កំណត់និពន្ធ៖ បទល្មើសឧក្រិដ្ឋកម្មនៃអំពីការបង្ខំឲ្យមានផ្ទៃពោះ មិនសូវបានលើកឡើងនៅក្នុងដំណើរការកាត់ទោសរបស់តុលាការណាមួយនៅក្នុងពិភពលោកឡើយ ទោះបីជាឧក្រិដ្ឋកម្មនេះមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់ស្រ្តីយ៉ាងធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែ នៅតុលាការខ្មែរក្រហម អ្នកនៅរស់រានពីឧក្រិដ្ឋកម្មនេះ បានរៀបរាប់អំពីរឿងរ៉ាវរបស់ពួកគេ ទោះបីជាតុលាការមិនបានលើកបង្ហាញពីឧក្រិដ្ឋកម្មនេះឲ្យចំក៏ដោយ។ នាពេលថ្មីៗនេះ នាង Ana Salvá អ្នករាយការណ៍ក្រៅក្របខ័ណ្ឌជនជាតិអេស្ប៉ាញម្នាក់ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានរាយការណ៍ថា សិទ្ធិបន្តពូជរបស់ស្រ្តីកម្ពុជានៅក្រោមរបបខ្មែរក្រហមមិនត្រូវបានយកចិត្តទុកដាក់ នៅក្នុងអត្ថបទរបាយការណ៍របស់នាង ដែលចេញផ្សាយដោយ Diplomat។ នាងបានផ្តល់បទសម្ភាសន៍ជាមួយនាង ទែន សុខស្រីនិត នៃវីអូអេតាមទូរស័ព្ទអំពីសេចក្តីរាយការណ៍នេះ។
ហេតុអ្វីបានអ្នកនាងសរសេរអំពីការបង្ខំឲ្យរៀបការ និងការមានផ្ទៃពោះទាំងបង្ខំនៅក្នុងសម័យខ្មែរក្រហម?
Ana Salvá៖ នៅពេលខ្ញុំបានមកដល់តំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០១៤ ខ្ញុំបានចាប់ផ្ដើមសរសេរ និងសិក្សាអំពីកម្ពុជា ហើយនិងអំពីហិង្សាយេនឌ័រ។ អត្រានៃអំពើហិង្សាយេនឌ័រនៅប្រទេសកម្ពុជា មានកម្រិតខ្ពស់បំផុត ដែលធ្វើឲ្យខ្ញុំចាប់អាម្មណ៍យ៉ាងខ្លាំង។ ខ្ញុំបានអានរបាយការណ៍ឆ្នាំ២០១៤របស់អង្គការសហប្រជាជាតិ ដែលបង្ហាញថា ក្នុងចំណោមស្រ្តីប្រាំនាក់ មានស្ត្រីម្នាក់ទទួលរងការរំលោភបំពានផ្លូវភេទ ហើយមានបុរសប្រាំភាគរយ បានសារភាពថា បានរំលោភជាក្រុម ឬហៅថារំលោភបូក។ ខ្ញុំបានសិក្សាអំពីចំនួនតួលេខដ៏ខ្ពស់នេះ។
ខ្ញុំបានព្យាយាមនិយាយជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនអំពីតួលេខដ៏ខ្ពស់នេះ។ អង្គការទាំងនេះបានចង្អុលបង្ហាញថា គ្រឿងស្រវឹងគឺជាមូលហេតុចម្បងមួយនៃការប្រព្រឹត្តអំពើហិង្សានេះ។ ក៏ប៉ុន្តែ យើងក៏ដឹងដែរថា នៅតាមប្រទេសផ្សេងទៀត បុរសផឹកគ្រឿងស្រវឹងដូចគ្នា។ តែតាមខ្ញុំដឹង ប្រទេសកម្ពុជាមានតួលេខនៃការប្រព្រឹត្តអំពើហិង្សាយេនឌ័រនេះខ្ពស់ជាងគេមួយ។
