ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់ពី​ត្រូវចិនដី​គោក​ទុកឲ្យឯកោ​បែប​ការទូត កោះតៃវ៉ាន់​ស្វែង​រក​មិត្ត​នៅ​តំបន់​អឺរ៉ុប​​


រូបភាព​ឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-Wen បក់ដៃ​អំឡុង​ការ​ប្រារព្ធ​ពិធី​ជាតិនៅ​ខាងមុខ​សេតវិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-Wen បក់ដៃ​អំឡុង​ការ​ប្រារព្ធ​ពិធី​ជាតិនៅ​ខាងមុខ​សេតវិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៩។

ពួកមេដឹកនាំនៅ​ក្នុង​តំបន់អឺរ៉ុបនៅ​ឆ្នាំ​នេះ ​កំពុង​ផ្តល់​ការគាំទ្រ​ទំនាក់​ទំនង​ខាង​ការទូត​ដល់​កោះ​តៃវ៉ាន់ដែលឯកោ​ ​ដោយ​ផ្តល់​ឲ្យកោះប្រកាន់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​អាស៊ី​នេះនូវការ​ស្វាគមន៍ពី​អន្តរជាតិ​និងការ​លើក​ទឹក​ចិត្ត​ក្នុង​អំឡុង​នៃ​ការ​តស៊ូ​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន។​

កាលពី​ថ្ងៃ​ទី៧ ​ខែតុលា ​ក្រុម​ប្រឹក្សា​ទីក្រុង​ប្រាក​នៃ​សាធារណរដ្ឋ​ឆែក បាន​កាត់ផ្តាច់​ទំនាក់​ទំនងរវាង​ទីក្រុងនិង​ទីក្រុងដែល​មាន​អាយុ​កាល​៣ឆ្នាំ​ជាមួយ​ទីក្រុង​ប៉េកាំង​បន្ទាប់​ពី​ចិន​ដីគោក ​បាន​សុំ​ឲ្យ​ទីក្រុង​នេះប្រតិបត្តិនូវ​គោលនយោបាយ​ដែល​ដាក់​កោះ​តៃវ៉ាន់​និង​ចិនដីគោក​នៅ​ក្រោម​ទង់ជាតិ​មួយ។ ​កាលពី​សប្តាហ៍​មុន ​ពួក​សមាជិកសភា​មក​ពី​ប្រទេស​បារាំង ​អាល្លឺម៉ង់ ចក្រ​ភព​អង់គ្លេស​និងសភាអឺរ៉ុប ​បាន​ចាប់​ផ្តើម​ក្លឹប​ហ្វ័រម៉ូសា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ​រួមមាន​ចំណង​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​និងការ​វិនិយោគទុន។ នេះ​តាម​ក្រសួង​ការបរទេសនៅ​ក្នុង​ទីក្រុង​តៃប៉ិ។

រដ្ឋាភិបាល​នានា​នៅ​ជុំ​វិញ​តំបន់​អឺរ៉ុប នៅ​តែត្រូវគេរំពឹងថា ​នឹងរក្សា​ទំនាក់​ទំនង​ខាង​ការទូត​ជាមួយ​ចិន ​មិនមែន​ជាមួយ​កោះ​តៃវ៉ាន់​ទេ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​មិន​អនុ​ញ្ញាតិឲ្យមានទំនាក់ទំនងការទូតទាំង២នៅពេល​ជាមួយ​គ្នាទេ ហើយ​ប្រទេស​នានា​នៅ​អឺរ៉ុប ឲ្យ​តម្លៃ​នៃ​ទំនាក់​ទំនង​របស់​ខ្លួនទៅលើ​សេដ្ឋ​កិច្ច​ដ៏​ធំ​សម្បើម​របស់​ចិន។

ទោះ​ជាយ៉ាង​ណាក៏ដោយ ពួក​អ្នកជំនាញ ​និយាយ​ថា ការគាំទ្រ​របស់​ពួក​មេដឹក​នាំ​អឺរ៉ុប​ដែល​ប្រឆាំង​នឹង​ប្រទេស​ចិន​លើកស្ទួយ​ទំនុក​ចិត្ត​របស់​កោះតៃវ៉ាន់​ ទោះ​ជា​លក្ខណៈ​ជា​ពាក្យ​សម្តី​និង​និមិត្ត​រូប​តែប៉ុណ្ណោះ​ក៏ដោយ។ពួក​អ្នក​ជំនាញ​ខ្លះ ​និយាយ​ថា​ការគាំទ្រ​នេះ ក៏​ជួយ​ទ្រទ្រង់​យុទ្ធ​នាការ​ឃោសនា​ដើម្បី​ឲ្យ​បាន​ជាប់​ឆ្នោត​ជាប្រធា​នា​ធិបតីម្តងទៀត​របស់​ប្រធានា​ធិបតី​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen ដែល​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ចិនដីគោកដែល​ជា​គូ​សត្រូវ​។

​លោកWilliam Sharpជាអ្នក​ឯកទេស​ខាង​បញ្ហា​តំបន់​អាស៊ី​នៃសាកល​វិទ្យា​ល័យ​ហាវ៉ៃក្នុង​ទីក្រុង Manoa ​បាន​និយាយថា៖«​ប្រទេស​នៅ​អឺរ៉ុបទាំង​នោះ ​អាច​បង្ហាញ​នូវ​អាការៈ​ល្អខាង​ក្រៅ ហើយ​ព្យាយាមបង្កើត​ទំនាក់​ទំនង​ជាមួយកោះ​តៃ​វ៉ាន់។ ខ្ញុំ​គិតថា ​ប្រទេស​ស្ទើរទាំងអស់​នៅ​ក្នុង​តំបន់​អឺរ៉ុប ​មានក្រុម​មួយ​ដែល​ងប់ងល់​នឹង​កោះ​តៃវ៉ាន់។​ ខ្ញុំ គិតថា ​ពិភពលោក ​ប្រហែលមាន​ការ​ធុញទ្រាន់​ចំពោះ​ការសម្លុត​រករឿង​របស់​ចិន»។

ចិន ​បាន​ទាមទារសិទ្ធិ​គ្រប់​គ្រង​លើ​កោះ​តៃវ៉ាន់ដែល​គ្រប់​គ្រង​ដោយ​ខ្លួនឯង ​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិលចិន​ក្នុង​ទសវត្សរ៍​១៩៤០មក ​ហើយ ​បាន​គំរាមប្រើ​កម្លាំង ​ប្រសិនបើ​ចាំ​បាច់​ដើម្បី​បង្រួប​បង្រួម​ចិន​ដីគោក​និង​កោះ​តៃវ៉ាន់។រដ្ឋាភិ​បាល​ក្រុង​ប៉េកាំងដែល​មាន​សេដ្ឋ​កិច្ច​ធំទី២​និង​កងកម្លាំង​ប្រដាប់​អាវុធធំ​ទី៣​របស់​ពិភព​លោក ​បាន​សុំ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​បញ្ចៀស​ការទទួល​ស្គាល់​កោះ​តៃវ៉ាន់​ខាង​ផ្នែក​ការទូត​។

​ចាប់​តាំង​ពី​លោក​ស្រី​ប្រធានា​ធិបតី​ Tsai ដែលបាន​ចូល​កាន់​តំណែង​នៅ​ឆ្នាំ​២០១៦ បាន​បដិសេធ​ពុំ​ព្រម​ចរចាជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោយ​មាន​លក្ខខណ្ឌ​ជាមុនថា ភាគី​ទាំង២ជា​របស់​ចិន​តែ​មួយ​ រដ្ឋាភិបាល​ចិន ​បាន​បង្កើន​ការដាក់​សម្ពាធ​ខាង​យោ​ធា ​សេដ្ឋ​កិច្ច​និង​ការទូត។

ពួក​មន្រ្តី​ក្នុង​ទីក្រុង​តៃប៉ិ ​និយាយ​ថា ចិន ​បានប្រើ​ការ​លើក​ទឹក​ចិត្ត​ខាង​សេដ្ឋ​កិច្ច​ដើម្បី​ធ្វើ​ឲ្យសម្ព័ន្ធ​មិត្តខាងការទូត​របស់​កោះតៃវ៉ាន់ដូចជា​ប្រទេស Burkino Faso ប្រទេស​Kiribati ប្រទេស Panama ប្រទេស Sao Tome និង​ប្រទេស​ Principe ប្រជុំ​កោះ​សូឡូម៉ង់ សាធារណរដ្ឋ​ដូមីនិក ​និង​ប្រទេស​អាល់សាវ៉ាឌ័រ ប្តូរទៅ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំង​ក្នុង​រយៈ​ពេល​ជាង​៣ឆ្នាំ​កន្លងមក​នេះ។

កោះតៃវ៉ាន់ដែលត្រូវបាន​ទទួល​ស្គាល់នៅពេល​ឥឡូវនេះ​ដោយ​ប្រទេស​តូច​ៗ​និង​ក្រីក្រ​ចំនួន​១៥​នៅ​ទូទាំង​ពិភពលោក ​បាន​ស្វះស្វែង​បង្កើន​ទំនាក់​ទំនង​ក្រៅ​ផ្លូវការ​ជា​មួយ​ប្រទេស​ដែល​អំណាច​ខ្លាំង​ៗ​ជាង​ដូចជា​ជប៉ុន ​សហរដ្ឋ​អាមេរិក​និង​ប្រ​ទេសនានា​នៅ​ក្នុង​តំបន់​អឺរ៉ុប​ដើម្បី​ជួយ​នៅ​ក្នុងការ​ទប់​ទល់​ប្រទេស​ចិន។

លោក Sharpនិយាយ​ទៀត​ថា ពួក​មេដឹកនាំ​អឺរ៉ុប អាចចូលចិត្ត​កោះ​តៃវ៉ាន់ ​ពីព្រោះ​តែពួកគេ ​មិន​សប្បាយចិត្ត​ចំពោះ​ការគំរាម​កំហែង​ពី​សំណាក់​អតីត​កុម្មុយនិស្ត​សហ ភាព​សូវៀត​ហើយ​មើលឃើញ​ចិនថា ​បានដាក់​ការគាប​សង្កត់ស្រដៀង​គ្នា​លើ​កោះ​តៃវ៉ាន់​នៅពេល​ឥឡូវនេះ។ លោក ​បាន​មាន​ប្រសាសន៍ទៀត​ថា «កោះ​តៃវ៉ាន់ ​ជាគំរូ​ខាង​ការ​អភិវឌ្ឍលទ្ធិ​ប្រជាធិបតេយ្យ​និង​សេដ្ឋកិច្ច ​ហើយ​ខ្ញុំ​គិត​ថា ជន​ជាតិ​អឺរ៉ុប ​បាន​យល់​អំពី​រឿង​នេះ»។

ពួក​សមាជិក​សភា​ក្នុង​តំបន់​អឺរ៉ុប ជួយ​កោះ​តៃវ៉ាន់​ដោយ​ការនិយាយ​ខ្លាំង​ៗ ហើយ ចិន ​នឹងឮ​ការ​និយាយ​ដូច្នេះ។ ​ពួកគេ ​ជារឿយៗបានប្រឹងប្រែង​ជួយ​កោះ​តៃវ៉ាន់ឲ្យ​ចូល​ជា​សមាជិកនៃទីភ្នាក់​ងារ​នានា​របស់​អង្គការ​សហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​ផ្សេង​ៗ​ទៀតដែល​ចិន ​បាន​រារាំង​សមាជិកភាព​របស់​កោះ​តៃវ៉ាន់។

ឧទាហរណ៍ កាលពី​ខែ​ឧសភា សមាជិក​សភា​៨០រូប​របស់​ប្រទេស​ឆែក ​បាន​ចុះ​ហត្ថ លេខា​លើ​ញ្ញត្តិ​មួយ​ដើម្បី​គាំទ្រ​ការចូលរួម​របស់​កោះ​តៃវ៉ាន់​នៅ​ក្នុង​មហា​សន្និបាតសុខ ភាព​ពិភពលោក ដែល​ជា​អង្គការ​ធ្វើ​ការ​សម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក។កាលពី​៣ខែមុន សមាជិក​សភា​១៥៥រូប​នៃ​សមាជិកសភាសភាអឺរ៉ុប​ទាំងអស់​ចំនួន ៧៥១​រូប ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​បាន​ចែងថា ​កោះ​តៃវ៉ាន់ គួរតែ​អាច​ចូលរួម​អង្គការ​អន្តរជាតិ​នានា។

ភាគី​នានា​ដែល​គាំទ្រ​កោះតៃវ៉ាន់​នៅ​អឺរ៉ុបដូចជា ​សមាជិកសភាបារាំង ​អាល្លឺម៉ង់​និង​ចក្រ​ភពអង់គ្លេស ​បាន​ចុះហត្ថលេខា​លើ​លិខិតរួមគ្នា​ដាច់​ដោយឡែកមួយ​នៅ​ឆ្នាំ​នេះ​ផ្ញើរទៅ​ឲ្យមេដឹកនាំ​អង្គការ​សុខភាព​ពិភពលោក (WHO) សុំឲ្យ​កោះ​តៃវ៉ាន់ ​ធ្វើ​ជា​អ្នក​សង្កេតការ​នៅ​មហា​សន្និបាត​សុខភាព​ពិភពលោក។ ចិន ​រាំង​ខ្ទប់តៃវ៉ាន់​មិន​ឲ្យ​ចូលរួម​ក្នុង​ក្នុង​មហា​សន្និបាត​សុខភាព​ពិភព​លោក​នោះ។

លោកស្រី Joanne Ou អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កោះ​តៃវ៉ាន់ ​បាន​និយាយ​ថា៖ «យើង ​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​សេរី​និង​ជឿនលឿន។ ពលរដ្ឋ សមាជិក​សភា អ្នក​តាក់តែង​ច្បាប់​របស់​ពួកគេ កំពុង​រួបរួម​គ្នាគាំទ្រ​តៃវ៉ាន់»។

អ្នក​វិភាគជឿ​ថា ថ្វីបើ ការិយាល័យ​តំណាង​កោះ​តៃវ៉ាន់​នៅ​អឺរ៉ុប ​បញ្ចុះ​បញ្ចូល​សភា​ក៏ដោយ ការគាំទ្រ​ភាគច្រើន​ចេញពី​ការមិន​ទុកចិត្ត​ដែល​កំពុង​រីកកាន់​តែខ្លាំង​ឡើង។

ក្រុម​មន្រ្តី​អឺរ៉ុប មាន​ការព្រួយ​បារម្ភ​អំពីការ​កើន​ឡើង​នូវការ​វិនិយោគទុន​ក្នុង​តំបន់​អឺរ៉ុប​ដែល​ជា​ផ្នែក​មួយ​នៃទឹក​ប្រាក់​ចំនួន​១​លាន​លាន​ដុល្លារ​នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្មរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រាប់​រយៈពេល​៦ឆ្នាំ​ដើម្បី​បើកផ្លូវ​ពាណិជ្ជកម្ម​ដោយ​ការស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​បរទេស។

ក្នុង​របាយការណ៍កាល​ពី​ខែមិនា ​គណៈកម្មការ​អឺរ៉ុប បាន​ហៅ​ចិន​ថា​ជា​អ្នក​ប្រកួត​ប្រជែង​ខាង​សេដ្ឋ​កិច្ច​ដើម្បី​ឲ្យ​បាន​ក្លាយ​ជាមេដឹកនាំ​ខាង​បច្ចេកវិទ្យានិងជា​គូ​ប្រ​ជែង​ដើម្បី​គ្រប់​គ្រង​ផ្សេង​ពី​គេ។

យោងតាម​ការសិក្សា​កាល​ពី​ថ្ងៃ​ទី៣០ ​ខែ​កញ្ញា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​៧​នៃ​ប្រទេស១០​នៅ​ក្នុង​សហភាព​អឺរ៉ុបដែល​ត្រូវបានស្ទង់​មតិ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវPew បាន​សម្តែង​ការ​មិនពេញ​ចិត្តនឹងចិន​នៅ​ឆ្នាំ​នេះបើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨។

លោក Lin Chong-pin ជាសាស្រ្តាចារ្យចូលនិវត្តន៍​ខាង​ការសិក្សាយុទ្ធសាស្រ្ត​នៅ​កោះ​តៃវ៉ាន់ និយាយ​ថា ពលរដ្ឋ​កោះ​តៃវ៉ាន់ ទំនង​ជាសរសើរ​ដល់​លោកស្រី​ប្រធា​នា​ធិបតី Tsai ចំពោះ​ការ​កើន​ឡើង​នូវការ​គាំទ្រ​មកពី​សហភាពអឺរ៉ុប​នេះ។

ពលរដ្ឋ​តៃវ៉ាន់ ​មាន​ប្រតិកម្ម​វិជ្ជមាន​ទៅនឹង​ការ​គាំទ្រ​ស្រដៀងគ្នា​មក​ពី​សមាជិក​សភា​សហរដ្ឋ​អាមេរិក​និង​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ។ ​លោកស្រី​ប្រធានា​ធិបតី Tsai ឈរឈ្មោះ​បោះឆ្នោត​ជាប្រធានា​ធិបតី​ម្តងទៀត​នៅ​ក្នុង​ខែមករា។

លោក Lin បាន​និយាយ​ទៀត​ថា៖ «ការណ៍​នេះ ជា​ការ​ជោគជ័យ​គួរឲ្យ​កត់​សម្គាល់​ស្តីពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតប្រធានាធិបតីរបស់​លោកស្រី Tsai ​ហើយ​ប្រតិកម្ម​របស់​អន្តរជាតិ​ទាំង​នោះដែល​គាំទ្ររដ្ឋាភិបាល​ក្រុង​តៃប៉ិ​ត្រូវបាន​ចាត់​ទុក​ជាសមិទ្ធិផល​របស់​លោក ស្រី។ គ្មាន​ការងឿង​ឆ្ងល់​អំពី​រឿង​នេះ​ឡើយ»៕

ប្រែសម្រួលដោយជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG