ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​កាន់​អំណាច​បង្ហាញ​ពី​ការព្រួយ​បារម្ភ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង

  • នៅ វណ្ណារិន

ផែនទី​សមុទ្រ​ចិនខាងត្បូង។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង​អំណាច​រវាង​ប្រទេស​ចិន​និង​មហា​អំណាច​សហរដ្ឋ​អាមេរិក ​ក្នុង​តំបន់​ ​អាស៊ី​និង​បាស៊ីភិក​ជា​ពិសេស​លើ​ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ដែល​កំពុង​ឡើង​កម្តៅ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង​អំណាច​រវាង​ប្រទេស​ចិន​និង​មហា​អំណាច​សហរដ្ឋ​អាមេរិក ​ក្នុង​តំបន់​ ​អាស៊ី​និង​បាស៊ីភិក​ជា​ពិសេស​លើ​ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ដែល​កំពុង​ឡើង​កម្តៅ។​ ​នេះ​បើ​យោង​តាម​ការឲ្យដឹង​របស់អ្នក​នាំ​ពាក្យ​ និង​ឯកសារ​សន្និបាត​គណបក្ស​កម្រាស់​ ៤៩​ទំព័រ​ដែល​ VOA ​បាន​ទទួល។​

នា​ចុង​សប្តាហ៍​កន្លង​ទៅ​ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលក្តោប​ក្តាប់​អំណាច​ជាង​ ​៣៥ឆ្នាំ​ ​បាន​ប្រារព្ធអង្គ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​គណៈ​កម្មាធិការ​កណ្តាល​ខ្លួន​ ​ដើម្បី​បូក​សរុប​ ​សកម្ម​ភាព​ ​ស្ថាន​ភាព​ន​យោ​បាយ​ក្នុង​និង​ក្រៅ​ស្រុក​នា​ឆ្នាំ​២០១៥​កន្លង​មក​ ​នឹង​ការ​រៀបចំ​យុទ្ធសាស្រ្ត​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ។​ ​ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ទាក់​ទិន​នឹង​បញ្ហា​សន្តិសុខ​តំបន់​ ​និង​ពិភព​លោក​ រួម​ទាំង​ការ​ប្រ​ជែង​អំណាច​ក្នុង​តំបន់​អាស៊ី​ផង​ដែរ។​

ក្នុងឯកសារ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​រយៈ​ ​សារ​អេឡិក​ត្រូនិក​ឬ​Email​ ​បាន​សរ​សេរ​ថាការ​ជ្រៀតជ្រែក​របស់​ ​ប្រទេស​មហា​អំណាច​រួមទាំង​សហរដ្ឋ​អា​មេរិក​ ​ចូល​ក្នុង​បញ្ហា​ជម្លោះ​ ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ធ្វើឲ្យ​ ​«​សភាព​ការណ៍​មាន​ភាព​ស្មុគ​ស្មាញ»​ ​ក្នុង​ក្រុម​ប្រទេស​អាស៊ាន​និង​ប្រទេស​ចិន​ ​ដែល​កំពុង​ព្យា​យាម​អនុវត្តន៍​ឲ្យ​បាន​ពេញ​លេញ​នូវ ​«​ក្រម​ប្រតិបត្តិ​ នៅ​សមុទ្រចិន​ខាង​ត្បូង​»​ (COC)​នឹង​ «​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ ការ​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​» ​(DOC)​។​ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ក៏​បាន​បញ្ជាក់​ពីក្តី​បារម្ភ​ចំពោះ​ ​ការប្រកួត​ប្រជែង​នា​ពេល​អនាគត​ជា​មួយ​ប្រទេសចិន​ ​ដែល​គេ​គិត​ថា​នឹង​អាច​ក្លាយ​ជា​មហា​អំណាច​មួយ​នៅ​ទ្វីប​អាស៊ី។​

ក្នុង​ទំព័រ​ទី​៩​នៃ​ឯកសារ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​ ​«​ការ​ជ្រៀត​ជ្រែក​របស់​មហា​អំណាច​និង​ប្រទេស​ខ្លះ​គឺធ្វើ​ការទប់ស្កាត់​ការ​ឈាន​ឡើង​របស់សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ជា​មហា​អំណាច​ធំ​ជាង​គេ​ក្នុង​តំបន់​និង​សកល​លោក​ ដែល​អាច​ជា​ការ​ប្រឈម​ក្នុង​ពេល​អនាគត​មិន​យូរ​ប៉ុន្មាន​របស់​សហ​រដ្ឋ​អាមេរិក។​ ប្រការ​នេះ​អាច​បង្ករ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ខាង​អាវុធ ​ក្នុង​ពេល​ដែល​ប្រទេស​ខ្លះ​ធ្វើ​ការ​ប្រកួត​ប្រជែង​សព្វាវុធ​ ដើម្បី​ដោះស្រាយ​សមុទ្រ​ចិនខាង​ត្បូង​ជា​មួយ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​»​។​

ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​ ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ​មាន​សភាព​តាន​តឹង​សារ​ជា​ថ្មី​ ​នា​ដើម​ខែ​មករា​នេះ​ ​ក្រោយ​ពេល​ដែល​ ​ចិន​បាន​ចុះចត​យន្ត​ហោះសាក​ល្ប​ងនៅ​លើ​កោះ​ សិប្ប​និមិត្ត​ ដែល​ខ្លួន​សាងសង់​ ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រែតលី​ (Spratly)​ ដែល​មាន​ជម្លោះ​នោះ។ ប្រ​ទេស​ហ្វីលីពីន​ ម៉ាឡេស៊ី ​វៀតណាម ​ប៊្រុយណេ​ស្ថិត​ក្នុង​សមាគម​ អាស៊ាន ​ដែល​មាន​ជម្លោះ​ដែន​ដី​ជា​មួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ​នោះ​ក៏​បាន​ធ្វើ​ការ​តវ៉ា​ ​ភ្លាមៗ​ផង​ដែរ។​ ​ថ្មីៗនេះ​ប្រទេស​ចិន​បាន​ហាម​ប្រាម​មិន​ឲ្យ​មាន​នាវាចរណ៍​ ការរុក​រករ៉ែធម្មជាតិ​ ​និង​នេសាទ​ ក្នុង​តំបន់​កោះ​ទាំង​នោះ​ដែល​ខ្លួន​អះអាង​ថា​ដែល​ជា​អធិបតេយ្យ​របស់​ខ្លួន​។​

លោក​ អ៊ូ វីរៈ​ ​នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​យល់​ថា៖​ ​«​ប្រសិនជា​អញ្ចឹង​ល្អ​ហើយ​ឆ្លុះបញ្ចាំង​ថា​គណបក្ស​ប្រជាជន​ ​យក​ចិត្តទុកដាក់​នៅ​ក្នុង​ជម្លោះ​តំបន់​ដែល​កំពុង​តែ​ក្តៅ​គគុក​ ​ជាពិសេស​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​កំពុង​ក្តៅ​ខ្លាំង​ណាស់​ ​ឥឡូវនេះ​ចិន​ពន្លិច​ទូកនេ​សាទ​ ​វៀត​ណាម​ ​ក្នុង​កោះស្ព្រែតលី​ (Spratly)​ ​និង​កោះ​ Fiery Cross​ អីហ្នឹង​សុទ្ធតែ​ជា​កន្លែង​ក្តៅ​គគុក​មែន​ទែន​ ​ហើយ​ជា​រឿង​ដែល​ ​អាច​ផ្ទុះ​បាន​ ​ផ្ទុះ​សង្គ្រាម​បាន​។​ អញ្ចឹង​ហើយ​ការ​យក​ចិត្តទុក​ដាក់​របស់​ ​គណបក្ស​ក៏​មិន​ខុស​អ្វី​ដែរ​ ​ក៏ប៉ុន្តែ​ខ្ញុំឆ្ងល់​ថា​ហេតុ​អី​បាន​ក្រសួងការ​បរទេស​មិន​មាន​គោល​ជំហរ​ច្បាស់លាស់ ​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ថា​ក្រសួង​ការ​បរទេស​កំពុង​តែ​ធ្វើអ្វី។​ ​នាំ​សមុទ្រ​ចិន​ខាង​ត្បូង​ មែន​ទែន»​។

លោក​ថា​រដ្ឋាភិបាល​កម្ពុជា​គួតែ​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់​លាស់​ ​ជុំវិញ​បញ្ហា​សមុទ្រ​ចិនដោយ​សារ​មួយរយៈ​ចុងក្រោយ​នេះ​ ​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​នេះ​ហាក់​ដូច​ជា​លម្អៀង​ទៅ​ប្រទេស​ចិន​ទាំង​យោធា​ និង​ សេដ្ឋកិច្ច។​

«ជា​ទូទៅ​ខ្ញុំមិនដឹង​ថា​ តើ​គាត់​និង​(ឬ​)​ ​ជា​ការ​ឆ្លុះ​បញ្ជាំង​ថាគាត់​ងាក​មក​រក​ ​Balance​ ​វិញ​ឬ​យ៉ាង​ម៉េច? ​ព្រោះ​ឥឡូវនេះ​គាត់​រាង​ងាក​ទៅ​រកចិន​ខ្លាំង​ ប៉ុន្តែ​បើសិនជា​គាត់​ងាក​មក​រក​ Balance of Power​ ​តុល្យ​ភាព​អំណាចរវាង​ចិននិង​អាមេរិក​ ​ដែល​នាំ​ឲ្យ​មាន​ឥទ្ធិពល​មក​ប្រទេស​កម្ពុជា​ ​ឬ​មួយ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ទាំង​ពីរ​ ​មហា​អំណាច​ទាំង​ពីរ​ ​អាច​ជា​រឿង​មួយល្អ​ដែរ​ ​ហើយ​ក៏​ជា​រឿង​ដែល​ខ្ញុំ​សំណូម​ពរ​ផង​ដែរ​បាទ»​។​

ស្រប​គ្នា​នោះ​ដែរ​លោក​ លោក​ ​គល់ បញ្ញា​អ្នក​ឃ្លាំមើល​ការវិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​និង​ជានាយក​ប្រតិបត្តិ​នៃ​អង្គការខុម​ហ្រែ្វល​ (​COMFREL) យល់​ថាការលើកឡើង​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​ភាព​លម្អៀង​ទៅ​ប្រទេស​ចិន​ដែល​ជា​មហាមិត្ត គឺ​ចង់​បញ្ហាក់​ប្រាប់​សមាជិក​ខ្លួន​អំពី​បំណង​ដែល​ខ្លួន​មិនចង់ឲ្យ​មាន​ការជ្រៀតជ្រែក​ពី​មហាអំណាច​ទៅ​លើ​បញ្ហា​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

«គណបក្ស​កាន់​អំណាច​ចង់​បង្ហាញ​ថា​គាត់​នៅ​ក្នុង​តំបន់​នេះ ​វា​ត្រូវ​តែ​មាន​ប្រទេស​នៅ​ក្នុង​តំបន់​ជម្លោះ​និង​ដោះ​ស្រាយដោយ​ខ្លួន​ឯង​ មិន​ចង់​ឱ្យ​បរទេស​ ​អ្នក​ខាងក្រៅ​តំបន់​ហ្នឹង​ចូល​មកដោះ​ស្រាយ។​ ហ្នឹង​ក៏​ជា​នយោបាយ​អន្តរជាតិ​ដែរ​ណា។​ ​ហើយ​ណា​មួយ​ក្នុង​ហ្នឹង​ ​នៅ​ក្នុង​ជំហរ​សមា​ជិក​អាស៊ាន​មួយ​ចំនួន​មាន​ទំនាស់​ជា​មួយ​ប្រទេស​ចិន​ ​ហ្នឹង​ក៏​ជា​ការ​លំបាក​មួយ​ដែរ​នៅ​ក្នុង​ជម្រើស​នៃនយោបា​យ​អន្តរជាតិ​អញ្ចឹង​គេត្រូវ​រំឭក​ឲ្យ​សមាជិក​គេ​ដឹង​ហើយ»​។​

លោក​គល់ បញ្ញា​បន្ត​ថា​ការ​ពិភាក្សា​រឿង​គោល​នយោបាយ​ក្រៅ​ប្រទេស​នៅ​ក្នុង​គណបក្ស​មួយ​គឺ​ជា​រឿង​ដែល​គេ​ធ្វើ​នៅ​ក្នុង​ប្រទេស​ដែល​អភិវឌ្ឍន៍​ដូចជា​នៅ​សហរដ្ឋ​អាមេរិក។​ ​ក៏ប៉ុន្តែ​នយោបាយ​ការ​បរ​ទេស​នៅ​កម្ពុជា​មិនត្រូវបាន​បញ្ជាក់​និង​ដាក់​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ។​

«គណ​បក្ស​មួយ​ចំនួន​ហ្នឹង​គេ​ត្រូវ​ដឹង​ថា​គណ​បក្ស​របស់​គេ​ហ្នឹង​មាន​ជំហរ​ម៉េច​ ​គេ​ត្រូវ​មាន​យុទ្ធ​សាស្រ្ត​ម៉េច​ ជាមួយ​នឹង​ស្ថាន​ការណ៍​អន្តរជាតិ។ ​ហ្នឹង​ហើយ​សំខាន់​។​ ​នៅ​ប្រទេស​មួយ​ចំនួន​គេ​ត្រូវ​ធ្វើ​អញ្ចឹង​ ឧទាហរណ៍​ដូច​ជា​នៅប្រទេសអាមេរិក​ គេ​ជជែក​អំពី​ថា​តើ​គេ​ត្រូវ​ប្រយុ​ទ្ធ​ប្រឆំាង​នឹង​ភេរវកម្ម​នៅ​ ​អន្តរជាតិ​នឹង​យ៉ាងម៉េច​ គេ​ត្រូវ​ទាក់​ទិន​នឹងប្រទេស​ណា​ដើម្បី​គេ​ធ្វើកិច្ច​សហ​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆំាង​នឹង​ភេវរកម្ម​ឬក៏​ការំលោភ​បំពាន​លើ​ច្បាប់​អន្តរជាតិ​អី​អញ្ចឹង​ គេ​ត្រូវ​តែ​មាន។​ ជា​ធម្មតា​គឺ​គណបក្ស​មួយៗ​គេត្រូវតែ​មាន​ហើយ​ ​យល់​ដឹង​ពី​បញ្ហា​ហ្នឹង​ ​អំពី​កិច្ចការ​បរទេស​ហ្នឹង​បាន​ច្រើន​ដែរ»។​

ក៏ប៉ុន្តែ​ ​លោក​ សុខ​ ឦសាន​អ្នក​នាំពាក្យ​នៃ​គណបក្ស​កាន់​អំណាច​បញ្ជាក់​ប្រាប់​VOAថាគណបក្ស​របស់​លោក​មិន​សូវ​ជា​មាន​ការ​ចាប់​អាម្មណ៍​ចំពោះ​ការប្រជែង​គ្នា​របស់​មហា​អំណាច​នោះ​ទេ​ ហើយ​ ​គោល​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​នៅតែ​អព្យាក្រិត​ មិន​មាន​ភាព​ល​ម្អៀង​នោះ​ទេ។

«អត់​ទេ​! ​យើង​នៅ​តែប្រកាន់​ជំហរ​របស់​យើង​អព្យាក្រិត​ ជា​អចិន្ត្រៃយ៍​ដដែល អត់​មាន​លម្អៀង​ធ្ងន់ខាង​ណា ស្រាល​ខាង​ណា​ទេ។​ គ្រាន់​តែ​និយាយ​នេះ​គឺ​ និយាយ​ពី​សភាពការណ៍​ដែល​កើត​ឡើង​នោះ​ទេ»​។​

លោក​ សុខ​ ឦសាន​ថា​អង្គ​សន្និបាត​នៃ​គណបក្ស​ខ្លួន​ ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​គឺមិន​មាន​កិច្ច​ពិភាក្សា​ឲ្យ​ស៊ី​ជម្រៅ​ទាក់​ទិន​ ​នឹង​បញ្ហា​ទាំងនេះ​នោះ​ទេ។​

«ខ្ញុំ​យល់​ថា​ដូច​ជា​មិនមាន​អ្នក​ណា​គេ​ចាប់​អារម្មណ៍​ ​ទេ​បាទ​ ​ព្រោះ​ក្នុង​កិច្ច​ពិភាក្សា​គេ​អត់​បាន​លើក​សោះ​ គេ​លើក​តែ​ពីបញ្ហា​ផ្ទៃក្នុង​កម្ពុជា សំខាន់​គឺ​ទាក់ទង​នឹង​ ផល​ប្រយោ​ជន៍​របស់​ប្រជា​ពលរដ្ឋ»​។​

យ៉ាង​ណា​ក៏​ដោយ​ ​ក្នុង​ឯកសារ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​សង្ខេប​ព្រឹត្តិការណ៍​អន្តរជាតិ​និង​តំបន់​ក៏​បាន​បញ្ជាក់​ពី​ក្តីបារម្ភ​ចំពោះ​«នយោ​បាយ​ត្រឡប់​មក​កាន់​អា​ស៊ី​វិញ»​ ​របស់​មហា​អំណាច​អាមេរិក​ផង​ដែរ​ក៏​ប៉ុន្តែ​ឯកសារ​ដដែល​មិន​បាន​បញ្ជាក់​ពី​គោល​ជំ​ហរ​ច្បាស់​លាស់​របស់​គណ​បក្ស​កាន់​អំណាច​មួយ​នេះ​ទេ៕

XS
SM
MD
LG