ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump៖ លោក Putin សម​ជា​មេដឹកនាំ​ជាង​លោក​អូបាម៉ា


លោក Donald Trump ថ្លែង​អំពី​សន្តិសុខ​ជាតិ​ កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅ​សម្ព័ន្ធ​សហជីព​ក្នុង​ក្រុង Philadelphia។
លោក Donald Trump ថ្លែង​អំពី​សន្តិសុខ​ជាតិ​ កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅ​សម្ព័ន្ធ​សហជីព​ក្នុង​ក្រុង Philadelphia។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​សរសើរ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ថា​សក្ដិសម​ធ្វើ​ជា​មេដឹកនាំ​ជាង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ទៅ​ទៀត។

ក្នុង​អំឡុង​ពេល​វេទិកា​ព័ត៌មាន​មួយ​របស់​ទូរទស្សន៍ NBC ដែល​នៅ​ក្នុង​នោះ លោក Trump ត្រូវ​បាន​សម្ភាសន៍​ដាច់​ពី​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នោះ លោក​បាន​និយាយ​ថា ប្រសិនបើ​លោក​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​នឹង​មាន «ទំនាក់ទំនង​ដ៏​ល្អ​បំផុត​ជាមួយ​នឹង​លោក Putin»។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រទេស​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក​មាន​ផលប្រយោជន៍​រួម​គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

លោក​ក៏​បាន​ធ្វើ​ការ​រិះគន់​សកម្មភាព​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្រោម​ការ​ដឹកនាំ​របស់​លោក​អូបាម៉ា​ដោយ​បាន​និយាយ​ថា មេបញ្ជាការ​យោធា​ទូទៅ​មិន​បាន​ទទួល​ជោគជ័យ​អ្វី​នោះ​ទេ។ លោក Trump បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​អះអាង​របស់​លោក​ដែល​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​បាន​រឹបអូស​យក​ប្រេង​ពី​ប្រទេស​អ៊ីរ៉ាក់។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​យើង​យក​ប្រេង​បាន ពួក ISIS ក៏​គ្មាន​ដែរ ពីព្រោះ​ថា​ពួក ISIS បាន​បង្កើត​ឡើង​ដោយសារ​តែ​ធនធាន​ប្រេង​នេះ​ឯង»។

ក្នុង​ឋានៈ​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ចម្បង​មួយ លោក Trump បាន​ទទួល​នូវ​ការ​ពន្យល់​សង្ខេប​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​សម្ងាត់​ផ្សេងៗ ដែល​ចង់​ធានា​ថា មេដឹកនាំ​បន្ទាប់​នឹង​បង្កើត​ល្បឿន​លើ​បញ្ហា​អស់​ទាំង​នេះ បន្ទាប់ពី​លោក​អូបាម៉ា​ចប់​អាណត្តិ​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ។ ពេល​ដែល​សួរ​ថា​តើ​លោក Trump មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​លោក​បាន​ឮ​ទេ លោក​ឆ្លើយ​ថា លោក អូបាម៉ា លោកស្រី Clinton និង​លោក John Kerry បាន​ធ្វើ​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​ជំនាញ​ខាង​ព័ត៌មាន​សម្ងាត់​បាន​ប្រាប់​ពួកគេ៕

XS
SM
MD
LG