីបញ្ហាសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួននិងកូនៗ។
ក្នុងបទសម្ភាសន៍ជាមួយ VOA មុនការធ្វើពិធីគម្រប់ខួបមួយឆ្នាំនៃឃាតកម្មលើលោក កែម ឡី ភរិយារបស់អ្នកវិភាគរូបនេះគឺអ្នកស្រីប៊ូ រចនាបានថ្លែងថា អ្នកស្រីមិនដឹងថា តើនឹងមានយុត្តិធម៌បែបណាចំពោះការស្លាប់របស់លោក កែម ឡី ដែលបានធ្វើឲ្យអ្នកស្រីត្រូវឃ្លាតឆ្ងាយពីសាច់ញាតិ និងប្រទេសកំណើតរបស់អ្នកស្រី។ អ្នកស្រីក៏មិនជឿថា ឃាតករដែលត្រូវបានកាត់ទោសដោយតុលាការក្រុងភ្នំពេញរួចទៅហើយនោះ គឺជាអ្នកបាញ់សម្លាប់ស្វាមីរបស់អ្នកស្រីនោះដែរ។
កាលពីសប្តាហ៍មុននេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង ១០០ បានស្នើរដ្ឋាភិបាលកម្ពុជាឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតបន្តលើករណីឃាតកម្មលើលោក កែម ឡី។ នេះបើយោងតាមលិខិតចំហរួមមួយចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ របស់អង្គការសង្គមស៊ីវិលទាំងនោះ ដែល VOA ទទួលបាន។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ដែលមានដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ អង្គការ Human Rights Watch អង្គការ Global Witness ជាដើម បានផ្ញើលិខិតចំហរួមគ្នាមួយទៅលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេតដោយឥតលម្អៀងបន្ថែមទៀតលើករណីឃាតកម្មលើលោក កែម ឡី ក្នុងគោលបំណងស្វែងរកយុត្តិធម៌ពិតប្រាកដជូនក្រុមគ្រួសាររបស់ជនរងគ្រោះ។
ជាការចងចាំលោក កែម ឡី ក្រុមអ្នកគាំទ្រអ្នកវិភាគរូបនេះ និងសាច់ញាតិរបស់លោក កំពុងខិតខំកសាងចេតីយ៍សម្រាប់តម្កល់ធាតុលោក កែម ឡី ដែលនឹងត្រូវចំណាយប្រាក់ចំនួនប្រមាណ ១៧ម៉ឺនដុលា្លរអាមេរិក។ ការបុកគ្រឹះកសាងចេតីយ៍នេះ បានកំពុងដំណើរការ។ នេះបើតាមការបញ្ជាក់របស់លោក កែម រិទ្ធិសិតប្អូនប្រុសបង្កើតរបស់លោកកែម ឡី។
មុនខ្មាន់កាំភ្លើងផ្តាច់យកជីវិតលោក លោកកែម ឡី ត្រូវគេដឹងថា ជាសាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកការពារដែនសីមាកម្ពុជាផងដែរ៕