អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង ១០០ បានស្នើរដ្ឋាភិបាលកម្ពុជាឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតបន្តលើករណីឃាតកម្មលើលោក កែម ឡី។ នេះបើយោងតាមលិខិតចំហរួមមួយចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ របស់អង្គការសង្គមស៊ីវិលទាំងនោះ ដែល VOA ទទួលបាន។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ដែលមានដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ អង្គការ Human Rights Watch អង្គការ Global Witness ជាដើម បានផ្ញើលិខិតចំហរួមគ្នាមួយទៅលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេតដោយឥតលម្អៀងបន្ថែមទៀតលើករណីឃាតកម្មលើលោក កែម ឡី ក្នុងគោលបំណងស្វែងរកយុត្តិធម៌ពិតប្រាកដជូនក្រុមគ្រួសាររបស់ជនរងគ្រោះ។
ក្រុមអង្គការទាំងនោះបានបញ្ជាក់ក្នុងសំណេរដើមនៅក្នុងលិខិតនោះថា៖ «ដោយសារតែការស៊ើបអង្កេត [ករណីឃាតកម្មលើលោក កែម ឡី] នៅមិនទាន់គ្រប់គ្រាន់ យើងខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបន្តបើកការស៊ើបអង្កេតបន្ថែមទៀត»។
លិខិតចំហនេះបានបញ្ជាក់ថា មូលហេតុដែលក្រុមអង្គការជាតិ និងអន្តរជាតិទាំងនេះ អំពាវនាវឲ្យរដ្ឋាភិបាលបន្តស៊ើបអង្កេតករណីឃាតកម្មនេះ គឺដោយសារតែក្រោយពីការកាត់ទោសជនជាប់ចោទឈ្មោះ អឿត អាង កាលពីខែមិនារួចមក មេធាវីរបស់ជនជាប់ចោទនេះ និងតំណាងអយ្យការលោក លី សុផាណា បាននិយាយថា ការស៊ើបអង្កេតលើជនសង្ស័យផ្សេងទៀតត្រូវបន្តធ្វើទៅមុខទៀត។
អង្គការសង្គមស៊ីវិលទាំងនេះ បានថ្លែងបន្តរួមគ្នាក្នុងសំណេរដើមថា៖ «ដើម្បីឲ្យគណៈកម្មការស៊ើបអង្កេតមានគុណសម្បត្តិគ្រប់គ្រាន់ និងបំពេញតាមលក្ខខណ្ឌតម្រូវដែលកំណត់ដោយគោលការណ៍របស់អង្គការសហប្រជាជាតិ សមាជិកនៃគណៈកម្មការបែបនេះ ត្រូវតែជ្រើសរើសដោយផ្អែកលើភាពឥតលម្អៀង សមត្ថភាព និងឯករាជ្យភាពដែលមានការទទួលស្គាល់ ក្នុងនាមជារូបវន្តបុគ្គល។ ជាពិសេស សមាជិកទាំងនេះត្រូវតែឯករាជ្យពីស្ថាប័ន ភ្នាក់ងារ ឬបុគ្គលណាដែលអាចជាប់ពាក់ព័ន្ធនឹងកម្មវត្ថុដែលត្រូវស៊ើបអង្កេត»៕