អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការនេសាទហួសប្រមាណបានធ្វើឲ្យត្រីក្នុងស្រុកស្ទើរតែផុតពូជអស់។ ប៉ុន្តែតាំងពី ឆ្នាំ២០១២មក ការសាងសង់កោះសិប្បនិម្មិតដ៏ចម្រូងចម្រាស់បានបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៅតំបន់ផ្លូវទឹកដែលមានជម្លោះនេះ។ រូបភាពតាមប្រព័ន្ធផ្កាយរណបថ្មីៗនេះបានបង្ហាញពី ស្លាកស្នាមដែលបង្កដោយមនុស្សទៅលើថ្មប៉ប្រះទឹកចំនួន២៨។ លោក Terry Hughes គឺជាអ្នកជីវសាស្រ្តសត្វសមុទ្រ និងសាស្រ្តាចារ្យម្នាក់នៅមហាវិទ្យាល័យ James Cook។
លោកសាស្រ្តាចារ្យបានមានប្រសាសន៍ថា «ប្រទេសជាច្រើនដែលបានពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងបានសាងសង់កោះសិប្បនិម្មិតនានាតាំងពីអតីតកាល ឬកំពុងតែសាងសង់នាពេលបច្ចុប្បន្ន ហើយវាបានបង្កផលប៉ះពាល់យ៉ាងខ្លាំង។ ផលប៉ះពាល់នៃគម្រោងបូមខ្សាច់ និងការពង្វាតដីកំពុងប៉ះពាល់ទៅលើការនេសាទត្រីដែលមានស្រាប់រួចហើយកាន់តែដុនដាបឡើង»។
ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ អ្នកនេសាទជនជាតិចិនបានប្រើប្រាស់កង្ហារស្លាបចក្រដ៏ធំភ្ជាប់ជាមួយនឹងទូកដឹកទំនិញដើម្បីកាត់ច្រិបថ្មប៉ប្រះទឹក និងត្រៀមរៀបចំសម្រាប់ការសាងសង់កោះសិប្បនិម្មិតក្នុងប្រជុំកោះស្រ្ពាត់លី (Spratlys)។ អ្នកនេសាទទាំងនោះក៏បានរុករកសំបកលៀសសមុទ្រយក្សនៅបាតសមុទ្រផងដែរ។ សំបកលៀសទាំងនោះត្រូវបានគេឲ្យតម្លៃដូចគ្រឿងអលង្ការ និងវត្ថុប្រណីតផ្សេងជាច្រើន ដែលអាចលក់បានរហូតដល់១៥០.០០០ដុល្លារ។
លោក John McManus សាស្រ្តាចារ្យផ្នែកជីវវិទ្យានៃសត្វសមុទ្រ និងផ្នែកនេសាទនៅឯសាកលវិទ្យាល័យ Miami និយាយថា ការសាងសង់លើថ្មប៉ប្រះទឹកមិនមែនជាអ្វីដែលថ្មីទេ ប៉ុន្តែការសាង់សង់សំណង់ទ្រង់ទ្រាយធំដូចជាមូលដ្ឋានយោធា និងផ្លូវយន្តហោះរបស់ប្រទេសចិនលើកនេះ បានធ្វើឲ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។
«តែមួយពព្រិចភ្នែក យើងស្រាប់តែស្ថិតក្នុងស្ថានភាពដ៏សម្បើមមួយ ដែលថ្មប៉ប្រះទឹកមួយតំបន់ធំត្រូវបានកប់ចោល។ ហើយចុងបញ្ចប់វាមានទំហំប្រហែល១៣គីឡូម៉ែតការ៉េ និង១៣លានម៉ែត្រការ៉េដែលត្រូវបានបំផ្លាញ តាមរយៈការគ្រាន់តែត្រូវបានគេកប់ចោលក្រោមកោះទាំងនេះ។ ហើយនេះគឺពិតជាការរន្ធត់ដ៏ធំមួយ»។
ក្រសួងការបរទេសចិនបាននិយាយថា កោះសិប្បនិម្មិតទាំងនេះនឹងត្រូវបានប្រើសម្រាប់គោលបំណងស៊ីវិល បេសកកម្មស្វែងរក និងជួយសង្គ្រោះ រួមទាំងវិស័យការពារជាតិផងដែរ។
នៅក្នុងបទសម្ភាសន៏មួយជាមួយនឹងសារព័ត៌មានអូស្រ្តាលី លោក Wu Shicun ប្រធាននៃវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវសមុទ្រចិនខាងត្បូង បានមានប្រសាសន៏ថា ចិនបានធ្វើការសាងសង់នៅសមុទ្រដោយយោងតាម «ការសាងសង់ដែលប៉ះពាល់បរិស្ថានតិចតួច» ជាមួយនឹងវិធានការការពារប្រព័ន្ធអេកូឡូស៊ីដ៏តឹងរ៉ឹងដើម្បីដឹកនាំការសាងសង់នេះ។
ប៉ុន្តែអ្នកស្រី Samantha Lee នៃអង្គការមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) និយាយថា ការសាងសង់អ្វីក៏ដោយនៅតាមផ្លូវទឹកនឹងមានហានិភ័យក្នុងការបំផ្លិចបំផ្លាញថ្មប៉ប្រះទឹកក៏ដូចជា ពូជត្រីដែលពឹងផ្អែកលើថ្មប៉ប្រះទឹកទាំងនោះដើម្បីរស់ផងដែរ។
«បើសិនជាកំហាប់ដីល្បាប់ក្នុងទឹកមានកម្រិតខ្ពស់ពេក វានឹងទប់ស្កាត់ពន្លឺព្រះអាទិត្យ ហើយបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានលើការលូតលាស់នៃផ្កាថ្ម។ ជាងនេះទៅទៀត វានឹងប៉ះពាល់ដល់ស្រកីរបស់ត្រី»។
លោក McManus បានអះអាងគាំទ្រជាយូរមកហើយសម្រាប់ការបង្កើតឧទ្យានសន្តិភាពមួយនៅតំបន់សមុទ្រ និងរៀបចំឲ្យមានកិច្ចព្រមព្រៀងសម្រាប់ការគ្រប់គ្រងធនធានរួមគ្នាមួយ ដែលមានរួមបញ្ចូលក្រមប្រតិបត្តិ និងការបញ្ឈប់ការទាមទារទឹកដី។ លោកនិយាយថា ការណ៍នេះនឹងការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នេះ។
ថ្មីៗនេះ ប្រទេសវៀតណាម និងកោះតៃវ៉ាន់បានចាប់ផ្តើមធ្វើការសាងសង់ទ្រង់ទ្រាយតូចនៅលើកោះជាច្រើនលើផ្លូវទឹកដែលមានជម្លោះ៕
ប្រែសម្រួលដោយ ទុំ ម្លិះ