ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ​តៃ​វ៉ាន់​មានការ​មន្ទិល​សង្ស័យ​ច្រើន​ឡើង​ថា ចិន​ដីគោក​កំពុងមាន​អានុភាព​លើ​ការ​បោះឆ្នោត


ប្រធានាធិបតី​តៃវ៉ាន់អ្នក​ស្រី Tsai Ing-wen ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​មួយ​សម្រាប់ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​គណៈបក្ស​វិវឌ្ឍន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០ កាលពី​ថ្ងៃទី​២១​ ខែមីនា​ ឆ្នាំ២០១៩។
ប្រធានាធិបតី​តៃវ៉ាន់អ្នក​ស្រី Tsai Ing-wen ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​មួយ​សម្រាប់ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​គណៈបក្ស​វិវឌ្ឍន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០ កាលពី​ថ្ងៃទី​២១​ ខែមីនា​ ឆ្នាំ២០១៩។

ពលរដ្ឋ​កោះ​តៃវ៉ាន់ ​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​មករា ​ឆ្នាំ​២០២០ខាងមុខ​នេះ ​ហើយ​ចិន​ដីគោក កំពុង​រិះគន់​ប្រធានា​ធិបតីកាន់​អំណាច​ ដែល​គាំទ្រ​ស្វយ័ភាព​សម្រាប់​កោះ​តៃ​វ៉ាន់​ជាជាង​ការ​រួប​រួម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ចិន​កំពុង​ប្រើ​បណ្តាញ​ផ្សាយ​ព័ត៌មានប្រាក់​និង​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ទៅលើ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០២០​ខាង​មុខ​នៅ​កោះ​តៃវ៉ាន់ ​ជាដែន​ដី​គ្រប់​គ្រង​តាម​បែប​ប្រជា​ធិបតេយ្យ​មួយ​ដែល​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង ហៅថា​ជា​របស់​ខ្លួន។ នេះ​តាម​ការ​អះអាង​របស់​ក្រុម​មន្រ្តី​និង​អ្នក​ជំនាញ។

ក្រុមប្រឹក្សា​កិច្ចការកោះ​តៃវ៉ាន់អំពីចិនដី​គោក បាន​ប្រាប់​ VOA ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​កាល​ពី​ថ្ងៃ​ចន្ទ ទី២៩ ​ខែ​កក្កដាថា​ពួកអាជ្ញាធរ​ក្នុង​ទីក្រុង​ប៉េកាំង​មាន​ឥទ្ធិ​ពល«​នៅ​ថ្នាក់​មូលដ្ឋាន​»របស់​កោះ​តៃ​វ៉ាន់​ដោយ​ការ​ទាក់​ទាញ​ពួក​ទេស​ចរណ៍ ទិញ​ការផ្សាយ​ពាណិជ្ជកម្ម​និង​ប្រើក្រុម Mafia។ អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខ្លះ ​ក៏​បាន​និយាយ​ដែរ​ថា រដ្ឋាភិបាល​ចិន ​បាន​ឲ្យ​ប្រាក់​បណ្តាញ​ព័ត៌មាន​តៃវ៉ាន់​ដើម្បី​ចុះ​ផ្សាយ​របាយការណ៍​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុងប៉េកាំង។

សេចក្តី​ថ្លែង​ការណ៍​នោះ ​ប្រាប់​ឲ្យ​ដឹង​ថា «ពួក​កុម្មុយនិស្ត​ចិន ​កំពុង​ធ្វើ​អន្តរាគមន៍​យ៉ាង​សកម្ម​នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០ ​ហើយ​នេះជាការ​រំលោភ​អធិបតេយ្យ​ភាព​របស់​កោះ​តៃវ៉ាន់​និង​បំផ្លាញ​ប្រព័ន្ធ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង»។​

លោក Chiu Chiu-cheng ​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​នោះ ​បាន​ប្រាប់ VOA ថា ​លោកចង់​ឲ្យ​ចិន​បញ្ឈប់​បញ្ហា​នេះ។

ចិន​បាន​ចាត់​ទុក​កោះតៃ​វ៉ាន់​ជាផ្នែក​មួយ​នៃ​ទឹក​ដីរបស់​ខ្លួន​ចាប់​តាំង​ពី​សង្គ្រាម​ស៊ី​វិល​ចិន​ក្នុង​ទសត្សរ៍​១៩៤០ហើយ​បាន​គំ​រាម​កំហែង​កាន់​កាប់​កោះ​តៃវ៉ាន់ដោយ​កម្លាំង ​ប្រសិន​បើចាំបាច់។ រដ្ឋាភិបាល​ចិន ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​មានការ​មិន​សប្បាយ​ចិត្ត​ចំពោះ​លោកស្រី Tsai Ing-wen ប្រធានា​ធិបតី​កំពុងកាន់​អំណាចកោះតៃវ៉ាន់​ចំពោះ​ការ​ច្រាន​ចោល​គោល​បំណង​នៃ​ការ​បង្រួប​បង្រួម​ជាតិ​របស់​រដ្ឋាភិបាល​ចិន ​និងលក្ខខណ្ឌ​ជាមុន​នៃ​ការ​ចរចា ​ដែល​ភាគី​ម្ខាងៗ​មើល​ឃើញ​ខ្លួនឯង​ថា​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​តែ​មួយ។​ លោកស្រី Tsai ​បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៦ ​ហើយលោកស្រីកំពុង​ស្វះស្វែង​ឈរ​ឈ្មោះ​ម្តងទៀត។

ការស្ទង់មតិ​ដោយ​រដ្ឋាភិបាល បាន​បង្ហាញ​កាល​ពី​ខែ​មករា​ថា ប្រជា​ពលរដ្ឋ​កោះ​តៃវ៉ាន់​ជា​ច្រើន ​ជំទាស់​ប្រឆាំង​នឹង​ការ​បង្រួប​បង្រួម​ជាមួយ​ចិន​ដីគោក។ ពលរដ្ឋ​កោះ​តៃវ៉ាន់​ជា​ច្រើន ​ក៏សង្ឃឹមថា​នឹង​មាន​ទំនាក់​ទំនងពាណិជ្ជកម្ម​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ចិន​ដី គោក​ដោយសារអំណាច​សេដ្ឋ​កិច្ច​របស់​ចិន។

លោក Han Kuo-yu ជាគូ​ប្រកួតប្រជែងរបស់​លោក​ស្រី Tsai ក្នុង​ការបោះឆ្នោត ​គាំទ្រ​ការ​ចរចា​ជា​ចំហ​ជាមួយ​ចិន​ដើម្បីធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់ទង​ខាង​សេដ្ឋ​កិច្ច​និង​វិនិយោគទុន។ ពួក​អ្នកវិភាគនៅ​កោះ​តៃវ៉ាន់ ​និយាយ​ថាឥទ្ធិពល​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង ​អាច​បង្កើ​ន​ការគាំទ្រ​លោក​ Han ​មុនការ​បោះឆ្នោត​នៅ​ខែ​មក​រា។

ការស្ទង់មតិ​នៅ​កោះ​តៃវ៉ាន់ បាន​ធ្វើ​ឲ្យ​លោក Hanដែលឥឡូវនេះ​ជា​អភិបាល​ក្រុង​ Kaohsiung ដែល​ជា​ក្រុង​កំពង់ផែ​ដ៏​សំខាន់​មួយ ទទួល​បានការ​គាំទ្រកើន​ពី៣៦​ភាគរយ​ទៅ​៤៨​ភាគ​រយ​កាល​ពី​ខែ​កក្កដា។

លោក Michael Tsai នាយក​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​វិស័យ​ការពារ​ប្រទេស​និង​យុត្តិសាស្រ្ត​កោះ​តៃវ៉ាន់ ​និយាយ​ថា «លទ្ធផល​នេះ ​ជាការ​បញ្ជាក់​យ៉ាង​ច្បាស់ ​លទ្ធផលនេះ ​មាន​ផលប៉ះពាល់​លើ​ការបោះឆ្នោត​ប្រធានា​ធិបតី​និង​សភាកោះ​តៃវ៉ាន់ ​ដូច្នេះ ​ខ្ញុំ​គិតថា​ប្រសិនបើ​មិន​មាន​ឥទ្ធិពល​របស់​ចិន​ទេ លោក Han Kuo-yu នឹង​មិន​បាន​ទទួល​សន្លឹក​ឆ្នោត​ច្រើន​ទេ​នៅ​ក្នុងការ​ស្ទង់មតិ»។

កាល​ពី​ខែ​ឧសភា លោកស្រី​ប្រធានា​ធិបតី ​បាន​ប្រាប់ទីភ្នាក់​ងារ​សន្តិសុខ​ជាតិ​ឲ្យ​បង្កើន​ការតស៊ូ​ប្រឆាំង​នឹង​ចិន ពីព្រោះ​មាន​សញ្ញា​ថា​ចិន​បាន​ព្យាយាម​បង្កើន​ឥទ្ធិ​ពល​លើ​កោះ​តៃ​វ៉ាន់។ កាល​នោះ លោកស្រី​ប្រធានាធិបតី Tsaiបាន​ប្រាប់​ពួក​អ្នក​យកព័ត៌​មាន​ថា ចិន​បាន​ព្យាយាម​ប្រើ​ឥទ្ធិពល​លើ​ការបោះឆ្នោត​ហើយ​នឹង​ធ្វើ​យុទ្ធនាការ​ព័ត៌មាន​ក្លែងក្លាយ។ ចិនថែម​ទាំង​បង្កើត​«ការ​ស្ទង់មតិ​ក្លែងក្លាយ»ដើម្បី​មាន​ឥទ្ធិពល​លើ​មនោ​សញ្ចេតនា​ពួក​អ្នក​បោះឆ្នោត។ នេះ​តាម​សេចក្តី​ថ្លែងការណ៍របស់​ក្រុមប្រឹក្សា​កោះ​តៃវ៉ាន់​សម្រាប់​កិច្ចការ​ចិនដីគោក។

លោក Michael Tsai បាន​និយាយ​ទៀត​ថា ទីភ្នាក់​ងាររបស់រដ្ឋាភិបាល​ចិន បាន​ផ្តល់​ថវិកា​ខ្លះ​តាម​រយៈ​ពាណិជ្ជករ​តៃវ៉ាន់​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ចិនដើម្បី​ប្រើ​ឥទ្ធិ​ពល។

កាលពី​ឆ្នាំទៅ រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយ​ថា ចិន​បាន​ផ្តល់​ថវិកា​សម្រាប់ «ព័ត៌​មាន​ក្លែងក្លាយ»និង​សម្រាប់​បេក្ខជន​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុងការ​បោះឆ្នោត​មូល​ដ្ឋាន​នៅ​ទូទាំង​កោះ​តៃវ៉ាន់។ ពួក​ជាតិនិយម​ដែល​មានសម្ព័ន្ធភាព​ជាមួយ​ចិន​ដី​គោក ​បាន​ឈ្នះ​ការបោះឆ្នោតដណ្តើម​អាសនៈ​អភិបាល​ក្រុង​និងសង្កាត់​កាល​ពី​ថ្ងៃ​ទី២៤ ​ខែ​វិច្ឆិកា ​ដែល​បាន​ដណ្តើម​យក​អាសនៈ​នោះ​ជា​ច្រើនរបស់គណបក្ស​ប្រជា​ធិបតេយ្យ​ជឿន​លឿន​ដែល​ជា​គណបក្ស​កាន់​អំណាច​។

លោក George Hou​ ជា​សាស្រ្តាចារ្យ​គមនាគមន៍​នៅ​សាកល​វិទ្យាល័យ I-Shou ដែល​មាន​ទីតាំង​នៅ​កោះ​តៃវ៉ាន់ ​និយាយ​ថា​បណ្តាញ​ព័ត៌មាន​ខ្លះ​របស់​កោះ​តៃវ៉ាន់ បាន​សរសើរ​លោក Hanចំពោះ​សកម្មភាព​មិន​ទំនង ​ដូចជា ​ការសម្អាត​ទន្លេទាំង​មូល។លោកHan បាន​កាន់​តំណែង​ជា​អភិបាល​ក្រុង​មិន​ដល់​មួយ​ឆ្នាំ​ផង។

