រដ្ឋសភាដែលមានតែតំណាងរាស្រ្តគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានលើកដៃអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយប្រញាប់ប្រញាល់ ខណៈដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងធ្វើពហិការ មិនចូលកិច្ចប្រជុំ។
ក្នុងកិច្ចប្រជុំរដ្ឋសភា ដែលក្រុមតំណាងរាស្រ្តរបស់គណបក្សកាន់អំណាចចំនួន៦៦រូបចូលរួមស្នើអនុម័តកែប្រែ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាការប្រញាប់នូវវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ តំណាងរាស្ត្រគណបក្សកាន់អំណាចបានឡើងបកស្រាយពីផលប្រយោជន៍នៃច្បាប់នេះ ដោយគ្មានការសួរដេញដោល។
ដោយគ្មានវត្តមានរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កូនប្រុសរបស់លោកដែលជាតំណាងរាស្រ្តមួយរូបក្នុងខេត្តកំពង់ស្ពឺ គឺលោកហ៊ុន ម៉ានីក៏បានឡើងបកស្រាយសេចក្តីស្នើច្បាប់ ដែលគណបក្សជំទាស់ និងអ្នកឃ្លាំមើលការវិវត្តនយោបាយក្នុងប្រទេសកម្ពុជា យល់ថា មានការរឹតត្បិតចំពោះគណបក្សជំទាស់។
ដោយមិននិយាយឈ្មោះលោកសម រង្ស៊ី ឬគណបក្សជំទាស់ចំៗ លោកហ៊ុន ម៉ានីបានថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថា សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះមិនមែនជាការបង្កើតឡើងក្នុងគោលបំណងសំដៅលើបុគ្គលណាម្នាក់នោះទេ។ ប៉ុន្តែលោកថា សេចក្តីព្រាងច្បាប់នេះនឹងជំរុញឲ្យមានការវិវត្តផ្នែកលទ្ធិប្រជាធិបតេយ្យ និងជំរុញឲ្យមានការប្រកួតប្រជែងដោយស្មើភាពរវាងគណបក្សនយោបាយនៅកម្ពុជា។
លោកហ៊ុន ម៉ានីបញ្ជាក់ថា៖
«បើសិនជាមានការធ្វើខុសទៅលើអ្វីដែលមានចែងនៅក្នុងច្បាប់ហើយ គឺខ្ញុំសុំឲ្យមានការអនុវត្តច្បាប់ទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់នេះដែលមានជាធរមាន ដើម្បីការពារសុខ សន្តិភាព ការពារជាតិ ស្ថិរភាព ការពារផលប្រយោជន៍ជាតិ ដើម្បីផ្តោតអារម្មណ៍ផ្អែកទៅលើមូលដ្ឋានស្ថិរភាព និងសុខសន្តិភាព ដើម្បីជំរុញបន្ថែមនូវកិត្យានុភាពរបស់ប្រទេសជាតិ និងប្រកួតប្រជែងលើឆាកអន្តរជាតិ ដើម្បីទាញនូវផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីប្រទេសជាតិ ដើម្បីសង្គមជាតិ ដើម្បីប្រជាជនរបស់យើង»។
ការលើកឡើងរបស់លោកហ៊ុន ម៉ានីស្រដៀងទៅនឹងការលើកឡើងរបស់តំណាងរាស្ត្ររបស់គណបក្សកាន់អំណាចផ្សេងទៀត ដែលព្យាយាមអះអាងថា វិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសនេះ មានប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។
ច្បាប់ស្តីពីគណបក្សនយោបាយនេះមាន១០ជំពូក និង៤៣មាត្រា។ ច្បាប់នេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ១៩៩៧ ហើយត្រូវបានធ្វើវិសោធនកម្មលើកទីមួយកាលពីខែកុម្ភៈកន្លងទៅ។ ការកែច្បាប់នេះជាលើកទីមួយត្រូវបានគេមើលឃើញថា បានធ្វើឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំរបស់គណបក្សជំទាស់ និងបង្ខំឲ្យលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លាលែងពីតំណែងជាប្រធានគណបក្សជំទាស់។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២នេះត្រូវបានតំណាងរាស្រ្តគណបក្សកាន់អំណាចស្នើឲ្យកែប្រែមាត្រាចំនួន៥ រួមមានមាត្រា៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី(ស្ទួន)។
មាត្រា៦ថ្មី(ពីរ)នៃសេចក្តីស្នើវិសោធនកម្មជាលើកទី២នោះកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយទាំងអស់មិនត្រូវយល់ព្រមដោយចំហ ឬឃុបឃិតជាមួយទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឲ្យធ្វើសកម្មភាពណាមួយដើម្បីជាប្រយោជន៍សម្រាប់គណបក្សនោះទេ។ បើសិនជាគណបក្សនយោបាយណាមួយត្រូវរកឃើញថា មានការប្រព្រឹត្តល្មើស គឺអាជ្ញាធរនឹងរំលាយគណបក្សនោះ ឬហាមឃាត់សកម្មភាពគណបក្សនោះរហូតដល់ប្រាំឆ្នាំ ដែលនាំឲ្យបាត់សិទ្ធិក្នុងការចូលរួមការបោះឆ្នោត។
ទោះជាក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភានាព្រឹកថ្ងៃចន្ទនេះក៏ដោយ ក៏ក្រុមតំណាងរាស្រ្តទាំងនេះបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសពីការមិនគាំទ្រ និងទាមទារឲ្យរដ្ឋសភាបញ្ឈប់ការពិភាក្សា និងបញ្ឈប់ការអនុម័តសេចក្តីស្នើច្បាប់ដែលមជ្ឈដ្ឋានមួយចំនួនលើកឡើងថា ធ្វើឡើងសំដៅរារាំង និងបញ្ឈប់មិនឲ្យលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ធ្វើការឃោសនាគាំទ្រគណបក្សសង្គ្រោះជាតិតទៅទៀត។
ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប្រកាសក្នុងសេចក្តីថ្លែងការណ៍នោះថា ពួកគេមិនចូលរួមអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះទេ ដោយសារសេចក្តីស្នើច្បាប់នេះមានចរិតនយោបាយ គាបសង្កត់សិទ្ធិបុគ្គល និងគាបសង្កត់គណបក្សនយោបាយក្នុងន័យកម្ចាត់កម្ចាយខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយ។ ពួកគេបន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះថា សេចក្តីស្នើច្បាប់នេះមិនស្របតាមគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងបានសរសេរបន្ថែមក្នុងន័យដើមយ៉ាងដូច្នេះ៖
«ក្រុមសមាជិកគណបក្សសង្គ្រោះជាតិមិនគាំទ្រ និងទាមទារឲ្យបញ្ឈប់ការពិភាក្សា និងការអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ដើម្បីការពារផលប្រយោជន៍ជាតិ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងឯកភាពជាតិ»។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទាំងពីរលើកនេះធ្វើឡើងក្រោយពីការបញ្ជារបស់លោកហ៊ុន សែន ដែលគេស្គាល់ថា ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅកម្ពុជា។
មុនការស្នើធ្វើវិសោធនកម្មលើកទី១ កាលពីខែកុម្ភៈ លោកហ៊ុន សែនបានបញ្ជាឲ្យក្រុមការងាររបស់លោកស្នើទៅរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់នេះ ដោយកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយត្រូវតែជាជនគ្មានទោសពៃរ៍ ហើយគណបក្សនឹងត្រូវរំលាយចោល ប្រសិនបើមេដឹកនាំគណបក្សណាមួយប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ វិសោធនកម្មនាពេលនោះបានធ្វើឲ្យលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមន្រ្តីជាន់ខ្ពស់មួយចំនួន ដែលកំពុងរងការចោទប្រកាន់ និងការកាត់ទោស បានបង្ខំចិត្តលាលែងចេញពីតំណែងរបស់ខ្លួនក្នុងគណបក្ស។
រីឯការស្នើវិសោធនកម្មលើកនេះកើតមានឡើងបន្ទាប់ពីលោកហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានបង្ហាញពីការមិនពេញចិត្តនឹងការចូលរួមឃោសនារបស់លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពនៅតាមបណ្តាញសង្គម ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងមក។
លោកចាន់ វិបុល អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច បានប្រាប់ VOA ថា ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីគណបក្សនយោបាយ យ៉ាងប្រញាប់ប្រញាល់ និងតាមបែបនយោបាយនេះ គឺជាការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា និងកំពុងធ្វើឲ្យតម្លៃរបស់រដ្ឋសភាធ្លាក់ចុះយ៉ាងគំហុក។ លោកបន្ថែមថា ការអនុម័តនេះក៏អាចបណ្តាលមកពីការព្រួយបារម្ភអំពីការប្រកួតប្រជែងដោយស្មើភាពរវាងគណបក្សកាន់អំណាច និងលោកសម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំង។
លោកចាន់ វិបុល អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ចបញ្ជាក់ថា៖
«ប្រសិនបើយើងមើលពីប្រវត្តិ លោកសម រង្ស៊ីមានឥទ្ធិពលណាស់នៅក្នុងកិច្ចការនយោបាយរបស់គណបក្សសង្គ្រោះជាតិ ហើយយើងឃើញថា ប្រហែលជាយើងមិនអាចធ្វើការសន្និដ្ឋានបានទេ ពីព្រោះរដ្ឋសភាលោកអាចមានហេតុផលផ្សេងគ្នា។ ប៉ុន្តែប្រសិនបើយើងមើលពីខាងក្រៅ ប្រហែលជានេះគឺជាការភ័យខ្លាចមួយក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលទាក់ទងជាមួយនឹងឥទ្ធិពលរបស់លោកសម រង្ស៊ីទៅលើសមាជិករបស់គាត់»។
លោកសម រង្ស៊ីកំពុងនិរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចចេញពីការដាក់ទោសដោយតុលាការកម្ពុជាក្នុងសំណុំរឿងជាច្រើន ក្នុងនោះក៏រួមមានសំណុំរឿងពាក់ព័ន្ធនឹងការអត្ថាធិប្បាយថា រដ្ឋាភិបាលនៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ។
ខណៈកំពុងរស់នៅប្រទេសបារាំង លោកសម រង្ស៊ីតែងបង្ហោះសារជាសំណេរ ជារូបភាព និងជាវីដេអូ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលរបស់លោកហ៊ុន សែន ព្រមទាំងឃោសនាឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ ការណ៍នេះធ្វើមានការមិនពេញចិត្តពីសំណាក់លោកហ៊ុន សែន និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សកាន់អំណាច៕