ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​​​យោធា​​កំពូលៗ​ប្រឈមនឹង​សភា​​អំពី​ថវិកា​​​ការពារ​ជាតិ​​និង​សំណួរ​​អំពី​ការគាំទ្រ​អ៊ីស្រាអែល​និង​​អ៊ុយក្រែន


រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​​លោក Lloyd Austin ក្នុងសវនាការ​គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាលើសំណើថវិការបស់លោកប្រធានាធិបតី Biden សម្រាប់ក្រសួងការពារជាតិ៕ (Reuters)
រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​​លោក Lloyd Austin ក្នុងសវនាការ​គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាលើសំណើថវិការបស់លោកប្រធានាធិបតី Biden សម្រាប់ក្រសួងការពារជាតិ៕ (Reuters)

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិកលោក Lloyd Austin និងប្រធាននាយ​អគ្គសេនា ធិការ​ចម្រុះ​យោធា​អាមេរិក​លោកឧត្តមសេនីយ CQ Brown Jr. បាន​ធ្វើ​សក្ខីកម្មនៅ​សភាកាលពី​ថ្ងៃអង្គារ​ទី៩ ខែ​មេសាអំពីថវិកា​ក្រសួង​ការពារ​ជាតិចំនួន​៨៥០ពាន់​លាន​ដុល្លារសម្រាប់​ឆ្នាំ២០២៥​នៅ​ពេល​មាន​សំណួរ​ថា​តើ​ពួក​សមាជិកសភានឹង​គាំទ្រការ​ចំណាយ​បច្ចុប្បន្ន​សម្រាប់​អ៊ីស្រាអែលឬ​អ៊ុយក្រែន​ឬទេ។

សវនាការ​របស់ព្រឹទ្ធសភានេះ​ជាសវនកម្ម​លើក​ដំបូងដែល​ពួក​សមាជិកសភា​នៃ​គណបក្សទាំង​ពីរអាចសាកសួរ​មេដឹកនាំ​ស៊ីវីល​និង​យោធាកំពូល​នៃក្រសួងការពារជាតិអំពី​យុទ្ធសាស្ត្រ​របស់​រដ្ឋបាលស្តីពីអ៊ីស្រាអែលនៅ​ក្រោយការវាយ​ប្រហារ​ដ៏ប្រល័យរបស់​រដ្ឋាភិបាលក្រុង Tel Aviv លើក្រុមអ្នកធ្វើការ​ខាង​ជំនួយ​មនុស្សធម៌នៃអង្គការ World Central Kitchen​ នៅក្នុងតំបន់​ហ្កាហ្សា។ ​សវនកម្ម​នេះក៏មានធ្វើឡើង​នៅក្រោយមាន​ការអង្វរករ​ដោយ​ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy ថា​បើ​សហរដ្ឋអាមេរិក​មិនជួយឆាប់ៗទេ រដ្ឋាភិបាលក្រុងកៀវនឹង​ចាញ់សង្គ្រាម​ប្រឆាំង​នឹងរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍​នៅ​ពេលបើក​សវនាការនេះ លោក​ Austin និងលោក​ Brown បាន​គូស​បញ្ជាក់​ថាថវិការបស់លោកទាំង​ពីរ​សម្រាប់​ឆ្នាំ២០២៥​ត្រូវ​បានចាត់​ចែងឱ្យ​សមស្រប​នឹង​គោលដៅ​យុទ្ធសាស្ត្រ​រយៈពេលយូររបស់កងយោធាគឺប្រុងប្រៀប​កងកម្លាំង​និង​អាវុធ​សម្រាប់​សង្គ្រាម​ក្នុងពេលអនាគត​ដែលអាច​មានជាមួយ​ប្រទេស​ចិន។ ទឹកប្រាក់​ប្រមាណ១០០ពាន់លានដុល្លារនៃ​សំណើ​សុំ​ថវិកា​នៅឆ្នាំនេះ​ត្រូវ​ចាត់ទុកសម្រាប់​ប្រព័ន្ធអាវុធ​ថ្មី​ក្នុងអវកាស អាវុធ​នុយក្លេអ៊ែរនិង​សង្គ្រាម​ cyber ដែល​ក្រុម​យោធាថាត្រូវ​វិនិយោគ​នៅ​ពេលនេះ​នៅមុនរដ្ឋាភិបាលប៉េកាំងមានសមត្ថភាពលើសអាមេរិក។