លោក Hou និយាយ​ទៀត​ថា៖ «ខាង​គុណភាព​វិញ ការណ៍​នេះ​មិនគ្រាន់​តែ​ធ្វើ​ឲ្យ​លោក​ មាន​មុខមាត់​ជា​សាធារណៈ​ទេ ​ប៉ុន្តែក៏​ធ្វើ​ឲ្យ​លោក​ដូចជា​អាទិទេព​ដែល​ធ្វើ​អ្វី​ៗ​ដែល​មនុស្ស​មិនអាច​ធ្វើ​បាន»។

លោក​និយាយ​ទៀត​ថា រដ្ឋាភិបាល​ចិន​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​បណ្តាញ​ព័ត៌មាន​ខ្លះ​ចំពោះ​សេចក្តី​រាយ​ការណ៍​ប្រភេទ​នេះ​ហើយ ​បាន​ឲ្យ​ប្រាក់​ទៅ​ភោជនីយដ្ឋាន​តៃវ៉ាន់ខ្លះ​បើក​ការផ្សាយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​គាំទ្រ​ចិន​ឲ្យ​អតិថិជន​មើល។

នៅទីក្រុង​ប៉េកាំង ​អ្នកនាំ​ពាក្យ​សម្រាប់​ការិយាល័យ​កិច្ចការ​កោះតៃវ៉ាន់​របស់​រដ្ឋាភិបាល​ចិន បាន​និយាយ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា​ថា ការិយាល័យ​របស់​លោក មិន​បាន​ប្រើ​បណ្តាញ​ព័ត៌មាន​តៃវ៉ាន់​ដើម្បីគាំទ្រ​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ទេ។

ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់ និយាយ​ថា​កិច្ច​ខំ​ប្រឹង​ប្រែង​ណាមួយ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ហាក់ដូច​ជា​ត្រូវ​បាន​គេរៀប​ចំដោយ​សម្ងាត់​ដែល​ធ្វើ​ឲ្យ​មាន​ការលំបាកក្នុងការ​បង្ហាញឲ្យ​ជាក់លាក់​ថា​ទាក់​ទង​ជាមួយ​ចិន​។

លោក​ស្រី Yun Sunជា​សាស្រ្តាចារ្យ​ជំនួយ​ជាន់​ខ្ពស់​នៃ​កម្មវិធី​តំបន់​អាស៊ី​ខាង​កើតនៅ​ឯ​មជ្ឈមណ្ឌលStimsonដែល​ជា​អង្គការ​ស្រាវជ្រាវ​ក្នុង​រដ្ឋាធានី​វ៉ា​ស៊ីន​តោន និយាយ​ថា ​ចិន ​ប្រហែល​មិន​ទិញ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ឬ​បំផ្លាញ ទិន្នន័យ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅលើ​ការបោះឆ្នោត​ទេ។

លោកស្រី Sun និយាយ​ទៀត​ថា «ខ្ញុំ​គិត​ថា ភ័ស្តុតាង​មិនទាន់​ចេញ​រូបភាព​ច្បាស់​លាស់​ទេ ​ហើយ​ថា ការទាក់​ទង​របស់​ចិន ​មានភាព​ស្មុគ្រ​ស្មាញ​ជាង​នេះ​។ ផ្ទុយទៅវិញ​មន្រ្តី​ក្នុង​ទីក្រុង​ប៉េកាំង អាច​ប្រើ​បណ្តាញ​ព័ត៌មាន​របស់​ខ្លួន​ដើម្បី​បញ្ជូន​សារ​ទៅ​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់​និង​ចិន ​រួមមានភ្ញៀវ​ទេសចរណ៍​ដែ​លបម្រុង​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់។ ដូច្នេះអ្វី​ដែល​ចិន​ធ្វើ​គឺប្រើទំនាក់​ទំនង​សាធារណៈ»។

លោកស្រី បាន​មាន​ប្រសាសន៍​ទៀត​ថា ការណ៍​នេះ​នឹង​ក្លាយ​ជាការ​លំបាក​មួយ​ដើម្បី​ស្វែងរក​ការជាប់​ជំពាក់​ជំពិន​ដោយ​ផ្ទាល់របស់​ចិន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ណា​មួយ​នោះ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG