កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទបានបាញ់ផ្តក់លើតំបន់នានានៅខាងក្រៅក្រុង Mosul នៅពេលដែលការវាយលុករបស់ពួកគេដើម្បីវាយយកមកវិញនូវក្រុងធំទីពីររបស់ប្រទេសអ៊ីរ៉ាក់ពីពួករដ្ឋឥស្លាម បានចូលក្នុងសប្តាហ៍ទីពីរ។
ការវាយប្រហារបានផ្តោតសំដៅទៅលើតំបន់ជិតក្រុង Bartella ឋិតនៅចម្ងាយប្រមាណ១៥គ.ម.ខាងកើតក្រុង Mosul។ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់និងពួកយុទ្ធជនឃើដ (kurds) បានធ្វើចលនាកាត់ក្រុងតូចៗទៅកាន់ផ្នែកខាងកើតនិងខាងត្បូងក្រុង Mosul នៅពេលដែលពួកគេធ្វើការវាយលុកទៅជិតក្រុងនេះ។
លោក Brett McGurk អ្នកតំណាងពិសេសសម្រាប់ក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីដៅរបស់ពួករដ្ឋឥស្លាមពីរឆ្នាំមកហើយ បានផ្សាយតាម Twitter កាលពីថ្ងៃចន្ទថា នៅក្រោយសប្តាហ៍ទីមួយ រហូតមកដល់ពេលនេះគោលដៅទាំងអស់បានសម្រេចហើយ។
កាលពីថ្ងៃចន្ទដែរ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយអំពីការវាយប្រហារតាមអាកាសមួយកាលពីសប្តាហ៍មុនដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៣នាក់ស្លាប់នៅក្នុងព្រះវិហារឥស្លាមមួយនៅជិតក្រុង kirkuk។ ការវាយប្រហារនោះបានកើតមានឡើងនៅពេលមានការវាយលុកមួយដោយពួកយុទ្ធជនរដ្ឋឥស្លាម ដែលគេមានជំនឿថា មានគោលដៅបង្វែរការយកចិត្តទុកដាក់របស់ពួកទាហានរដ្ឋាភិបាលអ៊ីរ៉ាក់ពីការប្រយុទ្ធនៅជុំវិញក្រុង Mosul៕