ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខេត្ត​សៀមរាប​បង្ហាញ​ក្ដី​មន្ទិល​ចំពោះ​ចំនួន​នៃ​អ្នក​បាន​បោះឆ្នោត​ជាង​៨០​ភាគ​រយ


ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅការិយាល័យបោះឆ្នោតមួយ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)
ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅការិយាល័យបោះឆ្នោតមួយ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)

ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​អំពី​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត បាន​ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​ខ្លះ​និង​គណបក្ស​នយោបាយ ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ ហាក់​ដូចជា​មិន​អាច​ទទួលយក​បាន ​ក៏​ប៉ុន្តែ​ គណបក្ស​ឈ្នះ​ឆ្នោត​និង​មន្ត្រី​របស់ គ.​ជ.​ប បាន​អះអាង​ថា​នេះ​គឺ​ជា​ចំនួន​ពិតប្រាកដ​ដែល​មាន​ភស្តុតាង​បញ្ជាក់​ត្រឹមត្រូវ។

ជ័យជម្នះ​ភ្ល្លូកទឹកភ្លូកដីរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យកន្លង​ទៅ​មិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​ក្នុង​ខេត្ត​សៀមរាប​ មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ​ ​ក៏​ប៉ុន្តែប្រជាពលរដ្ឋ​ខ្លះ​ទៀត​ក្នុង​ខេត្ត​ទេសចរណ៍​នេះ​ ​បាន​ដាក់​មន្ទិល​និង​បង្ហាញ​ពី​ការ​ពិបាក​ក្នុង​ការ​ទទួល​យក​បាន​នូវ​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ជាង​៨០​ភាគរយ​ទៅ​វិញ។​

ខេត្ត​សៀមរាប​មាន​ ​ឃុំ​ចំនួន​ ​១០០​ ​ស្រុក​ចំនួន​១១​ ​និង​ក្រុង​ចំនួន​មួយ ​ដែល​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​១៤៧៣ការិយាល័យ​ ហើយ​មាន​ប្រជា​ពល​រដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​មក​នេះ​ប្រមាណ​ជាង​៧៨​ភាគ​រយ​នៃ​អ្នក​ដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចំនួន​៥៣៥.៥២១នាក់​នៅ​ក្នុង​ខេត្ត​នេះ។

​សន្លឹក​ឆ្នោត​មិន​បាន​ការ មាន​ចំនួន​ប្រហែល​ជាង​៣ម៉ឺន​សន្លឹក​ពោល​គឺ​ប្រមាណ​ជា​៧​ភាគរយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​សរុប​ទាំង​អស់។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

​លោក​ ​រស់ កែវ​ ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​របស់​លោក​ ដើម្បី​រង់ចាំ​ដឹក​ភ្ញៀវ​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​អោយ​ដឹង​ថា​លោក​ឆ្ងល់​មែន​ទែន​ដែល​មាន​ការ​ប្រកាស​ថា​ចំនួន​អ្នក​ចូល​រួម​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​បែប​នេះ។

​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​មិត្តភ័ក្ដិ​២​នាក់​ផ្សេង​ទៀត​ ​ដែល​ម្រាម​ដៃ​គ្មាន​ស្នាម​ជ្រលក់​ទឹក​ថ្នាំ​បោះ​ឆ្នោត​នោះ ​ពល​រដ្ឋ​វ័យ​៤០ឆ្នាំ​រូប​នេះ​បាន​អោយ​ដឹង​ថា​ ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់​ មិន​បាន​ចូល​រួម​បោះ​ឆ្នោត​នោះ​ទេ​ ​ហើយ​ក៏​មិន​ខ្លាច​ពី​ការ​គំរាមកំហែង​អ្វី​ដែរ។​

«យើង​មើល​ឃើញ​ភាព​ជាក់​ស្ដែង​តិច​ជាង​អាណត្តិ​មុន​ តិច​ជាង​ចង់​ពាក់​កណ្ដាល​និយាយ​ទៅ​ព្រោះ​ពី​មុន​ដល់​ម៉ោង​១​ ឬ​២​អី​ នៅ​តែ​មាន​អ្នក​ទៅ​បោះ​ឆ្នោត​ឡើង​ណែន។ ដល់​ពេល​នេះ ​ត្រឹម​ម៉ោង​៩ ​ឬ​១០ ​អស់​រលីង​ នៅ​ទៅ​ម្នាក់ៗ ​យើង​មើល​ពី​អាណត្តិ​មុន​ ឬ​ក៏​បោះ​ឆ្នោត​ឃុំ​សង្កាត់​អីចឹង​ប្រជា​ជន​ អារម្មណ៍​របស់​គាត់​ម្នាក់​ៗ​ សម្រេច​ថា​នឹង​ទៅ​ តែ​ពេល​នេះ​ប្រជាជន​ធម្មតា ​អត់​ចាប់​អារម្មណ៍​ចឹង​ ដូច​សឹង​តែ​ថា​ដូច​អត់​មាន​ការ​បោះ​ឆ្នោត​ចឹង»។

ទិដ្ឋភាពដ៏ស្ងប់ស្ងាត់មួយ នៅការិយាល័យបោះឆ្នោតមួយ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)
ទិដ្ឋភាពដ៏ស្ងប់ស្ងាត់មួយ នៅការិយាល័យបោះឆ្នោតមួយ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)

ជា​មួយ​គ្នា​នេះ​ដែរ​លោក​ ​ប៊ុន លី​ ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប​ ក៏​បាន​អោយ​ដឹង​ដែរ​ថា​ការ​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​បែប​នេះ​គឺ​ពិត​ជា​គ្មាន​អ្វី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​នោះ​ទេ ​តែ​អ្វីដែល​គួរ​ឱ្យ​ងឿង​ឆ្ងល់​នោះ ​គឺ​ការ​ចូល​រួម​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំនួន​ច្រើន​មិន​គួរ​អោយ​ជឿ។​

លោក​ ​ប៊ុន លី​ ​បាន​អោយ​ដឹង​បន្ថែម​ថា​ ទោះ​បី​ជា​ការ​ប្រកាស​ពី​ចំនួន​ដ៏​ច្រើន​នៃ​អ្នក​ចូល​រួម​បោះឆ្នោត​ក៏​ដោយ ក៏​សន្លឹក​ឆ្នោត​ឥត​បាន​ការ​ ​គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​ពិបាក​ទទួល​យក​បាន​ណាស់។

«និយាយ​ទៅ​បើ​ជា​លទ្ធ​ផល​ដែល​ខាង​គណ​បក្ស​កាន់​អំណាច​គាត់​ឈ្នះ​ហ្នឹង​ លទ្ធផល​អត់​មាន​ការភ្ញាក់​ផ្អើល​ទេ។ នេះ​ចំនួន​ដែល​ភាគ​រយ​អ្នក​ដែល​ទៅ​ចូល​រួម​បោះ​ឆ្នោត​ហ្នឹង ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ចឹង ​បើ​តាម​យើង​សង្កេត​មើល​ចំនួន​វា​មិន​ដល់​ហ្នឹង​ទេ»។​

ចំណែក​ ​លោក​ ​សាន់ នី​ ​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប​បាន​អះ​អាង​ដែរ​ថា តាម​ការ​អង្កេត​របស់​លោក​ នៅ​ថ្ងៃ​បោះឆ្នោត មិន​តិច​ជាង​១០​ការិយាល័យ​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ម៉ោង​បិទ​នៃ​ការ​បោះ​ឆ្នោត ​ប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​ មាន​ចំនួន​តិច​ហួស​ពី​ការ​នឹក​ស្មាន។

លោក​បាន​បញ្ជាក់​ថា​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​អំពី​ចំនួន​អ្នក​ចូល​រួម​ការ​បោះ​ឆ្នោត​និង​ការ​ពិត​ដែល​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក ហាក់​ដូច​ជា​ខុស​គ្នា​ឆ្ងាយ។

«ចឹង​តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ខ្ញុំ​ធ្លាប់​ជួប​ គាត់​សម្តែង​ការ​ងឿងឆ្ងល់​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​ វា​ហាក់​ដូច​ជា​មាន​សភាព​ស្ងប់​ស្ងាត់​ខ្លាំង​បើ​ប្រៀប​ធៀប​ទៅ​នឹងអាណត្តិ​មុន​ៗ ​បន្ទាប់​ពី​បាន​ឮដំណឹង​អំពី​លទ្ធ​ផល​របស់ ​គ ​ជ ប​ ចំពោះ​ភាគ​រយ​នៃ​អ្នក​ទៅ​បោះឆ្នោត​វា​ហាក់​ដូច​ជា​មិន​សម​តុល្យ​ឬតុល្យ​ភាព​ជា​មួយ​នឹង​សភាព​ពិតដែល​យើង​មើល​ឃើញ​នឹងភ្នែក»។

​ប្រជា​ពលរដ្ឋ​ដែល​ប្រកប​មុខ​របរ​រស់នៅ​លក់ដូរ​នៅ​មុខ​មណ្ឌល​បោះ​ឆ្នោត​មួយ​ចំនួន​សុទ្ធ​តែ​បាន​អោយ​ដឹង​ ​ស្រដៀងៗ​គ្នា​ថា​អ្នក​ចូល​រួម​បោះ​ឆ្នោត​លើក​នេះ​ ពិត​ជា​មិន​មាន​ភាព​អ៊ូអរ​ដូច​ឆ្នាំ​កន្លង​មក​នោះ​ទេ។​

​លោក​ ​ឃុន សាវឿន​ ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រចាំ​ខេត្ត​សៀមរាប​ បាន​សំដែង​ការ​មិន​ទទួល​ស្គាល់​ពី​ចំនួន​អ្នក​ទៅ​ចូល​រួម​បោះ​ឆ្នោត​ដូច​ជា​ប្រជា​ពលរដ្ឋ​មួយ​ចំនួនផង​ដែរ។

លោក​បាន​បន្ថែម​ថា​ការ​បោះ​ឆ្នោត​នេះ​ ហាក់​ដូច​ជា​ពិបាក​ទទួល​យក​ទាំង​ចំនួន​អ្នក​ចូលរួម ទាំង​នីតិវិធី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ជាដើម។​

«អ្នក​ដែល​ចេញ​ទៅ​វា​អត់បានដូច​អ្វី​ដែល​គេ​ប្រកាស​ សូម្បី​តែ​ប្រជា​ជន ​និង​យើង​មើល​ឃើញ​ជាក់​ស្ដែង ​ហើយ​ខ្ញុំ​ក៏​ជិះ​ដើរ​មើល​ខ្លួន​ឯង​ទៅ​ ក៏​ឃើញ​ថា​វា​អត់​ដល់​៧៨​ភាគ​រយ​ហ្នឹង​ទេ។ ចឹង​បាន​ជា​គ្មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​លទ្ធ​ផល​ហ្នឹង​ណា»។

នៅ​ក្នុង​ខេត្ត​សៀមរាប​ តាម​ការសង្កេត​របស់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​អះ​អាង​ថា​ចំនួន​អ្នក​ចូល​រួម​បោះ​ឆ្នោត​នៅ​ចន្លោះ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១០​ព្រឹក​មាន​ចំនួន​ច្រើន​សម​ល្មម ​តែ​ចាប់​ពី​នោះ​មក​ ​មាន​សភាព​ស្ងប់​ស្ងាត់​ ​ហើយ​ស្ទើរ​គ្រប់​តំបន់​នៅ​ក្នុង​ខេត្ត​សៀម​រាប​មាន​ភ្លៀង​ ធ្លាក់​ចាប់​ពី​ម៉ោង​១រសៀល​រហូត​ដល់​ល្ងាច។​

នៅ​វេលា​ម៉ោង​ត្រឹម​១១​ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​បោះឆ្នោត ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បាន​ប្រកាស​អោយ​ដឹង​ថា​ប្រជា​ពល​រដ្ឋ​ដែល​មក​ចូលរួម​បោះ​ឆ្នោត​នៅ​ខេត្ត​សៀមរាប​ មាន​ចំនួន​៥៥​ភាគ​រយ។

លោក​ ​សុខ ឥសាន អ្នកនាំ​ពាក្យ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អោយ​ដឹង​ថា​ ​ទាំង​ចំនួន​អ្នក​ទៅ​ចូល​រួម​បោះ​ឆ្នោត ​ទាំង​លទ្ធ​ផល​បោះ​ឆ្នោត​ ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​ច្បាស់លាស់​ពី​អ្នក​សង្កេត​ការណ៍​ជាតិ​ ​អន្តរ​ជាតិ​និង​ក្រុម​អ្នក​នយោបាយ​ដែល​បាន​ចូល​រួម​ប្រកួតប្រជែង។

លោក​បាន​បញ្ជាក់​ថា​ការ​យល់​ឃើញ​របស់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​នោះ​គឺ​គ្រាន់​តែ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​អត្តនោម័តិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​

«ការ​មាន​មតិ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ឯក​ជន​របស់​គាត់​ទេ។​ បញ្ហា​សំខាន់ ​គេ​ផ្អែក​ទៅ​លើ​ចំនួន​តួ​លេខ​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​នៅ​ក្នុង​ហឹប​ឆ្នោត»។

ទោះ​បី​ជា​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​របស់​អ្នក​នយោបាយ​ក្នុង​ការ​អំពាវ​នាវ​អោយ​ប្រជា​ពល​រដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​អោយ​បាន​ច្រើន​និង​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​បោះ​ឆ្នោត​យ៉ាង​ណា​ក៏​ដោយ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​លទ្ធផល​បឋម​ថា​អ្នក​ចូល​រួម​បោះ​ឆ្នោត ​មាន​ប្រមាណ​ជាង​៨០​ភាគ​រយ​នៅ​ទូ​ទាំង​ប្រទេស។

នៅ​ក្នុង​កម្ម​វិធី​ ​«Hello VOA»​ ​ពិសេស​របស់​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​លោក​ សម រង្ស៊ី​ ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​លោក​មិន​អាច​ទទួល​យក​បាន​នូវ​តួលេខ​នៃ​ចំនួន​ពលរដ្ឋ​ដែល​ចេញ​មក​អ្នក​បោះ​ឆ្នោត​ជាង​៨០​ភាគ​រយ​ទូទាំង​ប្រទេស​នោះ​ទេ​ ​ដោយ​លោក​ហៅ​ចំ​នួន​នោះ​គឺ​ជា «ចំនួន​ក្លែងក្លាយ»។​

លោក​ ​មាស​ នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯក​រាជ្យ ​បាន​មាន​ប្រ​សាសន៍​ប្រាប់VOAថា​ចំនួន​អ្នក​ទៅ​ចូល​រួម​បោះ​ឆ្នោត​និង​សន្លឹក​ឆ្នោត​ឥត​បាន​ការ​គឺ​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

«សម្រាប់​ទិន្នន័យ​នៃ​ចំនួន​អ្នក​ទៅ​ចូល​រួម​បោះ​ឆ្នោត​ ចំនួន​ប៉ុន្មាន​ ហើយ​សន្លឹក​ឆ្នោត​មិន​បាន​ការ​ប៉ុន្មាន​នោះ​ យើង​មាន​ការ​ពិបាក​បន្តិច ​ក្នុង​ការ​ផ្ដល់​ជំនឿ​ទៅ​លើ​ទិន្នន័យ​ហ្នឹង ​មិន​មែន​មាន​ន័យ​ថា​គ​ ជ ​ប ​ហ្នឹង​មិន​ឯក​រាជ្យ​ទេ​ ក៏​ប៉ុន្តែដោយ​សារ​យើង​បាត់​នូវ​អ្នក​សង្កេត​ការណ៍​ដែល​ឯក​រាជ្យ​ដែល​អាច​អោយ​យើង​ទុក​ចិត្ត​ថា​អ្វី​ដែល​ចំនួន​គេ​អោយ​ជា​ចំនួន​ពិត​ប្រាកដ។ អញ្ចឹង​ធ្វើ​អោយ​ការ​ប្រកាស​នូវ​ទិន្នន័យ ​វា​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ពិបាក​នឹង​ជឿ​យក»។

​ក៏ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ជុំ​វិញ​ការ​រិះ​គន់​ទាំង​នេះ​ លោក​ ​នឹម វ៉ាន់សំ​ ​ប្រធាន​គណៈកម្មាធិការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រចាំ​ខេត្ត​សៀម​រាប​ បាន​អោយ​ដឹង​ថា​ការ​ប្រកាស​ចំនួន​អ្នកចូលរួម​បោះ​ឆ្នោត​និង​លទ្ធផល​នៃ​ការបោះឆ្នោត​គឺ​ធ្វើ​ឡើង​ដោយ​ភាព​សុក្រឹត​ ​និង​មាន​ភស្តុ​តាង​សន្លឹក​ឆ្នោត​អ្នក​ចូលរួម​បោះ​ឆ្នោត​ត្រឹមត្រូវ។

«ខ្ញុំ​កាន់​ការងារ​នេះ​យូរ​ហើយ​ មិន​ដែល​ធ្វើ​ចឹង​កើត​ទេ ​បាន​ប៉ុន​ណា​គឺ​ប៉ុណ្ណឹង​ហើយ។ បើ​អ្នក​សង្កេតការណ៍​ គេ​នៅ​មើល​របស់​គេ​ដែរ​ ពី​ព្រោះ​មិន​អាច​បំផ្លើស​ការ​ពិត​បាន​ទេ។ សន្លឹក​ឆ្នោត​កាន់​នៅ​ហ្នឹង​ដៃ​ ហើយ​បើក​មើល​អោយ​រាប់​ទាំង​អស់​គ្នា​បាន​ការ​ប៉ុន្មាន​ មិន​បាន​ការ​ប៉ុន្មាន ​តាម​ដំណើរ​ការ​ជាក់​ស្ដែង​ ឃើញ​ប៉ុណ្ណា​ថា​ប៉ុណ្ណឹង។ ត្រូវ​តែ​មាន​សង្ឃឹម​ថា​កុំ​អោយ​ចេះ​តែ​ថា​គេ​មាន​ចេតនា​បន្លំ ដូច្នេះ​ត្រូវ​មាន​ការ​ជឿ​ជាក់​លើ​ គ​.ជ.​ប ​ចាត់​ចែង​លើ​រឿង​នេះ​ផង»។

ខេត្ត​សៀម​រាប​មាន​៦​អាសនៈ ហើយ​មាន​គណ​បក្ស​នយោបាយ​ចំនួន​១៨​ ​បាន​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​អាទិត្យកន្លង​មក​នេះ ។

​ការ​ប្រកាស​ជា​បឋម​ក្រៅ​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រចាំ​ខេត្ត​សៀមរាប​ បាន​អោយ​ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​គ្រប់​គ្រង​អាសនៈទាំង​អស់​នៅ​ក្នុងខេត្ត​នេះ។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៥​កាល​ពី​ឆ្នាំ​ ​២០១៣​ មាន​អ្នក​ចូល​រួម​បោះ​ឆ្នោត​ប្រមាណ​ជាង​៦៨​ភាគ​រយ​ប៉ុណ្ណោះ ​ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​នោះ​ទទួល​បាន​២​អាសនៈ ចំណែក​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន៤​អាសនៈ។​

​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៣​កន្លង​ទៅនៅ​ខេត្ត​សៀមរាប​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជោគជ័យ​ចំនួន​៩៨​ឃុំ​ ​ហើយ​ ​២​ឃុំ​បាន​ទៅ​លើ​គណបក្ស​ សម រង្ស៊ី​ ដែល​បន្ទាប់មក​រួម​បញ្ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ។​ក៏ប៉ុន្តែ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ ​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់​អាណត្តិ​ទី៤​កន្លង​ទៅ គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​នោះ ​បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ​រហូត​ទទួល​បាន​៥៦​សង្កាត់​ ​ក្នុង​ចំណោម ​ឃុំ-សង្កាត់​ចំនួន​១០០​នៃ​ខេត្ត​សៀមរាប។​ ​ចំណែក​ឯ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ត្រឹមតែ​៤៤​ ​សង្កាត់​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG