នៅដើមឆ្នាំ១៩៧៨ លោក ហ្គុនណា បឺកស្រ្តម ( Gunnar Bergström) បានធ្វើដំណើរមកប្រទេសកម្ពុជា ដែលជាប្រទេសមួយ ពោរពេញទៅដោយភាពរន្ធត់ខ្លាំងបំផុតនៅក្នុងសតវត្សរ៍ទី២០។
លោកបឺកស្រ្តម ជាសមាជិកស្ថាបនិកម្នាក់ នៃសមាគមមិត្តភាពស៊ុយអែត-កម្ពុជា និងសហការីបីនាក់ទៀត ត្រូវបានថ្នាក់ដឹកនាំខ្មែរក្រហមអញ្ជើញឲ្យមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីឆ្នាំ(១៩៧៨)។
ក្នុងនាមជាអ្នកគាំទ្រលទ្ធិម៉ាកស៊ីស (កាល់ម៉ាក្ស) គណៈប្រតិភូត្រូវបានទទួលការជឿជាក់ និង ទទួលបានឱកាសដ៏កម្រ ពីសំណាក់ថ្នាក់ដឹកនាំរបបខ្មែរក្រហម ហើយបានឃើញនូវទស្សនវិស័យរបស់ប៉ុល ពតនិងសង្គមដ៏ល្អឥតខ្ចោះរបស់គាត់។ ក្រោយពេលទស្សនកិច្ចនាពេលនោះ ពួកខ្មែរក្រហមរំពឹងថា គណៈប្រតិភូរបស់លោក ហ្គុនណា បឺកស្រ្តម នឹងនិយាយពាក្យល្អៗអំពីប្រទេសកម្ពុជា។
ក្រោយពីដំណើរទស្សនកិច្ចរយៈពេលពីរសប្តាហ៍ដែលពោរពេញដោយការផ្សព្វផ្សាយព័ត៌មានជាផ្លូវការ ជំនួបជាមួយ«ប្រជាជនសាមញ្ញ» ដែលរៀបចំទុកជាមុន និងការបដិសេធរបស់មន្រ្តីជាន់ខ្ពស់ខ្មែរក្រហម ដែលថាអ្វីៗទាំងអស់សុទ្ធតែជាការយល់ខុសទៅលើរបបកម្ពុជាប្រជាធិបតេយ្យនោះ ក្រុមប្រតិភូទស្សនកិច្ចនៃប្រទេសស៊ុយអែត បានត្រឡប់ទៅអឺរ៉ុបវិញ ដោយនិយាយផ្ទុយពីអ្វីដែលជនភៀសខ្លួនកម្ពុជាបានលើកឡើង រួមមានការសម្លាប់រង្គាល ការធ្វើទារុណកម្ម និងការបង្អត់អាហារនៅពេញផ្ទៃប្រទេស។
ប្រវត្តិសាស្រ្ត អាចនឹងបញ្ជាក់ថាជនជាតិស៊ុយអែតជាអ្នកយល់ខុស បើទោះជាលោក បឺកស្រ្តម ផ្ទាល់ មិនបានទទួលស្គាល់នូវទង្វើអាក្រក់ របស់ខ្មែរក្រហម កាលពីឆ្នាំ១៩៧៩ក៏ដោយ គឺមួយឆ្នាំក្រោយពីលោកវិលត្រឡប់ពីប្រទេសកម្ពុជាវិញ។
ការត្រឡប់មកប្រទេសកម្ពុជានៅក្នុងឆ្នាំ២០០៨ គឺរយៈពេល៣០ឆ្នាំបន្ទាប់ពី ប៉ុលពត អញ្ជើញលោកមកធ្វើទស្សនកិច្ច លោក ហ្គុនណា បឺកស្រ្តម បានប្រឈមមុខនឹងបញ្ហាមនុស្សជាតិទាក់ទងនឹងអត្ថន័យនៃដំណើរទស្សនកិច្ច និងការសរសើររបស់លោក ចំពោះរបបដែលធ្វើឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាមួយភាគបួនបាត់បង់ជីវិត គឺប្រហែល ១,៧លាននាក់។ ទស្សនកិច្ចរបស់លោកនៅឆ្នាំ២០០៨ បានបង្កើតជាពិព័រណ៍មួយមានឈ្មោះ «ការទទួលទានអាហារពេលល្ងាច ជាមួយ ប៉ុល ពត» ដែលឆ្លុះបញ្ចាំងអំពីដំណើរទស្សនកិច្ចរបស់ប្រតិភូស៊ុយអែត កាលពីឆ្នាំ១៩៧៨។
នៅថ្ងៃទី១២ ខែកញ្ញា លោក ហ្គុនណា បឺកស្រ្តម បានមកភ្នំពេញម្តងទៀត។ លើកនេះ លោកបានចែករំលែកមេរៀនអំពីខ្មែរក្រហម នយោបាយមហាអំណាច និងអំពីអ្វីដែលបណ្តាលឲ្យប្រទេសកម្ពុជាទៅជាខូចខាតខ្លាំងបំផុតនោះ។
ចំណុចសំខាន់នៅក្នុងបឋកថារបស់បឺកស្រ្តម នាពេលថ្មីៗនេះ គឺតួនាទីនៃនយោបាយភូមិសាស្រ្តអន្តរជាតិ នៅក្នុងសោកនាដកម្មរបស់កម្ពុជា ជាពិសេសផលប្រយោជន៍យុទ្ធសាស្រ្តរបស់អាមេរិក ចិន និងសហភាពសូវៀត និងបែបផែនបញ្ហានេះជះឥទ្ធិពលដល់អ្វីបានកើតឡើងក្នុងប្រទេសកម្ពុជា ។
ផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេសមហាអំណាច បានបក់បញ្ឆេះភ្លើងជម្លោះនៅក្នុងប្រទេសកម្ពុជា ហើយសហគមន៍អន្តរជាតិមិនអាចពន្លត់ភ្លើងនេះបាន នៅពេលវាចាប់ផ្ដើមឆេះខ្លាំង។
លោកបឺកស្រ្តម បាននិយាយអំឡុងពេលធ្វើបឋកថានៅវិទ្យាស្ថានជាតិអប់រំ ថា៖ «ពេលនោះប្រទេសកម្ពុជា បានក្លាយជាចំណុចកណ្តាលនៃជម្លោះរវាងប្រទេសចិន និងសហភាពសូវៀត ហើយជាផ្នែកដោយសហរដ្ឋអាមេរិក... ប្រយោជន៍របស់ប្រជាជនកម្ពុជា បានរលាយបាត់សូន្យ»។
លោកមានប្រសាសន៍ថា សហគមន៍អន្តរជាតិបានដឹងថានៅឆ្នាំ១៩៧៨-៧៩ មានព្រឹត្តិការណ៍អាក្រក់កើតឡើងនៅក្នុងប្រទេសកម្ពុជាពេលដែលខ្មែរក្រហមចូលកាន់កាប់ ប៉ុន្តែពេលនោះសហគមន៍អន្តរជាតិអាចមិនមានលទ្ធភាពជួយ ឬគ្មានឆន្ទៈនឹងជួយក៏ថាបាន។
«នយោបាយមហាអំណាចធំៗ បញ្ឈប់សហគមន៍អន្តរជាតិនានាមិនឲ្យធ្វើអ្វីទាំងអស់»។
លោក បឺកស្រ្តម បាននិយាយថា មានសំឡេងជំទាស់មួយ គឺសមាជិកព្រឹទ្ធសភាអាមេរិក លោក George McGovern ដែលស្នើការធ្វើអន្តរាគមន៍របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែគំនិតលើកឡើងនេះ ប្រាកដជាត្រូវប្រទេសចិនបោះឆ្នោតជំទាស់ នៅក្នុងតួនាទីរបស់ខ្លួនជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាអ្នកគាំទ្រចម្បងទៅលើរដ្ឋាភិបាលខ្មែរក្រហមនៅក្រុងភ្នំពេញ។
លោកនិយាយថា៖ «មានការពិភាក្សាលើកឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក George McGovern ក្នុងការសុំឲ្យអង្គការសហប្រជាជាតិចូលវាយលុកប្រទេសកម្ពុជា និងជួយប្រជាជន ដែលនេះជាការវាយលុកក្នុងហេតុផលមនុស្សធម៌។ ប៉ុន្តែ ពិតណាស់ ប្រទេសចិននឹងធ្វើការបោះឆ្នោតជំទាស់មួយរំពេច»។
សាស្រ្តាចារ្យរងនៅមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles លោក អៀរ សុផល បាននិយាយថា លោក George McGovern ដែលជាសមាជិកព្រឹទ្ធសភា មានសំឡេងតែម្នាក់ឯងចំពោះការធ្វើអន្តរាគមន៍ក្នុងប្រទេសកម្ពុជា នៅពេលដែលអ្នកចេះដឹងនៅបស្ចឹមប្រទេសផ្សេងទៀត ជាអ្នកគាំទ្ររបបខ្មែរក្រហម។
លោក អៀរ សុផល បានឲ្យ VOA ដឹងថា៖ «សមាជិកព្រឹទ្ធសភា លោក George McGovern ដែលបានជំទាស់យ៉ាងខ្លាំងចំពោះសង្រ្គាមវៀតណាម គឺជាសំឡេងតែមួយ នៅក្នុងការធ្វើអន្តរាគមន៍ក្នុងប្រទេសកម្ពុជា ពីព្រោះគាត់បានដឹងថា មានរឿងអាក្រក់កំពុងកើតឡើង ប៉ុន្តែសមាជិកព្រឹទ្ធសភាម្នាក់នេះត្រូវគេសើចចំអកឲ្យទៅវិញ»។
លោកបឺកស្រ្តម និងសហការីរបស់គាត់ មិនមែនជាពួកលោកខាងលិចតែគត់មួយ ដែលគាំទ្រមនោគមវិជ្ជារបស់របប ប៉ុល ពត។
លោក អៀរ សុផលបានបន្ថែមថា អ្នកប្រាជ្ញវិទូនានា ដូចជា Noam Chomsky, Gareth Porter និង George Hildebrand បានអះអាងថា គ្មានអ្វីដែលអាក្រក់ខ្លាំងកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហមនោះទេ។
សហគមន៍អន្ដរជាតិ ក៏មានភាពយឺតយ៉ាវក្នុងការទទួលស្គាល់ថាអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មជាច្រើនផ្សេងទៀតបានកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយសារតែហេតុការណ៍ទាំងនោះ បានកើតឡើងឆាប់រហ័សខ្លាំងពេក បន្ទាប់ពីការបញ្ចប់សង្រ្គាមដ៏ធ្ងន់ធ្ងរនៅប្រទេសវៀតណាម ដែលនៅក្បែរគ្នានោះ។
លោក អៀរ សុផល មានប្រសាសន៍ថាសហគមន៍អន្តរជាតិនឿយហត់នឹងជម្លោះរាប់ទសវត្សរ៍ដែលកើតឡើងនៅក្នុងតំបន់នេះ និងបានចំណាយអស់«ប្រាក់កាស និងជីវិត អស់ជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ហើយមិនចង់ធ្វើអ្វីទាំងអស់ចំពោះប្រទេសកម្ពុជា»។
លោក បឺកស្រ្តម ក៏បានបន្ថែមថានៅក្នុងបឋកថារបស់លោកថា សហគមន៍អន្តរជាតិ បានដឹងពីអ្វីបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ប៉ុន្តែ គ្មានអ្នកណាចង់បូជាដើម្បីសង្រ្គោះប្រជាជនកម្ពុជាឡើយ។
លោកមានប្រសាសន៍ថា៖ «ពួកគេបានដឹង ប៉ុន្តែ ខ្ញុំមិនគិតថាវានឹងផ្លាស់ប្តូរច្រើនទេ ដោយសារពួកគេមិនបានលះបង់អំណាចនយោបាយរបស់ពួកគេដើម្បីជួយប្រជាជនកម្ពុជាឡើយ។ ខ្ញុំមិនគិតថាពួកគេហ៊ានលះបង់ឡើយ»។
នៅពេលប្រទេសវៀតណាមចូលឈ្លានពានប្រទេសកម្ពុជាក្នុងខែធ្នូ ឆ្នាំ១៩៧៨ របបខ្មែរក្រហមក៏បានទាក់ទងសម្ព័ន្ធមិត្តមិនសមទំនងជាមួយអាមេរិក ដែលផ្ដោតលើការពង្រីកវត្តមានសហភាពសូវៀត នៅអាស៊ីអាគ្នេយ៍។
លោក បឺកស្រ្តម និយាយថា ដោយមានចិត្តគិតពីយុទ្ធសាស្រ្តផលប្រយោជន៍ សហរដ្ឋអាមេរិក បានសម្រួលគោលនយោបាយរបស់ខ្លួន និងបានផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុទៅឲ្យខ្មែរក្រហម និងកម្លាំងផ្សេងៗទៀត ដែលបច្ចុប្បន្នមានមូលដ្ឋាននៅតាមព្រំដែនប្រទេសថៃ ក្រោយពីការចូលអន្តរាគមន៍របស់វៀតណាមមកក្នុងប្រទេសកម្ពុជា។ កងកម្លាំងខ្មែរក្រហម ថែមទាំងទទួលបានការបណ្ដុះបណ្តាលពីកងពិសេសៗរបស់អង់គ្លេសទៀតផង។
លោកនិយាយថា៖ «នៅពេលវៀតណាម ចូលឈ្លានពានកម្ពុជា ហើយប៉ុល ពតបានភៀសខ្លួនទៅប៉ែកបស្ចិមនៃប្រទេស ភ្លាមៗនោះសហរដ្ឋអាមេរិក បានផ្លាស់ប្ដូរគោលនយោបាយ និងបានផ្តល់ថវិកាដល់ ប៉ុល ពត។ គ្រប់យ៉ាងសុទ្ធតែអាចធ្វើទៅបាន ឲ្យតែមានលុយ និងអំណាច។ សត្រូវរបស់យើង ក្លាយជាមិត្តរបស់យើងភ្លាម មួយរំពេច។ កងបម្រើសេវាសម្ងាត់របស់ចក្រភពអង់គ្លេស បានបណ្ដុះបណ្ដាលទាហានខ្មែរក្រហម ដោយសារពួកគេកំពុងប្រយុទ្ធជាមួយភ្នាក់ងារសូវៀត។ វាជានយោបាយរបស់ប្រទេសអំណាចធំៗ»។
បន្ទាប់ពីការឈ្លានពានរបស់វៀតណាម លោក បឺកស្រ្តម និងសមាជិកប្រតិភូស៊ុយអែត ផ្សេងទៀត ដែលបានទស្សនកិច្ចនៅកម្ពុជា បានធ្វើយុទ្ធនាការផ្សព្វផ្សាយនៅអឺរ៉ុប ដើម្បីបណ្ដេញកងទ័ពរបស់រដ្ឋាភិបាលហាណូយ ចេញ និងឲ្យ ប៉ុល ពត ឡើងកាន់អំណាចវិញ។
យោងតាមការបង្ហាញនៅក្នុងពិព័រណ៍អាហារពេលល្ងាចជាមួយប៉ុល ពត បានបង្ហាញថាការគាំទ្ររបស់ស៊ុយអែត ចំពោះរបបប៉ុល ពត អាចជួយធ្វើឲ្យអន្តរជាតិមានការយល់ឃើញមិនច្បាស់លាស់អំពីអ្វីដែលបានកើតឡើងនៅកម្ពុជា ក្រោមរដ្ឋាភិបាលខ្មែរក្រហម។
ប្រហែលជាកិច្ចប្រឹងប្រែងជួយរបស់ស៊ុយអែត ធ្វើឲ្យអន្តរជាតិមួយចំនួន មើលឃើញថាខ្មែរក្រហមជាអ្នកគ្រប់គ្រងស្របច្បាប់ និងជាអ្នកតំណាងត្រឹមត្រូវរបស់ប្រទេសកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ជាតំណែងមួយដែលខ្មែរក្រហមដែលនៅនិរទេសតាមព្រំដែនថៃ បានកាន់អស់ជាច្រើនឆ្នាំ បន្ទាប់ពីត្រូវបានបណ្ដេញពីរដ្ឋអំណាចនៅទីក្រុងភ្នំពេញ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលធ្វើការស្រាវជ្រាវអំពីរបបខ្មែរក្រហម បានមានប្រសាសន៍ថា សហគមន៍អន្តរជាតិបានដឹងពីអ្វីកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងរបបប៉ុល ពត ប៉ុន្តែ មិនមានវិធីសម្រាប់ឆ្លើយតប។
និស្សិតសាកលវិទ្យាល័យទីក្រុងឡុងដ៍ លោកយ៉ិន រស្មីបាននិយាយថា អធិបតេយ្យភាពជាតិ គឺជាកក្តាសំខាន់មួយ ដែលត្រូវយល់ពីមូលហេតុដែលសហគមន៍អន្តរជាតិប្រើពេលយូរ ទើបដឹងអំពីអ្វីដែលបានឡើងនៅក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖ «ខ្ញុំគិតថា វាទាក់ទងនឹងបញ្ហាអធិបតេយ្យភាព ពីព្រោះនៅពេលនោះ ប៉ុល ពត ជាមនុស្សតែម្នាក់ដែលគ្រប់គ្រងប្រទេស។ មិនថាយ៉ាងណាទេ លោកខាងលិច ត្រូវតែគោរពអធិបតេយ្យភាពរបស់ប្រទេស»។
អ្នកឃ្លាំមើលតុលាការឧក្រិដ្ឋកម្មសង្រ្គាមខ្មែរក្រហម របស់អង្គការសិទ្ធិមនុស្សAdhoc លោកឡាត់ គីបាននិយាយថា អស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីការសម្លាប់រង្គាលរបស់ប៉ុល ពតនៅក្នុងប្រទេសកម្ពុជា សហគមន៍អន្តរជាតិ បានជួយបង្កើតតុលាការមួយ ស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះនៃរបបនេះ និងបានបង្ហាញពីការយកចិត្តទុកដាក់ដ៏យឺតយ៉ាវរបស់ខ្លួន ចំពោះមនុស្សរាប់លាននាក់ដែលបានស្លាប់នៅក្នុងរបស់នេះ។
លោកឡាត់ គីបានប្រាប់វីអូអេថា៖ «សហគមន៍អន្តរជាតិ ដឹងអំពីការរងទុក្ខរបស់ប្រជាជនកម្ពុជាជិតពីរលាននាក់ ដែលបានស្លាប់បាត់បង់ជីវិត»។
លោកឡាត់ គីបាននិយាយថា សហគមន៍អន្តរជាតិ ផ្ដល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់តុលាការនៅទីក្រុងភ្នំពេញ ដើម្បីធានាថាអតីតមេដឹកនាំនៃរបបនេះ មិនគេចផុតពីយុត្តិធម៌។
លោក បឺកស្រ្តម គឺជាមនុស្សម្នាក់ ក្នុងចំណោមពួកបស្ចិមប្រទេសមួយចំនួន ដែលជាអតីតអ្នកគាំទ្រខ្មែរក្រហម ដែលបានសារភាពជាសាធារណៈថាបានប្រព្រឹត្តកំហុសដ៏ធ្ងន់មួយ និងបានបង្ហាញពីការសោកស្តាយ។
លោកបានផ្ដល់ការពន្យល់ទាក់ទងនឹងបញ្ហាដែលធ្វើឲ្យការវិនិច្ឆ័យរបស់លោកមានភាពស្រពេចស្រពិល កាលពីឆ្នាំ១៩៧៨កន្លងទៅនោះ នៅពេលដែលលោកជាភ្ញៀវរបស់ប៉ុល ពត។
នៅក្នុងពិព័រណ៍អាហារពេលល្ងាចជាមួយប៉ុល ពត លោកនិយាយថា៖ «មើលត្រឡប់ទៅវិញ ខ្ញុំគិតថា ដំណើរទស្សនកិច្ចទាំងមូល គឺជាការរៀបចំទាំងស្រុង ហើយយល់ថាយើងមិនគួរទទួលយកការធ្វើដំណើរនេះសោះឡើយ។ វានៅតែជាមន្ទិលសម្រាប់ខ្ញុំថាពួកយើងត្រូវបានគេបោកបញ្ឆោត... យើងត្រូវស្នាមញញឹមបោកបញ្ឆោត ប៉ុន្តែ ភាគច្រើនគឺដោយសារមកពីការមើលដោយប្រើចក្ខុលទ្ធិម៉ៅរបស់ពួកយើង»៕
ប្រែសម្រួលដោយ សើ សាយ្យាណា