ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​អ៊ីរ៉ាក់​និង​យុទ្ធជន​ Kurds ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​យក​ក្រុង​ Mosul ពី​រដ្ឋ​ឥស្លាម


ផ្សែង​នៅ​ទីតាំង​របស់​ពួក​រដ្ឋ​ឥស្លាម​ បន្ទាប់​ពី​រង​ការ​វាយ​លុក​ពី​កងកម្លាំង​ចម្រុះ​ នៅ​ទីក្រុង​ Mosul កាល​ពី​ថ្ងៃទី​១៨ ខែ​តុលា។
ផ្សែង​នៅ​ទីតាំង​របស់​ពួក​រដ្ឋ​ឥស្លាម​ បន្ទាប់​ពី​រង​ការ​វាយ​លុក​ពី​កងកម្លាំង​ចម្រុះ​ នៅ​ទីក្រុង​ Mosul កាល​ពី​ថ្ងៃទី​១៨ ខែ​តុលា។

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ និង​កង​កម្លាំង​ Kurds​ និយាយ​ថា ​ពួក​គេ​បាន​វាយ​យក​បាន​មក​វិញ​នូវ​ភូមិ​១២​នៅ​ខាង​ក្រៅ​ក្រុង​ Mosul ​នៅ​ពេល​ដែល​ពួក​គេ​ជំរុញ​ទៅ​មុខ​ដើម្បី​វាយ​យក​មកវិញ​នូវ​ក្រុង​ធំ​ទីពីររ​របស់​ប្រទេស​អ៊ីរ៉ាក់​ពី​ពួក​ជនសកម្មប្រយុទ្ធរដ្ឋ​ឥស្លាម។

ការ​វាយ​លុក​ដែល​គេ​រង់​ចាំ​យូរ​មក​ហើយ​នេះ​ និង​ជា​ការ​វាយលុយក​គាំទ្រ​ដោយ​ការ​វាយ​ប្រហារ​តាមអាកាស​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អ.​ និង​មានការ​ចូល​រួម​ពីកង​កម្លាំង​កុលសម្ព័ន្ធ​ Sunni ​និង​កងជីវពល Shi'ite​ ផង​នោះ​ បានបន្ត​ធ្វើ​ក្នុង​ថ្ងៃ​ទី​ពីរ​នៅ​ថ្ងៃ​អង្គារ។​ នៅ​មានការ​ប្រយុទ្ធ​គ្នា​នៅ​ជាយ​ក្រុង​ Mosul ​ហើយ​ការ​ជំរុល​ទៅ​មុខ​លើ​រណសិរ្ស​បី​កំពុង​មាន​ចលនា​ដោយ​មាន​ល្បឿន​ប្លែកៗ​គ្នា។​

ថ្លែង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃ​អង្គារ​ លោកប្រធានាធិបតីស.រ.អា.​បារ៉ាក់ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រយុទ្ធ​គ្នា​ដើម្បី​វាយ​យកក្រុង​ Mosul មក​វិញ​ជា «ការ​ប្រយុទ្ធ​ដ៏​ពិបាក» ក៏​ប៉ុន្តែ​លោក​បាន​សម្តែង​ការ​ទុកចិត្ត​ថា​ ពួក​រដ្ឋ​ ឥស្លាម​នឹង​ទទួល​បរាជ័យ​ក្នុង​ក្រុង​នេះ។​ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ប្រហែល​មាន​ជន​ស៊ីវិល​មួយ​លាន​នាក់​រស់​នៅ​ទី​នោះ​នៅ​ឡើយ​ ដូច្នេះ​ថែម​លើ​ការ​វាយ​កម្ចាត់ពួក​រដ្ឋ​ឥស្លាម​ ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​រួមគ្នា​របស់​យើង​គឺ​ទៅ​លើ​សុវត្ថិភាព​និង​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពួក​ជន​ស៊ីវិល​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នេះ ​ហើយ​នេះ​ជាអាទិភាព​កំពូល​សម្រាប់​រដ្ឋាភិបាល​ទាំង​ពីរ»។

នៅ​ខាង​កើត​ក្រុង ​Mosul​ កង​កម្លាំង​ Peshmerga Kurds ​បាន​ជំរុល​ទៅ​មុខ​យ៉ាង​លឿន ​ក៏​ប៉ុន្តែ​នៅ​ខាង​ត្បូង​វិញ​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ជំរុល​ទៅមុខ​យឺតៗ​ពី​ព្រោះ​ពួក​គេ​ត្រូវ​វាយ​យក​ផ្ទៃ​ដី​ធំ​ ដោយ​បាន​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​របស់​ពួក​គេ​ពី​ចម្ងាយ​៤០គ.ម.​ពី​ជាយ​ក្រុង ​Mosul។

នៅ​ថ្ងៃ​ទី​មួយ​នៃ​ការ​វាយលុក​របស់​ពួក​គេ​ ពួក​ទាហាន​រៀប​រយ​របស់​រដ្ឋាភិបាលអ៊ីរ៉ាក់​ និង​ពួកជីវពល ​Shi'ite ​បាន​វាយ​យក​បាន​ភូមិបី។​ គោល​ដៅ​ពួក​គេ​នៅ​ថ្ងៃ​អង្គារ​គឺ​ភូមិ​ Zawiya៕

XS
SM
MD
LG