ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល៖ រូង​ក្រោម​ដី​នឹង​ត្រូវ​កម្ទេច​ទោះ​មាន​ឬ​គ្មាន​បទ​ឈប់​បាញ់​ក្តី


លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​​នៅ​ក្រុង​ Tel Aviv កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​​នៅ​ក្រុង​ Tel Aviv កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu ​និយាយ​ថា​ កងទ័ព​ប្រទេស​របស់​លោក​នឹង​កម្ទេច​បណ្តាញ​រូង​ក្រោម​ដីឆ្លង​កាត់​ព្រំដែនដោយ​មាន​ឬ​គ្មាន​បទ​ឈប់​បាញ់​គ្នា។

លោក Netanyahu ​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​គណៈរដ្ឋមន្រ្តី​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ​លោក​នឹង​មិន​សុខ​ចិត្ត​ទទួល​យក​កិច្ច​ព្រមព្រៀង​ណា​មួយ​ដែល​នឹង​រារាំងអ៊ីស្រាអែល​មិន​ឲ្យ​បញ្ចប់​អ្វី​ដែល​ខ្លួន​បាន​និយាយថា ​ជា​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការរបស់​ខ្លួន​នៅ​ក្នុង​តំបន់ Gaza Strip។ មន្រ្តី​ការពារ​ប្រទេស​ម្នាក់​បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា ​កងទ័ព​អ៊ីស្រាអែល​ជិត​បាន​សម្រេច​នៅ​ក្នុង​ការ​កម្ទេច​រូង​ដីទាំងអស់​ដែល​ត្រូវ​បាន​ប្រើប្រាស់ដោយ​ក្រុម​ហាម៉ាស។

ពួក​យោធា​ក៏​បាន​ប្រកាស​ដែរ​ថា ​ខ្លួន​កំពុង​កោះ​ហៅ​ទាហាន​បម្រុង​ចំនួន​១៦.០០០​នាក់​ នៅ​ពេល​ដែលជម្លោះ​បន្ត​ចូល​ថ្ងៃ​ទី​២៤​ដោយ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​និង​ការ​បាញ់​ផ្តក់​ពី​រថក្រោះ​កាន់​តែ​ខ្លាំងឡើង។ អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​កក្កដា ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែតចេញ​ពី​តំបន់​ Gaza Strip។ ​ចាប់​តាំង​ពី​ពេល​នោះ​មក ​ជម្លោះ​នោះ ​បាន​សម្លាប់​មនុស្ស​ជាង​១.៣០០​នាក់នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន​ហើយ​នឹង​ទាហាន​អ៊ីស្រាអែល​៥៦​នាក់។

មន្ត្រី​យោធា​អ៊ីស្រាអែល​បង្ហាញ​រូង​ក្រោម​ដី​មួយ​ដល់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៤។
មន្ត្រី​យោធា​អ៊ីស្រាអែល​បង្ហាញ​រូង​ក្រោម​ដី​មួយ​ដល់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៤។

អ៊ីស្រាអែល​បាន​បញ្ជូន​បេសកជន​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ដើម្បី​ពិភាក្សា​ពី​លទ្ធភាពនៃ​ការ​ឈប់​បាញ់​គ្នា។ ​រហូត​មក​ទល់​ពេល​នេះ កិច្ចខំ​ប្រឹង​ប្រែង​អន្តរជាតិ​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ​មិន​បាន​ទទួល​ជោគជ័យ​ទេ ​រួម​មាន​ផែនការ​ពី​ដំបូង​របស់​អេហ្ស៊ីប​ដែល​គេ​មិន​ដែល​បាន​អនុវត្ត។

​នៅ​ពេល​ដែល​អំពើ​ហិង្សា​ បន្តរហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អង្គការ​សហប្រជាជាតិ ​បាន​រាយការណ៍ពី​ជនជាតិ​ប៉ាឡេស្ទីន​ប្រហែល​១៥.០០០​ពាន់​នាក់ ​កំពុង​ស្វះ​ស្វែងរក​ជ្រក​ពួន​នៅ​ក្នុង​ជម្រក​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​តំបន់ Gaza។ ​កាល​ពី​យប់​ថ្ងៃ​ពុធ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​យល់​ព្រម​លក់​គ្រាប់​រំសេវ​ទៅ​ឲ្យ​អ៊ីស្រាអែល។ ​អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ និយាយ​ថា ​ការ​លក់​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិកដល់​សន្តិសុខ​របស់​អ៊ីស្រាអែល។

​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នោះ ​សេតវិមាន​បាន​ថ្កោល​ទោស ​ការ​បាញ់​ផ្តក់​ដាក់​សាលារៀន​មួយ​កន្លែង​ដែល​រៀបចំ​ចាត់​ចែង​ដោយ​អង្គការ​សហប្រជាជាតិដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៥​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១០០​នាក់​រងរបួស។

សេតវិមាន​មិន​បាន​ស្តី​បន្ទោស​ភាគី​ណា​មួយ​ចំពោះ​ការ​បាញ់​ផ្តក់​កាល​ពី​ថ្ងៃ​ពុធ​ទេ។ ​ក៏ប៉ុន្តែ​មន្រ្តី​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ ​អ៊ីស្រាអែល​ជា​អ្នក​ទទួល​ខុសត្រូវ៕

XS
SM
MD
LG