របបខ្មែរក្រហមមិនត្រឹមតែបំបាក់ស្មារតីផ្លូវចិត្តប្រជាជនខ្មែររាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតនូវស្រមោលអតីតកាលដ៏ជូរចត់ដែលប្រជាជនរស់រានមានជីវិតរួចផុតពីរបបនោះមិនអាចបំភ្លេចបាន។ ដើម្បីជួយលើកទឹកចិត្ត និងដោះស្រាយបញ្ហារបស់ជនរងគ្រោះនៅសម័យ ប៉ុល ពត អង្គការសហប្រជាជាតិដើម្បីលុបបំបាត់អំពីហិង្សាលើស្រ្តី បានផ្តល់មូលនិធិដល់កម្មវិធីវិទ្យុ«ស្ត្រីក្នុងសម័យខ្មែរក្រហម»ឲ្យដំណើរការផ្សាយជាលើកទីពីរ ក្រោយពីកម្មវិធីបានបញ្ចប់នៅឆ្នាំ២០១៤។
សេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលចេញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា តាមរយៈជំនួយឧបត្ថម្ភពីមូលនិធិអង្គការសហប្រជាជាតិដើម្បីលុបបំបាត់អំពីហិង្សាលើស្រ្តី កម្មវិធីវិទ្យុ «ស្ត្រីក្នុងសម័យខ្មែរក្រហម»បានដំណើរការផ្សាយរបស់ខ្លួនឡើងវិញតាមរយៈវិទ្យុស្រ្តី FM-102 នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា។
នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA លោក យួន សារ៉ាត់ ប្រធានសម្របសម្រួលគម្រោងជួយជនរងគ្រោះក្នុងសម័យខ្មែរក្រហម ទាក់ទងនឹងអំពើហិង្សាផ្លូវភេទ និងយេនឌ័រ បានឲ្យដឹងថា៖
«គោលបំណងនៃការផ្សាយកម្មវិធីវិទ្យុនេះ គឺទីមួយដើម្បីពិភាក្សាជាមួយប្រិយមិត្តអ្នកស្តាប់ក្នុងការរកដំណោះស្រាយទៅលើផលប៉ះពាល់ដោយអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ក្នុងរបបខ្មែរក្រហម និងក្នុងពេលបច្ចុប្បន្ន។ ទីពីរ ដើម្បីបង្កើនការយល់ដឹងអំពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រ និងបង្កើតជាវេទិកាពិភាក្សា សម្រាប់ឲ្យអ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត អាចបង្ហាញគំនិត និងឲ្យសំឡេងពួកគាត់ត្រូវបានគេឮ នៅក្នុងដំណើរការយុត្តិធម៌អន្តរកាល និងទីបី ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីការវិវឌ្ឍថ្មីៗនៃអំពើហិង្សាផ្លូវភេទ និងយេនឌ័រនៅក្នុងបរិបទរបស់សាលាក្តីខ្មែរក្រហមដល់ភាគីពាក់ព័ន្ធ ក៏ដូចជាសង្គមកម្ពុជាទាំងមូល»។
លោកបានបន្ថែមទៀតថា នៅរៀងរាល់ការផ្សាយផ្ទាល់ វាគ្មិនធំៗពីរប្រភេទនឹងត្រូវបានអញ្ជើញមកចូលរួម។ វាគ្មិនទីមួយគឺសំដៅទៅលើអ្នកជំនាញ ដែលរួមមានមេធាវី ឬអ្នកធ្វើការផ្នែកច្បាប់ អ្នកធ្វើការក្នុងសង្គមស៊ីវិល និងអ្នកប្រឹក្សាយោបល់ផ្លូវចិត្ត។ ចំណែកវាគ្មិនទីពីរគឺជាជនរងគ្រោះផ្ទាល់តែម្ដង ដែលរងនូវការរំលោភបំពាន អំពើហិង្សាផ្លូវភេទ ឬការបង្ខំឲ្យរៀបការ។
អង្គការសង្គមស៊ីវិល ឬផ្នែកពាក់ព័ន្ធជាមួយនឹងបរិបទសាលាក្តីធ្វើការតស៊ូមតិឲ្យតុលាការដាក់បញ្ចូលបញ្ហាអំពើហិង្សាផ្លូវភេទ និងយេនឌ័រនេះនៅក្នុងដំណើរការកាត់ក្តី តាំងពីករណីសំណុំរឿង០០១មកម្ល៉េះ។
នៅឆ្នាំ២០១១ដល់ឆ្នាំ២០១៤ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលហៅកាត់ថា អ.វ.ត.ក.បានប្រកាសផ្តល់ជំនួយជាផ្លូវការដល់ការបើកកម្មវិធីវិទ្យុមួយដែលអប់រំអ្នកស្តាប់ឲ្យដឹងអំពីផលប៉ះពាល់ផ្លូវចិត្តនៃរបបខ្មែរក្រហម និងបានផ្តល់ការប្រឹក្សាយោបល់តាមរយៈការហៅទូរស័ព្ទរបស់អ្នកធ្លាប់ឆ្លងកាត់សម័យនោះ។
ក្នុងបរិបទនៃគម្រោង«ស្ត្រី និងយុត្តិធម៌អន្តរកាលក្នុងប្រទេសកម្ពុជា» អង្គការដៃគូចំនួនបី រួមមានអង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា (TPO) អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) បានធ្វើការក្នុងគម្រោងនេះ។ កម្មវិធីវិទ្យុលើកទីមួយបានបញ្ចប់នៅឆ្នាំ២០១៤។
ក្រោមការដឹកនាំរបស់ ប៉ុល ពត តាមលទ្ធិម៉ៅនិយម ខ្មែរក្រហមបានព្យាយាមធ្វើឲ្យប្រទេសកម្ពុជាត្រឡប់ទៅរកចំណុចសូន្យវិញ ដោយបានជម្លៀសប្រជាជនរាប់លាននាក់ពីទីក្រុងទៅជនបទ។ ប៉ុល ពត បានផ្តាច់កម្ពុជាពីពិភពលោកទាំងមូល ឲ្យរស់នៅឯកោគ្មានទំនាក់ទំនងជាមួយប្រទេសជិតខាង ព្រមទាំងបានលុបបំបាត់ចោលនូវរូបិយវត្ថុជាតិ ទ្រព្យសម្បត្តិឯកជន និងសាសនារដ្ឋ ដោយបានបង្កើតជាសមូហភាពជនបទជំនួសវិញ។
លោកស្រី អ៊ុយ សុខន ជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ បានថ្លែងប្រាប់ VOA ថា នៅខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានជម្លៀសអ្នកក្រុងភ្នំពេញ ឲ្យចេញទៅតាមស្រុកខេត្តនានា ក្នុងនោះដែរក្រុមគ្រួសារលោកស្រីក៏ត្រូវបានបង្ខំឲ្យធ្វើដំណើរទៅរស់នៅខេត្តបាត់ដំបង។
លោកស្រីបន្តទៀតថា ទាំងប្រជាជនចាស់ និងប្រជាជនថ្មី បានស្លាប់បន្តបន្ទាប់គ្នាគ្មានស្រាកស្រាន្តពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែភាពស្រេកឃ្លាន និងធ្វើការហួសកម្លាំង។
«ជីវភាពរស់នៅមានការលំបាកវេទនាខ្វះខាតខ្លាំងណាស់ ជាពិសេសអ្នកដែលត្រូវបានបញ្ជូនទៅការដ្ឋានមុខ គឺអត់ឃ្លានខ្លាំងណាស់។ ហើយអ្នកខ្លះដើរខុសពេល ខុសម៉ោង គេចាប់វាយ កាប់សម្លាប់ទៀត ហើយនៅឆ្នាំ១៩៧៦ គេបង្អត់ខ្លាំងណាស់ រហូតដល់មានពេលខ្លះ មានអង្ករតែ២ទៅ៣កំប៉ុង បបរមួយខ្ទះក៏មានដែរ ហើយដួសចែកគ្នាហូបទៅ»។
លាយឡំជាមួយនឹងសំឡេងអួលដើមកបន្តិច លោកស្រីមានប្រសាសន៍ថា រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ អ្វីដែលជាការចងចាំដែលមិនអាចបំភ្លេចបាននៅជំនាន់ ប៉ុល ពត គឺភាពអត់ឃ្លាន និងភាពព្រាត់ប្រាស់ និរាសក្រុមគ្រួសារ។ លោកស្រីបានបាត់បង់ស្វាមី និងកូនស្រីពីរនាក់។
របបប្រល័យពូជសាសន៍ ប៉ុល ពត ពិតជាបានផ្ដល់នូវមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ដល់ប្រជាជាតិខ្មែរទាំងមូល។ តួយ៉ាង ប្រជាជនដែលក្រុម ប៉ុល ពត សង្ស័យថា ជាបញ្ញវ័ន្ត ឬអ្នកចេះដឹង នឹងត្រូវយកទៅធ្វើទារុណកម្ម ឬសម្លាប់ដោយគ្មានត្រាប្រណី។
អតីតមន្រ្តីក្រសួងវប្បធម៌ និងជាអ្នកនិពន្ធសៀវភៅប្រលោមលោករឿង«ក្រោមដំណក់ទឹកភ្លៀង» លោកស្រី អ៊ុំ សុផានី បានឲ្យដឹងថា នៅក្នុងសម័យ ប៉ុល ពត លោកស្រីបានលួចកត់ត្រាអំពីព្រឹត្តិការណ៍ដែលកើតឡើងប្រចាំថ្ងៃជានិច្ច ហើយនៅរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីរបបនោះដួលរលំ លោកស្រីក៏បានប្រមូលយកកំណត់ហេតុទាំងនោះ មកចងក្រងជាសៀវភៅដែលនិយាយទាក់ទងពីស្ថានភាពរស់នៅ និងបទពិសោធន៍ជីវិតនៅសម័យខ្មែរក្រហម។
មិនខុសប៉ុន្មានពីប្រជាជនខ្មែរដទៃ លោកស្រី សុផានី ត្រូវបានជម្លៀសពីភ្នំពេញទៅខេត្តតាកែវ ហើយបានរៀបការ និងរស់នៅជាមួយខាងម្តាយឪពុកក្មេក។ ដល់ត្រង់ចំណុចនេះ លោកស្រីបន្ថែមថា ក្នុងសម័យ ប៉ុល ពត ទំនាក់ទំនង និងមនោសញ្ចេតនាក្រុមគ្រួសារគឺត្រូវបានកាត់ផ្តាច់ ហាមដាច់ខាតនូវការបញ្ចេញភាពស្និទ្ធស្នាល ភាពរីករាយ និងសូម្បីតែក្តីអាណិតអាសូរ។
«សូម្បីតែពេលដែលយើងនៅជិតគ្រួសារ ឬបងប្អូនគឺភ្នែកបានត្រឹមសម្លឹងគ្នា មាត់មិនអាចនិយាយបានទេ ព្រោះមានគេចាំយកការណ៍។ មានម្តងធ្លាប់អង្គុយជិតគ្នា ដល់ពេលយប់គេប្រជុំ គេនិយាយថា មានអ្នកភ្នំពេញខ្លះនាំយកវប្បធម៌អាសអាភាសមក។ តាមពិតគេមិនឲ្យអង្គុយកៀកគ្នាអញ្ចឹងទេ»។
យ៉ាងណាមិញ អ្នកនិពន្ធរូបនេះបានផ្តល់សារអប់រំជំរុញ និងលើកទឹកចិត្តឲ្យកូនខ្មែរខិតខំប្រឹងរៀនសូត្រឲ្យមានចំណេះដឹងខ្ពស់ ចេះគិតគូរឲ្យជ្រៅជ្រះ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ និងចេះសាមគ្គីគ្នាឲ្យបានល្អ ជាធ្លុងមួយដើម្បីកុំឲ្យប្រវត្តិសាស្រ្តនេះកើតឡើងជាលើកទី២ទៀត។
បើទោះបីជាគ្មានអំណះអំណាងជាក់លាក់ណាមួយអាចបញ្ជាក់ពីតួលេខពិតប្រាកដនៃចំនួនអ្នកស្លាប់ក៏ដោយ អ្នកអង្កេតការណ៍បានសន្មត់ថា ប្រជាជនជិតពីរលាននាក់ត្រូវបានសម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
មកទល់នឹងសព្វថ្ងៃនេះ អ្នករស់រានមានជីវិតពីសម័យ ប៉ុល ពត ភាគច្រើនជាអ្នករស់នៅតាមទីជនបទ ដែលពួកគាត់មិនសូវបានដឹងព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើបៗទេ ដូច្នេះហើយការផ្សាយកម្មវិធីតាមវិទ្យុ គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ចែករំលែកព័ត៌មានទៅដល់មហាជននៅទូទាំងប្រទេស។
កម្មវិធីផ្សាយបន្តផ្ទាល់របស់វិទ្យុ«ស្ត្រីក្នុងសម័យខ្មែរក្រហម»ប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ក្នុងសប្តាហ៍ទី២នៃខែនីមួយៗ វេលាម៉ោង៤:១០ ដល់ម៉ោង៥ល្ងាច ហើយក៏មានការចាក់ផ្សាយឡើងវិញដែរ នៅថ្ងៃសៅរ៍ សប្តាហ៍ទី៣ និងទី៤ ចាប់ពីម៉ោង ១:៣៥នាទីដល់ម៉ោង២រសៀល៕