ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Netanyahu ថា អ៊ីស្រាអែល​នឹង​សម្រេច​ឆ្លើយតប​ចំពោះ​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់​ដោយ​ខ្លួនឯង


រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​​អុីស្រាអែល​ Benjamin Netanyahu កាលពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (Reuters)
រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​​អុីស្រាអែល​ Benjamin Netanyahu កាលពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (Reuters)

អ៊ីស្រាអែល​នឹង​ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង​ថាតើ​ត្រូវ​ឆ្លើយតប​ដោយ​របៀបណា​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​និង​ដ្រូន​របស់​អ៊ីរ៉ង់​មកលើ​ខ្លួន​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu កាលពី​ថ្ងៃ​ពុធ បើ​ទោះបីជា​បណ្ដា​បស្ចិម​ប្រទេស​បាន​អង្វរ​ឱ្យ​មាន​ការ​អត់ធ្មត់​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​សង្គ្រាម​រីក​រាលដាល​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​ក៏ដោយ។

សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស G-7 បាន​ប្រកាស​អំពី​ផែនការ​ក្នុងការ​ពិចារណា​ដាក់​ទណ្ឌកម្ម​ឱ្យ​បាន​តឹងរ៉ឹង​លើ​អ៊ីរ៉ង់ ដែល​ជា​វិធានការ​មួយ​ដើម្បី​គាំទ្រ​អ៊ីស្រាអែល​និង​បញ្ចុះបញ្ចូល​អ៊ីស្រាអែល​ឱ្យ​ទន់ចិត្ត​កុំ​សងសឹក​នឹង​អ៊ីរ៉ង់។

លោកNetanyahu បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក David Cameron និង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​នៅក្នុង​ផ្នែក​មួយ​នៃ​ការ​ព្យាយាម​របស់​ក្រុម​បស្ចិម​ប្រទេស​ដើម្បី​ទប់​កុំ​ឱ្យ​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់​រីក​រាលដាល​បន្ថែម​ទៀត បន្ថែម​ពីលើ​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នៅក្នុង​តំបន់​ហ្កាហ្សា (Gaza)។

ខុទ្ទកាល័យ​របស់​លោក Netanyahu បាន​បញ្ជាក់​ថា លោកNetanyahu បាន​អរគុណ​លោក Cameron និង​អ្នកស្រី Baerbock ចំពោះ​ការ​គាំទ្រ​របស់​ពួកគេ ខណៈ​លោក​ប្រាប់​ទៅ​ពួកគេ​វិញ​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លើ​រឿង​នេះ។ យើង​នឹង​ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង ហើយ​អ៊ីស្រាអែល​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់​ដែល​ចាំបាច់​ដើម្បី​ការពារ​ខ្លួន»៕

លោក Michael Lipin នៃ VOA និង​ប្រធាន​ការិយាល័យ VOA ប្រចាំ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Nike Ching រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG