ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ-អាមេរិកាំង​អំពាវនាវ​ឱ្យ​​ជួយ​ប្រពន្ធ​កូន​​លោកកែមឡី​ និង​ស្វែងរក​យុត្តិធម៌


អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោក​កែម ឡី​ នៅ​វត្ត​ពុទ្ធិការ៉ាម ​រដ្ឋម៉ារីឡែន​ សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ​២០១៧។ (រូបថតចេញ​ពី​វីដេអូ/VOA Khmer)
អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោក​កែម ឡី​ នៅ​វត្ត​ពុទ្ធិការ៉ាម ​រដ្ឋម៉ារីឡែន​ សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ​២០១៧។ (រូបថតចេញ​ពី​វីដេអូ/VOA Khmer)

​អ្នកចូលរួម​ខ្លះ​នៅតែ​បង្ហាញ​អារម្មណ៍​ក្តុកក្តួល​ដោយ​ឡើងថ្លែង​ទាំងអួល​ដើម​ក​ បើទោះបី​ជា​មិន​ដែល​បាន​ជួប​លោក​កែមឡី​ដោយ​ផ្ទាល់​ក៏ដោយ។​ អ្នក​ខ្លះ​ទៀត​នឹកស្តាយ​ចំពោះ​ភាពក្លាហាន​និង​ចំណេះ​ដឹង​របស់​គាត់។​

លោកកែម ឡី​ អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ​ បាន​ស្លាប់​បាត់បង់​ជីវិត​មួយ​ឆ្នាំ​នៅថ្ងៃ​នេះ​ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេសនៅតែ​គោរព​កេរ្តិ៍ឈ្មោះ​និង​ស្នាដៃ​របស់​លោក​ជានិច្ច។

នៅ​ក្នុង​ពិធី​បុណ្យ​មួយ​តាម​បែប​ព្រះពុទ្ធ​សាសនានៅ​វត្តពុទ្ធិការ៉ាម ​រដ្ឋម៉ារីឡែន​ សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ​នេះ​អ្នកចូលរួម​មកពី​ប្រទេស​បារាំង​ ​កាណាដា ​និងរដ្ឋ​ជា​ច្រើន​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក​បានរួមគ្នា​រំលឹក​បុណ្យ​ខួប​មួយ​ឆ្នាំ​ ដោយទាមទារ​ឱ្យ​រក​យុត្តិធម៌​សម្រាប់​លោក​កែម ឡី។

លោក​យ័ប គឹមទុង ​ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង​ ដើម្បី​សិទិ្ធមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ៖

«ខ្ញុំ​ថា​គាត់​ជា​គំរូ​ល្អ។ ខ្ញុំ​សូម​អំពាវនាវ​ថា​ ឱ្យ​ខ្មែរ​យើង​ជា​ច្រើន​គ្នា​នាំគ្នា​បង្កើត​មនុស្ស​ដូច​លោក​កែម ឡីឱ្យ​បាន​១.០០០ទៀត។ ហើយ​ខ្ញុំ​ថា ​រដ្ឋាភិបាល​គណបក្ស​ណា​កាន់​រដ្ឋាភិបាល​គួរតែ​ស្តាប់​មតិ​ប្រជាជន​ខ្មែរ​ ដើម្បី​ឱ្យ​ដឹង​ពី​ការឈឺចាប់​របស់​ប្រជាជន​ខ្មែរ ​ដើម្បី​ដោះស្រាយ​ទៅ​វា​មាន​ប្រយោជន៍ដល់​ប្រជាជន​ខ្មែរ‍។ កុំ​យល់​ថា​ហ្នឹង​គឺ​ជា​ ការ​ឈឺ​ក្បាល»។​

​អ្នកចូលរួម​ខ្លះ​នៅតែ​បង្ហាញ​អារម្មណ៍​ក្តុកក្តួល​ដោយ​ឡើងថ្លែង​ទាំងអួល​ដើម​ក​ បើទោះបី​ជា​មិន​ដែល​បាន​ជួប​លោក​កែមឡី​ដោយ​ផ្ទាល់​ក៏ដោយ។​ អ្នក​ខ្លះ​ទៀត​នឹកស្តាយ​ចំពោះ​ភាពក្លាហាន​និង​ចំណេះ​ដឹង​របស់​គាត់។​

លោក​យ៉ែម បូផាន់​មកពី​ប្រទេស​បារាំង​៖

«មនុស្ស​ដូច​លោក​វីរៈបណ្ឌិត​កែមឡី ​១០០​ ឬ​២០០ឆ្នាំ​បាន​មាន​មួយ​គឺ​ វីរៈបណ្ឌិតកែមឡី​គឺ​តាំង​ពីឆ្នាំ​១៨៤១​ ឬ​៤៦​ដែល​ឧកញ៉ា​សឺន គុយ​ សុខចិត្ត​ឱ្យ​យួន​កាត់ក​ ហើយ​ទើបតែ​មាន​មួយ​ហ្នឹង​ទេដែល​សុខចិត្ត​ស្លាប់។​ ដឹង​ខ្លួន​ថា ​ស្លាប់យក​ប៉ាស្ព័រ​ទៅ​ដាក់​ស្ថានទូត​ដើម្បី​សុំ​វីសា​អត់​ទៅ​យក​មក​ទៀត​។ មិត្តភក្តិ​បរទេស​ហៅ​ចេញ​សិន​ទៅ​ក៏ប៉ុន្តែ​គាត់​ថ្លឹងថ្លែង​ថា​តើ​យើង​ស្លាប់​មាន​ប្រយោជន៍ ឬ​ស្លាប់​អត់​ប្រយោជន៍​។ បើ​ស្លាប់​មាន​ប្រយោជន៍​ជាង​នៅ​រស់​អាច​នឹង​ស្លាប់​ទៅ​ល្អ​ជាង‍»។

លោក​កែម ឡី​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​ហាង​ស្តារម៉ាត​នៃ​ស្ថានីយ​ប្រេងសាំង​កាល់តិច​បូកគោ​កាល​ពី​ថ្ងៃ​ទី​១០​ ខែកក្កដា ឆ្នាំ​២០១៦។ មាន​ជន​ម្នាក់​ឈ្មោះ​អឿត អាង​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយឆ្នាំ​ ប៉ុន្តែ​មហាជន​មិន​ជឿ​ថា​ បុរស​នេះ​ធ្វើសកម្មភាព​តែម្នាក់​ឯង​ទេ។

លោក​កែម ឡី​បាន​ដឹកនាំ​យុទ្ធនាការ​ចំនួន​១០០រាត្រី ​ដែល​ស្រាវជ្រាវ​លើបញ្ហា​ដែន​កោះ ​និង​ជនអន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​នៅ​កម្ពុជា​ ក៏​ដូច​ជា​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បំផ្លាញ​បរិស្ថាន។ លោក​ក៏បាន​ធ្វើការវិភាគ​នានា​ ដែល​បង្ហាញ​ពី​គ្រួសារ​បក្ស​ពួកនិយម​ក្នុង​ថ្នាក់​ដឹកនាំ​កម្ពុជា​ ដែល​កេង​ប្រវ័ញ្ច​ថវិកា​ជាតិ​ជាដើម។

អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោក​កែម ឡី​ នៅ​វត្ត​ពុទ្ធិការ៉ាម ​រដ្ឋម៉ារីឡែន​ សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ​២០១៧។ (រូបថតចេញ​ពី​វីដេអូ/VOA Khmer)
អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​លោក​កែម ឡី​ នៅ​វត្ត​ពុទ្ធិការ៉ាម ​រដ្ឋម៉ារីឡែន​ សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ​២០១៧។ (រូបថតចេញ​ពី​វីដេអូ/VOA Khmer)

លោកស្រី ​Bounchanh Senthavong ​តំណាង​ឱ្យ​សហគមន៍​ឡាវ​នៅ​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​សម្តែង​ការសរសើរ​ដល់​សកម្មភាព​ជួយ​សង្គម​របស់​លោក​កែម ឡី។

«លោក​បណ្ឌិត​កែម ឡី​ មិនគ្រាន់តែ​ជា​វីរបុរស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ​គឺ​ ខ្ញុំ​គិត​ថា​ គាត់​គឺជា​វីរបុរស​សម្រាប់​មនុស្ស​ទាំងអស់​នៅ​លើ​ពិភពលោក ​ដោយ​រួម​ទាំង​ពលរដ្ឋ​ឡាវ​ផង​ដែរ។ លោក​បាន​ធ្វើ​កិច្ច​ការ​ជាច្រើន​សម្រាប់​ប្រទេស​របស់​លោក ​និង​ជនរួមជាតិ​របស់​លោក។ លោក​បាន​អប់រំ​ពួកគេ​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត។ លោក​បាន​ឱ្យ​ពួកគេ​ដឹង​ពី​ស្ថានភាព​នៅ​ក្នុង​ពិភពលោក‍»។​

ពិធីបុណ្យ​មួយ​ឆ្នាំ​រំឭក​ដល់​លោក​កែម ឡី​មាន​ធ្វើ​នៅ​ទីកន្លែង​ជាច្រើន​ទៀត​ដូចជា ​នៅ​កម្ពុជា ​និង​ប្រទេស​អូស្ត្រាលី​ ប៉ុន្តែ​លោកស្រី​ប៊ូ រចនា​ ភរិយា​របស់​លោក​កែមឡី​ និង​កូន​របស់​គាត់​ ចំនួន​ប្រាំនាក់​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ទេ។ ពួកគេ​កំពុងតែ​សំងំ​លាក់ខ្លួន​ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ប្រទេស​ទីបី។

សកម្មជន​ខ្មែរ-​អាមេរិកាំងក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ដល់​ភរិយា ​និង​កូនៗ​របស់​លោក​កែម ឡី​ឱ្យបានចាកចេញ​ពី​កន្លែង​លាក់ខ្លួន​ហើយ ទៅ​ស្នាក់​នៅ​ប្រទេស​ទីបី​ដោយ​សុវត្ថិភាព។

លោក​ព្រឹទ្ធាចារ្យម៉ារិទ្ធ ឆង ​ដែល​មកពី​រដ្ឋ​វ៉ាស៊ីនតោន​ស្តេត​ស្នើ​សុំ​ឱ្យ​សហគមន៍​ជំរុញ​ឱ្យ​ទទួល​យក​ក្រុម​គ្រួសារ​របស់​លោក​កែម ឡី​ឱ្យ​បាន​ឆាប់។​

​«ខ្ញុំ​ឆ្ងល់​ណាស់​អង្គការ​មនុស្ស​ធម៌​ជាច្រើន​នៅ​ស្រុក​ខ្មែរ​មាន​ UNHCR ​ម៉េច​ក៏​មិន​យក​ចិត្ត​ទុកដាក់​មនុស្ស​ដែល​ភ័យ​របៀប​ហ្នឹង? អម្បាញ់មិញ​ខ្ញុំ​បាន​ឮ​ប្អូន​ឫទ្ធិពល​និយាយ​អំពី​កូតា​គឺ​ ប្រទេស​នីមួយៗគេ​យក​ក្នុង​មួយ​ឆ្នាំ​បាន​ប៉ុន្មាន​នោះ​គឺ ​សំដៅ​លើ​ជនអន្តោប្រវេសន៍​ទេ ​ប៉ុន្តែ​នេះ​មិនមែន​ជា​ករណី​ជនអន្តោប្រវេសន៍​ធម្មតា​ទេ​គឺ​ គាត់​ភ័យ​ខ្លួន​គឺ​ ភៀសខ្លួន​ដូច​សម័យ​យើង​អីចឹង‍»។

លោក​ស្រី​សារីម ម៉ារិទ្ធ​ដែល​មកពី​រដ្ឋ​វ៉ាស៊ីនតោនស្តេត​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ជា​ស្រ្តី​ខិតខំ​រក​វិធី​យ៉ាង​ណា​ជួយ​ដល់​អ្នកស្រី​ប៊ូ រចនា ​ភរិយា​លោក​កែមឡី​ និង​កូន​ទាំង​ប្រាំ​នាក់​សម្រាប់​រយៈពេល​យូរ​អង្វែង។

«ប្រពន្ធ​លោក​កែម ឡី​ គាត់​ម៉េម៉ាយ​កូន​ដល់​ទៅ​ប្រាំ​តើ​ទុក្ខវេទនា​របស់​គាត់​ប៉ុណ្ណា? តើ​យើង​មាន​គំនិត​គិត​គូ​ទៅ​ដល់​ស្រ្តី ​ដូច​គាត់​ទេ​ហើយ​ខ្លួន​យើង​ក៏​ជា​ស្រ្តី‍?»។

រហូត​មក​ដល់​ពេលនេះ​នៅ​មិន​ទាន់​មាន​ប្រទេស​ទីបី​ណា​មួយ​ទទួល​យក​លោកស្រី​ និង​កូនៗ​ជា​ផ្លូវការ​នៅឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ដែល​ស្និទ្ធ​នឹង​ករណី​នេះ។

បើ​ទោះ​បី​ជា​លោកកែម ឡី​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ​ក៏ដោយ ​ក៏​ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ និង​ស្នាដៃ​របស់​លោក​មិន​រលាយ​សាប​បាត់បង់​នោះ​ទេ​ ហើយ​បែរ​ជា​កាន់តែ​រីក​សុស​សាយ​ថែម​ទៀត​ជាពិសេស​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ៕

XS
SM
MD
LG