តែសង្គ្រាមនៅអ៊ុយក្រែន​និងអ៊ីស្រាអែលជា​ឧបសគ្គនៅ​ក្នុងសភាមាន​ការខ្វែងគំនិតគ្នាខ្លាំងហើយនាំ​ឱ្យមាន​ការពន្យារពេល​ច្រើន​ខែក្នុងការអនុម័តថវិកាការពារជាតិ​សម្រាប់​ឆ្នាំទៅ ដែល​ត្រូវបាន​អនុម័ត​ដោយក្រុមសមាជិក​សភា​កាលពីពីរបី​សប្តាហ៍​មុននេះ។

សេចក្តី​ថ្លែង​បើក​សវនាការ​របស់លោក Austin ត្រូវបានបង្អាក់បណ្តោះអាសន្នដោយ​ពួក​បាតុករលើកទង់ជាតិ​ប៉ាឡេស្ទីននិង​ស្រែក​ដាក់លោកឱ្យឈប់បញ្ជូនអាវុធ​ទៅឱ្យអ៊ីស្រាអែល។ ពួកគេ​និយាយថា​«ចូរបញ្ឈប់ការសម្លាប់​ប្រល័យ​ពូជសាសន៍​»​នៅពេលពួកគេលើក​ដៃទៅលើ ដែលមាន​លាប​ពណ៌ក្រហម ។

ក្រសួង​ការពារ​ជាតិ​អាមេរិកបានប្រមូលគ្រាប់រំសេវមាន​ទឹក​ប្រាក់ប្រមាណ៣០០លាន​ដុល្លារបញ្ជូនទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​កាលពីខែមីនា​ តែ​មិនអាចបញ្ជូនថែមទៀតទេដោយ​គ្មាន​ការគាំទ្ររបស់​សភា ហើយសេចក្តីព្រាងច្បាប់​បន្ថែម​ជំនួយ៦០ពាន់​លាន​ដុល្លារដាច់​ដោយ​ឡែកដែល​អាចផ្តល់​ប្រាក់​សម្រាប់​ការ​ប្រឹងប្រែង​ទាំង​នោះបានជាប់​គាំង​ច្រើនខែ​មក​ហើយ។

លោក​ Austin បាន​និយាយប្រាប់ពួក​សមាជិក​ព្រឹទ្ធសភា​ថា«តម្លៃនៃភាពជាមេដឹកនាំ​របស់​សហរដ្ឋអាមេរិកជា​ការពិត​។ តែ​វាទាបជាង​តម្លៃនៃ​ការបោះបង់​ចោល​របស់​សហរដ្ឋអាមេរិក»។

ប្រសិន​បើ​រដ្ឋាភិបាល​ក្រុងកៀវ​រលំ ការណ៍នេះ​អាច​នាំឱ្យមានគ្រោះថ្នាក់​ដល់ពួកប្រទេស​សមាជិកអូតង់​ក្នុង​តំបន់បាល់ទិក​ជិតខាងប្រទេស​អ៊ុយក្រែនហើយ​នាំ​ឱ្យ​ក្រុមទាហានអាមេរិកជាប់ដៃក្នុង​សង្គ្រាមយូរ​មួយក្នុង​ទ្វីបអឺរ៉ុប។ ប្រសិន​បើ​មនុស្សរាប់​លាននាក់​ស្លាប់នៅ​ហ្កាហ្សាដោយសារការ​ស្រេកឃ្លាន ការណ៍​នេះអាចឱ្យពួក​ប្រទេស​អារ៉ាប់នៅជិតខាង​អ៊ីស្រាអែលខឹងសម្បា​ហើយនាំឱ្យមាន​សង្គ្រាមធំជាងមុននិងមាន​មនុស្ស​ស្លាប់​ច្រើន​ជាងមុន​នៅមជ្ឈឹម​បូព៌ា-ដែល​ជា​សង្គ្រាម​មួយនាំឱ្យមាន​គ្រោះថ្នាក់​ដល់​ក្រុមទាហាន​អាមេរិកាំង​និងដល់​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិកក្នុង​តំបន់ជា​ច្រើនទសវត្សរ៍​ផង​ដែរ។

ក្រសួងការពារជាតិ​អាមេរិក​បានសុំសភាឱ្យ​គាំទ្រ​ដល់ការ​ផ្តល់ជំនួយថ្មីដល់​អ៊ុយក្រែនសម្រាប់​ពេល​ច្រើនខែ​ តែ​មិនបាន​ជោគជ័យទេ។​ ក្រសួងនេះ​ក៏បាន​ប្រកាន់​គោលជំហរមួយដោយការពារអ៊ីស្រាអែល​ជា​សម្ព័ន្ធមិត្ត​និងរក្សា​ចំណង​ទាក់ទង​ជាមួយ​ពួក​ដៃគូអារ៉ាប់សំខាន់ៗក្នុង​តំបន់។ សកម្មភាព​របស់អ៊ីស្រាអែលក្នុង​តំបន់ហ្កាហ្សា​ត្រូវ​បានប្រើ​សម្រាប់ការ​ប្រមូល​ក្រុមជន​សកម្មប្រយុទ្ធគាំទ្រ​ដោយអ៊ីរ៉ង់ រួមមាន​ពួក Houthis នៅ​យេម៉ែននិងក្រុមតស៊ូ​អ៊ិស្លាមនៅទូទាំងអ៊ីរ៉ាក់និង​ស៊ីរី ឱ្យវាយប្រហារលើ​ផលប្រយោជន៍អាមេរិកក្នុង​តំបន់។​

នាវាយោធាអាមេរិក៦គ្រឿងមាន​បុគ្គលិកនិងសម្ភារៈ​សម្រាប់កសាងសំណង់ផែ​ក្នុង​ទឹក​ខាង​មនុស្សធម៌​មួយ ​កំពុង​ធ្វើដំណើរ​ទៅ​ហ្កាហ្សា តែនៅមានសំណួរ​ថា​តើស្បៀងអាហារដែល​ទៅ​ដល់កំពង់ផែនេះនឹងត្រូវ​ចែកចាយ​ដោយសុវត្ថិភាព​បែបណា​នៅក្នុង​ដែនដី​ខ្ទេច​ខ្ទាំនេះ។

ក្រុមសមាជិកសភា​ក៏​ឃើញមានការទាមទារ​នៅ​ក្នុង​ប្រទេស​ដែរ។​ ជាច្រើន​ខែមក​ហើយ សមាជិកសភាស្តាំនិយមជ្រុល​មួយចំនួនតូច​បានរារាំងសភា​មិន​ឱ្យ​យល់ព្រម​ផ្តល់ប្រាក់កាស​ឬ​អាវុធ​ថែមទៀតទៅឱ្យ​អ៊ុយក្រែន​ រហូត​ដល់​សេចក្តី​ត្រូវការ​ក្នុង​ប្រទេស​ដូចជាការ​ទប់នឹងលំហូរជនអន្តោប្រវេសន៍នៅ​ព្រំដែន​ខាងត្បូង​អាមេរិក​ជាដើម​ត្រូវបាន​ដោះស្រាយ​សិន។ ប្រធាន​រដ្ឋសភា​ខាងបក្សសាធារណរដ្ឋ​លោក Mike Johnson ប្រឈមស្រេចហើយជា​មួយ​ការអំពាវនាវ​ឱ្យដក​លោកចេញ​ពី​តំណែង​ប្រធានដោយ​លោកស្រី Marjorie Taylor Greene តំណាង​រាស្ត្រសាធារណរដ្ឋ​ប្រចាំរដ្ឋ Georgia ពីព្រោះ​លោក Johnson ប្រឹងប្រែងឱ្យមានការសម្របសម្រួលមួយសម្រាប់ជំរុញ​ជំនួយ​ដល់អ៊ុយក្រែន​ឱ្យ​ទៅ​មុខ។

ស្តី​ពី​ប្រទេសអ៊ីស្រាអែល ការវាយប្រហារលើអង្គការ World Central Kitchen នាំឱ្យលោក​ប្រធានាធិបតី Joe Biden ប្តូរ​ឥរិយាបថអំពីថាតើ​អ៊ីស្រាអែលត្រូវ​ធ្វើ​បែបណាដើម្បីការពារ​ជនស៊ីវីល​នៅ​ហ្កាហ្សា ហើយ​បាន​ជំរុញ​ពួក​ប្រជាធិបតេយ្យ​រាប់សិបនាក់ រួមទាំងលោកស្រី Nancy Pelosi អតីតប្រធាន​រដ្ឋសភា​ផង ឱ្យ​អំពាវនាវដល់​លោក Biden ឱ្យបញ្ឈប់​ការផ្ទេរ​អាវុធទៅឱ្យ​អ៊ីស្រាអែល។

ចំនួន​ពាក់​កណ្តាលនៃប្រជារាស្ត្រនៅហ្កាហ្សាកំពុង​ស្រេកឃ្លាន​ហើយ​ជិត​មានទុរ្ភិក្សដោយ​សារ​ការរឹតត្បិត​តឹង​រ៉ឹងរបស់​អ៊ីស្រាអែល​លើការអនុញ្ញាតឱ្យ​ឡានធំៗដឹក​ជញ្ជូន​ជំនួយចូល​ក្នុងតំបន់នោះ៕

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG