ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មាន​អាមេរិក៖ ​មន្ត្រី​អ៊ីស្រាអែល​និង​អាមេរិក​ថា អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​អ៊ីរ៉ង់ 


បុរសម្នាក់ចុះម៉ូតូកាត់ផ្ទាំងផ្សាយពាណិជ្ជកម្មដែល​បង្ហាញពី​មីស៊ីលអ៊ីរ៉ង់នៅតេហេរ៉ង់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ (AFP)
បុរសម្នាក់ចុះម៉ូតូកាត់ផ្ទាំងផ្សាយពាណិជ្ជកម្មដែល​បង្ហាញពី​មីស៊ីលអ៊ីរ៉ង់នៅតេហេរ៉ង់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ (AFP)

ប្រទេស​អ៊ីស្រាអែលបាន​ធ្វើការ​វាយប្រហារនៅ​មុន​ថ្ងៃ​រះ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ម៉ោង​នៅ​ក្នុង​ស្រុក។ នេះ​បើ​យោង​លើការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មានអាមេរិក​ ដែល​បាន​ស្រង់​សម្តី​មន្ត្រី​អ៊ីស្រាអែល​និងអាមេរិក​ដោយ​មិន​បញ្ចេញ​ឈ្មោះ។

កាសែត​The New York Times និង​កាសែត Washington Post របស់​អាមេរិក​ បាន​ស្រង់​សម្តី​មន្ត្រី​អ៊ីស្រាអែល​ ដោយបាន​និយាយ​ថា​ អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាសមួយ​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ មន្ត្រី​អាមេរិក​មួយ​ចំនួន​ត្រូវ​បាន​ស្រង់​សម្តីដោយ​សារព័ត៌មាន​ជា​ច្រើន​ថា​ បានហៅ​ការ​វាយប្រហារ​នោះថា​ ជា​ការ​បាញ់​គ្រាប់​មីស៊ីលរបស់​អ៊ីស្រាអែល។ ​ ​

ទីតាំង​ឬ​គោលដៅ​នៃ​ការ​វាយប្រហាររបស់​អ៊ីស្រាអែល​ទៅ​លើ​អ៊ីរ៉ង់​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​ដឹង​ភ្លាមៗ​នោះ​ឡើយ។ ​

ប្រហែល​មួយ​ម៉ោង​ក្រោយ​ការ​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់នេះ​ ​អ្នក​នាំ​ពាក្យ​យោធា​អ៊ីស្រាអែល​មួយ​រូប ដែលត្រូវ​បាន​វីអូអេ​ទាក់ទង​សាកសួរបាន​និយាយ​ថា​ ​លោក​គ្មាន​អត្ថាធិប្បាយ​ទេ​នៅ​ពេលនេះ​ទេ។

គេ​ក៏​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ពី​រដ្ឋបាល​របស់​លោក​ Biden ផង​ដែរ​ លើ​ការ​វាយប្រហាររបស់​អ៊ីស្រាអែល​ទៅ​លើ​អ៊ីរ៉ង់​នេះ។ ​

ទី​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង IRNA និងFars បាន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ីរ៉ង់​ត្រូវ​បើកឱ្យ​ដំណើរការ​នៅជិត​កណ្តាលទីក្រុង Isfahan ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រាប់​ដែល​បាញ់​ចូល​មក។​ ទី​ភ្នាក់ងារ​សារព័ត៌មានរដ្ឋ​អ៊ីរ៉ង់​ទាំង​ពីរ​នេះ​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា​ គេ​ក៏​ឮ​សូរ​សំឡេង​ផ្ទុះ​នៅ​ភាគ​ខាង​កើត​ជាយក្រុង​នេះ​ផង​ដែរ​ ប៉ុន្តែ​មិនបាន​បញ្ជាក់​ទេ​ថា​ តើ​ការ​ផ្ទុះ​នោះកើត​ឡើង​ពី​ការស្ទាក់បាញ់នៅ​លើ​អាកាសដោយប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ីរ៉ង់​ ឬមួយ​ក៏​ជា​ការ​ផ្ទុះដែល​គ្រាប់​បាញ់ចូល​មក​នោះ​បាន​ធ្លាក់​ដល់​ដី​នោះ​ឡើយ។

នាយក​ទី​ភ្នាក់ងារ​អវកាស​អ៊ីរ៉ង់​និយាយ​ថា កងកម្លាំង​ការពារ​ដែន​អាកាស​អ៊ីរ៉ង់​ បាន​បាញ់​ទម្លាក់​ដ្រូនជា​ច្រើន​គ្រឿង។ ​

ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​អ៊ីរ៉ង់​ ​បាន​ព្យាយាម​ធ្វើ​សេចក្តី​រាយការណ៍​ភ្លាមៗថា ហេតុការណ៍​នេះ​មិន​សូវ​សំខាន់​ទេ​ ដោយ​និយាយ​ថា​ ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ក្នុង​ទីក្រុង Isfahan មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។ ​ទី​ភ្នាក់ងារសារព័ត៌មាន​នេះ​ក៏​បាននិយាយផង​ដែរ​ថា​ អាកាសយានដ្ឋាន​អន្តរជាតិ​ ​Imam Khomeini ​ក្នុង​ទីក្រុង​តេហេរ៉ង់​ និង​អាកាសយានដ្ឋាន​ក្នុង​ស្រុក​ Mehrabad​ បាន​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ធម្មតា​វិញ​ហើយ​នៅថ្ងៃ​សុក្រ​នេះ​ គឺ​ចំនួនជា​ច្រើន​ម៉ោងក្រោយ​ពីជើង​ហោះហើរ​នានា ត្រូវ​បានផ្អាក​ ដែល​ទំនង​ដោយ​សារតែ​មានការ​វាយប្រហារតាម​អាកាស​របស់​អ៊ីស្រាអែល​នេះ​ឯង។ ​

នេះ​ជា​ការ​កត់សម្គាល់​នូវ​ជម្លោះ​សង្គ្រាម​ជា​សម្ងាត់​រវាង​ប្រទេស​ទាំង​ពីរ​ក្នុងរយៈពេល​មួយ​ឆ្នាំ​ ដែល​បាន​ឡើង​កម្តៅ​តានតឹងយ៉ាងខ្លាំង​ក្នុង​ខែ​នេះ។ ​អ៊ីស្រាអែលបាន​ព្រមាន​អ៊ីរ៉ង់​ថា​ ​ខ្លួន​នឹង​ធ្វើ​ការ​សងសឹកចំពោះការ​វាយប្រហារ​មិន​ធ្លាប់​មាន​របស់អ៊ីរ៉ង់​មក​លើទឹកដី​ខ្លួន​កាល​ពីអាទិត្យ​កន្លង​ទៅ ​ដោយអ៊ីរ៉ង់​បាន​បាញ់​ដ្រូន​និង​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់​មក​លើ​អ៊ីស្រាអែល។

ក្នុង​រឿង​ដាក់​ដោយ​ឡែក​មួយ​ទៀត​នៅ​មុន​ព្រឹត្តិការណ៍​ចុងក្រោយ​នេះ ​ទី​ភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​លើ​ប្រទេស​អ៊ីរ៉ង់នៅ​ពេល​មាន​កំណើន​កង្វល់​ថា ការ​វាយប្រហារមិន​ធ្លាប់​មាន​ពី​មុនបែបនេះ​របស់​រដ្ឋាភិបាលក្រុង​តេហេរ៉ង់​លើ​អ៊ីស្រាអែលអាច​នាំ​ឱ្យ​មាន​សង្គ្រាមរាលដាលជាង​មុន​ក្នុងតំបន់​មជ្ឈិមបូព៌ា។

សកម្មភាព​កាល​ពីថ្ងៃ​ព្រហស្បតិ៍នេះបានយក​ជា​ទីដៅ​អង្គភាព​និង​បុគ្គល​នានា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​មាន​ទាក់ទិននឹង​ការ​ផលិត​ដ្រូន។

ការ​ដាក់ទណ្ឌកម្ម​ទាំងនេះ សំដៅធ្វើ​ឱ្យ​អ៊ីរ៉ង់​មាន​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយប្រហារ​របស់​ខ្លួន​កាលពី​ចុង​សប្តាហ៍កន្លង និង​ដើម្បីបង្អាក់​សកម្មភាព​បែប​នេះ​ទៀត។ ប៉ុន្តែ​ផល​ប៉ះពាល់​ទំនង​ជាមាន​កម្រិតពីព្រោះ​ក្រុមហ៊ុន​ដែល​ត្រូវ​យក​ធ្វើ​ជា​ទីដៅ​ទាំង​នោះ​បាន​រង​ទណ្ឌកម្ម​របស់​អាមេរិករួច​ស្រេច​ហើយ ហើយពួក​បុគ្គលដែលត្រូវ​ចុចឈ្មោះ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​មិនទំនងជា​មាន​ធនធានក្នុងដែន​យុត្តាធិការ​សហរដ្ឋ​អាមេរិក​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG