ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាព​ឃោរឃៅ​ដោយយុទ្ធ​ជន​រដ្ឋ​ឥស្លាម​ទៅ​លើ​ជន​ស៊ីវិល​នៅ​ក្រុង​ Mosul កើត​ឡើង​ខ្លាំង


ក្រុម​ជន​ស៊ីវិល​ដែល​កំពុង​បាត់​បង់​ទីលំនៅ​កាន់​កញ្ចប់​ជំនួយ​បន្ទាប់​ពី​ពួក​គេ​បាន​ឡើងតាម​ជញ្ជាំង​ដើម្បី​​បាន​ជំនួយ​ទាំង​នោះ​នៅ​ឯ​មជ្ឈមណ្ឌល​ Qayyara ភាគ​ខាត​ត្បូង​ក្រុង​ Mosul កាល​ពី​ថ្ងៃទី​២៥ ខែ​តុលា។

ការិយាល័យ​សិទ្ធិ​មនុស្សអ.ស.ប.​ ​និយាយ​ថា ​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​ពួក​ជន​ស៊ីវិល​នៅ​ក្នុង​ក្រុង​ Mosul ​ប្រព្រឹត្ត​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ កំពុង​កើន​ខ្លាំង​ឡើងៗ​នៅ​ពេល​ដែល​ពួក​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ជម្រុល​ទៅ​មុខ​ជិត​ដល់​ក្រុង​នេះ​ ដែល​ឋិតនៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។

​អ្នកស្រី​ Lisa Schlein ​រាយការណ៍​មក​ VOA​ ពី​ការិយាល័យ​អ.ស.ប.​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ថា​ ការិយាល័យ​សិទ្ធិ​មនុស្សអ.ស.ប.​និយាយ​ថា ​ខ្លួន​បាន​ទទួល​របាយការណ៍​ដែល​គួរ​ឱ្យ​រំខាន​អំពី​ការ​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​ប្រហារ​ជីវិត​ភ្លាមៗ​នូវកុមារ​ និង​ស្ត្រី​ ព្រម​ទាំង​ពួក​ជន​ស៊ីវិល​ប្រុសៗ​នៅ​ក្នុង​ក្រុង​ Mosul។ ការិយាល័យ​នេះ​ថ្លែង​ដែរ​ថា ​ខ្លួន​ក៏​បាន​ទទួល​សេចក្តី​រាយការណ៍​អំពី​ពួក​ជនសកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ​បាន​ប្រើប្រាស់​ពួកជន​ស៊ីវិល​ជា​ខែល​ការពារ​ពួក​គេដើម្បី​បញ្ចៀស​កុំឱ្យ​មនុស្ស​ទាំង​នោះ​ចាក​ចេញ​ពីក្រុង​នេះ។

លោក ​Rupert Colville ​អ្នកនាំ​ពាក្យ​ខាង​សិទ្ធិមនុស្ស​របស់​អ.ស.ប.​និយាយ​ថា​ លោក​មិន​អាច​បញ្ជាក់​ថា​របាយការណ៍​ទាំង​នេះ​ជា​ការ​ពិត​ឬ​យ៉ាង​ណា​ទេ​ ដោយ​សារ​របាយការណ៍​ទាំង​នេះ​កំពុង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ពួក​អ្នក​សង្កេតការ​អ.ស.ប.។ ក៏ប៉ុន្តែ​លោក​និយាយ​ថា​ ទំហំ​នៃ​ភាព​ឃោរ​ឃៅ​ដែល​លេច​ចេញ​ពី​សេចក្តី​រាយការណ៍​ដំបូងៗ​ជា​ការ​ហួស​និស្ស័យ។​

លោក​បាន​និយាយ​ថា​ ជា​ឧទាហរណ៍​ពួក​បុគ្គលិក​អ.ស.ប.​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ទទួល​របាយការណ៍​ថា​ពួក​រដ្ឋ​ឥស្លាម​ ដែល​មាន​ឈ្មោះថា​ពួក​ ISIL ​ដែរ​នោះ​បាន​សម្លាប់​ជន​ស៊ីវិល​១៥នាក់​នៅ​ក្នុង​ភូមិ​មួយ​នៅ​ជិត​ក្រុង​ Mosul ​ហើយ​បាន​បោះ​សាកសព​ពួកជន​ទាំង​នេះ​ទៅ​ក្នុង​ស្ទឹង​មួយ​ដើម្បី​បំភិត​បំភ័យ​អ្នក​ស្រុក​ឯ​ទៀតៗ។

លោក ​Colville​ និយាយ​ថា ​ការិយាល័យ​លោក​មាន​សេចក្តី​រាយការណ៍​អំពី​ការ​សម្លាប់​ជន​ស៊ីវិល​ជិត​៨០​នាក់​ទៀត​ និង​ពួក​អតីត​ប៉ូលិស​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដោយ​ពួក​រដ្ឋ​ឥស្លាម ​នៅ​ពេល​បួន​ថ្ងៃ​បន្ទាប់​មក។​ លោក​បាន​ថ្លែង​ថា ​ជន​រង​គ្រោះ​ម្នាក់​ជា​កុមារាមាន​ពិការភាព​ដែល​ដើរ​នៅក្រោយ​គេ​ ក្នុង​ចំណោម​ពួកមនុស្ស​មួយក្រុម​ដែល​បាន​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​ភូមិ​មួយ​នៅ​ខាង​ក្រៅ​ក្រុង​ Mosul។

XS
SM
MD
LG