ប្រធានាធិបតីប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi បានព្រមាននៅថ្ងៃពុធនេះ ប្រឆាំងនឹងការតបតរបស់អ៊ីស្រាអែលដល់ការវាយប្រហារតាមអាកាសមិនដែលមានពីមុនរបស់អ៊ីរ៉ង់លើរដ្ឋជ្វីហ្វ ដោយនិយាយថាអ៊ីរ៉ង់នឹង «តបតដ៏ធំនិងខ្លាំងក្លា»។
លោក Raisi បាននិយាយដូច្នេះ នៅក្នុងពិធីក្បួនព្យុហយាត្រាយោធាប្រចាំឆ្នាំនៅជាយក្រុងតេហេរ៉ង់ មួយថ្ងៃក្រោយរដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែលបានថ្លែងថា ការគំរាមកំហែងរបស់អ៊ីរ៉ង់មិនអាចធ្វើឱ្យរាដល់ការឆ្លើយតបរបស់អ៊ីស្រាអែលទេ។
នៅថ្ងៃពុធនេះ អ្នកការទូតបន្តជំរុញធ្វើឱ្យស្ថានការណ៍បានថមថយ។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron បាននិយាយនៅក្នុងទស្សនកិច្ចមួយនៅក្រុង Jerusalem ថា វាជាការច្បាស់លាស់ដែលអ៊ីស្រាអែលសម្រេចធ្វើសកម្មភាព ហើយថា ចក្រភពអង់គ្លេសសង្ឃឹមថា អ៊ីស្រាអែលឆ្លើយតប«តាមវិធីមួយមិននាំឱ្យស្ថានភាពធ្ងន់ធ្ងរតាមដែលអាចធ្វើបាន»។
លោក Cameron ដែលបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានគាំទ្រដល់ការដាក់ទណ្ឌកម្មមានការសម្របសម្រួលប្រឆាំងនឹងអ៊ីរ៉ង់ នៅពេលសមភាគីរបស់លោកក្នុងក្រុមប្រទេស ៧ មានឧស្សាហកម្មលូតលាស់ ប្រុងប្រៀបធ្វើការចរចាគ្នានៅក្នុងប្រទេសអ៊ីតាលី។
កាលពីថ្ងៃអង្គារ ក្រសួងការពារប្រទេសអ៊ីស្រាអែលបានដកស្រង់ពាក្យសម្តីលោករដ្ឋមន្ក្រីការពារជាតិ Yoav Gallant ដែលបាននិយាយថា: «ពួកអ៊ីរ៉ង់គ្មានជោគជ័យក្នុងការវាយប្រហាររបស់ពួកគេ ហើយនឹងគ្មានជោគជ័យក្នុងការធ្វើឱ្យអ៊ីស្រាអែលរាដែរ»។
គណៈរដ្ឋមន្ត្រីសង្គ្រាមនៃប្រទេសអ៊ីស្រាអែល ដែលមានរួមលោក Gallant ដែរ បានប្រជុំគ្នាច្រើនដងកាលពីប៉ុន្មានថ្ងៃកន្លងទៅ ដើម្បីជជែកដេញដោលគ្នាអំពីជម្រើសនៃការតបតរបស់អ៊ីស្រាអែល៕
អ្នកស្រី Nike Ching ប្រធានការិយាល័យ VOA ប្រចាំក្រសួងការបរទេស ចូលរួមផ្តល់ព័ត៌មាន។ ព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។
វេទិកាបញ្ចេញមតិ