ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានអះអាងថា ជនឈ្មោះ Abdul Razak Ali Artan បុរសដែលប៉ូលិសថ្លែងថា បានធ្វើការវាយប្រហារដោយប្រើប្រាស់រថយន្តនិងកាំបិត នៅឯសកលវិទ្យាល័យ Ohio State កាលពីថ្ងៃចន្ទ គឺជា«ទាហានរដ្ឋឥស្លាម ដែលកំពុងតែធ្វើការឆ្លើយតបទៅលើការអំពាវនាវឲ្យសំដៅទៅលើប្រជាពលរដ្ឋនៅក្នុងបណ្តាប្រទេសដែលជាសម្ព័ន្ធអន្តរជាតិ»។
សេចក្តីថ្លែងការណ៍មួយត្រូវបានបង្ហោះនៅលើទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមរដ្ឋឥស្លាម។ ក្រុមរដ្ឋឥស្លាមបានប្រើប្រាស់ពាក្យសម្តីស្រពេចស្រពិលស្រដៀងគ្នានេះក្រោយការវាយប្រហារផ្សេងៗនៅពេលមុនៗ។ ក្រុមអាជ្ញាធរអាមេរិកមិនទាន់មានអត្ថាធិប្បាយទៅលើការអះអាងរបស់ក្រុមរដ្ឋឥស្លាមនោះទេ។
ជនសង្ស័យ Artan បានបង្ហោះសារនៅលើទំព័រ Facebook ប៉ុន្មាននាទីមុននឹងការវាយប្រហារកាលពីថ្ងៃចន្ទ ដែលជននេះបានស្តីបន្ទោសទៅលើអាមេរិកចំពោះការសម្លាប់អ្នកកាន់សាសនាឥស្លាម ហើយបានកោតសរសើរបុព្វជិតអាល់កៃដា Anwar al-Awlaki ថាជាវីរៈបុរស នេះបើយោងតាមមន្ត្រីប៉ូលិសដែលបានថ្លែងប្រាប់សារព័ត៌មានរបស់អាមេរិក៕