កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយសរុបចំនួនជិត ៦ ពាន់លានដុល្លារទាំងផ្នែកយោធានិងថវិកាដល់អ៊ុយក្រែន នៅពេលលោក Joe Biden ប្រើប្រាស់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិកដើម្បីបង្កើនជំនួយដល់អ៊ុយក្រែន មុនពេលលោក Donald Trump ឡើងកាន់អំណាចបន្តពីលោកជាប្រធានាធិបតី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Biden បានប្រកាសផ្តល់ជំនួយបន្ថែមខាងសន្តិសុខចំនួន ២,៥ ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកអ្នកស្រី Janet Yellen ថា សហរដ្ឋអាមេរិកបានត្រៀមថវិកាចំនួន ៣,៤ ពាន់លានដុល្លារសម្រាប់ជាជំនួយបន្ថែមផ្នែកថវិកាដល់អ៊ុយក្រែន ដោយផ្តល់ឲ្យអ៊ុយក្រែននូវធនធានដ៏សំខាន់ក្នុងពេលមានការវាយប្រហារកាន់តែខ្លាំងឡើងពីរុស្ស៊ីលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។
លោក Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តាមបញ្ជារបស់ខ្ញុំ សហរដ្ឋអាមេរិកនឹងបន្តធ្វើការឥតឈប់ឈរដើម្បីពង្រឹងជំហររបស់អ៊ុយក្រែននៅក្នុងសង្គ្រាមនេះ ក្នុងអំឡុងពេលនៅសេសសល់របស់ខ្ញុំក្នុងនាមជាប្រធានាធិបតី»។
ការប្រកាសរបស់លោក Biden នេះរួមមានជំនួយយោធាចំនួន ១,២៥ ពាន់លានដុល្លារ ដែលដកចេញពីឃ្លាំងស្តុកអាវុធរបស់សហរដ្ឋអាមេរិក និងកញ្ចប់ជំនួយសន្តិសុខអ៊ុយក្រែន (USAI) ចំនួន ១,២២ ពាន់លានដុល្លារ។ ក្រោមកញ្ចប់ជំនួយ USAI នេះ យុទ្ធោបករណ៍ត្រូវបានធ្វើលទ្ធកម្មចេញពីឧស្សាហកម្មផ្នែកការពារជាតិ ឬដៃគូផ្នែកការពារជាតិ មិនមែនដកចេញពីឃ្លាំងសព្វាវុធរបស់សហរដ្ឋអាមេរិកទេ។
អ្នកស្រី Yellen បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយថវិកាដោយផ្ទាល់ចំនួន ៣,៤ ពាន់លានដុល្លារដែលត្រូវផ្តល់ឲ្យក្រោមកិច្ចសម្របសម្រួលជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រសួងការបរទេសអាមេរិកនេះគឺជាការផ្តល់ឲ្យលើកចុងក្រោយតាមច្បាប់វិភាជថវិកាបន្ថែមសម្រាប់សន្តិសុខអ៊ុយក្រែនឆ្នាំ ២០២៤៕
អាមេរិកប្រកាសផ្តល់ជំនួយយោធានិងជំនួយផ្សេងទៀតជិត ៦ ពាន់លានដុល្លារដល់អ៊ុយក្រែន
- Reuters
រដ្ឋធានីវ៉ាស៊ីនតោន —
វេទិកាបញ្ចេញមតិ