ដូច្នេះ ខ្ញុំបាននិយាយជាមួយអ្នកជំនាញផ្សេងទៀត ដែលបានបង្ហាញប្រាប់ខ្ញុំថា វាអាចកើតឡើងដោយសារតែអំពើហិង្សានៅក្នុងរបបខ្មែរក្រហម ដែលនាំឲ្យមានផលប៉ះពាល់មកដល់បច្ចុប្បន្ននេះ។ អ៊ីចឹង ខ្ញុំបានចាប់ផ្តើមអានអំពីរបបនេះ។ ខ្ញុំបានស្នាក់នៅប្រទេសកម្ពុជាចំនួនពីរសប្ដាហ៍ ហើយឃើញថា អ្នកនៅរស់ពីរបបខ្មែរក្រហម នៅតែទន់ខ្សោយមិនហ៊ាននិយាយអំពីរឿងរ៉ាវទាំងឡាយនៅឡើយ។ ពួកគេនៅតែខ្លាចនឹងការរាយការណ៍ពីការរំលោភបំពាននេះ។ តែក្នុងករណីមួយភាគធំ ពួកគេបានរាយការណ៍។
អ៊ីចឹងហើយខ្ញុំក៏ចាប់ផ្តើមចាប់អារម្មណ៍លើការរៀបការទាំងបង្ខំ និងការបង្ខំឲ្យមានផ្ទៃពោះនៅក្នុងរបបខ្មែរក្រហមនេះ។ នៅពេលខ្ញុំបានទៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ខ្ញុំបានឮជាលើកដំបូងដែលអ្នកនៅរស់ពីរបបខ្មែរក្រហម និយាយអំពីការបង្ខំឲ្យរៀបការ។
តើអ្នកនាងគិតថា សាធារណជនចាំបាច់ត្រូវយល់ដឹងអំពីការរៀបការទាំងបង្ខំ និងការបង្ខំឲ្យមានផ្ទៃពោះនៅក្នុងរបបខ្មែរក្រហមនេះដែរឬទេ?
Ana Salvá៖ ខ្ញុំមិនដឹងទេថា សាធារណជនទូទៅមានចំណាប់អារម្មណ៍ចំពោះរឿងរ៉ាវ ដែលបានកើតឡើងជាយូរមកហើយនោះទេ។ ប៉ុន្តែ ខ្ញុំគិតថា យើងចាំបាច់ត្រូវតែយល់ដឹងអំពីមូលហេតុ និងកត្តាដែលនាំឲ្យរឿងរ៉ាវទាំងនេះបានកើតឡើង ហើយដើម្បីត្រូវយល់អំពីបច្ចុប្បន្នភាពផងដែរ។ វាមានសារសំខាន់ចំពោះការការពារទប់ស្កាត់ ហើយរឿងនេះគួរតែត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន ដើម្បីការការពារទប់ស្កាត់ និងឲ្យដឹងថា ហេតុអ្វីបានជារឿងដូច្នេះកំពុងតែកើតឡើងដល់សព្វថ្ងៃនេះ ហើយមូលហេតុដែលវាបានកើតឡើងពីអតីតកាលដែរ។
តើអ្នកនាងយល់យ៉ាងណាអំពីនីតិវិធីរបស់តុលាការ ទាក់ទងនឹងជនរងគ្រោះដោយការបង្ខំឲ្យរៀបការ និងការបង្ខំមានផ្ទៃពោះនេះនៅក្រោមរបបខ្មែរក្រហម?
Ana Salvá៖ អ្វីដែលខ្ញុំបានដឹងគឺថា ឧក្រិដ្ឋកម្មដែលប្រព្រឹត្តលើស្រ្តី មិនទាន់ស្ថិតក្នុងប្រព័ន្ធតុលាការឲ្យបានពេញលេញនៅឡើយទេ។ នេះមិនមែនតែនៅក្នុងប្រព័ន្ធតុលាការប្រទេសកម្ពុជាទេ នៅប្រទេសផ្សេងក៏អ៊ីចឹងដែរ។ ខ្ញុំគិតថា វាជារឿងសំខាន់ដែលត្រូវលើកឡើងដែរថា ចៅក្រមមានការលំបាកក្នុងការកាត់ក្ដីពាក់ព័ន្ធនឹងការបង្ខំឲ្យរៀបការ ដែលជាបទល្មើសមួយពាក់ព័ន្ធនឹងបុរស និងស្រ្តី។ ចំណុចនេះសំខាន់ខ្លាំងណាស់សម្រាប់ចៅក្រម។ ប៉ុន្តែ បទល្មើសនៃការបង្ខំឲ្យមានផ្ទៃពោះ មិនមែនជាការលំបាកសម្រាប់ចៅក្រមទេ ព្រោះវាជាឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងស្រ្តី។
ការបង្ខំឲ្យមានផ្ទៃពោះត្រូវបានមើលឃើញថា ជារឿងធម្មតាមួយដែលកើតចេញពីការរៀបការ មិនមែនជាឧក្រិដ្ឋកម្ម។ តាមពិត ការបង្ខំឲ្យមានផ្ទៃពោះអាចកាត់ទោសជាឧក្រិដ្ឋកម្មបាន។ ប៉ុន្តែ មូលហេតុនោះគឺថា តុលាការគ្មានឆន្ទៈក្នុងការកាត់ក្តីឧក្រិដ្ឋកម្មលើយេនឌ័របែបនេះ នៅក្នុងរបប[ខ្មែរក្រហម]នោះ។ មិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ វាកើតឡើងនៅក្នុងប្រទេសផ្សេងៗទៀតដែរ ដែលមានស្រ្តីជាច្រើនគេចវេសពីប្រព័ន្ធតុលាការ។
តើអ្នកនាងគិតថា ការខ្វះខាតទិន្នន័យស្តីអំពីការបង្ខំឲ្យមានផ្ទៃពោះ ដោយសារតែការបង្ខំឲ្យរៀបការនេះនៅក្នុងរបបខ្មែរក្រហម បណ្តាលឲ្យតុលាការមិនសូវចាប់អារម្មណ៍លើឧក្រិដ្ឋកម្មនេះដែរឬទេ?
Ana Salvá៖ ខ្ញុំអាចនិយាយបានថា មានការខ្វះខាតទិន្នន័យជាច្រើន និងគ្មានពេលវេលាដើម្បីដាក់បញ្ចូលសំណុំរឿងនេះទៅក្នុងតុលាការ។ ប៉ុន្តែជាក់ស្តែង មានរបាយការណ៍បង្ហាញថា នៅក្នុងរបបខ្មែរក្រហមមានស្រ្តីយ៉ាងតិចណាស់ក៏ចំនួនពាក់កណ្តាលដែរ ដែលមានផ្ទៃពោះដោយសារការបង្ខំឲ្យរៀបការ។ មានអ្នកនៅរស់ពីរបបខ្មែរក្រហមជាច្រើននាក់ ដែលឆ្លងកាត់បទពិសោធន៍នេះ។ តែខ្ញុំគិតថា ឧក្រិដ្ឋកម្មមួយនេះកំពុងមិនត្រូវបានយកចិត្តទុកដាក់។
តាមរយៈការសិក្សាអំពីសំណុំរឿងទាំងអស់នេះ តើអ្នកនាងបានកត់សម្គាល់ឃើញអ្នកនៅរស់ពីរបបខ្មែរក្រហម ដែលជាស្ត្រីរងគ្រោះស្ទាក់ស្ទើរនឹងនិយាយប្រាប់រឿងរ៉ាវរបស់ពួកគេឲ្យបានអស់សេចក្តីដែរឬទេ?
Ana Salvá៖ តាមបទពិសោធន៍របស់ខ្ញុំនិយាយជាមួយអ្នកនៅរស់ពីសម័យខ្មែរក្រហម ដែលជាជនរងគ្រោះដោយអំពើហិង្សា គឺថា មានការភ័យខ្លាចច្រើនក្នុងការនិយាយពីការរំលោភបំពាននេះ។ ការបកស្រាយរបស់ពួកគេមិនសូវបានល្អសោះ គឺថា ពួកគេនិយាយត្រឡប់ចុះត្រឡប់ឡើង ពីនេះបន្តិចពីនោះបន្តិច។ មានការខ្លាចរអារ មិនហ៊ានរាការណ៍ប្រាប់ពីរឿងនេះ ហើយពួកគេខ្លាចមានផលលំបាកដែលមិនអាចដំណើរការទៅបាន។ មួយភាគធំមានពាក់ព័ន្ធនឹងការរើសអើងច្រើន ដូចជាការរើសអើងពីសហគមន៍ ពីក្រុមគ្រួសារ ពីការប្រកាន់ថា ពួកគេមិនអាចរៀបការបាន។ ព្រហ្មចារីរបស់ស្ត្រីមានសារសំខាន់ខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា។ មានការយល់ឃើញថា ប្រសិនបើអ្នកមិននៅព្រហ្មចារី គឺអ្នកមិនបរិសុទ្ធទេ អ៊ីចឹងអ្នកនឹងមិនអាចរៀបការបានឡើយ។
ខ្ញុំមិនមែនជាអ្នកជំនាញទេ ខ្ញុំគ្រាន់តែជាអ្នករាយការណ៍ម្នាក់តែប៉ុណ្ណោះ។ តែតាមបទសោធន៍ដែលខ្ញុំនិយាយជាមួយស្រ្តីជនរងគ្រោះ គឺថា បញ្ហាចម្បងគឺដោយសារការរើសអើងមកលើជនរងគ្រោះ និងការភ័យខ្លាចមិនហ៊ាននិយាយ។ ទោះជារាយការណ៍ពីការរំលោភបំពាននោះក្តី ក៏ជនរងគ្រោះប្រហែលជាមិនទទួលបានយុត្តិធម៌ដែរ។ ឧទាហរណ៍ ដូចសព្វថ្ងៃនេះ ស្រ្តីជាច្រើននាក់សុខចិត្តគេចពីជនដៃដល់ដែលប្រព្រឹត្តបទល្មើស ជាជាងឡើងទៅប្តឹងនៅតុលាការ។
តើអ្នកនាងយល់យ៉ាងណាចំពោះអំពើហិង្សាលើស្រ្តី ដែលនៅតែកើតមានដូច្នេះនាពេលបច្ចុប្បន្ននេះ?
Ana Salvá៖ តាមពិតទៅ ខ្ញុំមិនដឹងថាហេតុអ្វីបានជាប្រវត្តិសាស្រ្តនៃការប្រព្រឹត្តអំពើហិង្សាលើស្ត្រីនៅតែកើតឡើងច្រំដែលនោះទេ។ ប៉ុន្តែ អ្វីដែលយើងដឹងនោះគឺថា ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ នៅតែខ្វះការយកចិត្តទុកដាក់លើការកាត់ក្តីលើឧក្រិដ្ឋកម្មនៃអំពើហិង្សាយេនឌ័រ ដែលប៉ះពាល់ដល់ស្រ្តីនៅទូទាំងពិភពលោក ដូចគ្នានឹងករណីបង្ខំឲ្យមានផ្ទៃពោះជាដើម។ ករណីជាច្រើនត្រូវបានបំភ្លេចចោល។ ជាក់ស្តែងមកទល់សព្វថ្ងៃនេះ គ្មានតុលាការអន្តរជាតិណាមួយបានកាត់ទោសករណីបង្ខំឲ្យមានផ្ទៃពោះឡើយ។ នេះគឺជាឧបសគ្គក្នុងពេលអនាគតផងដែរ ជាពិសេសគឺការការពារទប់ស្កាត់ឧក្រិដ្ឋកម្មបែបនេះ៕