ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​អ៊ុយហ្គ័រ​កំពុង​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ឆ្លើយ​តប​របស់​ចិន​ទៅ​លើ​​ការ​វាយប្រហារ​នៅ​​កៀហ្ស៊ីស៊ីស្ថាន


ប៉ូលិស​កៀហ្ស៊ីស៊ីស្ថាន​ត្រួតពិនិត្យ​ខ្លោង​ទ្វារ​ដែល​បែកបាក់​នៅ​ស្ថានទូត​ចិន​ក្នុង​ក្រុង​ប៊ីស្កេក ប្រទេស កៀហ្ស៊ីស៊ីស្ថាន កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
ប៉ូលិស​កៀហ្ស៊ីស៊ីស្ថាន​ត្រួតពិនិត្យ​ខ្លោង​ទ្វារ​ដែល​បែកបាក់​នៅ​ស្ថានទូត​ចិន​ក្នុង​ក្រុង​ប៊ីស្កេក ប្រទេស កៀហ្ស៊ីស៊ីស្ថាន កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

ក្រុម​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​ដ៏​ល្បី​មួយ​ក្រុម​និយាយ​ថា ខ្លួន​មាន​ការ​ភ័យខ្លាច​ថា ចិន​នឹង​កេង​ចំណេញ​លើ​ការ​វាយប្រហារ​អត្តឃាត​​ធ្វើ​ឡើង​ដោយ​ជនសកម្មប្រយុទ្ធ​​អ៊ុយហ្គ័រ​ទៅ​លើ​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ដើម្បី​ដាក់​សម្ពាធ​ដល់​ក្រុម​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​នៅ​ក្នុង​តំបន់ Xinjiang របស់​ប្រទេស​ចិន។​

នៅ​ក្នុង​ការ​ឆ្លើយតប​ជា​សាធារណៈ​លម្អិត​ជា​លើក​ដំបូង​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែកអត្តឃាតក្នុង​រថយន្ត​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដែល​បាន​សម្លាប់តែអ្នក​ដែល​ធ្វើ​ការ​វាយប្រហារ​នោះ និង​ធ្វើ​ឲ្យ​សន្តិសុខ​ជនជាតិ​កៀហ្ស៊ីស៊ីស្ថាន​មួយ​ចំនួន​ប៉ុណ្ណោះរងរបួស​នៅ​ស្ថានទូត​ចិន​ ក្នុង​រដ្ឋធានី​ប៊ីស្កេក (Bishkek) ប្រទេស​កៀហ្ស៊ីស៊ីស្ថាន អ្នក​តំណាង​របស់​សភា​អ៊ុយហ្គ័រ​ពិភពលោក (World Uyghur Congress) ​បាន​ប្រាប់ VOA ថា ក្រុម​របស់​លោក​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារនៅ​រដ្ឋធានី​ប៊ីស្កេក​នោះ។

លោក​និយាយ​ថា សភា​អ៊ុយហ្គ័រ​ពិភពលោក​ថ្កោលទោស «អំពើ​ភេរវកម្ម​គ្រប់​រូបភាព» រួម​ទាំង​អ្វី​ដែល​លោក​បាន​សំដៅ​ដល់​ «ភេរវកម្ម​របស់​រដ្ឋាភិបាល​ចិន» ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួន​ផង​ដែរ។ លោក Omer Kanat អនុប្រធាន​សភា​អ៊ុយហ្គ័រ​ពិភពលោក​ប្រចាំ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ បាន​និយាយ​សំដៅ​ដល់​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ចិន​ទៅ​លើ​យុទ្ធជន​អ៊ុយហ្គ័រ​ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​ចំពោះ​ការ​វាយប្រហារដ៏​ប្រល័យមួយ​ចំនួន​ទៅ​លើជន​ស៊ីវិលនៅ​ទូទាំង​ប្រទេស និង​ចំពោះអំពើ​ហិង្សា​សាសនា​រវាង​ក្រុម​អ៊ុយហ្គ័រ និង​ក្រុម​ជនជាតិ​ចិន ហាន (Han) នៅ​ក្នុង​តំបន់ Xinjiang ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំមកនេះ។

លោក Kanat បាន​និយាយ​ថា លោក​រំពឹង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ប្រើប្រាស់​ការ​វាយប្រហារ​នៅ​ក្រុង​ប៊ីស្កេក​ជា​លេស​មួយ​ដើម្បី​គាំទ្រ​ដល់​អ្វី​ដែល​លោក​ហៅ​ថា ការ​បង្រ្កាប​ដែល​ចេះ​តែ​បន្ត​ទៅ​លើ​ជនជាតិ​អ៊ុយហ្គ័រ ដែល​ភាគច្រើន​ជា​ជន​មូស្លីម​និយាយ​ភាសា​តួកគី​រស់​នៅ​ក្នុង​តំបន់ Xinjiang និង​«បន្ត​រឹតត្បិត​សិទ្ធិ​វប្បធម៌ និង​សាសនា​របស់​ពួកគេ»។ ជនជាតិ​អ៊ុយហ្គ័រ​ភាគច្រើន​ចោទប្រកាន់​អាជ្ញាធរ​ចិន​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ និង​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​ជនជាតិ​ភាគតិច​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ដោយ​ការ​បង្កើត​ជម្រក​ជាច្រើន​ដល់​ជនជាតិ​ចិន​ហាន។ ចិន​បាន​និយាយ​ថា ខ្លួន​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ជាច្រើន​ដល់​ជនជាតិ​អ៊ុយហ្គ័រ។

ការ​ស្វែងរក​ពិរុទ្ធជន

រដ្ឋាភិបាល​កៀហ្ស៊ីស៊ីស្ថាន​កំណត់​អត្តសញ្ញាណ​អ្នក​ដាក់​គ្រាប់​បែក​នោះ​ថា​ឈ្មោះ Zoir Khalimov អាយុ​៣៣ឆ្នាំ កាន់​លិខិត​ឆ្លង​ដែន​តាហ្ស៊ីគីស្ថាន និង​ជា​សមាជិក​របស់​ចលនា​សាសនាឥស្លាម​តួកគី​ខាង​កើត​ (East Turkestan Islamic Movement) ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ចលនា ETIM ដែល​ជា​ក្រុម​មួយ​ស្វះស្វែង​បំបែក​តំបន់ Xinjiang ចេញ​ពី​ប្រទេស​ចិន។ រដ្ឋាភិបាល​ក្រុង​ប៊ីស្កេក​ក៏​បាន​និយាយ​ថា ខ្លួន​ជឿ​ថា ការ​វាយប្រហារ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​យុទ្ធជន​អ៊ុយហ្គ័រ​ដែល​កំពុង​ធ្វើ​ការ​វាយប្រហារ​ជាមួយ​នឹង​ក្រុម​ឥស្លាម​ជ្រុល​និយម​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោកស្រី Hua Chunying អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​និយាយ​កាលពី​ថ្ងៃទី៧​ ខែកញ្ញា​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ប្រកាន់​ជំហរ​ «រឹងមាំ» ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​លោកស្រី​ហៅ​ថា «ឧក្រិដ្ឋកម្ម​បង្ហូរ​ឈាម» របស់​ចលនា ETIM និង​ក្នុង​ការ​សហការ​ជាមួយ​នឹង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម។​

លោក Kanat បាន​និយាយ​ថា ក្រុម​របស់​លោក​ជឿ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីកណ្តាល​ដូចជា កៀហ្ស៊ីស៊ីស្ថាន​ដើម្បី​ដាក់​សម្ពាធ​ពួកគេ​ឲ្យ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​សហគមន៍​អ៊ុយហ្គ័រ​ផង​ដែរ។ របាយការណ៍​របស់​រដ្ឋាភិបាល​កាណាដា​កាលពី​ឆ្នាំ២០១២​បាន​បង្ហាញ​ថា យ៉ាងហោច​ណាស់​ជនជាតិ​អ៊ុយហ្គ័រ​ចំនួន ៥០.០០០នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ ដែល​មាន​ចំនួន​ប្រមាណ​ជា​មួយ​ភាគ​នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។

យុទ្ធជន​អ៊ុយហ្គ័រ​កម្រ​យក​ពលរដ្ឋ​ចិន ឬ​បេសកកជន​ការទូត​នៅ​ក្រៅ​ប្រទេស​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ណាស់៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG