រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Ash Carter បានធ្វើដំណើរទៅដល់ទីក្រុង Irbil ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នាថ្ងៃអាទិត្យនេះ ដែលនៅទីនោះ លោកជួបជាមួយនឹងមេដឹកនាំពួកកុលសម្ព័ន្ធ Kurd និងមេបញ្ជាការយោធានានា ដែលត្រៀមនឹងធ្វើការវាយប្រហារដើម្បីដណ្ដើមយកទីក្រុង Mosul ពីពួកជ្រុលនិយមរដ្ឋឥស្លាម។
ក្នុងរយៈពេលភ្លាមៗបន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុង Irbil ក្នុងដំណើរទស្សនកិច្ចដែលមិនបានប្រកាសជូនដំណឹងឲ្យដឹងជាមុន លោក Carter បានជួបជាមួយមេដឹកនាំពួកកុលសម្ព័ន្ធ Kurd លោក Masoud Barzani ដែលជាប្រធាននៃតំបន់ស្វយ័តរបស់ពួក Kurd ស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
កងកម្លាំង Peshmerga របស់ពួក Kurd បានធ្វើការវាយសម្រុកទៅមុខឆ្ពោះទៅកាន់ទីក្រុងនានាស្ថិតនៅភាគឦសានជាប់នឹងទីក្រុង Mosul ក្នុងគោលបំណងត្រួសត្រាយផ្លូវសម្រាប់ឲ្យទាហានផ្សេងៗទៀតអាចធ្វើដំណើរចូលមកកាន់ទីក្រុង Mosul។
លោក Carter ក៏បានពិភាក្សាអំពីតួនាទីរបស់ប្រទេសតួកគីនៅក្នុងការប្រយុទ្ធគ្នាដើម្បីដណ្ដើមយកទីក្រុង Mosul នេះដែរ បន្ទាប់ពីជំនួបរបស់លោកកាលពីថ្ងៃសៅរ៍ម្សិលមិញជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នៅក្នុងទីក្រុង Baghdad និងជំនួបរបស់លោកកាលពីថ្ងៃសុក្រជាមួយនឹងប្រធានាធិបតីតួកគីនៅក្នុងទីក្រុង Ankara រួចមក។
លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានបដិសេធនូវសំណើរបស់ប្រទេសតួកគីក្នុងការចូលរួមជាមួយប្រតិបត្តិការយោធាក្នុងការដណ្ដើមយកទីក្រុង Mosul នេះ។ លោកបានបញ្ជាក់កាលពីថ្ងៃសៅរ៍ម្សិលមិញថា សម្ព័ន្ធមិត្តដែលមានស្រាប់នឹងធ្វើការវាយប្រយុទ្ធដែលកំពុងតែបន្ត ដោយមិនចាំបាច់មានជំនួយពីប្រទេសតួកគី៕