ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​យុទ្ធជន ​Kurds ​​រាយការណ៍​ពី​ជោគជ័យ​ដំបូងៗ​ក្នុង​ការប្រយុទ្ធ​យក​ក្រុង​ Mosul មក​វិញ


កង​កម្លាំង​សន្តិសុខ​ Kurds ត្រៀម​ប្រយុទ្ធ​ក្នុង​ការ​វាយយក​ភូមិ​ដែល​គ្រប់​គ្រង​ដោយ​ពួក​រដ្ឋ​ឥស្លាម​ នៅក្រុង​ Mosul កាល​ពី​ថ្ងៃ​១៧ ខែ​តុលា។

ពួក​មេដឹកនាំ​ Kurds ​បាន​រាយការណ៍​អំពី​ជោគជ័យ​ដំបូងៗ​ខ្លះ​ នៅ​ពេល​ដែល​កង​កម្លាំង​អ៊ីរ៉ាក់ ​បាន​បើក​ការ​វាយលុក​នៅ​លើ​ដី​ដែល​គេ​រង់ចាំ​យូរ​មក​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​វាយ​យក​មកវិញ​នូ​វ​ក្រុង​ Mosul ​ពីពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

បើ​តាម​ប្រធានាធិបតី​ Kurds លោក​ Masoud Barzani ​ដែល​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​តាម​ទូរទស្សន៍​ថា​ចាប់​តាំង​ពី​ម៉ោង​៦ព្រឹកតាម​ពេល​វេលា​ក្នុងមូលដ្ឋាន «ផ្ទៃ​ដី​ចំនួន​២០០គ.ម.​ក្រឡា​បាន​ត្រូវ​រំដោះ»​ពីពួក​រដ្ឋ​ឥស្លាម។​

លោក​ Barzani ​បាន​មាន​ប្រសាសន៍​ថា​ ក្រុង​ Mosul​ នឹង​ត្រូវ​រំដោះ​ដោយ​លោក​បាន​និយាយ​បន្ថែម​ថា​ ពួក​យុទ្ធជន​របស់​លោក​កំពុង​ប្រយុទ្ធ​ខ្លាំង​ក្លា​បំផុត​ដើម្បី​ធ្វើ​កុំ​ឱ្យ​ក្រុង ​Mosul ​ក្លាយ​ទី​ជា​ក្រុង​ Aleppo ​មួយទៀត​ ដែល​ជា​ការ​និយាយ​យោង​ដល់​ក្រុង​នេះ​ក្នុង​ប្រទេស​ស៊ីរី​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង។​

កិច្ច​ប្រតិបត្តិការ​យោធា​នេះ​ជា​កិច្ច​ប្រតិបត្តិការ​យោធា​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ចាប់​តាំង​ពី​កង​កម្លាំង​ប្រយុទ្ធរបស់​ស.រ.អា.​បាន​ចាក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ប្រាំ​ឆ្នាំមុន​នេះ​ ហើយ​ក៏​មាន​កំណើន​កង្វល់​ដែរ​អំពី​សុវត្ថិភាព​នៃ​ជន​ស៊ីវិល​រាប់​សែន​នាក់​ដែល​ឋិត​នៅ​ក្នុង​តំបន់​នោះ​ដែរ។​

កិច្ចប្រតិបត្តិការ​យោធា​នេះ​មាន​ទាក់ទិន​នឹង​ក្រុម​យុទ្ធ​ជន​ Kurds​ ពួក​ប៉ូលិស​សហព័ន្ធ ​ពួក​យុទ្ធជន​កុល​សម្ព័ន្ធ​ Sunni​ និង​កង​កម្លាំង​ជីវពល ​Shi'ite​ ព្រម​ទាំង​ការ​វាយ​ប្រហារ​តាម​អាកាស​និង​ការគាំទ្រ​ឯទៀតៗ​ពី​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.ដែល​បាន​យក​ពួក​រដ្ឋ​ឥស្លាម​ ជាទី​ដៅ​នៃការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស

អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។​ពួក​មន្ត្រី​ស.រ.អា.បានពណ៌នា​បេសកកម្មនេះ​ថា​ជា​ ពេល​វេលា​ផ្តាច់ព្រាត់​មួយ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ដែល​បាន​ទទួល​បរាជ័យ​មួយ​ចំនួនហើយ​បាន​ប្រមូល​ផ្តុំគ្នា​ដោយ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​ Mosul ​នៃ​ប្រទេស​អ៊ីរ៉ាក់។​ក៏ប៉ុន្តែ​ពួកមន្ត្រី​អាមេរិកាំង​ទាំង​នេះ​បាន​គូស​បញ្ជាក់​ថា​ កិច្ចប្រតិបត្តិការ​នេះ​អាច​មាន​រយៈ​ពេល​ច្រើន​អាទិត្យ​ឬ​យូរ​ជាង​នេះ​ទៅ​ទៀត៕

XS
SM
MD
LG