ប្រទេសចិនបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងបញ្ចប់កិច្ចខំប្រឹងប្រែងដើម្បីចាក់ដីពង្រីកកោះដ៏ចម្រូងចម្រាស់របស់ខ្លួននៅក្នុងតំបន់មានជម្លោះខ្លះនៃសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែបានសន្យាបន្តស្ថាបនាប្រជុំកោះបង្កើតដោយមនុស្ស ដែលបានបង្កឲ្យមានការតានតឹងពីប្រទេសដែលទាមទារកោះនោះដែរ។
ក្រសួងការបរទេសចិនបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដោយប្រើប្រាស់ឈ្មោះប្រជុំកោះ Spratly ជាភាសាចិនថា «គម្រោងចាក់ដីពង្រីកកោះនៅលើប្រជុំកោះដែលបានបោះទីតាំងនិងប្រជុំថ្មប៉ប្រះទឹក Nansha ខ្លះរបស់ចិននឹងត្រូវបានបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត»។
សេចក្តីថ្លែងការណ៍ខ្លីៗរបស់ក្រសួងការបរទេសចិន ដែលមិនបានប្រាប់ពីកាលបរិច្ឆេទនៃការបញ្ចប់ការសាងសង់កោះនោះ បានការពារគម្រោងចាក់ដីធ្វើកោះថា មិនអាចបកក្រោយវិញបាន ហើយផ្តោតយ៉ាងសំខាន់លើគោលបំណងខាងស៊ីវិល មិនមែនគោលបំណងខាងយោធាទេ។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា «គម្រោងចាក់ដីធ្វើកោះនោះ ជាការត្រឹមត្រូវ ហើយនិងស្របច្បាប់ ហើយវាមិនបានប្រឆាំងប្រទេសណាមួយ និងមិនមានផលប៉ះពាល់ដល់សេរីភាពរបស់នាវាចរណ៍ និងការហោះហើររបស់ប្រទេសណាមួយក្នុងសមុទ្រចិនខាងត្បូងទេ»។
សហរដ្ឋអាមេរិកបានបង្កើនការជំទាស់ប្រឆាំងរបស់ខ្លួន ដល់គម្រោងស្ថាបនាកោះ ដែលឥឡូវនេះអាមេរិកបាននិយាយថា មានទំហំ២០០០ហិកតានៅលើប្រជុំថ្មប៉ប្រះទឹក ដែលគ្មានមនុស្សរស់នៅ ហើយជាផ្លូវទឹកដ៏សំខាន់។
ការស្ថាបនាកោះ បង្ហាញពីគោលបំណងខាងយោធា រួមមានប្រព័ន្ធរ៉ាដា បន្ទាយយោធា និងផ្លូវយន្តហោះ។ កាលពីខែមុន សហរដ្ឋអាមេរិក ក៏បាននិយាយដែរថា ចិន បានយករថយន្តដឹកកាំភ្លើងធំទៅកាន់ប្រជុំកោះនោះ ឥឡូវនេះរថយន្តទាំងនោះត្រូវបានគេយកចេញ៕