ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​ហាង​លក់សៀវភៅ​ម្នាក់ដែល​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​ចង់​ចាប់​ខ្លួន ​បាន​​គេច​ខ្លួន​ទៅ​កោះ​តៃវ៉ាន់​


រូបភាពឯកសារ៖ អ្នកលក់​សៀវភៅ​ហុងកុង​លោក Lam Wing-kee ត្រូវ​បាន​គេ​ថត​មុន​នឹង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១៦។
រូបភាពឯកសារ៖ អ្នកលក់​សៀវភៅ​ហុងកុង​លោក Lam Wing-kee ត្រូវ​បាន​គេ​ថត​មុន​នឹង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១៦។

លោក Lam Wing-keeមាន​គម្រោង​បើក​ហាង​​លក់សៀវ​ភៅ​មួយ​នៅ​កោះ​តៃ​វ៉ាន់។ រដ្ឋាភិបាល​ចិន​ដីគោក ​សង្ឃឹម​ថា​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​លោក​អំពី​​ការ​រក​ស៊ី​លក់​សៀវ​ភៅ​របស់​លោក​​នៅ​ក្នុង​ទីក្រុង​ហុងកុង ក៏ប៉ុន្តែ​លោក​បាន​រត់គេច​ខ្លួន​ទៅ​កាន់​កោះ​តៃវ៉ាន់។

កាលពី​៣ឆ្នាំ​មុន ពួក​អាជ្ញា​ធរ​ក្នុង​ប្រទេស​ចិន​ ​បាន​រំពឹង​ថា ​លោក Lam Wing-keeនឹង​ប្រគល់​កំព្យូទ័រ​របស់​លោក​ឲ្យ​អាជ្ញាធរ​ចិន ​ហើយ​បន្ទាប់​មក​ឆ្លងកាត់​ព្រំ​ដែន​វិលត្រឡប់​ទៅ​កាន់​ចិន​ដីគោកដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ខាង​ព្រហ្មទណ្ឌក្នុង​ដំណាក់ការ​ចុង​ក្រោយ។

លោក ជា​ម្ចាស់​ហាង​សៀវភៅ​ម្នាក់​នៃ​ម្ចាស់​ហាង​សៀវភៅ​៥​នាក់​ដែល​បាន​បាត់​ខ្លួន​បាន​បណ្តាលឲ្យ​ជ្រួល​ច្របល់​នៅ​ឆ្នាំ​២០១៥។ លោកLam បាន​ត្រូវគេរក​ចាប់​ខ្លួន​ចំពោះ​ការ​លក់​សៀវភៅ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅ​ចិន​ដីគោក។

ឥឡូវនេះ បុរស​ដែល​មាន​អាយុ​៦៣ឆ្នាំដែល​បាន​ចំណាយ​ពេល៨ខែ​នៅ​ក្នុង​គុកនៅ​ចិន​ដីគោក​ បានរស់​នៅ​កោះ​តៃវ៉ាន់។ ​លោក មាន​សេរីភាព​នៅ​លើ​កោះ​ប្រជា​ធិបតេយ្យ​និង​ជន​ជាតិ​ភាគតិច​ចិន​ដរាបណា​លោក​ បន្ត​ទិដ្ឋាការ​របស់​លោកនៅ​ពេល​ចាកចេញនិង​ត្រឡប់មក​កោះ​តៃវ៉ាន់វិញ។ លោក​នៅ​ទី​បញ្ចប់​មាន​គម្រោងបើ​ក​ហាង​លក់​សៀវភៅ​នៅ​កោះ​តៃវ៉ាន់ ​ហើយ​សប្បាយ​ចិត្ត​ចំពោះ​ការមិន​រឹតត្បិត​លើមាតិ​កា​សៀវភៅ។

លោក Lam បាន​ទៅ​ដល់​កោះ​តៃវ៉ាន់ ​បន្ទាប់​ពី​បំពាន​បទ​បញ្ជា​របស់​ចិន​ដើម្បី​ត្រ​ឡប់​ទៅកាន់​ចិន​ដីគោក​វិញ​នៅ​ឆ្នាំ​២០១៦។ កាលពី​ដំបូង លោក ​សប្បាយចិត្ត​នឹង​ស្នាក់នៅ​ក្នុង​ទីក្រុង​ហុងកុង។ ថ្វីបើ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ពិភពលោក​នោះ ​បាន​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង​របស់​ចិន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ក៏ដោយ ដែនដី​នោះ ​មិនមាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ចិន​ដីគោក​ដើម្បី​ធ្វើ​បត្យាប័ន​ជន​សង្ស័យ​ជា​ឧក្រិដ្ឋ​ជន​ទៅកាន់​ចិន​ដីគោក​ទេ។

ក្រោយ​មក ​នៅ​ក្នុង​ខែ​កុម្ភៈ ​ទីក្រុង​ហុងកុង ​បាន​ចាប់​ផ្តើម​ពិចារ​ណា​ពី​ច្បាប់​បត្យា​ប័ន។​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នោះ បាន​ធ្វើ​ឲ្យមានការតវ៉ា​ប្រឆាំង​ដ៏​ធំមួយដែល​បានធ្វើ​ឲ្យ​មានការ​តានតឹង​នៅ​ក្នុង​ទីក្រុង​នោះ​ចាប់​តាំង​ពី​ខែ​មិថុនា​រហូត​មក​ទល់​បច្ចុប្បន្ននេះ។

លោក Lam បាន​ប្រាប់ VOA នៅ​ពេល​ទទួល​ទាន​កាហ្វេ​នៅ​ក្នុង​ទីក្រុង​តៃប៉ិកាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា៖ «ខ្ញុំ ​មិន​ដែល​គិតថា រដ្ឋាភិបាល​ក្រុងហុងកុង ​នឹង​ដោះ​ស្រាយ​បញ្ហា​នានា​ដូចនេះ​ទេ។ ការណ៍​នេះ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ក្រុងហុង​កុង​ត្រូវបាន​កាន់​កាប់​ដោយ​ចិន​ដីគោក»។

លោក Lam ​បាន​លក់សៀវភៅ​ដែល​ទាក់​ទិននឹងរឿង​នយោបាយ​ដ៏រសើបនៅ​ហាង​លក់​សៀវភៅ​មួយ​នៅ​សង្កាត់ Causeway Bayដែល​មាន​មនុស្ស​រស់​នៅនិង​ទេសចរណ៍​ច្រើន​ក្នុង​ទីក្រុងហុងកុង។ លោក​ត្រូវ​គេ​ឃុំខ្លួន​នៅឯព្រំ​ដែន​ជា​មួយ​ខេត្តShenzhen ហើយ​មុន​ដំបូង ​ត្រូវបាន​គេ​យក​ទៅ​កាន់​មជ្ឈមណ្ឌល​ឃុំ​ឃាំង Ningbo ​ដែល​ជាទីក្រុង​មួយ​នៅ​ជិត​ទីក្រុង​សៀងហៃ។ លោក​បាន​រស់​នៅ​ម្នាក់ឯងក្នុង​បន្ទប់​នោះ​អស់​រយៈ​ពេល​៥ខែ​មុនពេល​ត្រូវគេ​យក​ទៅ​កាន់​សណ្ឋាគារ​មួយ​កន្លែង​នៅក្រុង Shaoguan នៃ​ខេត្ត​កងទុង។

ក្នុង​អំឡុងនៃការ​ស្ថិតនៅ​របស់​លោក​នៅ​ចិនដីគោក លោកLamនិយាយ​ថា លោក​បាន​ត្រូវ​គេ​សួរ​ចម្លើយ​ជាច្រើន​លើកក្នុង​មួយ​សប្តាហ៍ ​ទោះ​យ៉ាង​ណាក៏​ដោយ​ គេមិន​ដែល​ធ្វើ​បាប​លើ​រាង្គកាយ​របស់​លោកទេ។

បន្ទប់​របស់​លោក ​ស្អាត ​ក៏ប៉ុន្តែ ​បន្ទប់ឃុំឃាំង​នៅ​គុក​ក្នុងក្រុង Ningbo មានទំហំ​តូច​ បង្អូច​ខ្ពស់​ដែល​លោក ​មិន​អាច​មើល​ទៅ​ខាង​ក្រៅ​បានច្រើន។

​លោក Lam និយាយថា នៅ​ទី​បញ្ចប់ ​ប៉ូលិស​ចិនបាន​អនុញ្ញាត​ឲ្យ​អ្នក​លក់​សៀវ​ភៅ​រូបនោះ​ត្រឡប់​ទៅ​កាន់​ទីក្រុង​ហុងកុង​វិញ​ដើម្បី​យក​កុំព្យូទ័រ​របស់​លោក ​ដែល​អាច​មាន​ឯកសារ​សម្ងាត់។ លោកបាន​និយាយ​ទៀត​ថា៖ «​ប្រសិនបើ ​លោក ​អ្នកយក​កុំព្យូទ័ររបស់​លោក ​អ្នក​ទៅ​ឲ្យ​គេ​ពួកគេនឹងយក​ឯកសារ​ចេញ​ពី​កុំព្យូទ័រ​នោះ»។

លោកLam បាន​រើ​ទៅ​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុង​ហុងកុង ​នៅពេល​បាន​យល់​ព្រម​ជាមួយ​ពួក​អាជ្ញា​ធរ​ចិន។​ លោក​បាន​រំលឹក​ឡើង​វិញ​ថា៖ «​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា សណ្ឋា​គារ​នោះ​ជាសណ្ឋាគារល្អមួយ។ ​ពួកគេ​មិន​ដែល​មក​ទីក្រុង​ហុងកុង​ទេ»។

នៅ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​លោកLamបាន​ប្រាប់​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​ហុង​កុង​ថា ​លោកមិន​ត្រឡប់​ទៅកាន់​ចិនដីគោក​វិញទេ។​ ក៏ប៉ុន្តែបន្ទាប់​ពី​រដ្ឋាភិ​បាលក្រុង​ហុង​កុង ​បាន​ចាប់​ផ្តើម​ពិភាក្សា​ច្បាប់​នៅ​ខែកុម្ភៈ ​នៅ​ឆ្នាំនេះ​ដែល​នឹង​អនុ​ញ្ញាតឲ្យ​ធ្វើ​បត្យា​ប័ន ​លោក​បាន​រត់​គេចខ្លួន​ទៅ​កោះ​តៃវ៉ាន់។ ​ការរត់​គេច​ខ្លួន​នោះ​នៅ​ខែមេសា។

ពលរដ្ឋ​កោះ​តៃវ៉ាន់ បាន​តាមដាន​ស្ថានការ​នៅប្រទេស​ចិន ​ហើយ​ពលរដ្ឋ​ជា​ច្រើននៅកោះ​ដែល​គ្រប់​គ្រង​ដោយ​ខ្លួនឯងនោះ ​មិន​ចូល​ចិត្ត​ចិន​ដីគោកទេ។​ រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង ​បាន​ទាម​ទារ​អធិបតេយ្យ​ភាពលើ​កោះ​តៃវ៉ាន់​ហើយ​ទទូចថា ​នៅ​ទី​បញ្ចប់ ​ភាគី​ទាំង២​ នឹង​បង្រួប​បង្រួម​គ្នា។

ការតវ៉ា​ប្រឆាំង​អំពី​ច្បាប់​បត្យាប័ន​ដែល​បានស្នើឡើង ​បាន​ចាប់​ផ្តើម​រហូត​មក​ទល់​ពេល​នេះ​ដែល​ជា​ការតវ៉ា​ប្រឆាំង​ជាបន្ត​បន្ទាប់​មិន​ទប់​បាននៅ​តាម​ផ្លូវនានា​ក្នុង​ក្រុងហុងកុង​ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ​ខែ​មិថុនា​មក។ ​មនុស្ស​ខ្លះ​ភ័យ​ខ្លាច​ថាប៉ូលិសបង្ក្រាបរបស់ចិន ​នឹង​បង្ក្រាបការតវ៉ា​ប្រឆាំង​នេះ។

លោក Lam ត្រូវតែ​ចាក​ចេញ​ពី​កោះ​តៃវ៉ាន់​នៅ​ត្រឹម​ខែតុលា ដែល​មិនមាន​ច្បាប់​សិទ្ធិ​ជ្រកកោន​ដែល​អាច​ផ្តល់​ទិដ្ឋាការ​រយៈ​ពេល​វែង​ឲ្យ​លោក​។​ លោក ​មាន​ផែន​ការ​ទៅ​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ចូល​រួម​ការ​តាំង​ពិរពណ៌​សៀវ​ភៅ ​ហើយ​បន្ទាប់​មក​នឹង​ធ្វើ​អ្វី​ដើម្បី​វិលត្រឡប់​ទៅកាន់​កោះ​តៃវ៉ាន់​ដើម្បី​ស្នាក់​នៅ​បាន​យូរ។

លោក មាន​គោល​បំណង​បើក​ហាងលក់​សៀវ​ភៅ​នៅកោះ​តៃវ៉ាន់​បន្ទាប់​ពី​ការ​រៃអង្គៀសប្រាក់។​ លោក ​បាន​និយាយ​ថា «ខ្ញុំ ​មិន​មានប្រាក់​ទេ​នៅពេល​ឥឡូវនេះ។ លោកLam ​បាន​និយាយ​ទៀត​ថា ​លោក នឹង​មិន​ចាំ​បាច់​លក់​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ដូច​គ្នា​នៅ​ទី​នេះ​ដែល​បាន​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​ជាមួយ​ចិន​នោះ​ទេ។ លោក​បាន​ប៉ាន់​ស្មាន​ថា សៀវភៅ​មួយដែលរកបាន​ប្រាក់​ជាង​៣០​លាន​ដុល្លារ​ហុង​កុងឬស្មើ(៣លាន​៨សែន​ដុល្លារ​សហរដ្ឋ​អាមេរិក)នៅ​តាម​បណ្តាញ​លក់​ជា​ច្រើន។

ពលរដ្ឋ​ចិន​ដីគោក ជួយ​ធ្វើឲ្យ​ការលក់សៀវភៅ​នោះ​កើនឡើង​ដោយ​ពួកបាន​ទិញ​សៀវ​ភៅ​នោះ​នៅពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ​រួមមាន​ទីក្រុងហុងកុង​ផង​ដែរ។

ពលរដ្ឋ​តៃវ៉ាន់ ជារឿយ​ៗ​មិន​សូវចាប់​អារម្មណ៍រឿង​កំប៉ិក​កំប៉ុក​របស់​រដ្ឋាភិបាល​ចិន​ដី​គោក​ទេ។ ផ្ទុយ​ទៅ​វិញ ​ពួកគេ​និយម​អាន​អំពី​ប្រទេស​ជប៉ុន​ឬ​ប្រទេស​លោកខាង​លិច។

​អ្នកគាំទ្រគេហទំព័រ ChinaChange.org ​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក Lam ​កាល​ពី​ពេល​មុន​បាន​បោះ​ពុម្ភសៀវភៅ​ដែល​«លាតត្រដាង»​អំពី​ពួក​មេដឹកនាំ​ចិន​នៅ​ក្នុង​ចិនដីគោក​ហើយ​ផ្ញើរសៀវ​ភៅ​ទាំង​នោះតាម​ប៉ុស្តិ៍​ទៅ​ឲ្យ​អតិថិជន។

លោក Andy Chang ជា​សាស្រ្តាចារ្យ​សិក្សា​អំពី​ប្រទេស​ចិន​នៅឯ​សាកល​វិទ្យា​ល័យ Tamkang នៅកោះ​តៃវ៉ាន់ ​និយាយ​ថា ហាងលក់​សៀវ​ភៅ​នៅ​កោះ​តៃវ៉ាន់ ​ប្រហែល​បាន​ទទួល​ជោគជ័យ​នៅ​ពេល​ចាប់​ផ្តើម​ដំបូង។

លោក Chang បាន​និយាយ​ទៀត​ថា៖ «ក្នុង​រយៈ​ពេល​ខ្លី ​មិនមានការ​លំបាក​ខ្លាំង​ទេ ​ពីព្រោះតែ​ប្រវត្តិ​របស់​លោក ​ដូច្នេះ ​ពលរដ្ឋ​តៃវ៉ាន់ ​រួម​ទាំង​ពលរដ្ឋ​សាមញ្ញ​ខ្លះ ​នឹង​អាន​សៀវភៅនោះ ​ក៏ប៉ុន្តែក្នុង​រយៈ​ពេល​មធ្យម​និង​រយៈ​ពេល​យូរជាង​នោះ ​វានឹង​មានការលំបាក​កាន់​តែ​ខ្លាំង​ឡើង»។

លោក Yang Lian-fu​ ជា​អ្នក​បោះ​ពុម្ភសៀវភៅ​ប្រវត្តិសាស្រ្ត​ក្នុង​ស្រុក ​បាន​និយាយ​ថា​ អ្នក​លក់​សៀវភៅ​ខ្លះ ​កំពុង​តស៊ូ​ប្រឆាំង​នឹង​បណ្តាញព័ត៌មាន​ខ្លះ។

លោក Yangបាន​និយាយ​ថា៖ «ហាង​លក់​សៀវភៅ ​មិន​មែន​ស្ថិត​ក្នុង​ដំណាក់​ការ​រីក​ចម្រើន​ទេ ​ដូច្នេះ ​ការលក់​ដូរ ​មិន​ដំណើរការ​ល្អ​ទេ។ ពួក​អ្នក​អាន​សៀវ​ភៅ មាន​ចំណូល​តិច​តួច​ណាស់។ មាន​បណ្តាញជា​ច្រើន​ដើម្បី​ទទួល​បាន​ព័ត៌​មាន។ ពួកគេ ​អាចមាន​ប្រព័ន្ធអ៊ីនធឺណិត​តាម​កុំព្យូទ័រ ​ហើយ​មិន​ចាំបាច់​ពឹងផ្អែកលើ​ហាង​លក់​សៀវភៅ​ទេ ដូច្នេះ​ប្រសិន​បើលោក​ចង់​បើក​ហាងលក់​សៀវភៅ​នៅ​កោះ​តៃវ៉ាន់ ខ្ញុំ ​គិត​ថា លោក ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ខ្លាំង​នោះ​ទេ»៕​

ប្រែ​សម្រួលដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG