ប្រទេសកម្ពុជាស្ថិតក្នុងការប្រជែងរវាងមហាអំណាចទាំងពីរគឺចិននិងសហរដ្ឋអាមេរិក តែទោះជាមានបញ្ហាចម្រូងចម្រាស ដែលជាផលប្រយោជន៍សម្រាប់កម្ពុជាទាំងសេដ្ឋកិច្ចនយោបាយ សន្តិសុខ និងលាយឡំនឹងក្តីបារម្ភនេះក្តី ក៏គេឃើញថាកម្ពុជាដែលនឹងជិតក្លាយជាម្ចាស់ផ្ទះអាស៊ាន (ASEAN) មានឥទ្ធិពលរបស់ខ្លួនក្នុងតួនាទីជាប្រទេសអធិបតេយ្យមួយផងដែរ។
ប្រទេសកម្ពុជានៅសប្តាហ៍ចុងក្រោយនេះត្រូវបានរំលេចឡើងខ្លាំងលើឆាកអន្តរជាតិ ក្រោយពេលដែលលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកប្រធានាធិបតី Joe Biden ដំបូងបានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ានផ្សេងទៀត។ ប្រទេសកម្ពុជាមានទម្ងន់នយោបាយខ្លាំងនៅពេលនេះក្នុងចំណោមមហាអំណាចអាមេរិក និង ចិន ដោយសារភូមិសាស្ត្រនយោបាយ និង ក្លាយជាប្រធានអាស៊ាន (ASEAN) ប្តូរវេននៅឆ្នាំ២០២២ ដែលមហាអំណាចនិងប្រទេសនានាត្រូវពឹងកម្ពុជានិងធ្វើកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីជាច្រើន។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា សហរដ្ឋអាមេរិកត្រូវការអាស៊ានដើម្បីទប់ឥទ្ធិពលចិន ក្នុងតំបន់។
«ហើយសហរដ្ឋអាមេរិកត្រូវការអាស៊ានជាចាំបាច់ដើម្បីយកវេទិកាហ្នឹងទប់ឥទ្ធិពលចិនដែរ ដើម្បីកៀងគរនូវការគាំទ្របណ្តាប្រទេសដែលជាសមាជិកអាស៊ាន ដើម្បីទប់ឥទ្ធិពលចិនហ្នឹងដែរ អីចឹងចង់មិនចង់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយ អីចឹងទេអាមេរិកត្រូវប្រយ័ត្នប្រយែងដែរនៅក្នុងពាក្យសម្តីនិងទង្វើរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគីហ្នឹង»។
ប្រទេសចិនបានវាយលុកចូលក្នុងតំបន់ដោយពង្រីកកិច្ចសហប្រតិបត្តិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងសន្តិសុខ ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានរួមទាំងកម្ពុជា នៅពេលរដ្ឋបាលលោក Donald Trump ជាពិសេសមិនបានយកចិត្តទុកដាក់ចំពោះសម្ព័ន្ធមិត្តនិងបញ្ហារបស់សម្ព័ន្ធមិត្តជាច្រើន។ ខណៈដែលលោកTrump បានផ្តោតទៅលើគោលនយោបាយគិតគូរពីប្រទេសអាមេរិកមុន ឬ America First ប្រទេសចិនបង្កើនល្បឿនយ៉ាងលឿនចំពោះកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ដែលជាប្រទេសតូចមានប្រជាជនត្រឹមជាង១៦លាននាក់ និងសមាជិកអាស៊ាននានាទោះជាប្រទេសជាសម្ព័ន្ធមិត្តអាមេរិកក្តី។
កម្ពុជានឹងក្លាយជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតហៅ ថា East Asia Summit (EAS) ដែលត្រូវរួមចំណែកដោះស្រាយលើបញ្ហាតំបន់ដូចជាបញ្ហា សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ឬ បញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង បញ្ហាសកលជាច្រើនទៀត រួមទាំងជំងឺកូវីដ១៩ បញ្ហាបរិស្ថានបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច បញ្ហាសន្តិសុខ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
តែទោះជាយ៉ាងណា លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់បន្ថែមថា អាស៊ាននិងរួមមានកម្ពុជាផងដែរ ត្រូវការទាំងសហរដ្ឋអាមេរិកនិងចិន ដោយមិនចង់ឃើញមហន្តរាយកើតឡើងក្នុងតំបន់ជាសង្រ្គាមត្រជាក់ដូចអតីតកាលដោយសារការប្រកួតប្រជែងគ្នារវាងមហាអំណាចទាំងពីរនេះទេ។
«និយាយឲ្យចំទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍អត់ចង់ឲ្យឃើញទំនាក់ទំនងអាមេរិកបែកខ្ញែកគ្នា ពីព្រោះថាវាជាដៃគូសំខាន់ទាំងពីរទាំងសេដ្ឋកិច្ច ទាំងសន្តិសុខ អីចឹងត្រូវការទាំងពីរ ហើយកម្ពុជាមានជំហរអញ្ចឹងដែរ ធ្វើម៉េចមានទំនាក់ទំនងល្អទាំងជាមួយចិន ជាមួយអាមេរិក និង ដៃគូ សម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ និយាយឲ្យចំទៅគឺវាមិនអាចយកមួយអត់មួយបានព្រោះផលប្រយោជន៍វាប្រទាក់ប្រទើសគ្នាទាំងអស់»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិកដែលបានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពីតួនាទីសំខាន់របស់អាមេរិកនិងដៃគូផ្សេងទៀតក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងជំនួយរបស់អាមេរិកដែលបានផ្តល់ដល់កម្ពុជាប្រមាណ៣ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍប្រទេសនិងសេដ្ឋកិច្ចផងដែរ។
សេចក្តីថ្លែងការណ៍ដដែល អ្នកស្រីក៏នៅតែបង្ហាញការព្រួយបារម្ភខ្លាំងក្លាចំពោះវត្តមានរបស់យោធាចិននៅកម្ពុជានិងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅសមុទ្ររាមក្នុងខេត្តព្រះសីហនុ និងស្វែងរកការបំភ្លឺទៅលើការវាយកម្ទេចសំណង់អគាររបស់អាមេរិកនៅសមុទ្ររាមដោយពុំមានការជូនដំណឹង ឬសេចក្តីពន្យល់ដល់អាមេរិក ដោយអ្នកស្រីបានសង្កត់ធ្ងន់ថា វត្តមានមូលដ្ឋានយោធារបស់ចិននៅកម្ពុជានឹងធ្វើឲ្យមានភាពទន់ខ្សោយនៃអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់ និងប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកដដែលបានឲ្យដឹងថាអនុរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ ក៏បានជំរុញឲ្យការដឹកនាំរបស់កម្ពុជា«ត្រូវរក្សានូវគោលនយោបាយការបរទេសដែលមានតុល្យភាពនិងឯករាជ្យមួយ ដើម្បីជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា»។
នៅពេលដែលមន្ត្រីកម្ពុជាបំភ្លឺពីរឿងការចោទប្រកាន់អំពីវត្តមានកងទ័ពចិនរបស់លោកស្រី Wendy Sherman ចំពោះមូលដ្ឋានយោធាចិននៅកម្ពុជា មន្ត្រីផ្លូវការចិន បាននិយាយថាទំនាក់ទំនងចិននិងកម្ពុជាផ្តល់ភាពវិជ្ជមានដល់សន្តិភាពក្នុងតំបន់ និងស្ថិរភាព។
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅអំពីទំនាក់ទំនងល្អ និងជា«យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»រវាងប្រទេសទាំងពីរ។
លោកបានបញ្ជាក់តាមខ្លឹមសារដើមថា៖ «ភាគីទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យផ្សេងៗ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជនទាំងពីរ និងបានផ្តល់ភាពវិជ្ជមានដល់សន្តិភាពក្នុងតំបន់ និង ស្ថិរភាព»។
បង្ហាញការពន្យល់ពីជំហរកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ទៀបាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅក្នុងសារជាសំឡេងមួយ ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល លោក ទៀ បាញ់ បានថ្លែងថាកម្ពុជាត្រូវការអភិវឌ្ឍមូលដ្ឋានរាមឲ្យក្លាយជាកន្លែងសមរម្យមួយ រួមមានផែសម្រាប់នាវាធំៗចូលចតបានក្នុងជម្រៅទឹកជ្រៅ មានរោងជាងសម្រាប់ជួសជុល និងកន្លែងធំទូលាយជាដើម។
លោករដ្ឋមន្រ្តីបញ្ជាក់ថាការងារទាំងអស់នេះ មិនមែនកម្ពុជាអាចធ្វើបានតែឯងនោះទេ ហើយវាត្រូវការថវិកាច្រើនផងដែរ ដែលតម្រូវឲ្យកម្ពុជារកដៃគូចិន ដើម្បីជួយរឿងនេះ។
នៅក្នុងបទសម្ភាសន៍ជាសំឡេងមួយប្រមាណ១០នាទីដដែល លោក ទៀ បាញ់ បានថ្លែងថា៖ «ដូច្នេះគឺគេឆ្លើយតបមកជួយនេះ កម្ពុជាគឺដឹងគុណណាស់ អរគុណគេ ហើយគេមកជួយ។ គេជួយដោយឥតមានចំណងទេ។ ហើយជួយវិនិយោគ កសាងផែ កសាងរោងជាង ឬក៏ធ្វើអ្វីទាំងអស់ រួមទាំងការអភិវឌ្ឍមូលដ្ឋានយោធារាមនេះ គឺមិនមែនជាប្រាក់មួយរៀលពីររៀលធ្វើបានទេ ព្រោះវាត្រូវវិនិយោគត្រូវចំណាយច្រើនគួរសមដែរ តែខ្ញុំក៏មិនអាចទៅនិយាយប៉ុន្មានពិតប្រាកដទេ»។
លោករដ្ឋមន្រ្តីការពារជាតិបន្តថាការស្ថាបនាទាំងនេះជាសំណង់«ធំធេង» ដែលត្រូវការប្រទេសចិនជួយកសាង ប៉ុន្តែបដិសេធថាមិនមែនផ្តល់ឲ្យចិនធ្វើជាមូលដ្ឋានកងទ័ពសម្រាប់ប្រទេសមហាអំណាចនេះនៅពេលខាងមុខនោះទេ។
លោក ទៀ បាញ់ បញ្ជាក់ថា៖ «ហើយកម្ពុជាទេជាអ្នកប្រើប្រាស់។ កម្ពុជាទេអភិវឌ្ឍសម្រាប់ជាតិមាតុភូមិរបស់ខ្លួន។ តើរឿងនេះ តើកម្ពុជាមានសិទ្ធិទេ? កម្ពុជាមានសិទ្ធិធ្វើកិច្ចការហ្មឹងទេ? ទៅស្វះស្វែងរកជំនួយ ស្វះស្វែងរកការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ក្នុងរដ្ឋធម្មនុញ្ញមានចែងច្បាស់លាស់ណាស់។ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិក្នុងការទទួលយកជំនួយបរទេស ជាអាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន និងបញ្ហាផ្សេងៗទៀត ដើម្បីការពារជាតិមាតុភូមិ ការពារសណ្តាប់ធ្នាប់របស់ប្រទេស»។
លោកបញ្ជាក់បន្ថែមថា៖ «រឿងនេះវាខុសអីចំពោះកម្ពុជា? វាខុសត្រង់ថាភូមិសាស្រ្តនយោបាយហ្នឹងទេ។ អារឿងនេះ គេមិនមែនចោទតែពេលនេះទេ គេចោទមកយូរហើយ ហើយវាចោទតែគ្រប់រឿងទាំងអស់»។
ការបន្តការពន្យល់ និងការបញ្ជាក់ថាបានជូនមើលអស់ហើយក្នុងមូលដ្ឋានយោធាជើងទឹកនេះ មិនធ្វើឲ្យភាគីសហរដ្ឋអាមរិកទទួលយកបានទេ ទោះជាមានការដឹកនាំក្រុមអនុព័ន្ធយោធាអាមេរិកចុះទៅតំបន់ឈូងសមុទ្ររាមរបស់កម្ពុជាដើម្បីមើលពីមូលដ្ឋានយោធាជើងទឹកដោយផ្ទាល់ក្តី។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថាមន្ត្រីយោធារបស់ខ្លួនមិនត្រូវបានអនុញ្ញាតឲ្យចូលទៅពេញលេញតំបន់ដែលពួកគេចង់ទៅនោះទេ ហើយកំពុងស្នើសុំដល់ភាគីកម្ពុជាចំពោះរឿងដែលមន្ត្រីយោធាសហរដ្ឋអាមេរិក រួមទាំងលោកស្រី អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានលើកឡើងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងជំនួបកាលពីដើមខែមិថុនា។ ក្រសួងការពារជាតិកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១២ ខែមិថុនា ដោយលើកឡើងថាក្រុមការងារសម្របសម្រួលរបស់កម្ពុជា«បានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមតាមគោលការណ៍ដែលបានកំណត់និងការព្រមព្រៀងគ្នា»។
លោកបណ្ឌិត អ៊ា សុផល ដែលជាសាស្ត្រាចារ្យខាងការទូតនិងកិច្ចការអន្តរជាតិនៃមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បានថ្លែងកោតសរសើរពីតួនាទីរបស់លោកស្រី Wendy Sherman នៃរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីគឺលោក Joe Biden។ លោក បានថ្លែងតាមខ្លឹមសារដើមថា៖
«ខ្ញុំគិតថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី (Wendy) Sherman បានធ្វើកិច្ចការដ៏អស្ចារ្យ ក្នុងការធ្វើឲ្យសហរដ្ឋអាមេរិកត្រឡប់ទៅកាន់តួនាទីដ៏ត្រឹមត្រូវរបស់ខ្លួនវិញ ដែលមិនគ្រាន់តែការពារអព្យាក្រឹត្យភាពនិងឯករាជ្យភាពកម្ពុជាពីចិនតែបុណ្ណោះទេ តែសហរដ្ឋអាមេរិកថែមទាំងជាក្តីសង្ឃឹមផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង សេរីភាពសម្រាប់ពលរដ្ឋកម្ពុជា ដែលរងគ្រោះយ៉ាងយូរក្នុងអំឡុងពេលកាន់អំណាចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមុន ដែលតំណាងរបស់ប្រធានាធិបតីពេលនោះមិនអើពើចំពោះបញ្ហាទាំងនេះ។ ខ្ញុំប្រាកដណាស់ថាដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងទៀត នឹងមានភាពកក់ក្តៅសម្រាប់ប្រទេសទាំងនោះ។ តែក្នុងករណីប្រទេសកម្ពុជា ទស្សនកិច្ចនេះគឺដូចជាអ្វីដែលរដ្ឋាភិបាលកម្ពុជារំពឹងទុក ក្រៅពីរងការទិតៀន»។
លោក អ៊ា សុផល បានលើកយកបញ្ហាកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១២ដែលមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានដោយសារចម្រូងចម្រាសរឿងសមុទ្រចិនខាងត្បូង ហើយបង្កឲ្យមានការរិះគន់ពីអន្តរជាតិនិងប្រទេសក្នុងតំបន់ថាកម្ពុជាទោរទន់ទៅរកចិនពេលនោះ មកជាឧទាហរណ៍សម្រាប់ពេលកម្ពុជាមានអំណាចជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២។
«ជាការពិត កម្ពុជាក្នុងឋាន:នេះ (ជាប្រធានអាស៊ាន) ទំនងជាមានអំណាចម្តងទៀតដូចកាលពីឆ្នាំ២០១២។ ពេលនោះជាឆ្នាំដែលអាក្រក់សម្រាប់កម្ពុជា ហើយខ្ញុំសង្ឃឹមថាឆ្នាំ២០២២ នឹងមិនជាឆ្នាំអាក្រក់ជាថ្មីទៀត ដែលរដ្ឋាភិបាលកម្ពុជា បានយកពាក្យគ្រប់ម៉ាត់របស់ចិន ហើយអានខ្លាំងៗនោះទេ»។
លោកបានសង្កត់ធ្ងន់ថា សហរដ្ឋមានតួនាទីធានាតុល្យភាពក្នុងតំបន់ដែលថាប្រទេសនានាមិនត្រូវស្ថិតក្រោមការត្រួតត្រាពីចិននោះទេ។ លោកបានថ្លែងតាមខ្លឹមសារដើមថា៖
«គោលនយោបាយរបស់សហរដ្ឋអាមេរិក ត្រូវធានាថាចិន មិនបង្ខំឲ្យអាស៊ីអាគ្នេយ៍ដល់កៀនជញ្ជាំងទេ។ ការផ្តល់សេរីភាពជម្រើសឲ្យតំបន់អាស៊ីអាគ្នេយ៍និងធ្វើឲ្យមានតុល្យភាពគឺជារឿងសំខាន់បំផុត។ ចិនមិនគួរសន្មតថារដ្ឋាភិបាលកម្ពុជា និង បណ្តារដ្ឋក្នុងសមាគមអាស៊ានដ៏ទៃទៀត ជាកម្មសិទ្ធរណបផ្តាច់មុខរបស់ចិនទេ។ រដ្ឋាភិបាលវៀតណាមពិតជាមិនលេងល្បែងនោះជាមួយចិនទេ»។
ទោះជាយ៉ាងណាក្តី លោក ឈាង វណ្ណារិទ្ធ វិញ បានកត់សម្គាល់ថា ការប្រជែងគ្នារវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកដែលជាមហាអំណាចលេខមួយក្នុងពិភពលោក មិនអាចបណ្តោយឲ្យចិនឈ្នះដាច់ពេកនោះទេ។ លោកថា ប្រសិនបើចិនច្បាមយកឥទ្ធិពលសេដ្ឋកិច្ចក្នុងតំបន់ សហរដ្ឋអាមេរិកត្រូវយកឥទ្ធិពលសន្តិសុខដែរ ដើម្បីផលប្រយោជន៍របស់ខ្លួននិងសម្ព័ន្ធមិត្ត។
លោក បានបន្ថែមថាបញ្ហាទាក់ទងនឹងប្រទេសកម្ពុជានៅមានបញ្ហាមិនទាន់ចុះសម្រុងគ្នាច្រើន។ បញ្ហាទាំងនោះបានបង្ហាញចេញឲ្យឃើញថា សហរដ្ឋអាមេរិក មិនទាន់លុបបំណុលជាង ៥០០ លានដុល្លារទាំងដើមទាំងការប្រាក់សម័យលោក សេនាប្រមុខ លន់ ណុល ក្នុងទសវត្សរ៍១៩៧០ បញ្ហាបញ្ឈប់បញ្ជូនជនជាតិកម្ពុជាដែលរស់នៅជាមួយគ្រួសារយូរមកហើយត្រឡប់មកវិញ និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀតផងដែរ ដែលកម្ពុជា បានស្នើ ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយនឹង លោកស្រី Sherman ដែលបានលើកឡើងពីមូលដ្ឋានកងទ័ពចិននៅសមុទ្ររាម និង ការវាយអគារដែលជាជំនួយរបស់អាមេរិក។ ហើយលើសពីនេះលោកស្រី Sherman បានជួបជាមួយក្រុមជំទាស់រួមទាំងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយដោយតុលាការមុនការបោះឆ្នោតឆ្នាំ២០១៨។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី Wendy Sherman ពេលនោះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលជាបន្ទាន់នូវបទចោទប្រកាន់«ដែលមានលក្ខណៈនយោបាយ» ប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង អ្នកសារព័ត៌មាននិងសកម្មជននានា ចង់ឃើញការបើកលំហសេរីភាពក្នុងប្រទេសកម្ពុជា ដើម្បីធានាការបោះឆ្នោតមួយដែលមានភាពសេរី នៅពេលរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០២២និងការបោះឆ្នោតជាតិឆ្នាំ២០២៣ផងដែរ។
លោក បណ្ឌិត ឈាង វណ្ណារិទ្ធ បានអះអាងថា ការមិនចុះសម្រុងគ្នាលើបញ្ហាជាច្រើននោះ គឺមានការជជែកគ្នាឲ្យបានច្រើនដើម្បីរកបញ្ហាមិនចុះសម្រុងគ្នា។
«នេះជាអ្វីមួយដែលខ្ញុំគិតថាប្រទេសទាំងពីរត្រូវតែអង្គុយនិយាយគ្នាបន្តទៅទៀតស្វែងរកនូវការយល់គ្នាទៅវិញទៅមកនឹងរកចំណុចរួមណាមួយដែលធ្វើការជាមួយគ្នាបាន ហើយបន្ថយនូវចំណុចដែលវាខុសគ្នា ចម្រូងចម្រាសគ្នា»។
លោកថ្លែងយ៉ាងដូច្នេះ ដោយយោងផងដែរទៅលើ បញ្ហាបោះឆ្នោត បញ្ហាលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស និងបញ្ហារឿងចោទប្រកាន់ពីវត្តមានកងទ័ពជើងទឹកចិនលើដែនដីកម្ពុជានោះ នឹងក្លាយជារឿងស្មុគស្មាញមួយរយ:ពេលទៅមុខទៀត។
កម្ពុជា ដែលមានប្រៀបនយោបាយក្នុងតំបន់នៅពេលក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ នោះ ត្រូវគេគិតថានឹងត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើនទាំងបញ្ហាក្នុងប្រទេស បញ្ហាក្នុងតំបន់ និងបញ្ហាសាកល ដែលស្ថិតក្នុងចំណោមមហាអំណាចជាច្រើនជាពិសេស នៅពេលកម្ពុជាប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើរឿងប្រទាញប្រទង់គ្នារវាងមហាអំណាចនិងសម្ព័ន្ធមិត្តដែលកំពុងប្រជែងគ្នាក្នុងតំបន់និងសាកល៕