ពួកមេបញ្ជាការប្រទេសអ៊ីរ៉ាក់និយាយថា កងកម្លាំងចម្រុះដែលស្វះស្វែងវាយយកមកវិញនូវក្រុង Mosul នាប៉ែកខាងជើងប្រទេសបានទម្លាយខ្សែការពាររបស់ពួកជីហាដ (Jihadists) នៅខាងកើតក្រុងនេះ ហើយប្រុងប្រៀបដើម្បីចូលទៅក្នុងក្រុងនេះកាលពីល្ងាចថ្ងៃចន្ទ ដើម្បីចូលទៅក្នុងក្រុងនេះដែលជាសំបុករបស់ពួករដ្ឋឥស្លាម។
ការទម្លាយខ្សែការពារនេះមានឡើងពីរសប្តាហ៍ក្រោយពីក្រុមចម្រុះនៃកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងឃើដ (Kurds) គាំទ្រដោយកងជីវពល Shi'ite និងការវាយប្រហារតាមអាកាសដោយស.រ.អា. បានបើកធ្វើកិច្ចប្រតិបត្តិការយោធាធំបំផុតក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីឆ្នាំ២០០៣ មក ដើម្បីបណ្តេញពួកយុទ្ធជនជ្រុលនិយមឱ្យចេញពីក្រុងនេះ។
ទូរទស្សន៍រដ្ឋនៃប្រទសអ៊ីរ៉ាក់បានរាយការណ៍អំពីការប៉ះទង្គិចគ្នានៅខាងក្នុងក្រុងនេះដែលធ្លាប់មានអ្នកស្រុករស់ក្នុងទីនោះជិត៧សែននាក់ ដែលនៅទីនោះទូរទស្សន៍នេះបាននិយាយថា ពួកអ្នកស្រុកក្នុងមូលដ្ឋានបានប្រយុទ្ធប្រឆាំងនឹងពួកយុទ្ធជនរដ្ឋឥស្លាម។
អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់ទីភ្នាក់ងារព័ត៌មានបារាំងនៅនឹងកន្លែងបានរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលប្រឈមមុខនឹងការបាញ់កាំភ្លើងត្បាល់យ៉ាងខ្លាំងនៅពេលពួកគេជម្រុលទៅមុខកាត់ក្រុង Bartalla ដែលមានអ្នកស្រុកភាគច្រើនជាអ្នកកាន់គ្រឹស្តសាសនា ដើម្បីទៅកាន់សង្កាត់ខាងកើតនៃក្រុង Mosul។
សេចក្តីរាយការណ៍នេះបាននិយាយថា មានការវាយប្រហារតាមអាកាសលើទីតាំងពួករដ្ឋឥស្លាម នៅពេលដែលក្បួនកុងវ័រនៃឡានធុន Humvees របស់កងទ័ពអ៊ីរ៉ាក់បានបាញ់កាំភ្លើងយន្តទៅលើពួកយុទ្ធជនរដ្ឋឥស្លាម ដែលកំពុងដកថយ៕