មួយសប្ដាហ៍ក្រោយការបោះឆ្នោតនៅកម្ពុជាដែលមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានហៅការបោះឆ្នោតមួយនេះថា«ជាការខកចិត្ត»។
ប្រទេសជប៉ុនដែលបានគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរក្សាភាពស្ងៀមស្ងាត់ បន្ទាប់ពីការបោះឆ្នោត។ ជប៉ុនបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា កាលពីការបោះឆ្នោតឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ និងឆ្នាំ២០០៨ ប៉ុន្តែមិនបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះទេ។
បើយោងតាមទូរទស្សន៍ NHK របស់ជប៉ុន រដ្ឋមន្ត្រីការបរទេសជប៉ុនគឺលោកTaro Kono បានសម្ដែងនូវការព្រួយបារម្ភលើការបោះឆ្នោតនៅកម្ពុជា នៅចំពោះមុខសមភាគីរបស់លោក គឺលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំមួយនៅប្រទេសសិង្ហបុរី កាលពីថ្ងៃសៅរ៍។
លោក Taro Kono ត្រូវបានដកស្រង់សម្ដីថា៖ «ខ្ញុំបានប្រាប់លោក ប្រាក់ សុខុន ថាលទ្ធផលបោះឆ្នោត គឺជាការខកចិត្តមួយតាមផ្លូវច្រើនយ៉ាង ខណៈសន្លឹកឆ្នោតជាច្រើនត្រូវបានចាត់ទុកថាមិនបានការ បើទោះជាប្រទេសជប៉ុន បានផ្ដល់ការគាំទ្ររបស់ខ្លួន ដើម្បីធានាថាការបោះឆ្នោតបង្ហាញពីឆន្ទៈរបស់អ្នកបោះឆ្នោតក៏ដោយ»។
លោកក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បន្តនូវដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយបង្កើតនូវបរិយាកាសសម្រាប់ការពិភាក្សាជាមួយគណបក្សប្រឆាំង។
បើយោងតាមទូរទស្សន៍ NHK លោក ប្រាក់ សុខុន បានឆ្លើយតបវិញថា ប្រទេសរបស់លោក បានដំណើរការការបោះឆ្នោតដោយប្រជាធិបតេយ្យ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការបោះឆ្នោត គឺដើម្បីផលប្រយោជន៍កម្ពុជា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងតម្លៃរបស់កម្ពុជា។
លោកបានថ្លែងប្រាប់ VOA ថា៖ «នេះគឺជាជម្រើសលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា មិនមែនជាជម្រើសរបស់បរទេសក្នុងការសម្រេចចិត្តទេបាទ»។
លោកបានបន្ថែមថា ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន គឺដើម្បីប្រយោជន៍សម្រាប់យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាជប៉ុនគ្រាន់ធ្វើដើម្បីជារឿងនយោបាយទេ ប៉ុន្តែជាក់ស្ដែងជប៉ុននៅតែជាភាគីដៃគូអភិវឌ្ឍន៍ ភាគីដៃគូកិច្ចសន្ទនារវាងប្រជាជាតិទាំងពីរល្អ សហប្រតិបត្តិការល្អ។ ខ្ញុំចង់និយាយរឿងនយោបាយ ដែលនយោបាយកំពុងតែកៀងគរឲ្យមានប៉ូលដែលហៅថាGeopolitics យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ដែលកំពុងតែអូសទាញបង្កើតឲ្យមានភូមិសាស្ត្រនយោបាយ ដែលគេចង់យកកម្ពុជាជាអាយ៉ងរបស់ប្រទេសនោះឯង»។
នៅមុនការបោះឆ្នោត ប្រជាជនកម្ពុជាដែលរស់នៅប្រទេសជប៉ុន សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប បានតវ៉ាជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យរដ្ឋាភិបាលជប៉ុន មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។
ការគំរាមកំហែង និងការបំភិតបំភ័យទៅលើប្រជាជនដែលមិនទៅបោះឆ្នោត ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ក្នុងនោះក៏រួមមានការគំរាមមិនផ្តល់សេវាសាធារណៈដល់ពួកគេ ប្រសិនបើពួកគេមិនទៅបោះឆ្នោតផងដែរ។ យុទ្ធនាការ«ម្រាមដៃស្អាត»របស់អតីតមន្ត្រីបក្សប្រឆាំងក្នុងការជំរុញកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក៏ត្រូវបានមើលឃើញថាជាការគាបសង្កត់ផងដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតបឋមថា ចំនួនប្រជាជនទៅបោះឆ្នោតមានដល់ទៅជិត៨៣ភាគរយ ខណៈសន្លឹកឆ្នោតមិនបានការមានដល់ទៅជិត៦០ម៉ឺនសន្លឹក។ គណបក្សប្រជាជនកម្ពុជា ទំនងនឹងឈ្នះអាសនៈរដ្ឋសភាទាំង១២៥។
គួរបញ្ជាក់ថា ក្រោយការបោះឆ្នោត សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី និងប្រទេសកាណាដា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានថ្កោលទោសចំពោះការបោះឆ្នោតនៅកម្ពុជា ដែលមិនមានវត្តមានគណបក្សប្រឆាំងចូលរួម។ ពួកគេលើកឡើងថា ការបោះឆ្នោតមួយនេះមិនមានការប្រកួតប្រជែង និងមិនបានបំពេញតាមឆន្ទៈរបស់ប្រជាពលរដ្ឋទេ។
ទោះជាយ៉ាងណា ប្រទេសចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កម្ពុជា បានគាំទ្រលទ្ធផលបោះឆ្នោតមួយនេះ។ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានពោលសរសើរពីការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជា។
លោកGeng Shuangបានថ្លែងថា៖ «ក្នុងនាមជាអ្នកជិតខាង និងជាមិត្តដ៏ល្អរបស់កម្ពុជា ប្រទេសចិនសូមអបអរដោយស្មោះស្ម័គ្រចំពោះប្រទេសកម្ពុជា ដែលបានរៀបចំដោយជោគជ័យនូវការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ និងសូមអបអរគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកប្រធាន ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត»។
លោកបានបញ្ជាក់បន្ថែមថា៖ «ការបោះឆ្នោតរដ្ឋសភាគឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងជាព្រឹត្តិការណ៍មួយដ៏ធំក្នុងឆាកជីវិតនយោបាយរបស់ប្រជាជនកម្ពុជាគ្រប់រូប»៕